Sunday, 20 February 2022

សហគមន៍​ព្រះ​រំកិល​ខេត្តស្ទឹងត្រែង​ថា ការ​ផុត​ពូជ​សត្វ​ផ្សោត ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ បាត់បង់​ចំណូល ពី​វិស័យ​ទេសចរណ៍


ដោយ សេក បណ្ឌិត
2022-02-19
សហគមន៍​ព្រះ​រំកិល​ខេត្តស្ទឹងត្រែង​ថា ការ​ផុត​ពូជ​សត្វ​ផ្សោត ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ បាត់បង់​ចំណូល ពី​វិស័យ​ទេសចរណ៍ 

សត្វផ្សោតចុងក្រោយនៅអន្លង់ឈើទាល បាត់បង់ជីវិត កាល​ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
រូប​ពី​ហ្វេសប៊ុក នាយកដ្ឋាន អភិរក្សជលផល


ប្រជា​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ដែលមាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង​ត្អូញត្អែរ ពី​ការ​ថយចុះ​ប្រាក់​ចំណូល ពី​វិស័យ​ទេសចរណ៍ ដោយសារតែ​លែង​មាន​វត្តមាន​ផ្សោត នៅ​អន្លង់​អភិរក្ស​ឈើទាល​។ ពួកគេ​ចាត់ទុក​ការ​ផុត​ពូជ​សត្វ​ផ្សោត​នៅ​តំបន់​នោះ ជា​សោធនា​កម្ម​ប្រវត្តិសាស្ត្រ​ទន្លេមេគង្គ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​សេដ្ឋកិច្ច​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ដែល​អ្នកភូមិ​ទទួល​ប្រយោជន៍​ជាច្រើន​ទសវត្សរ៍​មក​ហើយ។

សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល ឃុំ​ព្រះរំកិល ស្រុក​បុរីអូរស្វាយសែន​ជ័យ នៅតែ​ស្តាយស្រណោះ សត្វ​ផ្សោត ក្នុង​អន្លង់​អភិរក្ស​ឈើ​ទាល ដែល​មាន​ភូមិសាស្ត្រ​កៀក​ទំនប់​វារីអគ្គិសនី​ដនសាងហុង ព្រំដែន​ឡាវ នឹង​លែងមាន​វត្ត​មាននៅ​តំបន់​នោះ​ទៀតហើយ បង្ក​ឱ្យ​ប៉ះពាល់​ប្រភព​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​ជាច្រើន​គ្រួសារ នៅ​តំបន់​នោះ។

ប្រជា​សហគមន៍​ថា កន្លង​ទៅ​ផ្សោត ៣​ក្បាល​នោះ បាន​ងើប​បង្ហាញ​ខ្លួន នៅ​អន្លង់​អភិរក្ស​ឈើទាល ក្នុង​អាង​ទន្លេ​មេគង្គ អាច​រកប្រាក់​ចំណូល​ជូន​សហគមន៍​ជាច្រើន​ម៉ឺន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ តាមរយៈ​ដឹក​ភ្ញៀវទេសចរ និង​លក់​ម្ហូប​អាហារ ជាដើម។



សមាជិក​គណៈកម្មការ​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល លោក ផយ វណ្ណា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុង​ឃុំ​ព្រះ​រំកិល ទទួល​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ តាមរយៈ​លក់​សំបុត្រ​ទស្សនា​ផ្សោត ដឹក​ភ្ញៀវ​ទេសចរ លក់​ម្ហូបអាហារ ផ្តល់​សេវាកម្ម​ស្នាក់នៅ និង លក់​វត្ថុ​អនុស្សាវរីយ​ជាដើម​។ លើស​ពី​នេះ ក្រោយ​ពី​ផុត​ពូជ​ផ្សោត​ទាំងស្រុង នឹង​បង្ក​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ថយចុះ​ខ្លាំង។ ប្រការ​នេះ​លោក​ថា គណៈកម្មការ​សហគមន៍ កំពុង​ពិភាក្សា​រក​ដំណោះស្រាយ​អភិរក្ស​ត្រី​កម្រ នៅ​អន្លង់​អភិរក្ស​ឈើទាល ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​ដល់​ភ្ញៀវ​ទេសចរណ៍ ប៉ុន្តែ​គម្រោង​នេះ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ និង​អង្គការ​ពាក់ព័ន្ធ៖ «នៅ​តំបន់​ហ្នឹង​រងគ្រោះ​ទំនប់​វារីអគ្គិសនី បញ្ហា​ទឹក​មិន​ទៀង​ពេល​វេលា បន្ទាប់​មក​ផ្សោត​ផុត​ពូជ​អស់​រលីង​ទៀត សុទ្ធតែជា​កត្តា​ប្រឈម»។

លោក ផយ វណ្ណា បន្ថែម​ថា កាល​ពី​មិន​ទាន់មាន​វត្តមាន​ទំនប់​វារីអគ្គិសនី​ដនសាហុង ប្រជា​សហគមន៍​អាច​លក់​សំបុត្រ​បាន ចាប់​ពី ៦០​ម៉ឺន​រៀល​ទៅ ៧០​ម៉ឺន​រៀល​ក្នុង​មួយខែ ហើយ​សហគមន៍​អាច​រកប្រាក់​ចំណូល​បាន​ចាប់ពី ១​លាន ៥០​ម៉ឺន​រៀល​ទៅ ២​លាន​រៀល​ក្នុង​មួយខែ​។ លោក​បញ្ជាក់​ថា ភ្ញៀវ​ទេសចរណ៍​ភាគច្រើន មកពី​ប្រទេស​ឡាវ ហើយ​ពួកគេ​ចូលចិត្ត​ជិះទូក​ទស្សនា​ផ្សោត ងើប​បង្ហាញ​ខ្លួន​នៅ​អន្លង់​អភិរក្ស។

កាលពី​ថ្ងៃទី​១៥ កុម្ភៈ កន្លង​ទៅ សត្វ​ផ្សោត​ក្នុង​អន្លង់​ឈើទាល មួយ​ក្បាល​ចុង​ក្រោយ ទម្ងន់ ១១០​គីឡូក្រាម ត្រូវ​គេ​ប្រទះឃើញ​ងាប់ ដោយសារ​ជាប់​មង​នៅ​កន្ទុយ​ក្នុង​អាង​ទន្លេ​មេគង្គ នា​ខេត្ត​ស្ទឹងត្រែង។ របាយការណ៍​មន្ត្រីរដ្ឋបាល​ជលផល កត់ត្រា​ថា នៅ​ឆ្នាំ ២០០៧ ផ្សោត​នៅ​អន្លង់​ឈើទាល ចំនួន ៨​ក្បាល ប៉ុន្តែ​នៅ​សល់ ៣​ក្បាល នៅ​ឆ្នាំ​២០១៨ និង​បន្ត​ថយចុះ មក​នៅ​ត្រឹម​មួយ​ក្បាល នៅ​ឆ្នាំ​២០២១ ហើយ​ទើបតែ​ផុត​ពូជ​ទាំងស្រុង​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ផយ វណ្ណា បាន​ទម្លាក់កំហុស​ការសាងសង់​ទំនប់​វារីអគ្គិសនី​ដងសា​ហុង ធ្វើឱ្យ​ប្រែប្រួល​ចរន្តទឹក និង​បរិមាណ​ត្រី​ថយចុះ បណ្តាលឱ្យ​ផ្សោត​បាត់បង់​ចំណី​ចិញ្ចឹមជីវិត។ លោក​បន្ថែម​ថា ក្រោយ​ពី​ប្រទេស​ឡាវ​សាងសង់​ទំនប់​វារីអគ្គិសនី ធ្វើឱ្យ​ប្រជាជន​ឡាវ​ជាច្រើន​គ្រួសារ បាន​ច្រាល​មក​នេសាទ​ត្រី ដោយ​ពង្រាយ​មង និង​ប្រើ​ឧបករណ៍​នេសាទ​ផ្សេង​ទៀត នៅ​អន្លង់​អភិរក្ស​ផ្សោត និង​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ នៃ​ខ្សែ​បន្ទាត់​ខណ្ឌ​ទឹកដី​ប្រទេស​ទាំងពីរ ធ្វើ​ឱ្យ​ផ្សោត​ជួប​គ្រោះថ្នាក់​ជា​បន្ត​បន្ទាប់​៖ «ការកើនឡើង​របស់​ប្រជាជន​ខាង​ឡាវ ដែល​គាត់​មក​នេសាទ​នៅ​តំបន់​អភិរក្ស​ខាង​ឡាវ​ហ្នឹង​គឺ សកម្មភាព​គាត់​អត់​ថយ​ក្រោយ​ទេ គឺ​កាន់តែ​កើន បើ​កម្ពុជា​យើង​លួចលាក់ តែ​បើ​ខាង​ឡាវ​គាត់​ធ្វើ​ដោយ​សេរី ទាំងយប់ និង​ថ្ងៃ»។

ជុំវិញ​រឿង​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ទទួលស្គាល់​ថា ផ្សោត​នៅ​អន្លង់​ឈើទាល ក្នុង​អាង​ទន្លេមេគង្គ ទាក់ទាញ់​ភ្ញៀវទេសចរ​យ៉ាងសំខាន់ អាច​រកប្រាក់​ចំណូល​ជូន​សហគមន៍​ជាច្រើន​ឆ្នាំ​មក​ហើយ​។ លោក​ថា ការ​បាត់បង់​ផ្សោត​ធ្វើឱ្យ​ប្រជា​សហគមន៍​បាត់បង់​ចំណូល​មួយផ្នែក​។ យ៉ាងណា​លោក​បញ្ជាក់​ថា ក្រោយ​ពី​បាត់​វត្តមាន​ផ្សោត​នៅ​តំបន់​នោះ មន្ទីរ​ទេសចរណ៍ បាន​ដាក់​ចេញ​យុទ្ធ​សាសន៍​អភិវឌ្ឍន៍​តំបន់​នោះ ទៅ​លើ​ផលិតផល​ទាក់ទាញ​ផ្សេងៗ​ទៀត រួម​មាន ទេសភាព​តាម​ដង​ទន្លេ ភ្ជាប់​តំបន់​រាម​សារ និង ព្រៃ​សហគមន៍​ជាដើម៖ «យើង​មាន​គម្រោង​រៀបចំ​គ្រោងឆ្អឹង​ផ្សោត និង​រៀបចំ​ព័ត៌មាន​ប្រវត្តិ​សត្វ​ផ្សោត និង​រៀបចំ​សកម្មភាព​ផ្សោត យើង​ចងក្រង​ឱ្យ​ក្លាយ​ជា​បណ្តាល័យ​ផ្សោត សម្រាប់​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ ដែល​មក​លេង​ក្នុង​តំបន់​នេះ​។ នេះ​ជា​ផែន​ការដែល​មន្ទីរ​ទេសចរណ៍​បាន​ដាក់ចេញ ក្នុង​ឆ្នាំ​២០២១ ដល់​ឆ្នាំ ២០២៥ ខាងមុខ​នេះ។

នាយក​ប្រតិបត្តិ​អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ចាត់ទុក​ការ​ផុត​ពូជ​ចុងក្រោយ​របស់​ផ្សោត​នៅ​អន្លង់​ឈើទាល គឺជា​សោកនាដកម្ម​ធ្ងន់ធ្ងរ ដែល​មិនអាច​នឹង​រក​ផ្សោត​នៅ​តំបន់​ផ្សេង ទៅ​បង្ក​កំណើត​នៅ​តំបន់​នោះ ធ្វើ​ឱ្យ​ពលរដ្ឋ​ខាតបង់​ប្រយោជន៍​ច្រើន។ លោក​ថា កន្លង​ទៅ អន្លង់​សត្វ​ផ្សោត​ធំ​ទូលាយ ហើយ​នៅ​គ្រា​ដែលមាន​វត្តមាន​ទំនប់​ដនសាហុង ធ្វើ​ឲ្យ​សត្វ​ផ្សោត​បង្ខំចិត្ត​ទៅ​រស់នៅ​កន្លែង​ផ្សេងៗ ប្រឈម​គ្រោះថ្នាក់​ច្រើន​ក្នុង​ការចាប់​ត្រី​ជា​អាហារ៖ «រាំងស្ទះ​លំហូរ​ប្រក្រតី​របស់​ទឹក​ហ្នឹង ធ្វើឱ្យ​ប្រែប្រួល ធ្វើឱ្យ​ផ្សោត​ហ្នឹង​វា មិន​អាច​រស់នៅ​បាន​ទេ​។ ហើយ​វត្តមាន​ផ្សោត​ចុង​ក្រោយ ដែល​ស្លាប់ វា​ជា​រឿង​មួយ សោកនាដកម្ម ព្រោះ​អត់​អាច​មាន​ផ្សោត​ណា ទៅ​កើត​ណា​នៅ​ខាង​ហ្នឹង​បាន​ទៀត​ទេ។

តួលេខ​ពី​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​កម្ពុជា (WWF-Cambodia) ឲ្យ​ដឹងថា ចាប់​ពី​ឆ្នាំ​១៩៩៧ សត្វ​ផ្សោត​ទន្លេ​មេគង្គ​របស់​កម្ពុជា បាន​ថយចុះ​ចំនួន ២០០​ក្បាល មក​ត្រឹម​ក្រោម ១០០​ក្បាល​។ បច្ចុប្បន្ន​ផ្សោត​នៅត្រឹម ៩០ ក្បាល​ដោយ​មិន​រាប់បញ្ចូល​ផ្សោត​កើត​ថ្មី ដែល​កំពុង​មាន​វត្តមាន​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង៕

1 comment:

Anonymous said...

It is so sad to see everything that Cambodia has destroyed.
This is the result of a dumb leader such as Ah Chker Chkuot Hun Sen.