Monday, 6 February 2023

គណបក្ស​ភ្លើងទៀន​ផ្ញើ​សារ​​រំលែកទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន ​ទោះ​ជា​គណបក្ស​នេះ​រង​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់​អំណាច


ដោយ ទីន ហ្សាការីយ៉ា
2023.02.06
គណបក្ស​ភ្លើងទៀន​ផ្ញើ​សារ​​រំលែកទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន ​ទោះ​ជា​គណបក្ស​នេះ​រង​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់​អំណាច
អ្នកស្រី ប៊ុន សុថា ប្អូនថ្លៃលោក ហ៊ុន សែន ស្លាប់កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក SPM

 

មន្ត្រី​គណបក្ស​ភ្លើងទៀន​បង្ហាញ​ពី​ការ​ផ្សះផ្សា​នយោបាយ និង​គោល​ជំហរ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​ចូលរួម​រំលែក​ទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ។ អ្នក​តាមដាន​ស្ថាន​ការណ៍​សង្គម យល់​ឃើញ​ថា​ ការ​បន្ទន់​ឥរិយាបថ​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​ ជា​រឿង​ល្អ​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នៅ​មុន​ពេល​បោះឆ្នោត។

ទោះបី​ជា​គណបក្ស​ភ្លើង​ទៀន​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​គំរាមកំហែង ប្ដឹង​រឹប​អូស​ផ្ទះសម្បែង ពី​មន្ត្រី​គណបក្ស​កាន់​អំណាច​យ៉ាង​ក៏​ដោយ​ ក៏មន្ត្រី​គណបក្ស​នេះ​នៅ​តែ​បង្ហាញ​ការ​សោកស្ដាយ ចំពោះ​មរណភាព​ប្អូន​ថ្លៃ​លោក​នាយក​រដ្ឋមន្ត្រី​ដែរ។

 

អ្នកនាំ​ពាក្យ​គណបក្ស​ភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ​ការ​ឈ្លោះ​ប្រកែក​ការ​គ្នា ការ​គំរាម​កំហែង​គ្នា​វា​មិន​ចំណេញ​នោះ​ទេ។ លោក​បញ្ជាក់​ថា ​មាន​សាមគ្គី​ជាតិ​គ្នា​ប៉ុណ្ណោះ​ទើប​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន ហើយ​លោក​ចូលរួម​រំលែកទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី។

ក្រោយ​ពី​ប្អូន​ថ្លៃ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​មរណភាព​មួយ​ថ្ងៃ គណបក្ស​ភ្លើងទៀន បាន​ចេញ​លិខិត​ចូលរួម​រំលែកទុក្ខ​នៅថ្ងៃទី៤ ខែកុម្ភៈ។ លិខិត​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​នេះ​មាន លោក ទាវ វណ្ណុល លោក ចាន់ ចេង លោក ចេប គឹមអ៊ាង អ្នកស្រី ឡាយ បូនី និង អ្នកស្រី ពត ពៅ ដើម្បី​ចូល​រួម​រំលែកទុក្ខ ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ឆ្លើយ​តប​រឿង​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ចូល​រួម​រំលែក​ទុក្ខ​របស់​គណបក្ស​ភ្លើងទៀន​ គឺជា​រឿង​សុជីវធម៌ និង​សីលធម៌ ដែល​មនុស្ស​នៅ​ក្នុង​សង្គម​តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បន្ត​ថា ​ការ​ចូល​រួម​នេះ​មិន​ពាក់ព័ន្ធ​រឿង​នឹង​នយោបាយ​ទេ គឺ​ជា​បុគ្គល។ ចំណែក​រឿង​នយោបាយ លោកអះអាង​ថា ​ត្រូវ​អនុវត្តន៍​ផ្សេង​​​​​​​​​​​​​​គ្នា៖

«លើក​ឡើង​ពី​បញ្ហា​ថា ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​ប្រជាជន ​គឺ​មិន​មាន​ទេ​ករណី​ហ្នឹង ​ពីព្រោះ​អឺ​ឥស្សរជន​នៅ​ក្នុង​គណបក្ស​ភ្លើងទៀន​គាត់​ប្រព្រឹត្តល្មើស​ច្បាប់​ដោយ​ខ្លួន​ឯង​បាទ»

ទោះ​បី​ជា​យ៉ាង​ណា អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់​ឃើញ​ថា ​ការ​បន្ទន់​ឥរិយាបថ​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ដែល​ការ​ចូល​រួម​រំលែក​ទុក្ខ​ប្អូន​ថ្លៃ លោក ហ៊ុន សែន ជា​រឿង​ល្អ​ដើម្បី​បន្ធូរបន្ថយ​បរិយាកាស​នៅ​មុន​ពេល​បោះឆ្នោត។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រកប​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌៖

«ខ្ញុំ​គិត​ថា ​ប្រសិន​បើ​អឺ​គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រកាន់​ឥរិយាបថ​មួយ​ដែល​ថា ​មិន​អាច​ផ្សះផ្សា​ជាតិ​បង្រួបបង្រួម​ជាតិ​បាន​ ហើយ​នៅ​តែ​ចាត់​ទុក​គណបក្ស​ប្រឆាំង​ថា ​ជា​អ្នក​បង្ក​ចលាចល​នៅ​ក្នុង​សង្គម​នៅ​ពេល​នោះ ​គឺ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ២០២៣ ​គឺ​អន្តរជាតិ​ប្រាកដ​ជា​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ»

រីឯ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា​ វិញ ដែល​តែងតែ​ទៅ​ចូល​រួម​រំលែកទុក្ខ​គ្រួសារ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដូចជា​កន្លងមក លោក​ទៅ​ចូល​រួម​បុណ្យ សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន ទទួល​មរណភាព និងបង​ប្រុស​បង្កើតលោក ហ៊ុន ណេង​ នោះ លើក​នេះ​លោក កឹម សុខា មិន​បាន​ទៅ​ចូលរួម​រំលែកទុក្ខ​ដោយ​ផ្ទាល់​ឡើយ។ ប៉ុន្តែ​លោក កឹម សុខា បាន​ចាត់​តាំង​ភរិយា​របស់​លោក គឺអ្នកស្រី តែ ចន្ទមនោ ទៅ​ចូលរួម​រំលែកទុក្ខ ដល់​គេហដ្ឋាន​សព​លោកស្រី ប៊ុន សុថា ដែល​ទទួល​មរណភាព។ ប្អូនស្រីរបស់​អ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺ​អ្នកស្រី ប៊ុន សុថា អាយុ៦៧ឆ្នាំបាន​ទទួល​មរណភាព ថ្ងៃទី៣ ខែកុម្ភៈ។

អ្នក​វិភាគ​មើល​ឃើញ​ថា អ្នក​នយោបាយ​នៅ​បក្ស​ផ្សេង​គ្នា ចូលរួម​រំលែកទុក្ខ​គ្នា​នេះ ជា​រឿង​ល្អ​មួយ​នៅ​ក្នុង​សង្គម ក៏ប៉ុន្តែ​ដោយ​ផ្អែក​លើ​ស្ថានភាព​នយោបាយ​ដូច​សព្វថ្ងៃ​នេះ គេ​មិន​រំពឹង​ថា ការ​ចូលរួម​រំលែកទុក្ខ​តាម​បែប​ប្រពៃណី​នេះ អ្នក​នយោបាយ​មិន​អាច​ឈាន​ទៅ​ផ្សះផ្សា​ជាតិ​បាន​ឡើយ។ កន្លង​មក​លោក កឹម សុខា ក៏​ធ្លាប់​ជួប​លោក ហ៊ុន សែន នា​ឱកាស​ពិធី​បុណ្យ​សព​ម្ដាយក្មេក​និង​បង​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​រយៈ​ពេល​ជា​ច្រើន​ម៉ោង តែ​មក​ទល់​ពេល​នេះ មិន​អាច​ផ្សះផ្សាជាតិ ឬ​ស្ដារ​ស្ថានភាព​នយោបាយ​ឲ្យ​ល្អ​ឡើង​វិញ​នៅ​ឡើយ៕

 

1 comment:

Anonymous said...

The Candle light party's condolence to Hun Sen's sister in law is the right thing to do, which at least mitigates the pressure imposed by Hun Sen on the Candle light party.