Monday, 13 February 2023

ឆែម ស្រីគា និស្សិត​ក្រ​ទ្រព្យ តែ​មាន​មនសិការ​សង្គម​ខ្ពស់

 

Khmer Circle

Bear in mind that social conscience, speaking the truth, social justice are all an anathema to Hun Sen and his kind...


^^^

ដោយ យ៉ង ចាន់តារា
2023.02.12
ឆែម ស្រីគា និស្សិត​ក្រ​ទ្រព្យ តែ​មាន​មនសិការ​សង្គម​ខ្ពស់  
យុវតី ឆែម ស្រីគា ស្ថាបនិកបណ្ណាល័យចល័តនៅភ្នំពេញ្។
រូប៖ ហ្វេសប៊ុក ខ្លឹមសារ-KlemSa

យុវតី​មួយ​រូប​បាន​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា ដើម្បី​ដាក់​សៀវភៅ​ឱ្យ​សាធារណជន​អាន​ដោយ​ឥត​គិត​ថ្លៃ នៅ​សួន​ច្បារ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ។ យុវតី​រូប​នេះ គឺ​កញ្ញា ឆែម ស្រីគា ហៅ​ខ្លឹមសារ។ នាង​មាន​បំណង​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ផុសផុល​ក្នុង​ការ​អាន​សៀវភៅ ដែល​ជា​ឃ្លាំង​ផ្ទុក​ចំណេះដឹង និង​បំណិន​ជីវិត។ តើ​យុវតី ឆែម ស្រីគា មាន​ប្រវត្តិ​យ៉ាងណា?

ស្ទើរ​រៀងរាល់​ថ្ងៃ​សៅរ៍-អាទិត្យ យុវតី ឆែម ស្រីគា បាន​យក​សៀវភៅ​ទៅ​ដាក់​នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី ទី​ដែល​មនុស្ស​ម្នា​នាំ​គ្នា​ទៅ​ហាត់ប្រាណ ដើរ​កម្សាន្ត និង​ជួបជុំ​គ្នា។ ស្រីគា​ធ្វើ​បែបនេះ មិនមែន​ដើម្បី​ចង់​បាន​ការ​សរសើរ ឬក៏​ស្វែងរក​ផល​ប្រយោជន៍​អ្វី​នោះ​ទេ តែ​នេះ​ជា​ការ​ដើរ​តាម​ក្ដី​ស្រម៉ៃ​របស់​នាង៖

«ការ​ដាក់​សៀវភៅ​ហ្នឹង ខ្ញុំ​ពុំ​មាន​បំណង​អ្វី​ផ្សេង ក្រៅពី​ចង់​ឱ្យ​យុវជន កុមារ អ៊ុំ ពូ មីង ដែល​គាត់​ដើរ​កាត់​នៅ​លើ​សួន​ហ្នឹង គាត់​បាន​ឃើញ​ពី​ទិដ្ឋភាព​ល្អៗ និង​បាន​ចាប់​កាន់​អាន​សៀវភៅ។ ទោះបី​ជា​មិន​បាន​ច្រើន ក៏​បាន​មួយ​ទំព័រ ពីរ​ទំព័រ បី​ទំព័រ​ទៅ​តាម​លទ្ធភាព​ដែល​គាត់​មាន​ពេល​ចំណាយ​ហ្នឹង»

មើល​ពី​ខាងក្រៅ ស្រីគា ជា​មនុស្ស​រឹងមាំ មោះមុត និង​តស៊ូ​ព្យាយាម ប៉ុន្តែ​ទម្រាំ​ដើរ​មក​ដល់​ចំណុច​នេះ នាង​បាន​ហែល​ឆ្លង​រឿងរ៉ាវ​ដ៏​ច្រើន​ក្នុង​ជីវិត។ នាង​ធ្លាប់​ត្រូវ​បាន​គេ​ប៉ុនប៉ង​ធ្វើ​បាប ត្រូវ​គេ​មាក់ងាយ និង​ត្រូវ​បាន​គេ​វាយ​បំបាក់​ទឹកចិត្ត​យ៉ាង​ដំណំ។ ប៉ុន្តែ​ចំណុច​ខ្លាំង​របស់​នាង គឺ​ការ​ជម្នះ​ភាព​ក្រីក្រ ដើម្បី​បន្ត​ការ​សិក្សា និង​ការ​សម្រេច​ឱ្យ​បាន​នូវ​បំណង​ប្រាថ្នា​របស់​ខ្លួន។

ឆែម ស្រីគា-1.jpg
ការអានសៀវភៅនៅសួនច្បារសាធារណៈដោយមិនគិតប្រាក់នោះទេ។ (រូប៖ ខ្លឹមសារ-KlemSa)

 

យុវតី ឆែម ស្រីគា មាន​អាយុ ២០ ឆ្នាំ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ប៉ៃលិន។ នាង​មាន​បងប្អូន​បង្កើត ៥ នាក់ ប្រុស ៣ នាក់ និង​ស្រី ២ នាក់ ហើយ​នាង​ជា​កូនពៅ។ ឪពុក​របស់ ស្រីគា មាន​អាយុ ៦៣ ឆ្នាំ និង​មាន​មុខរបរ​ជា​អ្នក​ជិះ​ម៉ូតូ​ដើរ​លក់​នំប៉័ង។ ម្ដាយ​របស់​នាង​មាន​អាយុ ៥៩ឆ្នាំ គឺជា​ស្ត្រី​មេផ្ទះ។ ដោយសារ​តែ​ជីវភាព​ក្រីក្រ បងៗ​របស់ ស្រីគា ភាគច្រើន​បាន​រៀន​ត្រឹម​ថ្នាក់​បឋមសិក្សា។ បច្ចុប្បន្ន ពួកគាត់​មាន​គ្រួសារ​រៀងៗ​ខ្លួន​អស់ហើយ ប៉ុន្តែ​ជីវភាព​នៅ​តែ​លំបាក ក្នុង​នោះ​មាន​ខ្លះ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ខ្លះ​ទៀត​ស៊ី​ឈ្នួល​ធ្វើ​ការ​ឱ្យ​គេ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន។

ស្រីគា រំឭក​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ នាង​ត្រូវ​ចំណាយ​ពេល​ជិត​មួយ​ម៉ោង​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ដើរ​ទៅ​សាលា ដែល​មាន​ចម្ងាយ​ប្រមាណ ៥ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​នាង។ ការ​ដើរ​ទៅ​រៀន​នេះ មិនមែន​រយៈពេល​មួយ​សប្ដាហ៍ មួយ​ខែ ឬ​មួយ​ឆ្នាំ​នោះ​ទេ តែ​គឺ​ប្រមាណ ១០ ឆ្នាំ ពោល​គឺ​ចាប់​តាំង​ពី​ថ្នាក់​បឋមសិក្សា​រហូតដល់​ថ្នាក់​ទី ១១ ទើប​មាន​មិត្តភក្ដិ​ជិតស្និទ្ធ​ម្នាក់​របស់​នាង​ជួយ​យក​អាសា ដោយ​ជិះ​ម៉ូតូ​ជូន​នាង​ទៅ​រៀន និង​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយ​គ្នា។

មក​ដល់​ត្រឹម​នេះ ស្រីគា អួល​ដើម​ក និយាយ​លែង​ចេញ ពីព្រោះ​នាង​នឹក​ឃើញ​ដល់​អតីតកាល​ដ៏​រន្ធត់​មួយ​កាល​នៅ​ជា​កុមារី រៀន​​ថ្នាក់​ទី ៧។ មាន​ពេល​មួយ នាង​បាន​ដើរ​ពី​សាលា​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែម្នាក់ឯង ហើយ​ក៏​បាន​ជួប​ជាមួយ​បុរស​ម្នាក់ ដែល​មាន​បំណង​មិន​ល្អ​លើ​រូប​នាង៖

«មុន​ដំបូង​ហ្នឹង ខ្ញុំ​គិត​ថា គាត់​គ្រាន់តែ​មាន​ធុរៈ​របៀប​ថា គាត់​ឈឺ​នោម​អ៊ីចឹង គាត់​ដើរ​ចូល​ព្រៃ ប៉ុន្តែ​បន្ទាប់ពី​គាត់​ដើរ​ចូល​ព្រៃ​ហើយ ក៏​ស្រាប់តែ​ឮ​សំឡេង​រត់​កាត់​ព្រៃ​ហ្នឹង​មក។ ខ្ញុំ​ស្មាន​តែ​ជា​សត្វ​អ្វី ក៏​អត់​បាន​ចាប់​អារម្មណ៍​អ្វី​ច្រើន​ដែរ ហើយ​ក៏​បន្ត​ដើរ​ធម្មតា​ហ្នឹង​ទៅ ហើយ​ក៏​ស្រាប់តែ​គាត់​ស្ទុះ​ចេញ​មក​ខាងក្រៅ​មក ខ្ញុំ​ក៏​រត់។ ហើយ​ក៏​សំណាង​ដែរ ដែល​មាន​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ហ្នឹង​ពីរ​បី ទើប​បុគ្គល​ម្នាក់​ហ្នឹង​បញ្ចប់​សកម្មភាព​របស់​គាត់»

ស្រីគា ឱ្យ​ដឹង​ថា បើ​ទោះបី​ជា​នាង​រួច​ផុត​ពី​កណ្ដាប់​ដៃ​ជន​នោះ ហើយ​រឿងហេតុ​បាន​កន្លង​ផុត​ទៅ​យូរ​ឆ្នាំ​ទៅ​ហើយ​ក្ដី ក៏​ហេតុការណ៍​នោះ​នៅតែ​ដិតដាម​ក្នុង​អារម្មណ៍​របស់​នាង​ជានិច្ច។

ឆែម ស្រីគា-2.jpg
យុវជនចូលរួមអានសៀវភៅរបស់ស្រីគានៅសួនច្បារសាធារណៈដោយឥតគិតប្រាក់។ (រូប៖ ខ្លឹមសារ-KlemSa)

ទាក់ទង​នឹង​ការ​សិក្សា​វិញ យុវតី ឆែម ស្រីគា បាន​តស៊ូ​រៀន​សូត្រ​រហូត​ដល់​ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ ២០២១ ដោយ​ប្រឡង​ជាប់​និទ្ទេស​ដេ (D)។ ប៉ុន្តែ​នាង​ទើបតែ​បាន​ចូល​រៀន​មហាវិទ្យាល័យ​នៅ​​ចុង​ឆ្នាំ ២០២២ ថ្មីៗ​នេះ​ទេ ដោយសារ​តែ​គ្មាន​លទ្ធភាព។ តាមពិត គ្រួសារ​របស់ ស្រីគា ក៏​គ្មាន​លទ្ធភាព​ឱ្យ​នាង​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នោះ​ដែរ ប៉ុន្តែ​នាង​ជម្នះ​ឡើង​មក​រៀន​នៅ​ភ្នំពេញ​ដោយ​ខ្លួន​ឯង។ ឪពុកម្ដាយ​របស់​ស្រីគា​បាន​ផ្ដល់​លុយ​ចំនួន ២០ ម៉ឺន​រៀល នៅពេល​ដែល​នាង​សម្រេច​ចិត្ត​ឡើង​មក​ភ្នំពេញ។

យុវតី ឆែម ស្រីគា បញ្ជាក់​ថា នាង​អាច​ស្នាក់នៅ និង​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​បាន គឺ​ដោយសារ​តែ​ស្នាក់នៅ​ជាមួយ​អ្នក​ស្គាល់​គ្នា​ដែល​គេ​មិន​គិត​លុយ​ទឹក​ភ្លើង និង​ម្ហូប​អាហារ​ពី​នាង​ឡើយ។ ម្យ៉ាងវិញទៀត នាង​ឆ្លៀត​ពេល​ពី​ការ​សិក្សា ដើម្បី​ដឹក​អីវ៉ាន់​ឱ្យ​គេ បាន​ប្រាក់​បន្តិចបន្តួច​៖

«ដោយសារ​ការ​ដឹក​អីវ៉ាន់​ហ្នឹង វា​អត់​បាន​ច្រើន​ប៉ុន្មាន​ទេ។ ក្នុង​មួយ​ខែ ខ្ញុំ​ចំណាយ​អស់​ត្រឹម ២០ ម៉ឺន​រៀល ដោ​យសារ​តែ​បើ​លើស​ពី​ហ្នឹង ក៏​អត់​មាន​អ្វី​ចាយ​ដែរ។ ចាយ​ទាំង​ត្បិតត្បៀត ពេលខ្លះ​វា​អស់​មុន​ខែ​អ៊ីចឹង​ជាដើម ហើយ​ពិបាក​មែនទែន ដោយសារ​តែ​ត្រូវ​ចំណាយ​ទៅ​ដាក់​សៀវភៅ​នៅ​សួន​ផង ដែល​មាន​ចម្ងាយ ១៥ គីឡូម៉ែត្រ ហើយ​ប្រើ​ពេល​មួយ​ម៉ោង ទើប​ទៅ​ដល់​កន្លែង​ដាក់[សៀវភៅ

យុវតី ឆែម ស្រីគា កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ ដោយ​តម្រង់​ឆ្ពោះ​ទៅ​រក​អាជីព​ជា​អ្នក​និពន្ធ។ នាង​មាន​ចំណូល​ចិត្ត​ក្នុង​ការ​អាន និង​តែង​និពន្ធ ទាំង​ពាក្យ​កាព្យ និង​ពាក្យរាយ។ ស្រីគា ចូលចិត្ត​សរសេរ​អត្ថបទ​បែប​លើក​ទឹកចិត្ត និង​បញ្ហា​ផ្សេងៗ​ក្នុង​សង្គម បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក។ ទំព័រ​ហ្វេសប៊ុក​របស់ ស្រីគា ដាក់​ឈ្មោះ​ថា ខ្លឹមសារ (KlemSa) មាន​អ្នក​តាមដាន ឬ Follow ចំនួន ២ ម៉ឺន ២ ពាន់​គណនី (22K followers)។ ពាក្យ​ថា ខ្លឹមសារ នេះ តាម​ការ​ពិត គឺជា​ឈ្មោះ​ដែល ស្រីគា ដាក់​ឱ្យ​ខ្លួន​ឯង ដើម្បី​ក្រើន​រំឭក​ខ្លួន​ឯង​ថា ជីវិត​គឺ​ជា​ការ​តស៊ូ ហើយ​ការ​តស៊ូ​នោះ​ឯង គឺ​ជា​ខ្លឹមសារ​នៃ​ជីវិត៖

«ទោះបីជា​មាន​ការ​លំបាក ឬក៏​បាក់ទឹកចិត្ត ឬក៏​ទទួល​សម្ពាធ​អ្វី​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ក៏​ខ្ញុំ​នៅតែ​តស៊ូ​ព្យាយាម ព្រោះ​យើង​គឺ​ខ្លឹមសារ យើង​អត់​អាច​បោះបង់​ដោយ​ងាយៗ​បាន​ទេ»

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ លោកស្រី ឈឿន ដារ៉ាវី ថ្លែង​ថា ស្រីគា ជា​យុវតី​មួយ​រូប​ដែល​មិន​សូវ​មាត់​ក តែ​សាច់ការ និង​មាន​ចរិត​ចាស់ទុំ។ ម្យ៉ាងវិញទៀត នាង​ជា​យុវតី​ដែល​មាន​ឆន្ទៈ និង​មាន​ចិត្ត​ឈឺ​ឆ្អាល​ក្នុង​បញ្ហា​សង្គម។ ចំណុច​មួយ​ដែល​លោកស្រី​កោត​សរសើរ ស្រីគា នោះ គឺ​ការ​ដាក់​សៀវភៅ​នៅ​សួនច្បារ​សាធារណៈ ដើម្បី​លើក​កម្ពស់​ការ​អាន៖

«ក្មេងស្រី​ដែល​គាត់​មាន​ទឹកចិត្ត មាន​ឆន្ទៈ ធ្វើ​នូវ​រឿង​ល្អ​សម្រាប់​សង្គម​ដូច​គាត់​អ៊ីចឹង គួរតែ​មាន​ការ​គាំទ្រ។ ឬ​បើ​មិន​គាំទ្រ​ក៏​ហី​ទៅ​ចុះ សូម​កុំ​ឱ្យ​តែ​ទៅ​រំខាន ទៅ​រារាំង​បែប​ហ្នឹង គឺ​អត់​ល្អ​ទេ។ ទៅ​រក​មនុស្ស​ណា​ដែល​ហ៊ាន​លះបង់​ពេល​វេលា​លុយ​កាក់​ផ្ទាល់​ខ្លួន​ក្នុង​ការ​ធ្វើ​ប្រយោជន៍​ជាតិ ប្រយោជន៍​សង្គម​រួម​បែប​ហ្នឹង គឺ​អត់​ងាយ​មាន​ទេ»

យុវតី ឆែម ស្រីគា ក៏​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែរ ប៉ុន្តែ​ការ​ដាក់​សៀវភៅ​ឱ្យ​គេ​អាន​នៅ​ទី​សាធារណៈ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​នោះ​ទេ ពោល​គឺ​ជា​សកម្មភាព​ដែល​នាង​បាន​ធ្វើ​តាំង​ពី​នៅ​វិទ្យាល័យ​មក​ម្ល៉េះ។

ឆែម ស្រីគា-3.jpg
យុវជននិងក្មេងៗចូលរួមអានសៀវភៅរបស់ស្រីគានៅសួនច្បារសាធារណៈដោយឥតគិតប្រាក់។ (រូប៖ ខ្លឹមសារ-KlemSa)

ស្រីគា បាន​ចាប់​ផ្ដើម​ការងារ​នេះ​កាលពី​ឆ្នាំ ២០២០ ហើយ​នាង​បាន​បន្ត​ធ្វើ​វា​រហូត​មក​ដល់​សព្វថ្ងៃ។ នាង​បាន​ឆ្លៀត​ពេល​ពី​ការ​សិក្សា ដើម្បី​ដាក់​សៀវភៅ​ឱ្យ​គេ​អាន​ដោយ​ឥត​គិត​ថ្លៃ នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍-អាទិត្យ ចាប់​ពី​ម៉ោង ៥ ល្ងាច​ដល់​ម៉ោង ៧ យប់។ ជា​មធ្យម មាន​មនុស្ស​ប្រមាណ ៥០ នាក់ មាន​ទាំង​ចាស់ ទាំង​ក្មេង អង្គុយ​អាន​សៀវភៅ​ទាំងនោះ ហើយ​ការ​អាន​ប្រើ​ពេល​តិច ឬ​ច្រើន អាស្រ័យ​ទៅ​តាម​ពេលវេលា​របស់​ពួកគាត់​រៀងៗ​ខ្លួន។ សៀវភៅ​ដែល ស្រីគា ដាក់​ឱ្យ​គេ​អាន​នោះ មាន​ច្រើន​ប្រភេទ ដូចជា ប្រវត្តិសាស្ត្រ ទស្សនវិជ្ជា អក្សរសិល្ប៍ ប្រលោម​លោក ព្រេង​កថា និង​សៀវភៅ​លើក​ទឹកចិត្ត ជាដើម។ សៀវភៅ​ទាំងនោះ ខ្លះ​ជា​សៀវភៅ​ផ្ទាល់​ខ្លួន​របស់ ស្រីគា និង​ខ្លះ​ទៀត​បាន​មក​ពី​ការ​បរិច្ចាគ​របស់​អ្នក​និពន្ធ និង​សប្បុរស​ជន។

យុវតី ឆែម ស្រីគា ឱ្យ​ដឹង​ថា បេសកកម្ម​ជីវិត​មួយ​នេះ​របស់​នាង ​ក៏​ជួប​បញ្ហា​មួយចំនួន​ដែរ៖

«សកម្មភាព​ដាក់​សៀវភៅ​ហ្នឹង មនុស្ស​មួយចំនួន​មិន​ត្រឹមតែ​អត់​ចាប់​អារម្មណ៍​ទេ គាត់​ថែមទាំង​បំបាក់​ទឹកចិត្ត​យើង មើល​ងាយ​យើង​ថា ធ្វើ​បែបហ្នឹង គឺជា​ការ​ជោរ។ គេ​គិត​ថា នៅ​ទី​សាធារណៈ​បែប​ហ្នឹង​មិន​គួរ​យក​សៀវភៅ​ទៅ​តាំង​ទេ ព្រោះ​វា​ជា​កន្លែង​កម្សាន្ត ឯ​ការ​អាន​សៀវភៅ គំនិត​របស់​គាត់​រាង​អគតិ​បន្តិច»

ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត ថ្មីៗ​នេះ អាជ្ញាធរ​បាន​ចុះ​ទៅ​ហាមឃាត់​មិន​ឱ្យ​នាង​ដាក់​សៀវភៅ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុម​នោះ​ទេ។ ការ​ហាមឃាត់​នេះ កើត​មាន​ចំនួន​ពីរ​លើក​រួច​មក​ហើយ ហើយ​អាជ្ញាធរ​មិន​ដែល​ពន្យល់​ហេតុផល​ច្បាស់​លាស់​ឡើយ ខណៈ​ច្បាប់​មិន​បាន​ហាមឃាត់​សកម្មភាព​ទាំង​នេះ​ទេ។

ឆែម ស្រីគា-5.jpg
ទោះគ្មានភ្លើងអគ្គិសនីបំភ្លឺ ក៏យុវជនចូលរួមអានសៀវភៅរបស់ស្រីគានៅសួនច្បារសាធារណៈដោយឥតគិតប្រាក់។ (រូប៖ ខ្លឹមសារ-KlemSa)

កញ្ញា ឆែម ស្រីគា ថ្លែង​ថា ទង្វើ​របស់​អាជ្ញាធរ និង​ការ​មាក់ងាយ​ពី​មជ្ឈដ្ឋាន​មួយចំនួន​នេះ ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​នាង​ជា​ខ្លាំង។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា នាង​ក៏​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​ពលរដ្ឋ​មួយចំនួន និង​អ្នកប្រើប្រាស់​ហ្វេសប៊ុក (Facebook) វិញ​ដែរ៖

«ដោយសារ​ខ្ញុំ​ជា​អ្នក​សរសេរ​មួយ​រូប​ដែរ​នៅ​តាម​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ដែល​ស្គាល់​ខ្ញុំ​ច្រើន​មក​ហើយ​ដែរ អ៊ីចឹង​ទៅ​ពួកគាត់​មួយចំនួន​ធំ​ស្រឡាញ់​ការ​សរសេរ​របស់​ខ្ញុំ ហើយ​ពេល​ដែល​ខ្ញុំ​ធ្វើ​សកម្មភាព​នៅ​ភ្នំពេញ​ក៏​មាន​ការ​ចូលរួម​ពី​ពួកគាត់​ផង​ដែរ។ កម្លាំង​ចិត្ត ឬក៏​ទឹក​ចិត្ត​របស់​ខ្ញុំ​បាន​មក​ពី​អ្នក​អាន អ្នក​អាន​មួយ​ចំនួន​ធំ ហើយ​ក៏​បាន​មក​ពី​ការ​គាំទ្រ​ពី​អ្នក​ផ្ទះ​មក​ថា យើង​ធ្វើ​អ៊ីចឹង​ត្រូវ​ហើយ បន្ត​ធ្វើ​ទៀត​ទៅ វា​អត់​មាន​អ្វី​ជា​បញ្ហា​ទេ»

យុវតី ឆែម ស្រីគា លើក​ទឹក​ចិត្ត​ដល់​សាធារណជន ជាពិសេស​យុវជន ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ការ​អាន​សៀវភៅ ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​របស់​ខ្លួន។ ទន្ទឹមគ្នា​នេះ កញ្ញា​ក៏​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​កញ្ញា​ក្នុង​ការ​ដាក់​តាំង​សៀវភៅ​នៅ​សួនច្បារ​សាធារណៈ​នោះ ឱ្យ​បាន​ដូច​ពី​មុន​ឡើងវិញ៕

1 comment:

Anonymous said...

Thank you for spreading good deeds to help Khmer people.