ដោយ យ៉ង ចាន់តារា
2023.03.04
រូបទង់ជាតិសហភាពអឺរ៉ុប និងប្រទេសកម្ពុជា។
Photo Courtesy
ក្រុមអ្នកវិភាគព្រួយបារម្ភថា ប្រតិកម្មរបស់សហគមន៍អន្តរជាតិប្រឆាំងការកាត់ទោសមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា នឹងអាចធ្វើឱ្យកម្ពុជា បាត់បង់ការអនុគ្រោះពន្ធEBAបន្ថែមឬទាំងស្រុងពីសហភាពអឺរ៉ុប ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺក្រុមកម្មករ។ ប៉ុន្តែមន្រ្តីបក្សកាន់អំណាចថា ការដកអនុគ្រោះEBAទាំងស្រុង មិនអាចធ្វើឱ្យកម្មករកម្ពុជាគ្មានការងារ ធ្វើឡើយ។
អ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ការផ្ដន្ទាទោសលោក កឹម សុខា ដោយខ្វះភាពយុត្តិធម៌ នាំឱ្យលទ្ធិប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះ និងអាចធ្វើឱ្យសង្គមកម្ពុជាប្រឈមមុខបន្ថែមទៀតទៅនឹងបញ្ហានយោបាយការបរទេសនៅលើឆាកអន្តរជាតិ។ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ព្រួយបារម្ភថា បញ្ហានេះកំពុងនាំឱ្យកម្ពុជាប្រឈមការបាត់បង់ការអនុគ្រោះពន្ធEBAពីសហភាពអឺរ៉ុបបន្ថែមឬទាំងស្រុង ហើយកម្ពុជាក៏លែងមានសង្ឃឹមថានឹងអាចទទួលបានការអនុគ្រោះពន្ធGSPពីសហរដ្ឋអាមេរិកដូចដើមវិញដែរ។
លោកមានក្ដីព្រួយបារម្ភបែបនេះ ដោយសារសហគមន៍អន្តរជាតិ បានតាមដានការវិវត្តស្ថានការណ៍នយោបាយនៅកម្ពុជាយ៉ាងដិតដល់ និងចង់ឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ងាកទៅស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ។
លោក ឯម សុវណ្ណារ៉ា៖ «EBA អាចប្រឈមនឹងការបាត់បង់ភាគរយតទៅទៀត ឬក៏អាចទាំងស្រុង បើតាមប្រសាសន៍របស់សហភាពអឺរ៉ុបដែលបានលើកឡើងកាលមុនបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២កន្លងមកថា ចាំមើលស្ថានភាពបរិយាកាសនយោបាយនិងបោះឆ្នោត មានស្ថានភាពប្រសើរឬអត់»។
អ្នកវិភាគនយោបាយរូបនេះបន្តថា ប្រសិនបើកម្ពុជាបាត់បង់EBAទាំងស្រុង និងលែងទទួលបានGSPវិញ វានឹងធ្វើឱ្យប៉ះពាល់ពលរដ្ឋកម្ពុជាទូទៅទាំងអស់។ លោកបន្ថែមថា ការបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្មនេះ អាចធ្វើឱ្យកម្ពុជាដែលជាប្រទេសពឹងផ្អែកលើការនាំចេញ នឹងត្រូវជួបការធ្លាក់ចុះការនាំចេញទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ជាពិសេសការនាំចេញទំនិញក្នុងវិស័យវាយនភណ្ឌ។ លោក ឯម សុវណ្ណារ៉ា លើកឡើងទៀតថា កាលណាការនាំចេញទំនិញធ្លាក់ចុះ នឹងធ្វើឱ្យផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងជីវភាពពលរដ្ឋទាំងមូលក៏ធ្លាក់ចុះតាមគ្នាដែរ។ ការលើកឡើងរបស់អ្នកវិភាគនេះ បន្ទាប់ពីបណ្ដាប្រទេសលោកសេរី បានថ្កោលទោសចំពោះសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលបានផ្ដន្ទាទោសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឱ្យជាប់ពន្ធនាគារ២៧ឆ្នាំដោយឃុំនៅក្នុងផ្ទះ និងត្រូវដកសិទ្ធិធ្វើនយោបាយទាំងអស់របស់លោក ពីបទក្បត់ជាតិ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកបង្ហោះតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ដំណើរការច្រើនឆ្នាំដើម្បីបំបិទសម្លេងលោក កឹម សុខា ដោយផ្អែកលើបទសមគំនិតប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។ ប្រទេសមហាអំណាចមួយនេះបន្តថា ការបដិសេធសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់លោក កឹម សុខា និងអ្នកធ្វើនយោបាយផ្សេងទៀត ធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមកដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នកម្មមួយ។
រីឯស្ថានទូតចក្រភពអង់គ្លេសបានបង្ហោះខ្លឹមសារនៅក្នុងបណ្ដាញទ្វីតធឺ (Twitter) ថា ការផ្ដន្ទាទោសលោក កឹម សុខា នេះគឺជាក្ដីបារម្ភដ៏ខ្លាំងបំផុតមួយ ហើយនឹងធ្វើឱ្យខូចមុខមាត់ប្រទេសកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ ស្ថានទូតបារាំងបានបង្ហោះសេចក្ដីថ្លែងការណ៍នៅក្នុងបណ្ដាញទ្វីតធឺដែរថា សហភាពអឺរ៉ុប អំពាវនាវអាជ្ញាធរកម្ពុជាជាថ្មី ឱ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ដើម្បីស្តារសិទ្ធិនយោបាយរបស់លោកឡើងវិញ និងត្រូវបង្កើតលក្ខខណ្ឌអំណោយផលដល់ការបោះឆ្នោតប្រកបដោយតម្លាភាព និងគួរឱ្យជឿជាក់។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អ្នកស្រី អេឡេន ភាសុន (Elaine Pearson)បានសរសេរបង្ហោះនៅក្នុងបណ្ដាញទ្វីតធឺរបស់អ្នកស្រីថា ការកាត់ទោសមេបក្សប្រឆាំងលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ ជារឿងអយុត្តិធម៌យ៉ាងសាហាវបំផុតមួយ។ អ្នកស្រីបន្តថា វាបង្ហាញពីភាពខ្វះខាតឯករាជ្យភាពទាំងស្រុងរបស់តុលាការកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងបរិយាកាសនយោបាយតាមការចង់បានរបស់ខ្លួន។
ឆ្លើយតបនឹងការព្រួយបារម្ភរបស់អ្នកវិភាគនយោបាយ មន្រ្តីនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន លើកឡើងថា ប្រសិនបើសហគមន៍អន្តរជាតិដាក់សម្ពាធឬដកការអនុគ្រោះEBAបន្ថែមពីកម្ពុជា ដោយសារការកាត់ទោសលោក កឹម សុខា លោកថា នោះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោកបន្តថា កម្ពុជាក៏មិនមានក្ដីព្រួយបារម្ភខ្លាចកម្មករត្រូវបាត់បង់ការងារដោយសារការដកប្រពន្ធអនុគ្រោះEBAនោះដែរ ព្រោះលោកថា វាមិនអាចធ្វើឱ្យរោងចក្រត្រូវបិទទ្វារឡើយ។
លោក សុខ ឥសាន៖ «ការកាត់EBAហ្នឹងមិនមានសេចក្ដីថា បិទការនាំទំនិញសម្លៀកបំពាក់ពីកម្ពុជាទៅចូល សហភាពអឺរ៉ុបទេ។ ដូច្នេះ! រោងចក្រ សហគ្រាស ដែលកាត់ដេរសំលៀកបំពាក់ និងសម្ភារៈធ្វើដំណើរមិនមានបិទរោងចក្រទេ។ ដូច្នេះ! បើអត់បិទរោងចក្រ កម្មករនៅតែមានការងារធ្វើដដែល»។
ផ្ទុយពីការអះអាងរបស់តំណាងគណបក្សកាន់អំណាចនេះ របាយការណ៍របស់សហជីពឯករាជ្យបង្ហាញថា គិតត្រឹមដើមឆ្នាំ២០២៣នេះ កម្មកររាប់ពាន់នាក់កំពុងប្រឈមការលំបាកចិញ្ចឹមជីវិត ដោយសារមានរោងចក្រប្រមាណ៩០ ខ្លះបានបិទទ្វាររោងចក្រ ខ្លះព្យួរការងារកម្មករ និងខ្លះកាត់បន្ថយបុគ្គលិក។ បន្ថែមពីនេះមានរោងចក្រប្រមាណ៨០គ្មានវត្ថុធាតុដើមសម្រាប់កាត់ដេរ។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ និងជាអ្នកវិភាគនយោបាយកម្ពុជាមួយរូបទៀត លោក វណ្ណ ប៊ុនណា យល់ឃើញថា មូលហេតុដែលរដ្ឋាភិបាលមិនឆ្លើយតបទៅតាមការចង់បានរបស់សហគមន៍អន្តរជាតិ និងមិនសូវខ្វល់នឹងការដាក់ទណ្ឌកម្មបន្ថែមទៀតនោះ ពីព្រោះរដ្ឋាភិបាលគិតថា មានចិននិងប្រទេសមួយចំនួនទៀតជាខ្នងបង្អែក។ ប៉ុន្តែលោកថា ចិនអាចជួយគាំទ្រត្រឹមផ្នែកសេដ្ឋកិច្ចឱ្យរដ្ឋាភិបាល និងក្រុមអ្នកដឹកនាំប៉ុណ្ណោះ ប៉ុន្តែមិនអាចជួយទៅដល់ពលរដ្ឋនិងកម្មករធម្មតាឡើយ។
លោក វណ្ណ ប៊ុនណា៖ «រដ្ឋាភិបាលអាចពឹងលើចិន មានន័យថា ចិនផ្ដល់ប្រយោជន៍ ឬផ្ដល់ជា ការគាំទ្រផ្នែកសេដ្ឋកិច្ចទៅដល់រដ្ឋាភិបាល ឬក៏ក្រុមរដ្ឋាភិបាល ក្នុងការបន្តកុំឱ្យរងសម្ពាធ។ ប៉ុន្តែ ចិនមិនអាចជំនួសប្រទេសលោកសេរីទាំងអសនោះទេ។ អ៊ីចឹង! មានន័យថា ប្រសិនបើទណ្ឌកម្មកើតមាន នឹងប៉ះពាល់ទៅដល់ប្រជាពលធម្មតា ជាពិសេសកម្មករ កម្មការិនីធ្វើការនៅតាមរោងចក្រ ឬធ្វើការងារក្រៅវិស័យ នឹងប៉ះពាល់ផ្ទាល់»។
ទិន្នន័យពាណិជ្ជកម្មឆ្នាំ២០២២ បង្ហាញថា មិត្តដែកថែបចិនដែលលោក ហ៊ុន សែន តែងពឹងអាស្រ័យ មិនបានផ្តល់ផលចំណេញក្នុងការធ្វើពាណិជ្ជកម្មដល់កម្ពុជាឡើយ។ របាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផ្សាយនៅដើមឆ្នាំ២០២៣នេះបង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនរហូតដល់ជិត ១០ពាន់លានដុល្លារ ពោលគឺចិនបានយកកម្ពុជាធ្វើជាទីផ្សារសម្រាប់ដាក់លក់ទំនិញរបស់ខ្លួនមានតម្លៃជាង១០ពាន់លានដុល្លារ ខណៈចិនបានទិញទំនិញពីកម្ពុជាវិញត្រឹម១ពាន់១រយលានដុល្លារប៉ុណ្ណោះ។
ផ្ទុយទៅវិញ កម្ពុជាបានរកស៊ីចំណេញខ្លាំងជាមួយសហរដ្ឋអាមេរិក។ អាមេរិកបានអនុញ្ញាតឱ្យកម្ពុជានាំទំនិញទៅដាក់លក់លើទីផ្សាររបស់ខ្លួនមានតម្លៃជិត៩ពាន់លានដុល្លារ ខណៈអាមេរិកបាននាំទំនិញមកដាក់លក់នៅកម្ពុជាត្រឹម៣០០លានដុល្លារ៕
1 comment:
Ah Kwack Hun Sen yelled: Oss Ey Oss Touv, Kom Oy Teh Anh Oss Amnach.
Post a Comment