ដោយ ទីន ហ្សាការីយ៉ា
2023.02.24
(ឆ្វេង) លោក ស៊ន តារា អ្នកអត្ថាធិប្បាយរឿងបញ្ហាសង្គម និងនយោបាយនៅលើបណ្ដាញសង្គម និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចំណងឪពុកម្ដាយ និងសាច់ញាតិ របស់អ្នកអត្ថាធិប្បាយរឿងបញ្ហាសង្គម និងនយោបាយនៅលើបណ្ដាញសង្គម ដែលគាំទ្រគណបក្សសង្គ្រោះជាតិ លោក ស៊ន តារា ជាធ្នាក់ឱ្យអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមរូបនេះ បែរមកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ។ អ្នកឃ្លាំមើលសង្កេតឃើញថា ក្នុងឆ្នាំបោះឆ្នោតនេះ គណបក្សកាន់អំណាច ប្រើយុទ្ធសាស្ត្រប្រមូលយុវជនធ្វើការងារសង្គម និងសកម្មជនគណបក្សប្រឆាំង ឱ្យងាកមកបម្រើគណបក្សកាន់អំណាចជាថ្នូរនឹងការបានតួនាទី ឬមុខតំណែងក្នុងការងាររដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងអូសទាញក្រុមយុវជនធ្វើការងារសង្គមឱ្យមកបម្រើខ្លួន ពេលនេះ លោកបន្តអូសទាញអ្នកអត្ថាធិប្បាយគាំទ្រគណបក្សប្រឆាំងលោក ស៊ន តារា ឱ្យមកបម្រើលោកដែរ។ លោក ហ៊ុន សែន បានប្រើវិធីសាស្ត្រគំរាមកំហែង វាយប្រហារបង្ខូចកិត្តិយសផង និងហាក់អង្វរលួងលោមផង ដើម្បីស្នើលោក ស៊ន តារា ឱ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ចោទប្រកាន់ថា បើលោក ស៊ន តារា ជាកូនមិនស្ដាប់បង្គាប់ឪពុកម្ដាយ ដូច្នេះមិនអាចឱ្យពលរដ្ឋជឿជាក់ថា លោក ស៊ន តារា ស្រឡាញ់ និងស្ដាប់ពលរដ្ឋឡើយ។ លោក ហ៊ុន សែន លើកឡើងទៀតថា រឿងនយោបាយមិនមែនជារឿងសាមញ្ញពេកទេ បើលោក ស៊ន តារា តាំងខ្លួនចេះជាងឪពុករបស់ខ្លួន គឺជាការប្រមាថលើអ្នកមានគុណ។
លោក ហ៊ុន សែន៖ «ប្រមាថអ្នកមានគុណថា រៀនមិនចេះដល់យើង បើខ្លួនហ៊ានមាក់ងាយឪពុក ដែលជាអ្នកបង្កើតក្បាយរបស់យើងមក តើយើងទៅមាក់ងាយ ចំពោះប្រជាពលរដ្ឋយ៉ាងម៉េចទៅទៀត ហើយគេលើកឡើងថា មនុស្សដល់ថ្នាក់កម្រិតប៉ុណ្ណឹង លែងស្គាល់ម៉ែ លែងស្គាល់ឪ ជាតិរច្ឆានវាអ៊ីចឹងវិញទេក្មួយ»។
លោក ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ។ លោក ហ៊ុន សែន រំលឹកថា ឪពុករបស់លោក ស៊ាន ជាមន្ត្រីយោធានៃក្រសួងការពារជាតិ ចំណែកប្អូនជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ ប៉ុន្តែ លោក ស៊ន តារា គាំទ្រគណបក្សសង្គ្រោះជាតិក្ដី ក៏លោកមិនបញ្ឈប់ការងារសាច់ញាតិលោក ស៊ន តារា ដែរ។
លោក ហ៊ុន សែន ហាក់កំពុងអូសទាញ និងគំរាមកំហែងលោក សន តារា ងាកមកគាំទ្រលោកវិញ ដោយយកលេសថា លោក សន តារា មិនស្ដាប់បង្គាប់ឪពុកនេះ គឺជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញមាត្រា៣១ ចែងថា ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈ សង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
ឪពុកម្ដាយរបស់លោក ស៊ន តារា ដែលសេសសល់ជីវិតពីរបបខ្មែរក្រហម ទំនងត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន យកធ្វើចំណាប់ខ្មាំងឱ្យវាយប្រហារ កូនរបស់ខ្លួន។
ប៉ុន្មានថ្ងៃនេះ ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន គឺហ្វ្រែសញូ បានខិតខំចុះទៅសម្ភាស ផ្សព្វផ្សាយវីដេអូឪពុកម្ដាយរបស់លោក ស៊ន តារា ដែលបានចេញមុខនិយាយថា លោក ស៊ន តារា តាំងខ្លួនជាអ្នកចេះជាងឪពុក។
លោកឪពុកលោក ស៊ន តារា៖ «កូនហ្នឹងទៅខាងផ្សេង ដែលខ្ញុំអប់រំលែងបាន និយាយលែងស្ដាប់វារហូតមាក់ងាយខ្ញុំថា ខ្ញុំចេះអត់ដល់វាទៀត មិនបាច់ចាំទៅដល់អ្នកដែលនេះទេ គ្រាន់តែខ្ញុំនិយាយទៅវាថា ប៉ាឯងមិនចេះដល់ខ្ញុំ ប៉ាឯងមិនបាច់និយាយជាមួយខ្ញុំទេ ប៉ាឯងរៀនមិនដូចខ្ញុំទេ វារៀនដល់ណាដល់ណី ប៉ាឯងអ៊ីចឹងមិនដឹងទេ អ៊ីចឹងមិនបាច់និយាយជាមួយខ្ញុំ ប៉ាឯងធ្វើតែការងារខ្លួនឯង ទៅកុំបាច់គិតរឿងខ្ញុំ»។
កន្លងទៅថ្មីៗ នេះ នៅពេលអ្នកតស៊ូនៅក្រៅប្រទេស រិះគន់លោក ហ៊ុន សែន ម្ដងៗ លោក ហ៊ុន សែន បាននិយាយ ទាំងកំហឹងថា បើទោះជាអ្នករិះគន់ទាំងនោះរស់នៅក្រៅប្រទេស ដែលលោកមិនអាចតាមចាប់ដាក់គុក ឬតាមធ្វើបានដូចអ្នកក្នុងស្រុក ដែលកំពុងត្រូវបាន បុរសខ្លាំងរូបនេះ ត្រួតត្រាក្ដី ក៏លោកបញ្ជាឱ្យសមត្ថកិច្ចស្វែងរកសាច់ញាតិ ឬឪពុកម្ដាយ របស់អ្នកទាំងនោះ ដើម្បីយកមកព្រមាន ឬបង្គាប់ឱ្យនិយាយតាមប្រព័ន្ធផ្សព្វផ្សាយ តាមការចង់បានរបស់លោក ហ៊ុន សែន។ ក្រោយការព្រមានរបស់លោក ហ៊ុន សែន នេះ សមត្ថកិច្ចក៏បានចុះទៅដល់ផ្ទះ ឪពុកម្ដាយអ្នករិះគន់ពីក្រៅប្រទេសជាបន្តបន្ទាប់ ដូចជា ឪពុកម្ដាយលោក សួង នាគព័ន្ធ និងឪពុកម្ដាយលោក ស៊ន តារា នេះជាដើម។
ទាក់ទងករណីនេះ លោក ស៊ន តារា បានឆ្លើយតបតាមហ្វេសប៊ុករបស់កាលពីថ្ងៃទី២២ ខែកុម្ភៈថា ឪពុករបស់លោកឈប់រាប់រកលោកតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ព្រោះលោកមិនព្រមចូលគណបក្សប្រជាជនកម្ពុជា តាមការចង់បានពីឪពុករបស់លោក។ លោកសុំមិនបកស្រាយនូវសំដីរបស់លោកឪពុកទេ ប៉ុន្តែ លោក សោកស្ដាយ ដែលលោក ហ៊ុន សែន យកឪពុកម្ដាយរបស់លោក មកជាប់ជំពាក់ និងរឿងរ៉ាវនយោបាយរបស់លោក។ លោក ស៊ន តារា ឱ្យដឹងទៀតថា លោកធ្លាប់ផ្ញើសារទៅកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ថា លោក និងឪពុករបស់លោកមិនជាប់ពាក់ព័ន្ធគ្នាទេ ព្រោះលោកឪពុករបស់លោកជាសមាជិកគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ លោកជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
លោក ស៊ន តារា៖ «ខ្ញុំ ស៊ន តារា គោរពដឹងគុណឪពុក ស្រឡាញ់ឪពុកម្ដាយគ្មានដែនកំណត់ គ្មានអ្វីអាចកាត់ថ្លៃបាន ទោះជាជីវិតរបស់ខ្ញុំ ក៏មិនអាចមានតម្លៃស្នើនឹងគុណឪពុកម្ដាយ ខ្ញុំមិនដែលកាត់កាល់ឪពុកម្ដាយ មិនដែលបោះបង់ឪពុកម្ដាយ ប៉ុន្តែ ឪពុករបស់ខ្ញុំគាត់មិននិយាយរកខ្ញុំ ជារឿងរបស់គាត់ ប្រហែលគាត់មានហេតុផល ជារឿងរបស់គាត់»។
លោក ស៊ន តារា ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កំពុងរស់នៅប្រទេសបារាំង។ សព្វថ្ងៃលោកជាអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមហ្វេសប៊ុក និយាយពីបញ្ហានយោបាយ និងរិះគន់ការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន នៅពេលលោកផ្សាយផ្ទាល់ម្ដងៗ មានគាំទ្រចាប់ពីរបីពាន់នាក់ ទៅប្រាំពាន់នាក់តាមដាន។
ទាក់ទងរឿងនេះដែរ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា កំពុងប្រើប្រាស់យុទ្ធសាស្ត្រកៀរគរបុគ្គលមួយចំនួនឱ្យមកបម្រើគណបក្សនេះ។ លោកបន្តទៀតថា ការដែលលោក ហ៊ុន សែន លើកឡើងពីលោក ស៊ន តារា ជាញឹកញាប់បែបនេះ ទំនងមកពីលោក ស៊ន តារា ប្រជាប្រិយភាព ឬមានអ្នកគាំទ្រច្រើន។ លោកកត់សម្គាល់ចំណុចមួយទៀតដែរថា ការធ្វើអត្ថាធិប្បាយរបស់លោក ស៊ន តារា តាមបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឱ្យប៉ះពាល់លោក ហ៊ុន សែន និងត្រកូលលោក ហ៊ុន សែន។
លោក ហ៊ុន សែន៖ «ស៊ន តារា នេះគាត់មានអ្នកតាមដាននៅផេក (ហ្វេសប៊ុកផេក) របស់គាត់ច្រើនអ៊ីចឹង សំឡេងរបស់គាត់យើងឃើញនៅតេឡេហ្វូន (ទូរស័ព្ទ) ទាំងអស់ សឹងគ្រប់តេឡេហ្វូនណា មានឥទ្ធិពលចេញសំឡេងប្រឆាំងណាជាចំណុចមួយរូបនៃការធ្វើឱ្យចុះខ្សោយនូវប្រជាប្រិយភាពរបស់សម្ដេចនាយកគាត់(លោក ហ៊ុន សែន) មានការ ព្រួយបារម្ភដែរ»។
ដូចនឹងការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សនេះដែរ លោក ហ៊ុន សែន លើកឡើងដែរថា បើទោះជាលោក ស៊ន តារា វាយប្រហារលោក និងទាយាទរបស់លោក គឺលោក ហ៊ុន ម៉ាណែត គ្រប់រឿងក្ដី តែលោក ហ៊ុន សែន នៅតែចំហទ្វាររង់ចាំលោក ស៊ន តារា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោក រស់ សុដ្ឋា យល់ថា លោក ហ៊ុន សែន ទំនងពិបាកអូសទាញយុវជនធ្វើការងារសង្គម និងសកម្មជនបក្សប្រឆាំងបានច្រើនដូចការរំពឹងណាស់ ព្រោះកន្លងមកគេឃើញថា នៅពេលលោក ហ៊ុន សែន ប្រមូលមនុស្សទាំងនោះបានហើយ គឺលោក ហ៊ុន សែន ប្រើមនុស្សទាំងនោះ ឱ្យទៅវាយប្រហារបក្ស ឬស្ថាប័នរបស់អ្នកទាំងនោះវិញ រួចហើយលោក ហ៊ុន សែន ទុកពួកគេចោល ឬត្រឹមផ្ដល់តួនាទីខ្យល់ ដែលគ្មានមុខដំណែងពិតប្រាកដ៕
1 comment:
This tiger Hun Sen talked softly toward the deer Sorn Dara because this tiger Hun Sen wanted to eat Sorn Dara without chasing and grabbing.
Post a Comment