2023.02.06
មន្ត្រីគណបក្សភ្លើងទៀនបង្ហាញពីការផ្សះផ្សានយោបាយ និងគោលជំហរលទ្ធិប្រជាធិបតេយ្យដោយការចូលរួមរំលែកទុក្ខប្អូនថ្លៃលោក ហ៊ុន សែន នៅថ្ងៃទី៦ ខែកុម្ភៈ។ អ្នកតាមដានស្ថានការណ៍សង្គម យល់ឃើញថា ការបន្ទន់ឥរិយាបថរបស់មន្ត្រីគណបក្សភ្លើងទៀន ជារឿងល្អដើម្បីបន្ធូរបន្ថយបរិយាកាសនៅមុនពេលបោះឆ្នោត។
ទោះបីជាគណបក្សភ្លើងទៀនរងការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ប្ដឹងរឹបអូសផ្ទះសម្បែង ពីមន្ត្រីគណបក្សកាន់អំណាចយ៉ាងក៏ដោយ ក៏មន្ត្រីគណបក្សនេះនៅតែបង្ហាញការសោកស្ដាយ ចំពោះមរណភាពប្អូនថ្លៃលោកនាយករដ្ឋមន្ត្រីដែរ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថា ការឈ្លោះប្រកែកការគ្នា ការគំរាមកំហែងគ្នាវាមិនចំណេញនោះទេ។ លោកបញ្ជាក់ថា មានសាមគ្គីជាតិគ្នាប៉ុណ្ណោះទើបធ្វើឱ្យប្រទេសជាតិរីកចម្រើន ហើយលោកចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី។
ក្រោយពីប្អូនថ្លៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលមរណភាពមួយថ្ងៃ គណបក្សភ្លើងទៀន បានចេញលិខិតចូលរួមរំលែកទុក្ខនៅថ្ងៃទី៤ ខែកុម្ភៈ។ លិខិតរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀននេះមាន លោក ទាវ វណ្ណុល លោក ចាន់ ចេង លោក ចេប គឹមអ៊ាង អ្នកស្រី ឡាយ បូនី និង អ្នកស្រី ពត ពៅ ដើម្បីចូលរួមរំលែកទុក្ខ ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការចូលរួមរំលែកទុក្ខរបស់គណបក្សភ្លើងទៀន គឺជារឿងសុជីវធម៌ និងសីលធម៌ ដែលមនុស្សនៅក្នុងសង្គមតែងជួយគ្នាទៅវិញទៅមក។ លោកបន្តថា ការចូលរួមនេះមិនពាក់ព័ន្ធរឿងនឹងនយោបាយទេ គឺជាបុគ្គល។ ចំណែករឿងនយោបាយ លោកអះអាងថា ត្រូវអនុវត្តន៍ផ្សេងគ្នា៖
«លើកឡើងពីបញ្ហាថា មានការធ្វើទុក្ខបុកម្នេញពីគណបក្សប្រជាជន គឺមិនមានទេករណីហ្នឹង ពីព្រោះអឺឥស្សរជននៅក្នុងគណបក្សភ្លើងទៀនគាត់ប្រព្រឹត្តល្មើសច្បាប់ដោយខ្លួនឯងបាទ»។
ទោះបីជាយ៉ាងណា អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក យល់ឃើញថា ការបន្ទន់ឥរិយាបថរបស់មន្ត្រីគណបក្សភ្លើងទៀនដែលការចូលរួមរំលែកទុក្ខប្អូនថ្លៃ លោក ហ៊ុន សែន ជារឿងល្អដើម្បីបន្ធូរបន្ថយបរិយាកាសនៅមុនពេលបោះឆ្នោត។ លោកស្នើឱ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតនៅពេលខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៖
«ខ្ញុំគិតថា ប្រសិនបើអឺគណបក្សកាន់អំណាចនៅតែប្រកាន់ឥរិយាបថមួយដែលថា មិនអាចផ្សះផ្សាជាតិបង្រួបបង្រួមជាតិបាន ហើយនៅតែចាត់ទុកគណបក្សប្រឆាំងថា ជាអ្នកបង្កចលាចលនៅក្នុងសង្គមនៅពេលនោះ គឺលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ គឺអន្តរជាតិប្រាកដជាមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ»។
រីឯប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា វិញ ដែលតែងតែទៅចូលរួមរំលែកទុក្ខគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជាកន្លងមក លោកទៅចូលរួមបុណ្យ សពម្ដាយក្មេកលោក ហ៊ុន សែន ទទួលមរណភាព និងបងប្រុសបង្កើតលោក ហ៊ុន ណេង នោះ លើកនេះលោក កឹម សុខា មិនបានទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ឡើយ។ ប៉ុន្តែលោក កឹម សុខា បានចាត់តាំងភរិយារបស់លោក គឺអ្នកស្រី តែ ចន្ទមនោ ទៅចូលរួមរំលែកទុក្ខ ដល់គេហដ្ឋានសពលោកស្រី ប៊ុន សុថា ដែលទទួលមរណភាព។ ប្អូនស្រីរបស់អ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺអ្នកស្រី ប៊ុន សុថា អាយុ៦៧ឆ្នាំបានទទួលមរណភាព ថ្ងៃទី៣ ខែកុម្ភៈ។
អ្នកវិភាគមើលឃើញថា អ្នកនយោបាយនៅបក្សផ្សេងគ្នា ចូលរួមរំលែកទុក្ខគ្នានេះ ជារឿងល្អមួយនៅក្នុងសង្គម ក៏ប៉ុន្តែដោយផ្អែកលើស្ថានភាពនយោបាយដូចសព្វថ្ងៃនេះ គេមិនរំពឹងថា ការចូលរួមរំលែកទុក្ខតាមបែបប្រពៃណីនេះ អ្នកនយោបាយមិនអាចឈានទៅផ្សះផ្សាជាតិបានឡើយ។ កន្លងមកលោក កឹម សុខា ក៏ធ្លាប់ជួបលោក ហ៊ុន សែន នាឱកាសពិធីបុណ្យសពម្ដាយក្មេកនិងបងប្រុសលោកនាយករដ្ឋមន្ត្រីរយៈពេលជាច្រើនម៉ោង តែមកទល់ពេលនេះ មិនអាចផ្សះផ្សាជាតិ ឬស្ដារស្ថានភាពនយោបាយឲ្យល្អឡើងវិញនៅឡើយ៕
1 comment:
The Candle light party's condolence to Hun Sen's sister in law is the right thing to do, which at least mitigates the pressure imposed by Hun Sen on the Candle light party.
Post a Comment