ដោយ មាន ឫទ្ធិ
2023.03.05
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយលោក Vo Van Thuong ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ស ខេង
វៀតណាមស្នើឱ្យកម្ពុជាជួយសង្គ្រោះនិងបញ្ជូនពលរដ្ឋរបស់ខ្លួនដែលកំពុងជាប់បង្ខាំងដោយខុសច្បាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស នៅបនល្បែងខុសច្បាប់ក្នុងប្រទេសកម្ពុជា។ ចំណែកកម្ពុជាសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មទាំងនោះ ប្រកបដោយប្រសិទ្ធភាព។ អ្នកឃ្លាំមើលបញ្ហានយោបាយថា កម្ពុជាត្រូវរក្សាជំហរអព្យាក្រឹត្យមិនលំអៀងទៅរកប្រទេសណាមួយ ហើយត្រូវអនុវត្តទៅតាមច្បាប់ប្រកបដោយតម្លាភាពត្រឹមត្រូវ ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មខុសច្បាប់។
ការស្នើរបស់ភាគីវៀតណាមនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែមីនា ក្នុងអំឡុងដំណើរទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ របស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង នៅទីក្រុងហាណូយ (Hanoi) ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា។ ភាគីកម្ពុជា និងវៀតណាម ក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ផ្សាយកាលពីថ្ងៃទី០៤ ខែមីនា ឱ្យដឹងថា ក្នុងជំនួបជាមួយនាយក រដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ិញជីញ (Pham Minh Chinh) ភាគីវៀតណាមបានស្នើក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈវៀតណាម ឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីវៀតណាមក៏ចង់ឃើញមានការសម្របសម្រួលក្នុងការជួយសង្គ្រោះពលរដ្ឋវៀតណាមដែលត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការនៅតាមបនល្បែងខុសច្បាប់នៅកម្ពុជា។ នាយករដ្ឋមន្ត្រីវៀតណាមក៏បាន ស្នើឲ្យភាគីកម្ពុជាបន្តជួយគាំទ្រដល់សហគមន៍វៀតណាមនៅកម្ពុជាផងដែរ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ដដែល រាយការណ៍ថា ជាការឆ្លើយតប លោក ស ខេង បានសន្យាថានឹងបន្តធ្វើការជាមួយភាគីវៀតណាមដើម្បីដោះស្រាយបញ្ហានានាប្រកបដោយប្រសិទ្ធភាព។ លោក ស ខេង ក៏មិនភ្លេចអរគុណវៀតណាមចំពោះការណ៍ដែលលោកថាប្រទេសនេះបានជួយរំដោះកម្ពុជាកាលពីពេលអតីតកាល និងការចូលរួមចំណែកកសាង និងអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី០៥ ខែមីនា ដើម្បីសុំអត្ថាធិប្បាយជុំវិញសំណើទាំងនេះរបស់ភាគីវៀតណាម។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៥ ខែមីនាថា កិច្ចសហប្រតិបត្តិការផ្សេងៗ និងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស រវាងកម្ពុជា និងវៀតណាមនេះ ជារឿងល្អ ដែលកន្លងទៅប្រទេសទាំងពីរបានធ្វើរួមគ្នារួចមកហើយ។ ប៉ុន្តែ លោកថា កម្ពុជាត្រូវតែឈរលើជំហរដែលត្រឹមត្រូវ និងអនុវត្តទៅតាមច្បាប់។ លោកបន្តថា កម្ពុជា និងវៀតណាម ពុំសូវមានប្រវត្តិសាស្ត្រល្អជាមួយគ្នានោះទេ ជាក់ស្ដែងបញ្ហាព្រំដែន និង ការមិនទទួលយកជនអន្តោប្រវេសន្តវៀតណាមខុសច្បាប់ ជាច្រើននៅកម្ពុជា មកវៀតណាមវិញ។
…សំឡេង១...«សំខាន់កម្ពុជាប្រកាន់នូវគោលការណ៍ច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយកិច្ចសហប្រតិបត្តិការល្អជាមួយភាគីវៀតណាម ឬក៏ចិន គេហៅថាលោក ខាងកើតអស់នេះ គួរតែពង្រីកគេហៅថាប្រតិបត្តិការល្អជាមួយលោកខាងលិច លោក សេរី ដូចជាលោកអាមេរិក ជប៉ុន អូស្ត្រាលី និងអ៊ីរ៉ុបជាដើមហ្នឹង ធ្វើឱ្យការបង្ហាញនូវនយោបាយការបរទេសកម្ពុជា អាចឈរនៅកណ្ដាល និងអព្យាក្រឹត្យ»។
កន្លងទៅ សារព័ត៌មានជាតិ និងអន្តរជាតិបានរកឃើញថា កម្ពុជា ត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធើណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗ ហើយអ្នកទាំងនោះរងការបង្ខាំងទុកមិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម។ ក្រសួងមហាផ្ទៃធ្លាប់អះអាងថា មានជនរងគ្រោះនៃអំពើជួញដូរនិងរត់ពន្ធមនុស្ស សរុបប្រមាណ ៩០០ នាក់ គិតចាប់តាំងពីដើមខែមករា រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជនជាតិវៀតណាមប្រមាណ៤២នាក់បានសម្រុករត់ចេញពីការ ស៊ីណូ មួយកន្លែងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ជាប់ព្រំដែន កម្ពុជា វៀតណាម ដោយអ្នកខ្លះហែលឆ្លងទន្លេឆ្ពោះទៅកាន់ប្រទេសវៀតណាម ព្រោះពួកគេមិនអាចទ្រាំនឹងការធ្វើទារុណកម្មផ្សេងៗ។ កុមារអាយុ១៦ឆ្នាំបានលង់ទឹកស្លាប់ក្នុងហេតុការណ៍នេះ។
តំបន់ក្រហមដែលសង្ស័យថាមានការជួញដូរមនុស្សជាងគេនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងក្រុងបាវិត ខេត្តស្វាយរៀង ដែលសម្បូរដោយបនល្បែងការ ស៊ីណូ របស់ជនជាតិចិន។ បើទោះបីបច្ចុប្បន្នករណីជួញដូរមនុស្ស និងការបើកបន់ល្បែងខុសច្បាប់ ហាក់មានភាពស្ងប់ស្ងាត់ជាងមុន ក៏តំបន់មួយចំនួន ដូចភ្នំបូកគោ ខេត្តកំពត ត្រូវគេរកឃើញថាកំពុងតែប្រតិបត្តិការបើកបនល្បែងខុសច្បាប់ និងបង្ខាំងមនុស្ស ដោយពុំមានវិធានការត្រឹមត្រូវពីសំណាកអាជ្ញាធរនោះឡើយ។
លោក ឯម សុវណ្ណារ៉ា លើកឡើងថា អាជ្ញាធរកម្ពុជា ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មខុសច្បាប់ ដើម្បីលើកមុខមាត់ប្រទេសជាតិឱ្យបានល្អ ដោយមិនត្រូវបង្កើនកិច្ចសហការតែជាមួយប្រទេសកុម្មុយនិស្ត ដូចជាវៀតណាម ឬចិនប៉ុណ្ណោះទេ តែកម្ពុជាត្រូវមានកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនទៀតជាមួយនឹងសហគមន៍អន្តរជាតិ ជាពិសេសប្រទេសលោក ខាងលិច៕
2 comments:
Hun Shit and Sar Kheng must not making the present Cambodia a second Kampuchea Krom.
Enough is enough Ah Kantorb. Stop putting pressure on your slaves Ah Roleuy.
Why there is only the evil Vietnam's flag ?
Post a Comment