2023.02.06
គណបក្សនយោបាយ ដែលទទួលបានប្រជាប្រិយភាពក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គឹមសួរ ភីរិទ្ធ ថ្លែងថា គណបក្សភ្លើងទៀនគ្រោងនឹងធ្វើសមាជនៅថ្ងៃទី១១ ខែកុម្ភៈនេះ ដើម្បីអនុម័តគោលនយោបាយរបស់ខ្លួនដើម្បីទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧។ លោកបន្តថា គណបក្សភ្លើងទៀននឹងទៅចុះបញ្ជីនៅពេលដែល គ.ជ.ប កំណត់នៅក្នុងខែមេសាខាងមុខនេះ។
ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែកុម្ភៈថា គណបក្សលោក បានធ្វើមហាសន្និបាតបក្សកាលពីថ្ងៃ២៨ និង២៩ ខែមករា ដើម្បីត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨-២០២៣ និងការពិនិត្យកម្មវិធីអភិវឌ្ឍប្រទេសពីឆ្នាំ២០២៤-២០២៨។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសបានគាំទ្រឲ្យលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ។ លោក សុខ ឥសាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានឹងទៅចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី១ នៃការបើកការចុះបញ្ជីនៅថ្ងៃទី២៤ ខែមេសា ខាងមុខនេះ។
ការលើកឡើងទាំងនេះ បន្ទាប់ពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី៣ ខែកុម្ភៈ ស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
គ.ជ.ប បញ្ជាក់ថា ការដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត បានកំណត់រយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
មួយវិញទៀតការរៀបចំចុះបញ្ជីឈរឈ្មោះបោះឆ្នោត សម្រាប់ភ្ជាប់មកជាមួយពាក្យសុំចុះបញ្ជីគឺមាន២របៀប គឺបញ្ជីឈរឈ្មោះបោះឆ្នោតដោយដៃ និងដោយគណនីប្រើប្រាស់សម្រាប់កម្មវិធីគ្រប់គ្រងការចុះបញ្ជីឈរឈ្មោះបោះឆ្នោត។ ចំណែកឯការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីឈរឈ្មោះបោះឆ្នោត គឺចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
ដោយឡែក គ.ជ.ប ក៏បានប្រកាសទទួលពាក្យសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ជាតិក្នុងការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រអាណត្តិទី៧ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ការទទួលពាក្យសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិ វិញ គឺចាប់ទទួលពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕
No comments:
Post a Comment