ដោយ ជុន ច័ន្ទបុត្រ
2022-03-22
គណបក្សភ្លើងទៀន។
រូប៖ គណបក្សភ្លើងទៀន
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ថាការសម្រេចរបស់ គ.ជ.ប ដែលលុបឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សនេះ១៤នាក់ ចេញពីបញ្ជីទាំងស្រុង តាមបណ្ដឹងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាម្នាក់ គឺជារឿងនយោបាយច្រើនជាងការអនុវត្តនីតិវីធី។
ប្រធានស្ដីទីគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ថ្លែងនៅមុនការផ្សាយនេះបន្តិចថា ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ដែលលុបឈ្មោះបេក្ខជនរបស់ខ្លួន ឈរនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ របស់គណបក្សភ្លើងទៀន គឺជាការអនុវត្តមិនត្រឹមត្រូវ ហើយបង្ហាញជំហរមិនឯករាជ្យរបស់ គ.ជ.ប ដែលលំអៀងលើគណបក្សកាន់អំណាច។
លោកថា បើសិនជា គ.ជ.ប រកឃើញថា បេក្ខជនរបស់គណបក្សភ្លើងទៀន៤នាក់ មិនទាន់គ្រប់លក្ខខណ្ឌ គួរតែលុបឈ្មោះបេក្ខជនតែ៤នាក់ មិនគួររំលាយឈ្មោះបេក្ខជន១០នាក់ផ្សេងទៀត ចេញបញ្ជីទាំងស្រុងបែបនេះទេ។ លោកថា នេះជាការសម្រេចមិនយុត្តិធម៌៖ «រឿងអីទៅយកបណ្ដឹងរបស់គូរប្រជែងគ្នា គាត់ក្នុងនាមបេក្ខជនដែរ រឿងអីគាត់ចង់មានគណបក្សទៅប្រជែងជាមួយ គាត់មិនត្រូវកម្ចាត់ដៃគូរមួយទៀត រឿងអី គ.ជ.ប ទៅយកបណ្ដឹងរបស់ដៃគូមួយទៀតមក។ ឥឡូវគេបិទផ្លូវតវ៉ាទៀត។ យើងកំពុងជជែកគ្នាដើម្បីរកមធ្យោបាយទៀតវាហួសហេតុពេក បើសិនណាជានៅតែបន្តសកម្មភាពបែបហ្នឹងក៏យើងគិតពិចារណាដែរ រឿងចូលរួមបោះឆ្នោត មិនចូលរួម បោះឆ្នោតអីហ្នឹង វាបង្ហាញការកៀបសង្កត់កាន់តែខ្លាំង។ កៀបសង្កត់តាម មូលដ្ឋានមិនអស់ចិត្ត ឥឡូវមកប្រើប្រាស់ គ.ជ.ប ទៀត អាហ្នឹងធ្វើឲ្យ ប៉ះពាល់ដល់ការបោះឆ្នោតកាន់តែធ្ងន់ធ្ងរ»។
ការលើកឡើងនេះ បន្ទាប់ពី គ.ជ.ប បានសម្រេចបិទផ្លូវតវ៉ា លុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន ១៤រូប ចេញពីបញ្ជីតាមបណ្ដឹងរបស់លោក ម៉ៅ មុន្នី បេក្ខជនក្រុមប្រឹក្សាសង្កាត់ទួលស្វាយព្រៃទី១ មកពីគណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី១៨ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប ក៏បានចេញសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា លុបឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនចំនួន ២០រូបចេញពីបញ្ជីបេក្ខជនដំបូងរបស់បក្សនេះដែរ។ គ.ជ.ប អះអាងថា បេក្ខជនទាំងនោះ ភាគច្រើនជាបេក្ខជនឲ្យគេបំពេញប្រវត្តិរូបជំនួស ដោយខ្លួនមិនចេះអាន និងសរសេរអក្សរខ្មែរ និងបេក្ខជនមិនបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោតជាដើម៕
1 comment:
The Candle Light Party should start demanding for a comprehensive reform of the NEC, otherwise Ah Prett Hun Sen will seize the power again after the election.
Post a Comment