2023.02.12
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការគំរាមបិទសារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការធ្វើឡើងដោយផ្ទុយពីច្បាប់ស្ដីពីសារព័ត៌មាន។ ពួកគេលើកឡើងដូច្នេះ បន្ទាប់ពីលោក ហ៊ុន សែន ដាក់កំហិតឱ្យសារព័ត៌មានសំឡេងប្រជាធិបតេយ្យត្រូវតែសុំទោសរដ្ឋាភិបាល និងកូនប្រុសច្បងរបស់លោកមកត្រឹម២៤ម៉ោងវិញ ជុំវិញការផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រទេសតួកគី (Turkey)។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងដូចៗគ្នាថា ផ្អែកតាមច្បាប់ស្ដីពីរបបសារព័ត៌មាន សារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) គ្រាន់តែកែតម្រូវអត្ថបទដែលបានផ្សាយខុសតែប៉ុណ្ណោះ ក្នុងករណីផ្សាយព័ត៌មានមិនបានត្រឹមត្រូវ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CAMBOJA) លោក ណុប វី ចាត់ទុកការដាក់កំហិតឱ្យសារព័ត៌មានវីអូឌី ត្រូវតែសុំទោសក្នុងរយៈពេល២៤ម៉ោង ដើម្បីបញ្ចៀសការដកហូតអាជ្ញាប័ណ្ណចេញពីបញ្ជីក្រសួងព័ត៌មាននោះ គឺជាការរឹតត្បិតសេរីភាពសារព័ត៌មាន។ លោកបន្ថែមថា សារព័ត៌មាន វីអូឌី គ្រាន់តែផ្សាយសម្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលតែប៉ុណ្ណោះ ហើយបើទោះបីជាការផ្សាយខុសពីការពិតក្ដី ក៏សារព័ត៌មាន វីអូឌី គ្រាន់តែកែសម្រួលអត្ថបទឡើងវិញតែប៉ុណ្ណោះ៖
«ដើម្បីធានានូវលំហសេរីភាពមួយសម្រាប់ការងាររបស់អ្នកសារព័ត៌មាន ខ្ញុំយល់ឃើញថា នៅក្នុងករណីអ្នកសារព័ត៌មានដែលគាត់ធ្វើខុសវិជ្ជាជីវៈ ឬក៏កំហុសឆ្គងអីផ្សេងៗហ្នឹង គឺយើងអាចស្នើឱ្យមានការកែតម្រូវ ប្រសិនបើអ្វីដែលជាការខុសឆ្គង ហើយយើងមានព័ត៌មានដើម្បីបញ្ជាក់ថាមូលហេតុ ឬក៏ចំណុចណាដែលបង្ហាញពីការខុសឆ្គងហ្នឹង»។
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានទុកពេលឱ្យសារព័ត៌មាន វីអូឌី សុំទោសរដ្ឋាភិបាល និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រឹម២៤ម៉ោងវិញ ពោលគឺយ៉ាងយូរត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ទាក់ទងនឹងការផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានរំលោភលើតួនាទី ដោយបានចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួគី (Turkey) ១០ម៉ឺនដុល្លារអាមេរិក (១០០.០០០ដុល្លារ)។
លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណ និងបញ្ចប់ការផ្សាយរបស់សារព័ត៌មាន វីអូឌី ត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ប្រសិនបើស្ថាប័ននេះ មិនសុំទោស។ ការដាក់កំហិតជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានអតីតបុគ្គលិកសារព័ត៌មាន វីអូឌី ម្នាក់បានចូលទៅបញ្ចេញមតិ (ខមិន) នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ថា វីអូឌី ជាស្ថាប័នសំខាន់មួយក្នុងការផ្ដល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលឱ្យដឹងបន្ថែមជ្រុងមួយទៀតនៃសង្គមដែរ។ បុគ្គលិករូបនោះសរសេរបន្តថា បើសង្ស័យមានការយល់ច្រឡំ គួរអង្គុយតុជុំគ្នា ជជែកគ្នាសិនទៅ ដោយមិនគួរឈានដល់កំណត់ម៉ោងឱ្យសុំទោសបែបនេះឡើយ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ឃើញថា ការដាក់កំហិតពេលវេលាឱ្យសុំទោស និងគំរាមដកអាជ្ញាប័ណ្ណពីស្ថាប័នព័ត៌មានឯករាជ្យដូចនេះ គឺផ្ទុយទៅនឹងច្បាប់ស្ដីពីសារព័ត៌មាន។ លោកបន្ថែមថា សារព័ត៌មាន វីអូឌី មិនបានក្លែងបន្លំសារព័ត៌មាន ឬផលិតព័ត៌មានក្លែងក្លាយនោះឡើយ ព្រោះការផ្សាយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ជំនួយទៅដល់ប្រទេសតួគីនោះ គឺជាការស្រង់សម្ដីពីអ្នកនាំពាក្យរដ្ឋាភិបាលតែប៉ុណ្ណោះ៖
«ប្រសិនប្រើជារឿងមួយដែលទទួលព័ត៌មានមួយពិតត្រឹមត្រូវ សម្រង់សម្ដីត្រឹមត្រូវយកទៅចុះផ្សាយ បែរជាមិនប្រើច្បាប់ស្ដីពីរបបសារព័ត៌មាន ហើយទៅប្រើប្រាស់នូវវិធាន ទៅតាមបទបញ្ជាដែលមិនអនុលោមទៅតាមផ្លូវច្បាប់នេះ ខ្ញុំយល់ថាវាជារឿងមួយធ្ងន់ធ្ងរណាស់ ចំពោះសេរីភាពសារព័ត៌មាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១២ ខែកុម្ភៈ។ ទោះជាយ៉ាងណា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១១ ខែកុម្ភៈ ថា អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនដែលបានលើកឡើងថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសលោក ហ៊ុន សែន ក្នុងការផ្ដល់ជំនួយដល់ប្រទេសតួគីនោះឡើយ។
ផ្ទុយពីសេចក្ដីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននិយាយយ៉ាងច្បាស់នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន វីអូឌី ដែលបានផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈថា
ផៃ ស៊ីផាន៖ «អ្នកសារព័ត៌មាន ហើយសមាសភាពអង្គការមិនមែនរដ្ឋាភិបាល គាត់ឆ្ងល់ ហើយគាត់វាយប្រហារ ទៅលើឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលដូចជាគាត់ចុះហត្ថលេខាតំណាងសម្ដេចតេជោ ក្នុងការផ្ដល់ជំនួយហ្នឹង»។
បុគ្គលិកវីអូឌី៖ «ចាស លោកអ៊ំ ប៉ុន្តែក្នុងការវាយប្រហារហ្នឹង របៀបគាត់ប្រើខ្លឹមសារដូចម្ដេចទៅ?»។
ផៃ ស៊ីផាន៖ «គាត់ថា ហេតុដូចម្ដេចបានរដ្ឋាភិបាល មិនប្រើប្រាស់តួនាទី របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ការផ្ដល់ជំនួយហ្នឹង ហេតុម៉េចបានដាក់ឱ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកផ្ដល់ទៅវិញ អាហ្នឹងគឺ ដែលគេមិនសប្បាយចិត្ត។ ការជួយពេលនេះ ដើម្បីតួគីហ្នឹងគឺ ក្នុងរបៀបប្រតិបត្តិការសន្តិភាព ជួយសង្គ្រោះប្រជាពលរដ្ឋតួគី ដែលជួបប្រទះមហន្តរាយ រញ្ជួយធរណី ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋដោយភ្លើង បាក់អគារ បាក់អីហ្នឹង អាហ្នឹងជាក្រុមរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ហើយដែលចេញទៅប្រតិបត្តិការនោះ»។
ទោះជាយ៉ាងណា សារព័ត៌មាន វីអូឌី បានដកចេញអត្ថបទ ដែលមានចំណងជើងថា "មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួគី មិនមែនជារឿងខុសឆ្គង" ចេញពីការការផ្សាយរបស់ខ្លួននៅលើទំព័រហ្វេសប៊ុកវិញហើយ បន្ទាប់ពីមានការប្រតិកម្មរបស់លោក ហ៊ុន សែន។ ដោយឡែក ប្រធានបទដដែលនេះនៅតែមាននៅលើគេហទំព័រសារព័ត៌មាន វីអូឌី ដដែល ក៏ប៉ុន្តែសារព័ត៌មាននេះបានធ្វើបច្ចុប្បន្នភាពអត្ថបទរបស់ខ្លួន ដោយបានសរសេរនៅខាងក្រោមចំណងជើងនៃសារព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានអះអាងនៅថ្ងៃទី១១ ខែកុម្ភៈ ថា ថាលោកមិនបានចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្ត្រីនោះទេ។ ទោះជាយ៉ាងណា សារព័ត៌មាន វីអូឌី ក៏បានដាក់លិខិតមួយទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី រួចរាល់ហើយដែរនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ។
ជុំវិញរឿងនេះ ប្រធានស្ដីទី សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD លោក អ៊ិត សុធឿត ប្រាប់វិទ្យុអាស៊ីសេរីថា ទីស្ដីការគណៈរដ្ឋមន្ត្រីបានទទួលយកលិខិតរបស់សារព័ត៌មាន វីអូឌី រួចហើយ ក៏ប៉ុន្តែលោកសុំមិនអត្ថាធិប្បាយអំពីអត្ថន័យនៅក្នុងលិខិតនោះឡើយ។ ទោះជាយ៉ាងណា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងមិនដកហូតអាជ្ញាប័ណ្ណសារព័ត៌មាន វីអូឌី នោះឡើយ៖
«ខ្ញុំនៅតែសង្ឃឹមថា រដ្ឋាភិបាលគាត់នឹងបន្តបើកឱកាសឱ្យសារព័ត៌មានឯករាជ្យ វីអូឌី បានបន្តដំណើរការរបស់ខ្លួន ព្រោះថាយើងបានពាំនាំព័ត៌មាន យើងអាចនិយាយបានថាព័ត៌មានមួយចំនួនដែលរដ្ឋាភិបាល គាត់នឹងអាចពិបាកទទួលយកបានពីមន្ត្រីរបស់គាត់»។
សាធារណៈជនយល់ឃើញថា ការគំរាមដកហូតអាជ្ញាប័ណ្ណសារព័ត៌មាន ដោយដាក់ឱសានវាទឱ្យសុំទោសរដ្ឋាភិបាល និងកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត បែបនេះ គឺជាការរឹតត្បិតសេរីភាពសារព័ត៌មានធ្ងន់ធ្ងរ។ អង្គការសង្គមស៊ីវិលលើកឡើងថា ប្រតិកម្មរបស់លោក ហ៊ុន សែន បែបនេះ បង្ហាញឱ្យស្ថាប័នអន្តរជាតិដឹងកាន់តែច្បាស់ពីកម្សោយនីតិរដ្ឋនៅប្រទេសកម្ពុជា៕
2 comments:
Closing VOD maybe against the international media law, but it conforms to the Law of Kdor Ah Sen, which supersedes any laws implementing in Cambodia.
Ah chker Chkuot Hun Sen is dictating Cambodia to become another North Korea.
This monster Hun Sen was born to make Cambodia extinct.
Post a Comment