Friday, 25 March 2022

គ.ជ.ប ​ចាប់​លេខរៀង​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ឃុំសង្កាត់​បាន​ជាង១ពាន់៤រយ​ឃុំ

Khmer Circle:

You have your right to vote. We have the right to count your votes...

🔺🔺🔺
ដោយ អាស៊ីសេរី
2022-03-24
គ.ជ.ប ​ចាប់​លេខរៀង​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ឃុំសង្កាត់​បាន​ជាង១ពាន់៤រយ​ឃុំ 

មន្ត្រី គ.ជ.ប លើក​បង្ហាញ​ក្រដាស​លេខ​រៀង​គណបក្ស​នយោបាយ​នៅក្នុង​ដំណើរការ​នីតិវិធី​ចាប់ឆ្នោត​កំណត់​​លំដាប់​​លេខរៀង​បញ្ជី​បេក្ខជន​លើ​សន្លឹក​ឆ្នោត សម្រាប់ការ​បោះឆ្នោត​​ជ្រើសរើស​​ក្រុម​​ប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី១ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
រូប៖ គណបក្សភ្លើងទៀនរាជធានីភ្នំពេញ

 

គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ​ បាន​ចាប់ឆ្នោត​កំណត់​លំដាប់​លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ បានចំនួន ១,៤២៨ ឃុំ-សង្កាត់ហើយ ក្នុងចំណោម ឃុំ​សង្កាត់​ទាំងអស់ចំនួន១,៦៥២ គិតត្រឹមថ្ងៃទី២៣​ ខែមីនា។


គ.ជ.ប ​កំពុងតែ​បន្ត​នីតិវិធី​ចាប់លេខរៀង​បេក្ខជន​គណបក្សនយោបាយ​ទាំង១៧នេះ បន្តទៀត​ នៅ​ទូទាំង២៥​ខែត្រក្រុង​ បន្ទាប់ពី​រៀបចំនៅខែត្រ​មួយចំនួន​បាន​​បញ្ចប់​ទាំង​ស្រុង​ ដូចជា​ ខែត្រត្បូងឃ្មុំ​ កែប ស្ទឹងត្រឹង​ និងខែត្រ សៀមរាប ជាដើម។

នៅទន្ទឹម​នឹង​ គ.ជ.ប ​បាន​រៀប​ចំលេខ​រៀង​បេក្ខជន​នៅលើ​សន្លឹក​ឆ្នោតនេះ គ.ជ.ប បានប្រកាស​លទ្ធផល​ដំណោះស្រាយ​បណ្ដឹងរបស់​គណបក្សភើ្លងទៀន​ខែត្រ​កំពង់ចាម​ដែរ។ គ.ជ.ប​ បានសម្រេចកាលពីថ្ងៃទី២៤ ខែ​មីនា​ យល់ព្រម​ចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន​ នៅឃុំចំការអណ្ដូង​ នៅឃុំសង្កាត់សំបួរមាស ​និង​សង្កាត់វាលវង់​ ខែត្រកំពង់ចាម​ សម្រាប់​ការបោះឆ្នោត​ជ្រើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​នៅខែមិថុនាខាងមុខ។

ទោះជា គ.ជ.ប ដោះស្រាយ​យល់ព្រមតាមបណ្ដឹង​របស់គណបក្សភ្លើងទៀន​ទាំងបី​សំណុំរឿងនេះ​ក្ដី ប៉ុន្តែនៅពីរសំណុំរឿង​ទៀត គ.ជ.ប តម្កល់សេចក្ដី​សម្រេចរបស់​គណៈកម្មការ​រៀបចំការបោះឆ្នោត​ខែត្រកំពង់ចាមទុកជា​បានការ​ដដែល។

សំណុំរឿងពីរ​ទៀតនោះ គឺ គ.ជ.ប​ សម្រេច​បដិសេធ​ការចុះបញ្ជី​បេក្ខជនគណ​បក្ស​ភ្លើងទៀន​ នៅសង្កាត់កំពង់ចាម​ និងសង្កាត់បឹងកកុក ក្រុងកំពង់ចាម ខែត្រកំពង់ចាម ទៅ​តាមការ​សម្រេច​របស់គណៈកម្មការ​រៀបចំការបោះឆ្នោត​ខែត្រ។

ទោះបី​ជាបែបនេះក្ដី គណបក្សភ្លើងទៀន​ និង​ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត​ អះអាងថា មន្រ្តី​រៀបចំការបោះឆ្នោត ​និងអាជ្ញាធរ​មូលដ្ឋាន ​មិន​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​គណបក្សនយោបាយ ​ក្នុងការរៀបចំ​បេក្ខជន​ឈរឈ្មោះ​ជាសមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់​នោះទេ ហើយ​មានបេក្ខជន​ឈរឈ្មោះ​មកពីគណបក្សភ្លើងទៀន​មួយ​ចំនួន ​ត្រូវតុលាការចាប់ដាក់ពន្ធនាគារ​ជាដើម៕

No comments: