Saturday 25 February 2023

លោក ហ៊ុន សែន វាយ​ប្រហារ​លោក ស៊ន តារា ថា ជា​កូន​មិន​ស្ដាប់​ឪពុកម្ដាយ


ដោយ ទីន ហ្សាការីយ៉ា
2023.02.24

លោក ហ៊ុន សែន វាយ​ប្រហារ​លោក ស៊ន តារា ថា ជា​កូន​មិន​ស្ដាប់​ឪពុកម្ដាយ

(ឆ្វេង) លោក ស៊ន តារា ​អ្នក​អត្ថាធិប្បាយ​រឿង​បញ្ហា​សង្គម និង​នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​ចំណង​ឪពុក​ម្ដាយ និង​សាច់ញាតិ របស់​អ្នក​អត្ថាធិប្បាយ​រឿង​បញ្ហា​សង្គម និង​នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ន តារា ជា​ធ្នាក់​ឱ្យ​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​រូប​នេះ បែរ​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា ក្នុង​ឆ្នាំ​បោះ​ឆ្នោត​នេះ គណបក្ស​កាន់​អំណាច ប្រើ​យុទ្ធសាស្ត្រ​ប្រមូល​យុវជន​ធ្វើ​ការងារ​សង្គម និង​សកម្មជន​គណបក្ស​ប្រឆាំង ឱ្យ​ងាក​មក​បម្រើ​គណបក្ស​កាន់​អំណាច​ជា​ថ្នូរ​នឹង​ការ​បាន​តួនាទី ឬ​មុខ​តំណែង​ក្នុង​ការងារ​រដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​អូសទាញ​ក្រុម​យុវជន​ធ្វើ​ការងារ​សង្គម​ឱ្យ​មក​បម្រើ​ខ្លួន ពេល​នេះ លោក​បន្ត​អូសទាញ​អ្នក​អត្ថាធិប្បាយ​គាំទ្រ​គណបក្ស​ប្រឆាំង​លោក ស៊ន តារា ឱ្យ​មក​បម្រើ​លោក​ដែរ។ លោក ហ៊ុន សែន បាន​ប្រើ​វិធីសាស្ត្រ​គំរាមកំហែង វាយ​ប្រហារ​បង្ខូច​កិត្តិយស​ផង និង​ហាក់​អង្វរ​លួងលោម​ផង ដើម្បី​ស្នើ​លោក ស៊ន តារា ឱ្យ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា បើ​លោក ស៊ន តារា ជា​កូន​មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ ដូច្នេះ​មិន​អាច​ឱ្យ​ពលរដ្ឋ​ជឿជាក់​ថា លោក ស៊ន តារា ស្រឡាញ់ និង​ស្ដាប់​ពលរដ្ឋ​ឡើយ។ លោក ហ៊ុន សែន លើក​ឡើង​ទៀត​ថា រឿង​នយោបាយ​មិនមែន​ជា​រឿង​សាមញ្ញ​ពេក​ទេ បើ​លោក ស៊ន តារា តាំង​ខ្លួន​ចេះ​ជាង​ឪពុក​របស់​ខ្លួន គឺ​ជា​ការ​ប្រមាថ​លើ​អ្នក​មាន​គុណ។



លោក ហ៊ុន សែន៖ «ប្រមាថ​អ្នក​មាន​គុណ​ថា រៀន​មិន​ចេះ​ដល់​យើង បើ​ខ្លួន​ហ៊ាន​មាក់ងាយ​ឪពុក ដែល​ជា​អ្នក​បង្កើត​ក្បាយ​របស់​យើង​មក តើ​យើង​ទៅ​មាក់ងាយ ចំពោះ​ប្រជាពលរដ្ឋ​យ៉ាង​ម៉េច​ទៅ​ទៀត ហើយ​គេ​លើក​ឡើង​ថា មនុស្ស​ដល់​ថ្នាក់​កម្រិត​ប៉ុណ្ណឹង លែង​ស្គាល់​ម៉ែ លែង​ស្គាល់​ឪ ជា​តិរច្ឆាន​វា​អ៊ីចឹង​វិញ​ទេ​ក្មួយ»។

លោក ហ៊ុន សែន លើក​ឡើង​ដូច្នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃ​ទី២៤ ខែកុម្ភៈ។ លោក ហ៊ុន សែន រំលឹក​ថា ឪពុក​របស់​លោក ស៊ាន ជា​មន្ត្រី​យោធា​នៃ​ក្រសួង​ការពារ​ជាតិ ចំណែក​ប្អូន​ជា​មន្ត្រី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ លោក ស៊ន តារា គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី ក៏​លោក​មិន​បញ្ឈប់​ការងារ​សាច់ញាតិ​លោក ស៊ន តារា ដែរ។

លោក ហ៊ុន សែន ហាក់​កំពុង​អូសទាញ និង​គំរាមកំហែង​លោក សន តារា ងាក​មក​គាំទ្រ​លោក​វិញ ដោយ​យក​លេស​ថា លោក សន តារា មិន​ស្ដាប់​បង្គាប់​ឪពុក​នេះ គឺ​ជា​ទង្វើ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ​មាត្រា៣១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការនយោបាយ ដើម​កំណើត ជាតិ ឋានៈ សង្គម ធនធាន ឬ​ស្ថានភាព​ឯ​ទៀត​ឡើយ។

ឪពុកម្ដាយ​របស់​លោក ស៊ន តារា ដែល​សេសសល់​ជីវិត​ពី​របប​ខ្មែរក្រហម ទំនង​ត្រូវ​បាន​រដ្ឋាភិបាល លោក ហ៊ុន សែន យក​ធ្វើ​ចំណាប់​ខ្មាំង​ឱ្យ​វាយ​ប្រហារ កូន​របស់​ខ្លួន។

ប៉ុន្មាន​ថ្ងៃ​នេះ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន គឺ​ហ្វ្រែសញូ បាន​ខិតខំ​ចុះ​ទៅ​សម្ភាស ផ្សព្វផ្សាយ​វីដេអូ​ឪពុក​ម្ដាយ​របស់​លោក ស៊ន តារា ដែល​បាន​ចេញ​មុខ​និយាយ​ថា លោក ស៊ន តារា តាំង​ខ្លួន​ជា​អ្នក​ចេះ​ជាង​ឪពុក។

លោក​ឪពុក​លោក ស៊ន តារា៖ «កូន​ហ្នឹង​ទៅ​ខាង​ផ្សេង ដែល​ខ្ញុំ​អប់រំ​លែង​បាន និយាយ​លែង​ស្ដាប់​វា​រហូត​មាក់ងាយ​ខ្ញុំ​ថា ខ្ញុំ​ចេះ​អត់​ដល់​វា​ទៀត មិន​បាច់​ចាំ​ទៅ​ដល់​អ្នក​ដែល​នេះ​ទេ គ្រាន់តែ​ខ្ញុំ​និយាយ​ទៅ​វា​ថា ប៉ា​ឯង​មិន​ចេះ​ដល់​ខ្ញុំ ប៉ា​ឯង​មិន​បាច់​និយាយ​ជាមួយ​ខ្ញុំ​ទេ ប៉ាឯង​រៀន​មិន​ដូច​ខ្ញុំ​ទេ វា​រៀន​ដល់​ណា​ដល់​ណី ប៉ា​ឯង​អ៊ីចឹង​មិន​ដឹង​ទេ អ៊ីចឹង​មិន​បាច់​និយាយ​ជាមួយ​ខ្ញុំ ប៉ា​ឯង​ធ្វើ​តែ​ការងារ​ខ្លួន​ឯង ទៅ​កុំ​បាច់​គិត​រឿង​ខ្ញុំ»។

កន្លង​ទៅ​ថ្មីៗ នេះ នៅ​ពេល​អ្នក​តស៊ូ​នៅ​ក្រៅ​ប្រទេស រិះគន់​លោក ហ៊ុន សែន ម្ដងៗ លោក ហ៊ុន សែន បាន​និយាយ ទាំង​កំហឹង​ថា បើ​ទោះ​ជា​អ្នក​រិះគន់​ទាំង​នោះ​រស់នៅ​ក្រៅ​ប្រទេស ដែល​លោក​មិន​អាច​តាម​ចាប់​ដាក់​គុក ឬ​តាម​ធ្វើ​បាន​ដូច​អ្នក​ក្នុង​ស្រុក ដែល​កំពុង​ត្រូវ​បាន បុរស​ខ្លាំង​រូប​នេះ ត្រួតត្រា​ក្ដី ក៏​លោក​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្វែងរក​សាច់ញាតិ ឬ​ឪពុកម្ដាយ របស់​អ្នក​ទាំង​នោះ ដើម្បី​យក​មក​ព្រមាន ឬ​បង្គាប់​ឱ្យ​និយាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។ ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​ផ្ទះ ឪពុកម្ដាយ​អ្នក​រិះគន់​ពី​ក្រៅ​ប្រទេស​ជា​បន្ត​បន្ទាប់ ដូចជា ឪពុក​ម្ដាយ​លោក សួង នាគព័ន្ធ និង​ឪពុក​ម្ដាយ​លោក ស៊ន តារា នេះ​ជា​ដើម។

ទាក់ទង​ករណី​នេះ លោក ស៊ន តារា បានឆ្លើយតបតាមហ្វេសប៊ុករបស់កាលពីថ្ងៃទី២២ ខែកុម្ភៈ​ថា ឪពុក​របស់​លោក​ឈប់​រាប់រក​លោក​តាំង​ពី​ឆ្នាំ២០១៧ មក​ម្ល៉េះ ព្រោះ​លោក​មិន​ព្រម​ចូល​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​ចង់​បាន​ពី​ឪពុក​របស់​លោក។ លោក​សុំ​មិន​បកស្រាយ​នូវ​សំដី​របស់​លោក​ឪពុក​ទេ ប៉ុន្តែ លោក សោកស្ដាយ ដែល​លោក ហ៊ុន សែន យក​ឪពុក​ម្ដាយ​របស់​លោក មក​ជាប់​ជំពាក់ និង​រឿងរ៉ាវ​នយោបាយ​របស់​លោក។ លោក ស៊ន តារា ឱ្យ​ដឹង​ទៀត​ថា លោក​ធ្លាប់​ផ្ញើ​សារ​ទៅ​កូន​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ថា លោក និង​ឪពុក​របស់​លោក​មិន​ជាប់​ពាក់ព័ន្ធ​គ្នា​ទេ ព្រោះ​លោក​ឪពុក​របស់​លោក​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ លោក​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ស៊ន តារា៖ «ខ្ញុំ ស៊ន តារា គោរព​ដឹង​គុណ​ឪពុក ស្រឡាញ់​ឪពុកម្ដាយ​គ្មាន​ដែន​កំណត់ គ្មាន​អ្វី​អាច​កាត់ថ្លៃ​បាន ទោះ​ជា​ជីវិត​របស់​ខ្ញុំ ក៏​មិន​អាច​មាន​តម្លៃ​ស្នើ​នឹង​គុណ​ឪពុកម្ដាយ ខ្ញុំមិន​ដែល​កាត់កាល់​ឪពុក​ម្ដាយ មិន​ដែល​បោះបង់​ឪពុក​ម្ដាយ ប៉ុន្តែ ឪពុក​របស់​ខ្ញុំ​គាត់​មិន​និយាយ​រក​ខ្ញុំ ជា​រឿង​របស់​គាត់ ប្រហែល​គាត់​មាន​ហេតុផល ជា​រឿង​របស់​គាត់»។

លោក ស៊ន តារា ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​ប្រទេស​បារាំង។ សព្វថ្ងៃ​លោក​ជា​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និយាយ​ពី​បញ្ហា​នយោបាយ និង​រិះគន់​ការ​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន នៅ​ពេល​លោក​ផ្សាយ​ផ្ទាល់​ម្ដងៗ មាន​គាំទ្រ​ចាប់​ពីរ​បី​ពាន់​នាក់ ទៅ​ប្រាំ​ពាន់​នាក់​តាមដាន។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​កៀរគរ​បុគ្គល​មួយ​ចំនួន​ឱ្យ​មក​បម្រើ​គណបក្ស​នេះ។ លោក​បន្ត​ទៀត​ថា ការ​ដែល​លោក ហ៊ុន សែន លើក​ឡើង​ពី​លោក ស៊ន តារា ជា​ញឹកញាប់​បែប​នេះ ទំនង​មក​ពី​លោក ស៊ន តារា ប្រជាប្រិយភាព ឬ​មាន​អ្នក​គាំទ្រ​ច្រើន។ លោក​កត់សម្គាល់​ចំណុច​មួយ​ទៀត​ដែរ​ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក ស៊ន តារា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​លោក ហ៊ុន សែន និង​ត្រកូល​លោក ហ៊ុន សែន។

លោក ហ៊ុន សែន៖ «ស៊ន តារា នេះ​គាត់​មាន​អ្នក​តាមដាន​នៅ​ផេក (ហ្វេសប៊ុក​ផេក) របស់​គាត់​ច្រើន​អ៊ីចឹង សំឡេង​របស់​គាត់​យើង​ឃើញ​នៅ​តេឡេហ្វូន (ទូរស័ព្ទ) ទាំងអស់ សឹង​គ្រប់​តេឡេហ្វូន​ណា មាន​ឥទ្ធិពល​ចេញ​សំឡេង​ប្រឆាំង​ណា​ជា​ចំណុច​មួយ​រូប​នៃ​ការ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នូវ​ប្រជាប្រិយភាព​របស់​សម្ដេច​នាយក​គាត់(លោក ហ៊ុន សែន) មានការ ព្រួយ​បារម្ភ​ដែរ»។

ដូច​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​សិទ្ធិមនុស្ស​នេះ​ដែរ លោក ហ៊ុន សែន លើក​ឡើង​ដែរ​ថា បើ​ទោះ​ជា​លោក ស៊ន តារា វាយ​ប្រហារ​លោក និង​ទាយាទ​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត គ្រប់​រឿង​ក្ដី តែ​លោក ហ៊ុន សែន នៅ​តែ​ចំហ​ទ្វារ​រង់ចាំ​លោក ស៊ន តារា មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក រស់ សុដ្ឋា យល់​ថា លោក ហ៊ុន សែន ទំនង​ពិបាក​អូសទាញ​យុវជន​ធ្វើ​ការងារ​សង្គម និង​សកម្មជន​បក្ស​ប្រឆាំង​បាន​ច្រើន​ដូច​ការ​រំពឹង​ណាស់ ព្រោះ​កន្លង​មក​គេ​ឃើញ​ថា នៅ​ពេល​លោក ហ៊ុន សែន ប្រមូល​មនុស្ស​ទាំង​នោះ​បាន​ហើយ គឺ​លោក ហ៊ុន សែន ប្រើ​មនុស្ស​ទាំង​នោះ ឱ្យ​ទៅ​វាយ​ប្រហារ​បក្ស ឬ​ស្ថាប័ន​របស់​អ្នក​ទាំង​នោះ​វិញ រួច​ហើយ​លោក ហ៊ុន សែន ទុក​ពួក​គេ​ចោល ឬ​ត្រឹម​ផ្ដល់​តួនាទី​ខ្យល់ ដែល​គ្មាន​មុខ​ដំណែង​ពិត​ប្រាកដ៕

1 comment:

Anonymous said...

This tiger Hun Sen talked softly toward the deer Sorn Dara because this tiger Hun Sen wanted to eat Sorn Dara without chasing and grabbing.