Monday, 13 February 2023

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ដែល​លោក ហ៊ុន សែន គំរាម​បិទ​សារព័ត៌មានVOD ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​សារព័ត៌ម


ដោយ មាន ឫទ្ធិ
2023.02.12
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ដែល​លោក ហ៊ុន សែន គំរាម​បិទ​សារព័ត៌មានVOD ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​សារព័ត៌មាន  
រូបសញ្ញារបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ VOD, SPM

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​គំរាម​បិទ​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VOD ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការ​ធ្វើ​ឡើង​ដោយ​ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​សារព័ត៌មាន។ ពួកគេ​លើក​​ឡើង​​ដូច្នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ដាក់​កំហិត​ឱ្យ​សារព័ត៌មានសំឡេង​ប្រជាធិបតេយ្យ​ត្រូវ​តែ​សុំទោស​រដ្ឋាភិបាល និង​កូន​ប្រុស​ច្បង​របស់​លោកមក​ត្រឹម២៤ម៉ោងវិញ ជុំវិញ​ការ​ផ្សាយ​ព័ត៌មាន​ថា លោក ហ៊ុន ម៉ាណែត បាន​ចុះ​ហត្ថលេខា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​​ប្រទេស​តួកគី (Turkey)។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ដូចៗ​គ្នា​ថា ផ្អែក​តាម​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (VOD) គ្រាន់តែ​កែ​តម្រូវ​អត្ថបទ​ដែល​បាន​ផ្សាយ​ខុស​តែ​ប៉ុណ្ណោះ ក្នុង​ករណី​ផ្សាយ​ព័ត៌មាន​មិន​បាន​ត្រឹមត្រូវ។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CAMBOJA) លោក ណុប វី ចាត់​ទុក​ការ​ដាក់​កំហិត​ឱ្យ​សារព័ត៌មាន​វីអូឌី ត្រូវ​តែ​សុំទោស​ក្នុង​រយៈពេល​២៤ម៉ោង ដើម្បី​បញ្ចៀស​ការ​ដក​ហូត​អាជ្ញាប័ណ្ណ​ចេញ​ពី​បញ្ជី​ក្រសួង​ព័ត៌មាន​នោះ គឺជា​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន។ លោក​បន្ថែម​ថា សារព័ត៌មាន វីអូឌី គ្រាន់​តែ​ផ្សាយ​សម្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ហើយ​បើ​ទោះ​បី​ជា​ការ​ផ្សាយ​ខុស​ពី​ការពិត​ក្ដី ក៏​សារព័ត៌មាន វីអូឌី គ្រាន់​តែ​កែ​សម្រួល​អត្ថបទ​ឡើង​វិញ​តែ​ប៉ុណ្ណោះ៖

«ដើម្បី​ធានា​នូវ​លំហ​សេរីភាព​មួយ​សម្រាប់​ការងារ​របស់​អ្នក​សារព័ត៌មាន ខ្ញុំ​យល់​ឃើញ​ថា នៅ​ក្នុង​ករណី​អ្នក​សារព័ត៌មាន​ដែល​គាត់​ធ្វើ​ខុស​វិជ្ជាជីវៈ ឬ​ក៏​កំហុស​ឆ្គង​អី​ផ្សេងៗ​ហ្នឹង គឺ​យើង​អាច​ស្នើ​ឱ្យ​មាន​ការ​កែ​តម្រូវ ប្រសិន​បើ​អ្វី​ដែល​ជា​ការ​ខុស​ឆ្គង ហើយ​យើង​មាន​ព័ត៌មាន​ដើម្បី​បញ្ជាក់​ថា​មូលហេតុ ឬ​ក៏​ចំណុច​ណា​ដែល​បង្ហាញ​ពី​ការ​ខុស​ឆ្គង​ហ្នឹង»

 

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ទុក​ពេល​ឱ្យ​សារព័ត៌មាន វីអូឌី សុំ​ទោស​រដ្ឋាភិបាល និង​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ត្រឹម​២៤ម៉ោង​វិញ ពោល​គឺ​យ៉ាង​យូរ​ត្រឹម​ម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ទាក់ទង​នឹង​ការ​ផ្សាយ​ព័ត៌មាន​ថា លោក ហ៊ុន ម៉ាណែត បាន​រំលោភ​លើ​តួនាទី ដោយ​បាន​ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​ដល់​ប្រទេស​តួគី (Turkey) ១០ម៉ឺន​ដុល្លារអាមេរិក (១០០.០០០ដុល្លារ)

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ និង​បញ្ចប់​ការ​ផ្សាយ​របស់​សារព័ត៌មាន វីអូឌី ត្រឹម​ម៉ោង​១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ប្រសិន​បើ​ស្ថាប័ន​នេះ មិន​សុំ​ទោស។ ការ​ដាក់​កំហិត​ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អតីត​បុគ្គលិក​សារព័ត៌មាន វីអូឌី ម្នាក់​បាន​ចូល​ទៅ​បញ្ចេញ​មតិ (ខមិននៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ថា វីអូឌី ជា​ស្ថាប័ន​សំខាន់​មួយ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ហើយ​ក៏​ជួយ​រដ្ឋាភិបាល​ឱ្យ​ដឹង​បន្ថែម​ជ្រុង​មួយ​ទៀត​នៃ​សង្គម​ដែរ។ បុគ្គលិក​រូប​នោះ​សរសេរ​បន្ត​ថា បើ​សង្ស័យ​មាន​ការ​យល់​ច្រឡំ គួរ​អង្គុយ​តុ​ជុំ​គ្នា ជជែក​គ្នា​សិន​ទៅ ដោយ​មិន​គួរ​ឈាន​ដល់​កំណត់​ម៉ោង​ឱ្យ​សុំទោស​បែប​នេះ​ឡើយ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា ការ​ដាក់​កំហិត​ពេល​វេលា​ឱ្យ​សុំទោស និង​គំរាម​ដក​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ដូច​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដី​ពី​សារព័ត៌មាន។ លោក​បន្ថែម​ថា សារព័ត៌មាន វីអូឌី មិន​បាន​ក្លែង​បន្លំ​សារព័ត៌មាន ឬ​ផលិត​ព័ត៌មាន​ក្លែង​ក្លាយ​នោះ​ឡើយ ព្រោះ​ការ​ផ្សាយ​ថា លោក ហ៊ុន ម៉ាណែត បាន​ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​ទៅ​ដល់​ប្រទេស​តួគី​នោះ គឺជា​ការ​ស្រង់​សម្ដី​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ៖

«ប្រសិន​ប្រើ​ជា​រឿង​មួយ​ដែល​ទទួល​ព័ត៌មាន​មួយ​ពិត​ត្រឹមត្រូវ សម្រង់​សម្ដី​ត្រឹម​ត្រូវ​យក​ទៅ​ចុះ​ផ្សាយ បែរជា​មិន​ប្រើ​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន ហើយ​ទៅ​ប្រើប្រាស់​នូវ​វិធាន ទៅ​តាម​បទ​បញ្ជា​ដែល​មិន​អនុលោម​ទៅ​តាម​ផ្លូវ​ច្បាប់​នេះ ខ្ញុំ​យល់​ថា​វា​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ណាស់ ចំពោះ​សេរីភាព​សារព័ត៌មាន»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ ខែកុម្ភៈ។ ទោះ​ជា​យ៉ាង​ណា អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី១១ ខែកុម្ភៈ ថា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល មិន​ដែល​បាន​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត ចុះ​ហត្ថលេខា​ជំនួស​លោក ហ៊ុន សែន ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​ប្រទេស​តួគី​នោះ​ឡើយ។

ផ្ទុយ​ពី​សេចក្ដី​ថ្លែងការណ៍​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​និយាយ​យ៉ាង​ច្បាស់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន វីអូឌី ដែល​បាន​ផ្សាយ​កាល​ពីថ្ងៃទី៩ ខែកុម្ភៈថា

ផៃ ស៊ីផាន៖ «អ្នក​សារព័ត៌មាន ហើយ​សមាសភាព​អង្គការ​មិនមែន​រដ្ឋាភិបាល គាត់​ឆ្ងល់ ហើយ​គាត់​វាយ​ប្រហារ ទៅ​លើ​ឯក​ឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​ដូចជា​គាត់​ចុះ​ហត្ថលេខា​តំណាង​សម្ដេច​តេជោ ក្នុង​ការ​ផ្ដល់​ជំនួយ​ហ្នឹង»

បុគ្គលិក​វីអូឌី៖ «ចាស លោកអ៊ំ ប៉ុន្តែ​ក្នុង​ការ​វាយ​ប្រហារ​ហ្នឹង របៀប​គាត់​ប្រើ​ខ្លឹមសារ​ដូច​ម្ដេច​ទៅ

ផៃ ស៊ីផាន៖ «គាត់​ថា ហេតុ​ដូច​ម្ដេច​បាន​រដ្ឋាភិបាល មិន​ប្រើប្រាស់​តួនាទី របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី ការ​ផ្ដល់​ជំនួយ​ហ្នឹង ហេតុ​ម៉េច​បាន​ដាក់​ឱ្យ​ឯក​ឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​អ្នក​ផ្ដល់​ទៅ​វិញ អា​ហ្នឹង​គឺ ដែល​គេ​មិន​សប្បាយ​ចិត្ត។ ការ​ជួយ​ពេល​នេះ ដើម្បី​តួគី​ហ្នឹង​គឺ ក្នុង​របៀប​ប្រតិបត្តិ​ការ​សន្តិភាព ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​តួគី ដែល​ជួប​ប្រទះ​មហន្តរាយ រញ្ជួយ​ធរណី ដូចជា​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ភ្លើង បាក់​អគារ បាក់​អី​ហ្នឹង អា​ហ្នឹង​ជា​ក្រុម​របស់​ឯកឧត្ដម ហ៊ុន ម៉ាណែត ហើយ​ដែល​ចេញ​ទៅ​ប្រតិបត្តិការ​នោះ»

ទោះ​ជា​យ៉ាង​ណា សារព័ត៌មាន វីអូឌី បាន​ដក​ចេញ​អត្ថបទ ដែល​មាន​ចំណង​ជើង​ថា "មន្ត្រី​រដ្ឋាភិបាល​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្ដល់​ជំនួយ​ឱ្យ​តួគី មិន​មែន​ជា​រឿង​ខុស​ឆ្គង" ចេញ​ពី​ការ​ការ​ផ្សាយ​របស់​ខ្លួន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​វិញ​ហើយ បន្ទាប់​ពី​មាន​ការ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន។ ដោយ​ឡែក ប្រធាន​បទ​ដដែល​នេះ​នៅ​តែ​មាន​នៅ​លើ​គេហទំព័រ​សារព័ត៌មាន វីអូឌី ដដែល ក៏​ប៉ុន្តែ​សារព័ត៌មាន​នេះ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​អត្ថបទ​របស់​ខ្លួន ដោយ​បាន​សរសេរ​នៅ​ខាង​ក្រោម​ចំណង​ជើង​នៃ​សារព័ត៌មាន​ថា លោក ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ថ្ងៃ​ទី១១ ខែកុម្ភៈ ថា ថា​លោក​មិន​បាន​ចុះ​ហត្ថលេខា​ជំនួស​លោក​នាយករដ្ឋមន្ត្រី​នោះ​ទេ។ ទោះ​ជា​យ៉ាងណា សារព័ត៌មាន វីអូឌី ក៏​បាន​ដាក់​លិខិត​មួយ​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រួចរាល់​ហើយ​ដែរ​នៅ​ល្ងាច​ថ្ងៃ​ទី១២ ខែកុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រធាន​ស្ដី​ទី សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VOD លោក អ៊ិត សុធឿត ប្រាប់​វិទ្យុអាស៊ីសេរី​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ទទួល​យក​លិខិត​របស់​សារព័ត៌មាន វីអូឌី រួច​ហើយ ក៏​ប៉ុន្តែ​លោក​សុំ​មិន​អត្ថាធិប្បាយ​អំពី​អត្ថន័យ​នៅ​ក្នុង​លិខិត​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​មិន​ដក​ហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី នោះ​ឡើយ៖

«ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា រដ្ឋាភិបាល​គាត់​នឹង​បន្ត​បើក​ឱកាស​ឱ្យ​សារព័ត៌មាន​ឯករាជ្យ វីអូឌី បាន​បន្ត​ដំណើរ​ការ​របស់​ខ្លួន ព្រោះ​ថា​យើង​បាន​ពាំនាំ​ព័ត៌មាន យើង​អាច​និយាយ​បាន​ថា​ព័ត៌មាន​មួយ​ចំនួន​ដែល​រដ្ឋាភិបាល គាត់​នឹង​អាច​ពិបាក​ទទួល​យក​បាន​ពី​មន្ត្រី​របស់​គាត់»

សាធារណៈ​ជន​យល់​ឃើញ​ថា ការ​គំរាម​ដក​ហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន ដោយ​ដាក់​ឱសានវាទ​ឱ្យ​សុំទោស​រដ្ឋាភិបាល និង​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត បែប​នេះ គឺជា​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ធ្ងន់ធ្ងរ។ អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រតិកម្ម​របស់​លោក ហ៊ុន សែន បែប​នេះ បង្ហាញ​ឱ្យ​ស្ថាប័ន​អន្តរជាតិ​ដឹង​កាន់​តែ​ច្បាស់​ពី​កម្សោយ​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា៕

2 comments:

Anonymous said...

Closing VOD maybe against the international media law, but it conforms to the Law of Kdor Ah Sen, which supersedes any laws implementing in Cambodia.

Anonymous said...

Ah chker Chkuot Hun Sen is dictating Cambodia to become another North Korea.
This monster Hun Sen was born to make Cambodia extinct.