Khmer Circle:
Bear in mind that social conscience, speaking the truth, social justice are all an anathema to Hun Sen and his kind...
^^^
2023.02.12
យុវតីមួយរូបបានឆ្លៀតពេលទំនេរពីការសិក្សា ដើម្បីដាក់សៀវភៅឱ្យសាធារណជនអានដោយឥតគិតថ្លៃ នៅសួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញ។ យុវតីរូបនេះ គឺកញ្ញា ឆែម ស្រីគា ហៅខ្លឹមសារ។ នាងមានបំណងចង់ឱ្យពលរដ្ឋខ្មែរផុសផុលក្នុងការអានសៀវភៅ ដែលជាឃ្លាំងផ្ទុកចំណេះដឹង និងបំណិនជីវិត។ តើយុវតី ឆែម ស្រីគា មានប្រវត្តិយ៉ាងណា?
ស្ទើររៀងរាល់ថ្ងៃសៅរ៍-អាទិត្យ យុវតី ឆែម ស្រីគា បានយកសៀវភៅទៅដាក់នៅសួនច្បារមុខវត្តបទុមវតី ទីដែលមនុស្សម្នានាំគ្នាទៅហាត់ប្រាណ ដើរកម្សាន្ត និងជួបជុំគ្នា។ ស្រីគាធ្វើបែបនេះ មិនមែនដើម្បីចង់បានការសរសើរ ឬក៏ស្វែងរកផលប្រយោជន៍អ្វីនោះទេ តែនេះជាការដើរតាមក្ដីស្រម៉ៃរបស់នាង៖
«ការដាក់សៀវភៅហ្នឹង ខ្ញុំពុំមានបំណងអ្វីផ្សេង ក្រៅពីចង់ឱ្យយុវជន កុមារ អ៊ុំ ពូ មីង ដែលគាត់ដើរកាត់នៅលើសួនហ្នឹង គាត់បានឃើញពីទិដ្ឋភាពល្អៗ និងបានចាប់កាន់អានសៀវភៅ។ ទោះបីជាមិនបានច្រើន ក៏បានមួយទំព័រ ពីរទំព័រ បីទំព័រទៅតាមលទ្ធភាពដែលគាត់មានពេលចំណាយហ្នឹង»។
មើលពីខាងក្រៅ ស្រីគា ជាមនុស្សរឹងមាំ មោះមុត និងតស៊ូព្យាយាម ប៉ុន្តែទម្រាំដើរមកដល់ចំណុចនេះ នាងបានហែលឆ្លងរឿងរ៉ាវដ៏ច្រើនក្នុងជីវិត។ នាងធ្លាប់ត្រូវបានគេប៉ុនប៉ងធ្វើបាប ត្រូវគេមាក់ងាយ និងត្រូវបានគេវាយបំបាក់ទឹកចិត្តយ៉ាងដំណំ។ ប៉ុន្តែចំណុចខ្លាំងរបស់នាង គឺការជម្នះភាពក្រីក្រ ដើម្បីបន្តការសិក្សា និងការសម្រេចឱ្យបាននូវបំណងប្រាថ្នារបស់ខ្លួន។
យុវតី ឆែម ស្រីគា មានអាយុ ២០ ឆ្នាំ និងមានស្រុកកំណើតនៅខេត្តប៉ៃលិន។ នាងមានបងប្អូនបង្កើត ៥ នាក់ ប្រុស ៣ នាក់ និងស្រី ២ នាក់ ហើយនាងជាកូនពៅ។ ឪពុករបស់ ស្រីគា មានអាយុ ៦៣ ឆ្នាំ និងមានមុខរបរជាអ្នកជិះម៉ូតូដើរលក់នំប៉័ង។ ម្ដាយរបស់នាងមានអាយុ ៥៩ឆ្នាំ គឺជាស្ត្រីមេផ្ទះ។ ដោយសារតែជីវភាពក្រីក្រ បងៗរបស់ ស្រីគា ភាគច្រើនបានរៀនត្រឹមថ្នាក់បឋមសិក្សា។ បច្ចុប្បន្ន ពួកគាត់មានគ្រួសាររៀងៗខ្លួនអស់ហើយ ប៉ុន្តែជីវភាពនៅតែលំបាក ក្នុងនោះមានខ្លះទៅធ្វើការនៅប្រទេសថៃ និងខ្លះទៀតស៊ីឈ្នួលធ្វើការឱ្យគេនៅក្នុងខេត្តប៉ៃលិន។
ស្រីគា រំឭកថា ដោយសារតែជីវភាពក្រីក្រ នាងត្រូវចំណាយពេលជិតមួយម៉ោងស្ទើរជារៀងរាល់ថ្ងៃ ដើម្បីដើរទៅសាលា ដែលមានចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីផ្ទះរបស់នាង។ ការដើរទៅរៀននេះ មិនមែនរយៈពេលមួយសប្ដាហ៍ មួយខែ ឬមួយឆ្នាំនោះទេ តែគឺប្រមាណ ១០ ឆ្នាំ ពោលគឺចាប់តាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់ទី ១១ ទើបមានមិត្តភក្ដិជិតស្និទ្ធម្នាក់របស់នាងជួយយកអាសា ដោយជិះម៉ូតូជូននាងទៅរៀន និងត្រឡប់មកផ្ទះវិញជាមួយគ្នា។
មកដល់ត្រឹមនេះ ស្រីគា អួលដើមក និយាយលែងចេញ ពីព្រោះនាងនឹកឃើញដល់អតីតកាលដ៏រន្ធត់មួយកាលនៅជាកុមារី រៀនថ្នាក់ទី ៧។ មានពេលមួយ នាងបានដើរពីសាលាត្រឡប់ទៅផ្ទះវិញតែម្នាក់ឯង ហើយក៏បានជួបជាមួយបុរសម្នាក់ ដែលមានបំណងមិនល្អលើរូបនាង៖
«មុនដំបូងហ្នឹង ខ្ញុំគិតថា គាត់គ្រាន់តែមានធុរៈរបៀបថា គាត់ឈឺនោមអ៊ីចឹង គាត់ដើរចូលព្រៃ ប៉ុន្តែបន្ទាប់ពីគាត់ដើរចូលព្រៃហើយ ក៏ស្រាប់តែឮសំឡេងរត់កាត់ព្រៃហ្នឹងមក។ ខ្ញុំស្មានតែជាសត្វអ្វី ក៏អត់បានចាប់អារម្មណ៍អ្វីច្រើនដែរ ហើយក៏បន្តដើរធម្មតាហ្នឹងទៅ ហើយក៏ស្រាប់តែគាត់ស្ទុះចេញមកខាងក្រៅមក ខ្ញុំក៏រត់។ ហើយក៏សំណាងដែរ ដែលមានផ្ទះប្រជាពលរដ្ឋនៅហ្នឹងពីរបី ទើបបុគ្គលម្នាក់ហ្នឹងបញ្ចប់សកម្មភាពរបស់គាត់»។
ស្រីគា ឱ្យដឹងថា បើទោះបីជានាងរួចផុតពីកណ្ដាប់ដៃជននោះ ហើយរឿងហេតុបានកន្លងផុតទៅយូរឆ្នាំទៅហើយក្ដី ក៏ហេតុការណ៍នោះនៅតែដិតដាមក្នុងអារម្មណ៍របស់នាងជានិច្ច។
ទាក់ទងនឹងការសិក្សាវិញ យុវតី ឆែម ស្រីគា បានតស៊ូរៀនសូត្ររហូតដល់ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ២០២១ ដោយប្រឡងជាប់និទ្ទេសដេ (D)។ ប៉ុន្តែនាងទើបតែបានចូលរៀនមហាវិទ្យាល័យនៅចុងឆ្នាំ ២០២២ ថ្មីៗនេះទេ ដោយសារតែគ្មានលទ្ធភាព។ តាមពិត គ្រួសាររបស់ ស្រីគា ក៏គ្មានលទ្ធភាពឱ្យនាងបន្តការសិក្សានៅមហាវិទ្យាល័យនោះដែរ ប៉ុន្តែនាងជម្នះឡើងមករៀននៅភ្នំពេញដោយខ្លួនឯង។ ឪពុកម្ដាយរបស់ស្រីគាបានផ្ដល់លុយចំនួន ២០ ម៉ឺនរៀល នៅពេលដែលនាងសម្រេចចិត្តឡើងមកភ្នំពេញ។
យុវតី ឆែម ស្រីគា បញ្ជាក់ថា នាងអាចស្នាក់នៅ និងបន្តការសិក្សានៅភ្នំពេញបាន គឺដោយសារតែស្នាក់នៅជាមួយអ្នកស្គាល់គ្នាដែលគេមិនគិតលុយទឹកភ្លើង និងម្ហូបអាហារពីនាងឡើយ។ ម្យ៉ាងវិញទៀត នាងឆ្លៀតពេលពីការសិក្សា ដើម្បីដឹកអីវ៉ាន់ឱ្យគេ បានប្រាក់បន្តិចបន្តួច៖
«ដោយសារការដឹកអីវ៉ាន់ហ្នឹង វាអត់បានច្រើនប៉ុន្មានទេ។ ក្នុងមួយខែ ខ្ញុំចំណាយអស់ត្រឹម ២០ ម៉ឺនរៀល ដោយសារតែបើលើសពីហ្នឹង ក៏អត់មានអ្វីចាយដែរ។ ចាយទាំងត្បិតត្បៀត ពេលខ្លះវាអស់មុនខែអ៊ីចឹងជាដើម ហើយពិបាកមែនទែន ដោយសារតែត្រូវចំណាយទៅដាក់សៀវភៅនៅសួនផង ដែលមានចម្ងាយ ១៥ គីឡូម៉ែត្រ ហើយប្រើពេលមួយម៉ោង ទើបទៅដល់កន្លែងដាក់[សៀវភៅ]»។
យុវតី ឆែម ស្រីគា កំពុងសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ដោយតម្រង់ឆ្ពោះទៅរកអាជីពជាអ្នកនិពន្ធ។ នាងមានចំណូលចិត្តក្នុងការអាន និងតែងនិពន្ធ ទាំងពាក្យកាព្យ និងពាក្យរាយ។ ស្រីគា ចូលចិត្តសរសេរអត្ថបទបែបលើកទឹកចិត្ត និងបញ្ហាផ្សេងៗក្នុងសង្គម បង្ហោះលើទំព័រហ្វេសប៊ុក។ ទំព័រហ្វេសប៊ុករបស់ ស្រីគា ដាក់ឈ្មោះថា ខ្លឹមសារ (KlemSa) មានអ្នកតាមដាន ឬ Follow ចំនួន ២ ម៉ឺន ២ ពាន់គណនី (22K followers)។ ពាក្យថា ខ្លឹមសារ នេះ តាមការពិត គឺជាឈ្មោះដែល ស្រីគា ដាក់ឱ្យខ្លួនឯង ដើម្បីក្រើនរំឭកខ្លួនឯងថា ជីវិតគឺជាការតស៊ូ ហើយការតស៊ូនោះឯង គឺជាខ្លឹមសារនៃជីវិត៖
«ទោះបីជាមានការលំបាក ឬក៏បាក់ទឹកចិត្ត ឬក៏ទទួលសម្ពាធអ្វីពីមជ្ឈដ្ឋានខាងក្រៅ ក៏ខ្ញុំនៅតែតស៊ូព្យាយាម ព្រោះយើងគឺខ្លឹមសារ យើងអត់អាចបោះបង់ដោយងាយៗបានទេ»។
សមាជិកក្រុមយុវជនខ្មែរថាវរៈ លោកស្រី ឈឿន ដារ៉ាវី ថ្លែងថា ស្រីគា ជាយុវតីមួយរូបដែលមិនសូវមាត់ក តែសាច់ការ និងមានចរិតចាស់ទុំ។ ម្យ៉ាងវិញទៀត នាងជាយុវតីដែលមានឆន្ទៈ និងមានចិត្តឈឺឆ្អាលក្នុងបញ្ហាសង្គម។ ចំណុចមួយដែលលោកស្រីកោតសរសើរ ស្រីគា នោះ គឺការដាក់សៀវភៅនៅសួនច្បារសាធារណៈ ដើម្បីលើកកម្ពស់ការអាន៖
«ក្មេងស្រីដែលគាត់មានទឹកចិត្ត មានឆន្ទៈ ធ្វើនូវរឿងល្អសម្រាប់សង្គមដូចគាត់អ៊ីចឹង គួរតែមានការគាំទ្រ។ ឬបើមិនគាំទ្រក៏ហីទៅចុះ សូមកុំឱ្យតែទៅរំខាន ទៅរារាំងបែបហ្នឹង គឺអត់ល្អទេ។ ទៅរកមនុស្សណាដែលហ៊ានលះបង់ពេលវេលាលុយកាក់ផ្ទាល់ខ្លួនក្នុងការធ្វើប្រយោជន៍ជាតិ ប្រយោជន៍សង្គមរួមបែបហ្នឹង គឺអត់ងាយមានទេ»។
យុវតី ឆែម ស្រីគា ក៏ជាសមាជិកម្នាក់នៃក្រុមយុវជនខ្មែរថាវរៈដែរ ប៉ុន្តែការដាក់សៀវភៅឱ្យគេអាននៅទីសាធារណៈនេះមិនជាប់ពាក់ព័ន្ធនឹងក្រុមយុវជនខ្មែរថាវរៈនោះទេ ពោលគឺជាសកម្មភាពដែលនាងបានធ្វើតាំងពីនៅវិទ្យាល័យមកម្ល៉េះ។
ស្រីគា បានចាប់ផ្ដើមការងារនេះកាលពីឆ្នាំ ២០២០ ហើយនាងបានបន្តធ្វើវារហូតមកដល់សព្វថ្ងៃ។ នាងបានឆ្លៀតពេលពីការសិក្សា ដើម្បីដាក់សៀវភៅឱ្យគេអានដោយឥតគិតថ្លៃ នៅសួនច្បារមុខវត្តបទុមវតីជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ៧ យប់។ ជាមធ្យម មានមនុស្សប្រមាណ ៥០ នាក់ មានទាំងចាស់ ទាំងក្មេង អង្គុយអានសៀវភៅទាំងនោះ ហើយការអានប្រើពេលតិច ឬច្រើន អាស្រ័យទៅតាមពេលវេលារបស់ពួកគាត់រៀងៗខ្លួន។ សៀវភៅដែល ស្រីគា ដាក់ឱ្យគេអាននោះ មានច្រើនប្រភេទ ដូចជា ប្រវត្តិសាស្ត្រ ទស្សនវិជ្ជា អក្សរសិល្ប៍ ប្រលោមលោក ព្រេងកថា និងសៀវភៅលើកទឹកចិត្ត ជាដើម។ សៀវភៅទាំងនោះ ខ្លះជាសៀវភៅផ្ទាល់ខ្លួនរបស់ ស្រីគា និងខ្លះទៀតបានមកពីការបរិច្ចាគរបស់អ្នកនិពន្ធ និងសប្បុរសជន។
យុវតី ឆែម ស្រីគា ឱ្យដឹងថា បេសកកម្មជីវិតមួយនេះរបស់នាង ក៏ជួបបញ្ហាមួយចំនួនដែរ៖
«សកម្មភាពដាក់សៀវភៅហ្នឹង មនុស្សមួយចំនួនមិនត្រឹមតែអត់ចាប់អារម្មណ៍ទេ គាត់ថែមទាំងបំបាក់ទឹកចិត្តយើង មើលងាយយើងថា ធ្វើបែបហ្នឹង គឺជាការជោរ។ គេគិតថា នៅទីសាធារណៈបែបហ្នឹងមិនគួរយកសៀវភៅទៅតាំងទេ ព្រោះវាជាកន្លែងកម្សាន្ត ឯការអានសៀវភៅ គំនិតរបស់គាត់រាងអគតិបន្តិច»។
ធ្ងន់ធ្ងរជាងនេះទៅទៀត ថ្មីៗនេះ អាជ្ញាធរបានចុះទៅហាមឃាត់មិនឱ្យនាងដាក់សៀវភៅនៅសួនច្បារមុខវត្តបទុមនោះទេ។ ការហាមឃាត់នេះ កើតមានចំនួនពីរលើករួចមកហើយ ហើយអាជ្ញាធរមិនដែលពន្យល់ហេតុផលច្បាស់លាស់ឡើយ ខណៈច្បាប់មិនបានហាមឃាត់សកម្មភាពទាំងនេះទេ។
កញ្ញា ឆែម ស្រីគា ថ្លែងថា ទង្វើរបស់អាជ្ញាធរ និងការមាក់ងាយពីមជ្ឈដ្ឋានមួយចំនួននេះ ប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងជាខ្លាំង។ ប៉ុន្តែក្នុងពេលជាមួយគ្នា នាងក៏ទទួលបានការលើកទឹកចិត្តពីពលរដ្ឋមួយចំនួន និងអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) វិញដែរ៖
«ដោយសារខ្ញុំជាអ្នកសរសេរមួយរូបដែរនៅតាមបណ្ដាញសង្គម ហើយក៏មានអ្នកដែលស្គាល់ខ្ញុំច្រើនមកហើយដែរ អ៊ីចឹងទៅពួកគាត់មួយចំនួនធំស្រឡាញ់ការសរសេររបស់ខ្ញុំ ហើយពេលដែលខ្ញុំធ្វើសកម្មភាពនៅភ្នំពេញក៏មានការចូលរួមពីពួកគាត់ផងដែរ។ កម្លាំងចិត្ត ឬក៏ទឹកចិត្តរបស់ខ្ញុំបានមកពីអ្នកអាន អ្នកអានមួយចំនួនធំ ហើយក៏បានមកពីការគាំទ្រពីអ្នកផ្ទះមកថា យើងធ្វើអ៊ីចឹងត្រូវហើយ បន្តធ្វើទៀតទៅ វាអត់មានអ្វីជាបញ្ហាទេ»។
យុវតី ឆែម ស្រីគា លើកទឹកចិត្តដល់សាធារណជន ជាពិសេសយុវជន ឱ្យងាកមកចាប់អារម្មណ៍ការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួន។ ទន្ទឹមគ្នានេះ កញ្ញាក៏ស្នើដល់អាជ្ញាធរឱ្យបើកលំហសិទ្ធិសេរីភាពដល់កញ្ញាក្នុងការដាក់តាំងសៀវភៅនៅសួនច្បារសាធារណៈនោះ ឱ្យបានដូចពីមុនឡើងវិញ៕
1 comment:
Thank you for spreading good deeds to help Khmer people.
Post a Comment