Monday 6 March 2023

វៀតណាម​ស្នើ​កម្ពុជា​ឱ្យ​ជួយ​សង្គ្រោះ និង​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​ជាប់​បង្ខាំង​នៅ​បន​ល្បែង​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា


ដោយ មាន ឫទ្ធិ
2023.03.05
វៀតណាម​ស្នើ​កម្ពុជា​ឱ្យ​ជួយ​សង្គ្រោះ និង​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​ជាប់​បង្ខាំង​នៅ​បន​ល្បែង​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ជំនួប​ជា​មួយ​លោក Vo Van Thuong ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ស ខេង


វៀតណាម​ស្នើ​ឱ្យ​កម្ពុជា​ជួយ​សង្គ្រោះ​និង​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​ជាប់​បង្ខាំង​ដោយ​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស នៅ​បនល្បែង​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​កម្ពុជា​សន្យា​ថា នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ដោះ​ស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ទាំង​នោះ ប្រកប​ដោយ​ប្រសិទ្ធភាព។ អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ​ថា កម្ពុជា​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត្យ​មិន​លំអៀង​ទៅ​រក​ប្រទេស​ណា​មួយ ហើយ​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ប្រកប​ដោយ​តម្លាភាព​ត្រឹមត្រូវ ក្នុង​ការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​ខុស​ច្បាប់។

ការស្នើរបស់ភាគីវៀតណាមនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែមីនា ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​ការងាររយៈពេល៣ថ្ងៃ របស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង នៅទីក្រុងហាណូយ (Hanoi)​ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា។ ភាគីកម្ពុជា និង​វៀតណាម​ ក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​ និងក្រសួងនគរបាលវៀតណាម។ 



ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ផ្សាយកាលពីថ្ងៃទី០៤ ខែមីនា ឱ្យដឹងថា ក្នុង​ជំនួប​ជា​មួយ​នាយក រដ្ឋ​មន្ត្រី​វៀតណាម លោក ផាម ម៉ិញជីញ (Pham Minh Chinh) ភាគី​វៀតណាម​បាន​ស្នើ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា និងក្រសួងសន្តិសុខសាធារណៈវៀតណាម ឲ្យ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ ជា​ពិសេស​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ ភាគី​វៀតណាម​ក៏​ចង់​ឃើញ​មាន​ការសម្រប​សម្រួល​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​វៀតណាម​ដែល​ត្រូវ​បាន​បង្ខាំង និង​បង្ខំ​ឱ្យធ្វើ​ការ​នៅ​តាម​បនល្បែង​ខុស​ច្បាប់​នៅ​កម្ពុជា។ នាយករដ្ឋមន្ត្រីវៀតណាមក៏បាន ស្នើ​ឲ្យ​ភាគី​កម្ពុជា​បន្ត​ជួយ​គាំទ្រ​ដល់​សហគមន៍​វៀតណាម​នៅ​កម្ពុជា​ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ដដែល រាយការណ៍ថា ជាការឆ្លើយតប លោក ស ខេង បាន​សន្យា​ថា​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​ភាគី​វៀតណាម​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ប្រកប​ដោយ​ប្រសិទ្ធភាព​។ លោក ស ខេង ក៏​មិន​ភ្លេច​អរគុណ​វៀតណាម​ចំពោះ​ការណ៍​ដែល​លោក​ថា​ប្រទេស​នេះ​បាន​ជួយ​រំដោះ​កម្ពុជា​កាល​ពី​ពេល​អតីតកាល និង​ការ​ចូល​រួម​ចំណែក​កសាង និងអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ និង​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី០៥ ខែ​មីនា​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​សំណើ​ទាំង​នេះ​របស់​ភាគី​វៀតណាម។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​០៥ ខែមីនា​ថា កិច្ចសហប្រតិបត្តិការផ្សេងៗ និងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស រវាង​កម្ពុជា និងវៀតណាមនេះ ជារឿងល្អ ដែល​កន្លង​ទៅ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​រួម​គ្នា​រួច​មក​ហើយ។ ប៉ុន្តែ លោកថា កម្ពុជាត្រូវតែឈរលើជំហរដែលត្រឹមត្រូវ និង​អនុវត្ត​ទៅតាម​ច្បាប់​។ លោកបន្តថា កម្ពុជា និងវៀតណាម ពុំសូវមានប្រវត្តិសាស្ត្រល្អជាមួយគ្នានោះទេ ជាក់​ស្ដែង​បញ្ហា​ព្រំដែន និង ការមិនទទួលយកជនអន្តោប្រវេសន្តវៀតណាមខុសច្បាប់ ជា​ច្រើន​នៅ​កម្ពុជា​ មកវៀតណាមវិញ។

…សំឡេង១...«សំខាន់​កម្ពុជា​ប្រកាន់​នូវ​គោលការណ៍​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ភាគី​វៀតណាម ឬ​ក៏​ចិន គេ​ហៅថា​លោក ​ខាង​កើត​អស់នេះ គួរតែ​ពង្រីក​គេ​ហៅថា​ប្រតិបត្តិការ​ល្អជា​មួយ​លោក​ខាងលិច លោក សេរី ដូចជា​លោក​អាមេរិក ជប៉ុន អូស្ត្រាលី និង​អ៊ីរ៉ុប​ជា​ដើម​ហ្នឹង ធ្វើ​ឱ្យ​ការ​បង្ហាញ​នូវ​នយោបាយ​ការ​បរទេស​កម្ពុជា អាច​ឈរ​នៅ​កណ្ដាល និង​អព្យាក្រឹត្យ»។

កន្លងទៅ សារព័ត៌មានជាតិ និងអន្តរជាតិបានរកឃើញថា កម្ពុជា ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធើណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅ​តាម​អគារខ្ពស់ៗ ហើយ​អ្នក​ទាំងនោះ​រងការបង្ខាំងទុក​មិនឱ្យ​មាន​សេរីភាព ធ្វើទារុណកម្ម និង​ជំរិតទារប្រាក់ជាដើម។  ក្រសួងមហាផ្ទៃធ្លាប់អះអាងថា  មាន​ជន​រង​គ្រោះ​នៃ​អំពើ​ជួញ​ដូរ​និង​រត់​ពន្ធ​មនុស្ស សរុបប្រមាណ ៩០០ នាក់​ គិត​ចាប់​តាំង​ពី​ដើម​ខែ​មករា​ រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជនជាតិ​វៀតណាម​ប្រមាណ​៤២នាក់បាន​សម្រុក​រត់​ចេញ​ពី​ការ ស៊ីណូ មួយកន្លែងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ជាប់ព្រំដែន កម្ពុជា វៀតណាម ដោយ​អ្នក​ខ្លះ​ហែល​ឆ្លង​ទន្លេ​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ព្រោះ​ពួក​គេ​មិន​អាច​ទ្រាំ​នឹង​ការ​ធ្វើ​ទារុណកម្ម​ផ្សេងៗ។ កុមារអាយុ១៦ឆ្នាំបានលង់ទឹកស្លាប់ក្នុង​ហេតុការណ៍​នេះ។  

តំបន់​ក្រហម​ដែល​សង្ស័យ​ថា​មាន​ការ​ជួញ​ដូរ​មនុស្ស​ជាង​គេ​នៅ​កម្ពុជា គឺ​នៅ​ខេត្ត​ព្រះសីហនុ​ និងក្រុងបាវិត ខេត្តស្វាយរៀង ដែល​សម្បូរ​ដោយ​បនល្បែង​ការ ​ស៊ីណូ របស់​ជន​ជាតិ​ចិន។ បើទោះបីបច្ចុប្បន្នករណីជួញដូរមនុស្ស និងការបើកបន់ល្បែងខុសច្បាប់ ហាក់​មាន​ភាព​ស្ងប់​ស្ងាត់​ជាង​មុន ក៏តំបន់មួយចំនួន ដូចភ្នំបូកគោ ខេត្ត​កំពត ត្រូវ​គេ​រក​ឃើញ​ថា​កំពុង​តែ​ប្រតិបត្តិការ​បើក​បន​ល្បែង​ខុសច្បាប់ និងបង្ខាំងមនុស្ស ដោយ​ពុំ​មាន​វិធានការ​ត្រឹម​ត្រូវ​ពី​សំណាក​អាជ្ញាធរ​នោះ​ឡើយ។

លោក ឯម សុវណ្ណារ៉ា លើកឡើងថា  អាជ្ញាធរកម្ពុជា ត្រូវ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ខុសច្បាប់ ដើម្បីលើកមុខមាត់ប្រទេសជាតិឱ្យបានល្អ  ដោយ​មិន​ត្រូវ​បង្កើន​កិច្ច​សហការ​តែ​ជា​មួយ​ប្រទេស​កុម្មុយនិស្ត ដូចជាវៀតណាម ឬចិនប៉ុណ្ណោះទេ តែ​កម្ពុជា​ត្រូវ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ជាច្រើន​ទៀត​ជា​មួយ​នឹង​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​លោក ខាងលិច៕

2 comments:

Anonymous said...

Hun Shit and Sar Kheng must not making the present Cambodia a second Kampuchea Krom.

Enough is enough Ah Kantorb. Stop putting pressure on your slaves Ah Roleuy.

Anonymous said...

Why there is only the evil Vietnam's flag ?