Thursday, 26 January 2023

មន្ត្រី​ជាន់ខ្ពស់​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​អាច​រស់​បាន​ ទោះបី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

Khmer Circle

Well, the CPP and its self-enriching elite will survive despite trade sanctions and, perhaps. will even prosper along with a segment of the country's business minority, but the vast majority of Cambodians will not and are indeed already feeling the brunt of those sanctions through no fault of their own.

There's a reason why Cambodia had been granted these trade privileges in the first place. The Phnom Penh regime will do and say anything to justify its illegitimate hold on power just as North Korea has been doing and saying for the last 50 years or so.

^^^

ដោយ មាន ឫទ្ធិ
2023.01.26
មន្ត្រី​ជាន់ខ្ពស់​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​អាច​រស់​បាន​ ទោះបី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ  
រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក វង្ស៊ី វិសុទ្ធ។
រូប៖ ​គេហទំព័រ CPP

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លើកឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​កំពុង​លូតលាស់ និង​អាច​រស់​បាន ទោះបី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជា​ការ​ខាត​បង់ប្រយោជន៍​សេដ្ឋកិច្ច ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ និង​ការ​នាំ​ចេញ។មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​ចម្រើន​លូតលាស់​ជាង​មុន ហើយ​កម្ពុជា​អាច​រស់​បាន​ដោយ​មិន​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងនោះ​ឡើយ។


ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២៣ ​នៅ​ថ្ងៃ​ទី២៥ ​មករា រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក វង្ស៊ី វិសុទ្ធ លើកឡើង​ថា ទោះបី​កម្ពុជា គ្មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ អ៊ី.ប៊ី.អេ (EBA) ​និង ជី.អេស.ភី​ (GSP)​ក្ដី ក៏​កម្ពុជា​មិន​ស្លាប់​ដែរ។ លោក​អះអាង​ដោយ​ដកស្រង់​សម្ដី​របស់​លោក ហ៊ុន សែន ថា កម្ពុជា​មិន​បាច់​ពឹង​អ្នកណា​ទាំងអស់ ហើយ​ការ​អនុគ្រោះ​ពន្ធ​ក៏​មិន​ត្រូវការ​ដែរ គឺ​ត្រូវ​ការ​តែ​អធិបតេយ្យភាព ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណាមួយ​ប៉ុណ្ណោះ ហើយ​កម្ពុជា​ត្រូវ​ប្រឹង​ខ្លួនឯង ដើម្បី​ប្រកួតប្រជែង មិន​បាច់​ពឹង​ភាព​អនុគ្រោះ​ទៀត​នោះ​ទេ។

លោក វង្ស៊ី វិសុទ្ធ៖ «អា EBA ហ្នឹង​ក៏​វា​អត់អី​ជាមួយ​យើង អា​ GSP ​ហ្នឹង​ក៏​អត់អី​ដែរ បើ​វា​អត់​ទៅ​ហើយ​ហ្នឹង។ ឥឡូវ​មើល យើង​មាន​ស្លាប់​ទៅ​ណា។ មិន​ត្រឹមតែ​មិន​ស្លាប់​ទេ Resilient​ (ស្ដារ​ឡើងវិញ) ​ទៅទៀត ត្រូវ​យក​ជំហរ​អ៊ីចឹង។ ហើយ​ថ្ងៃក្រោយ​សម្ដេច​តេជោ​ចង្អុល​ហើយ មិន​បាច់​ពឹង​អាណា​ទាំងអស់ រឿង​អនុគ្រោះ​មិន​ត្រូវ​ការ​ទេ ត្រូវការ​តែ​ស្មើ​សិទ្ធិ​ស្មើភាព​បាន​ហើយ»

 

ខុស​ពី​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ដែល​មាន​ប្រាក់ខែ​ខ្ពស់ និង​កាន់កាប់​ជំនួញ​ក្នុង​ដៃ កម្មករ​រោងចក្រ​ដែល​ទទួល​បាន​តម្លៃ​ពលកម្ម​ទាប​រាប់​សែន​នាក់ បាត់បង់​ការងារ​ធ្វើ នៅ​ពេល​កម្ពុជា​បាត់បង់ ​GSP និង​ EBA ។ សហភាព​សហជីព និង​កម្មករ តែងតែ​ទទូច​ឱ្យ​រដ្ឋាភិបាល ​គួរ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ សេរីភាព ​និង​លទ្ធិប្រជាធិបតេយ្យ តាម​ការ​ស្នើ​របស់​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប ដើម្បី​រក្សា​ផលប្រយោជន៍ និង​ការងារ​ធ្វើ​ជូន​កម្មករ កម្មការិនី។
ជុំវិញ​រឿង​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC) ​លោក​ អាត់ ធន់ ​យល់​ឃើញ​ថា កម្ពុជា​អាច​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​ EBA ​ទាំងស្រុង ប្រសិនបើ​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​នយោបាយ នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ។ លោក​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅតែ​សំខាន់​សម្រាប់​ការ​នាំ​ចេញ​ទៅក្រៅ​ប្រទេស ដែល​ជា​ផ្នែក​មួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ទាន់​ប្រទេស​ជិតខាង និង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ថា មិន​ធ្វើតាម​ការ​ចង់​បាន​របស់​ប្រទេស​ទាំងនោះ អ្នក​ខាតបង់​ធ្ងន់ធ្ងរ​គឺ​កម្ពុជា​ខ្លួនឯង ហើយ​អ្នក​រងគ្រោះ​ពិតប្រាកដ​គឺ​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​ក្នុង​វិស័យ​រោងចក្រ និង​ឧស្សាហកម្ម​ដែល​ជា​វិស័យ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ច្រើន។

AthThun_RFA_10062015.JPG
ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC) ​លោក​ អាត់ ធន់ ផ្ដល់​បទសម្ភាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៥។ RFA

លោក​ អាត់ ធន់៖ «តាមពិត​វា​អត់​ស្លាប់​ទេ​រដ្ឋ​ហ្នឹង​នោះ។ ប៉ុន្តែ​ប្រសិនបើ​រដ្ឋ​ហ្នឹង​គាត់​ទៅ​បង្កើត​ការងារ​ផ្សេង​ដែល​មាន​ប្រាក់ចំណូល ឧទាហរណ៍​ដូច​វិស័យ​សេវាកម្ម ឬ​កសិកម្ម ប៉ុន្តែ​បើ​ដូច​បច្ចុប្បន្ន​វិស័យ​ទាំងនោះ​មិន​អាច​ស្រូប​យក​កម្លាំង​ពលកម្ម​បាន ហើយ​មានតែ​វិស័យ​កាត់​ដេរ អ៊ីចឹង​កម្មករ​មិន​មាន​ការងារ​ធ្វើ ហើយ​គាត់​មិន​មាន​ប្រាក់ចំណូល ដល់ពេល​ហ្នឹង​គាត់​អត់មាន​លុយ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង​សង​ធនាគារ​ទេ»

របាយការណ៍​តាម​ការ​វាយ​តម្លៃ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅ​លើ​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ២០២២ ​មាន​កំណើន ៥,២ភាគរយ ​តាមរយៈ​ការ​ងើបឡើង​វិញ​វិស័យ​ទេសចរណ៍ ការ​ប្រើប្រាស់​ក្នុង​ស្រុក ភាព​រឹង​មាំ​នៃ​ឧស្សាហកម្ម និង​ការនាំចេញ​ផលិត​សំលៀកបំពាក់​ជាដើម។ ចំណែក​ក្នុង​ឆ្នាំ២០២៣ ​នេះ ក្រសួង​បាន​បន្ទាប់​ពី​ព្យាករណ៍​សេដ្ឋកិច្ច​កម្ពុជា​ពី៦,៦ភាគរយ ​មក​នៅ​ត្រឹម៥,៦ភាគរយ​វិញ ដោយ​មូលហេតុ​មួយ​ចំនួន​បណ្ដាល​មកពី​ភាព​យឺតយ៉ាវ​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចល​ទ្រព្យ។
ទោះ​យ៉ាងណា របាយការណ៍​របស់​ធនាគារ​ពិភពលោក ផ្សាយ​កាល​ពី​ចុង​ឆ្នាំ២០២២ ព្យាករណ៍​ថា​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម៤,៨ភាគរយ ​ក្នុង​ឆ្នាំ២០២២ ​ខណៈ​ក្នុង​ឆ្នាំ២០២៣ ​ធនាគារ​ពិភពលោក​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ទទួល​បាន៥,២ភាគរយ។ ធនាគារ​ពិភពលោក​ព្រមាន​ថា បើ​ទោះ​ជា​មាន​កំណើន​នេះ​ក៏ដោយ ក៏​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ដោយសារតែ​ការ​វិវត្ត​សភាព​ការណ៍​ក្រៅ​ព្រំដែន​របស់​កម្ពុជា។ ធនាគារ​ពិភពលោក​ថា កម្ពុជា​មាន​សេដ្ឋកិច្ច​ទំហំ​តូច​ដែល​បើកចំហ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ខាងក្រៅ និង​ការ​វិនិយោគ​ពី​បរទេស ហើយ​ទស្សន​វិស័យ​កំណើន​ពិភពលោក​នៅ​មាន​សភាព​អាប់អួរ។

គិត​មកទល់​ពេល​នេះ មាន​រោងចក្រ​សហគ្រាស​កំពុង​ដំណើរការ​នៅ​កម្ពុជា​ប្រមាណ ​១ពាន់ ​៩រយ(.៩០០)​រោងចក្រ។ ដោយឡែក ក្នុង​ឆ្នាំ២០២១ ​និង​ឆ្នាំ២០២២ ​មាន​រោងចក្រ​សហគ្រាស​ចំនួន​ ២២៦រោងចក្រ ​បាន​បិទទ្វារ បណ្ដាល​ឱ្យ​កម្មករ​ជាច្រើន​ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ ក្រោយ​ពេល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​២០ភាគរយ ​កាលពី​ខែ​សីហា​ ឆ្នាំ២០២០។

ថ្មីៗនេះ ​រោងចក្រ​ លីម ឡាញ​ អ៊ិនធើណេសិនណល​ (ខេមបូឌា) ហ្គាមេន​ « Lim Line International​ (Cambodia) ​Garment ​Co.,Ltd.» ​បាន​បិទទ្វារ​អាជីវកម្ម​កាលពី​ថ្ងៃទី២៤ ​មករា ​បណ្ដាល​ឱ្យ​កម្មករ​ជិត​មួយ​ពាន់​នាក់​ (៨៨៥នាក់) ​បាត់បង់​ការងារ ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ។ ចំណែក​រោងចក្រ​មួយ​ចំនួន​ដូចជា រោងចក្រ ​នីអាន់ឃីដ​ ខេមបូឌា​ (Nyan kid Cambodia, LTD) ​កំពុង​ព្យួរ​ការងារ​និង​កាត់បន្ថយ​ម៉ោង​ធ្វើការ​កម្មករ ខណៈ​រោងចក្រ​មួយ​ចំនួន​កំពុង​កេងប្រវ័ញ្ច​និង​រំលោភ​សិទ្ធិ​ការងារ។


ទោះបី​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្ដី ក៏​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស នៅតែ​រង​ផល​ប៉ះពាល់​ពី​ការ​បាត់បង់​ការងារ និង​កាត់បន្ថយ​ម៉ោង​ធ្វើការ ដែល​ធ្វើ​ឱ្យ​ពួកគេ​រស់នៅ​ក្នុង​ជីវភាព​លំបាក ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅតែ​រក្សា​ជំហរ​ថា លោក​មិន​ធ្វើតាម​ការ​បញ្ជា​របស់​បរទេស និង​ចាត់ទុកថា​ការ​ស្នើសុំ​របស់​ប្រទេស​លោក​សេរី ថា ជា​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​កម្ពុជា។

កាលពី​ខែ​ឧសភា ​ឆ្នាំ២០២២ ​សភា​អឺរ៉ុប​ព្រមាន​ថា នឹង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ទាំងស្រុង​ពី​កម្ពុជា បើ​រក​ឃើញ​ថា​ការបោះឆ្នោត​ខាងមុខ​ប្រព្រឹត្តទៅ​ដោយ​មិន​សេរី និង​មិន​យុត្តិធម៌។ ក្រោយ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​២០ភាគរយ ​ពី​កម្ពុជា រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​បាន​ប្រញាប់ប្រញាល់​ទៅចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ ចិន ​និង​កូរ៉េ​ខាងត្បូង ​ខណៈ​កំពុង​សិក្សា​ពី​លទ្ធភាព​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្ដា​ប្រទេស​ធំៗ ​មួយ​ចំនួន​ទៀត។ លោក​ ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​តំបន់​អាស៊ាន​ជា​រួម​ផង​ដែរ៕

1 comment:

Anonymous said...

Yes, Cambodia will survive without EBA and GSP, but the debt keeps piling up and Khmer youths keep leaving Cambodia to find work.

All the problems stemmed from Ah Lngi Lngeu Hun Sen's erratic actions to destroy any political party, which pose a threat to his power.