ដោយ ខែ សុណង
2022-03-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសន្ទរកថាក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥១ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងបន្តធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាតិ នាឆ្នាំក្រោយបន្តទៀត។ លោកថ្លែងបែបនេះក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥១ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃ២៥ មីនា។ លោក ហ៊ុន សែន នឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះទៀត។ ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើមានការ ផ្លាស់ប្ដូរគឺអាចធ្វើឡើងនៅក្រោយពេលបោះឆ្នោតរួច៖ «ខ្ញុំបានប្រកាសហើយ ខ្ញុំធ្វើរហូតដល់ខ្ញុំឈប់ចង់ធ្វើ ព្រោះអត់ទើសក្បាលអាណាទេ កុំឱ្យវាពិបាកពេក រៀបចំចេះតែរៀបចំហើយ ត្រៀមគឺត្រៀមហើយ គេត្រូវតែត្រៀមហើយ ព្រោះធម្មតាគេត្រៀមមនុស្សសម្រាប់ការបន្តវេនស្អីៗ ហើយឆ្នាំ២០២៣ ខ្ញុំនឹងបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី នៃការបោះឆ្នោតជាបន្តទៀត»។
នៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សនេះបានជ្រើសតាំង លោក ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជាតិ ហើយក៏បានបោះឆ្នោតគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត បន្ទាប់ពីឪពុករបស់លោកដែរ៕
1 comment:
Hun Sen will always be a crook like his master the evil Yuon. Only way to get rid of him is by force. Even after he step down because he is getting old, his son will take over. These crooks and murderers will never give up power unless they are force to. Words are never enough.
Post a Comment