ដោយ ទីន ហ្សាការីយ៉ា
2023.03.25
ទីតាំងអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កាលពីខែឧសភា ឆ្នាំ២០១៧។
Photo courtesy of Mother Nature
អាជីវកម្មរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង បែបអនាធិបតេយ្យនៅតំបន់ភ្នំលុង ខេត្តព្រះវិហារ នៅតែជាបញ្ហាប្រឈមដដែលៗ ដែលរដ្ឋាភិបាលគ្មានយន្តការគ្រប់គ្រងឱ្យមានតម្លាភាពនៅឡើយទេ។ ពលរដ្ឋសោកស្តាយ ពីការបាត់បង់ធនធានរ៉ែមាសដ៏មានតម្លៃទាំងនេះ ដែលរដ្ឋាភិបាលហាក់មើលរំលង ហើយបន្តធ្វេសប្រហែសជាច្រើនឆ្នាំមកហើយ នាំឱ្យខាតបង់ប្រាក់ចំណូលជាតិ និងដីធ្លីស្រែចម្ការរបស់ជនជាតិដើមភាគតិចជាច្រើនគ្រួសារ។
ជនជាតិដើមកួយជាច្រើនគ្រួសារ រស់នៅតំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង បន្តអំពាវនាវឱ្យរដ្ឋាភិបាល គិតគូរឡើងវិញពីយន្តការគ្រប់គ្រងធនធានរ៉ែមាសឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណា ទាញប្រយោជន៍ជាប្រាក់ចំណូលថវិកាជាតិ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋឱ្យចប់សព្វគ្រប់។
ពួកគាត់សង្កេតឃើញថា នៅរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ក្រោយពីមានវត្តមានក្រុមហ៊ុនឌែលខម ខែមបូឌា (Delcom Cambodia) និងថៅកែបរទេសជាច្រើននាក់ បើកការដ្ឋានធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ ធ្វើឱ្យអ្នកភូមិលំបាកវេទនាមិនត្រឹមតែធ្វើឱ្យបាត់បង់ធនធានធម្មជាតិប៉ុណ្ណោះទេ ពលរដ្ឋជាង ២០០គ្រួសារ បានក្លាយជាជនរងគ្រោះដោយសារបាត់បង់ដីធ្លីកេរឪពុកម្ដាយ។
ពលរដ្ឋរស់នៅតំបន់ភ្នំលុង លោក ទុយ ឆេង ឱ្យដឹងនៅថ្ងៃទី២៤ មីនា ថា មកទល់ពេលនេះ មានអាជីវកម្មរ៉ែមាសខុសច្បាប់ចំនួន ៣ទីតាំងធំៗ របស់ថៅកែជនជាតិវៀតណាម ឋិតនៅចំណុច ប្រឡាយស្មាច់ ក្នុងភូមិត្រពាំងទន្ទឹមឃុំរមទម ។ លើសពីនេះ អាជីវកម្មរ៉ែមាសទាំងនេះ បានប្រើរំសេវបំផ្ទុះថ្ម និងកម្លាំងកម្មករជាច្រើននាក់ ធ្វើអាជីវកម្មរ៉ែមាសជាង ១០ឆ្នាំ មកហើយ ដោយគ្មានអាជ្ញាធរណារារាំងនៅឡើយទេ។
លោកស៊ើបឲ្យដឹងថា ទីតាំងរ៉ែមាសខុសច្បាប់ទាំងនេះ មានថៅកែជនជាតិវៀតណាម ៣នាក់ ដែលគេស្គាល់ឈ្មោះហៅក្រៅថា ចេង ឈ្មោះ ជី និងឈ្មោះ កេង បានឃុបឃិតជាមួយ អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ កាងអាជីវកម្មឱ្យខ្លួន។
លោកថា ថៅកែជនជាតិវៀតណាមទាំងនោះ បានធ្វើអាជីវកម្មដោយជីករណ្តៅធំៗ បង្ហូរកាកសំណល់គីមីចូលទឹកអូរ ប៉ះពាល់គុណភាពទឹក ហើយកន្លងទៅ សត្វពាហនៈរបស់អ្នកភូមិជាច្រើនក្បាលងាប់ ដោយសារពុលទឹកអូរ។
លោក ទុយ ឆេង៖ «ប៉ះពាល់ខ្លាំងហ្នឹងហើយ ធនធានធម្មជាតិក្នុងដី ហើយយកអំណាចអភិបាលស្រុកហ្នឹងមក គំរាមប្រជាជន ចង់ធ្វើម៉េច? តាមអំពើចិត្តវា បង់ខែក៏បង់ឱ្យអភិបាលស្រុក នៅពេលទទួលបានធនធានរ៉ែ គេមានភាគហ៊ុននៅហ្នឹង ក្នុងមួយក្រុមៗគេ ត្រូវផ្តល់ទៅអភិបាលស្រុក»។
មកទល់ពេលនេះ តំបន់រំដេង នៅអែមជើងភ្នំលុងបានក្លាយជាទីតាំងធ្វើអាជីវកម្មរ៉ែមាស យ៉ាងគគ្រឹកគគ្រេងជាង ១ទសវត្សរ៍មកហើយ ដោយមានផ្នែកខ្លះ មានរណ្តៅដីជាច្រើនកន្លែង ដាច់ដោយកង់ៗ ហើយតំបន់ខ្លះទៀត ហ៊ុមព័ទ្ធរបងជិត មិនឱ្យអ្នកខាងក្រៅចេញចូល។
អ្នកភូមិថា ថៅកែជនជាតិវៀតណាម ៣នាក់ កំពុងកាក់កប នឹងមុខរបរអាជីវកម្មរ៉ែមាសខុសច្បាប់ជាច្រើនឆ្នាំមកហើយ ដោយមានអភិបាលស្រុករវៀង កាងការពារ។ រីឯអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុនឌែលខម ខែមបូឌា និងក្រុមហ៊ុនឯកជនមួយចំនួនទៀត នៅតែធ្វើអាជីវកម្មមាសនៅតំបន់ភ្នំលុងទ្រង់ទ្រាយធំ ដោយហ៊ុមព័ទ្ធយកដីនៅតំបន់នោះមួយផ្នែកធំ និងមានសន្តិសុខយាមកាមយ៉ាងប្រុងប្រយ័ត្នមិនឱ្យមនុស្សប្លែកមុខចេញចូល។
កន្លងទៅ ក្រសួងរ៉ែធ្លាប់បកស្រាយថា ក្រុមហ៊ុនឌែលខម កម្ពុជា ទើបចាប់ផ្តើមសាកល្បងផលិតមាសនៅដើមខែសីហាឆ្នាំ ២០២២ នៅតំបន់ភ្នំលុង ដោយផលិតបានមាស ២០គីឡូក្រាមហើយ។
តំណាងពលរដ្ឋ លោក ទុយ ឆេង បន្ថែមថា នៅគ្រាដែលអាជ្ញាធរបើកដៃឱ្យមានអាជីវកម្មរ៉ែមាសខុសច្បាប់ ការប្រើប្រាស់សារជាតិគីមីបំផ្ទុះថ្ម ការខូងរណ្តៅដីមិនប្រក្រតី និងធ្វើអាជីវកម្មដោយគ្មានលក្ខណៈបច្ចេកទេសច្បាស់លាស់ បង្កគ្រោះថ្នាក់ដល់បរិស្ថាន និងជីវិតមនុស្ស។
លោកថា កន្លងទៅ មនុស្សយ៉ាងហោចណាស់ជាង ១០នាក់បានស្លាប់ក្នុងរណ្តៅរ៉ែមាស ហើយសត្វពាហនៈអ្នកស្រុក រាប់រយក្បាលទៀត បានងាប់ជាបន្តបន្ទាន់ នៅពេលផឹកទឹកអូរដែលគេបង្ហូរសារជាតិគីមីចូល។
លោកអះអាងថា រដ្ឋាភិបាលខ្វះចន្លោះច្រើន គ្រប់គ្រងធនធានរ៉ែមាសនៅតំបន់ភ្នំលុងជាច្រើនឆ្នាំមកហើយ ធ្វើឱ្យជនជាតិដើមភាគតិចរាប់រយគ្រួសារមានបញ្ហាជាច្រើន ដោយសារជម្លោះដីធ្លី និងការបាត់បង់ទីកន្លែងអាស្រ័យផលធនធានធម្មជាតិ បែបប្រពៃណី។
លោក ទុយ ឆេង៖ «លំបាកយ៉ាងម៉េចក៏គេធ្វើបាន គេមានលុយ ពួកអស់ហ្នឹងតែបង់លុយគេធ្វើហើយ ដូចតែគេប្រគល់អំណាចទៅពួកវាហើយ បានខ្ញុំថា អំណាចនៅលើពួកវា»។
យុវជនម្នាក់ដែលបានចុះពិនិត្យទីតាំងរ៉ែមាស នៅតំបន់ភ្នំលុង គឺ លោកស្រី ខេម ស្រីមុំ ប្រាប់វិទ្យុអាស៊ីសេរីថា អាជីវកម្មរ៉ែមាសជាច្រើនកន្លែងនៅតំបន់នោះ ពុំបានផ្តល់ផលចម្រើនដល់ប្រជាសហគមន៍មូលដ្ឋាននោះឡើយ តែផ្ទុយទៅវិញ ធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារជួបការលំបាកផ្នែកជីវភាព ដោយសារបាត់បង់ដីស្រែបង្កបង្កើនផល។
លោកស្រីថា អាជ្ញាធរគ្មានភាពច្បាស់លាស់គ្រប់គ្រងរ៉ែមាស ឱ្យបានត្រឹមត្រូវនៅឡើយទេ ខណៈដែលរណ្តៅដីរាប់រយកន្លែងពាសពេញដីស្រែចម្ការ នៅតំបន់ភ្នំលុង គឺជាស្នាមរុករករ៉ែមាស បែបអនាធិបតេយ្យ ប៉ះពាល់បរិស្ថាន។
លោកស្រីអំពាវនាវឱ្យរដ្ឋាភិបាល ចាប់អារម្មណ៍គ្រប់គ្រងធនធានរ៉ែមាសឡើងវិញ ចៀសវាងបណ្តែតបណ្តោយឱ្យរឿងនេះ កើតឡើងដដែលៗ គ្មានដំណោះស្រាយ។
លោកស្រី ខេម ស្រីមុំ ៖ «គេបាញ់ដូរគ្រហួង វាបាក់ដី ការគ្រប់គ្រងអន់ បើនៅក្រុមហ៊ុនធំៗទៀត វាអ៊ីចឹងទៀត ហានិភ័យទៀត ពលរដ្ឋបាត់បង់ដីលួចប្លន់វាលើសដើម។ ឈឺក្បាលណាស់ ស្រុករវៀងនិយាយទៅ»។
មុនពេលមិនទាន់មានវត្តមានក្រុមហ៊ុនឯកជនចម្រាញ់រ៉ែមាស និងទីតាំងអាជីវកម្មរ៉ែខុសច្បាប់នៅតំបន់ភ្នំលុង កាលពី២០ឆ្នាំមុន។ តំបន់ភ្នំលុងគឺជាកន្លែងផ្តល់សក្ដានុពល សម្រាប់អ្នកភូមិរកអនុផលព្រៃឈើ និងរែងរ៉ែមាសលក្ខណៈសហគមន៍ ក៏ប៉ុន្តែមកទល់ពេលនេះ មុខរបរទាំងនេះ បានបាត់បង់ស្ទើរទាំងស្រុងហើយ។
ចំណែកអាជ្ញាធរមូលដ្ឋានតែងតែលម្អៀងខាងភាគីក្រុមហ៊ុន និងថៅកែជនជាតិវៀតណាម គំរាមឱ្យពលរដ្ឋលក់ដីថោកៗ ហើយមានពលរដ្ឋខ្លះទៀតផ្លាស់ប្ដូរលំនៅឋាន ព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងរ៉ែ លោក អ៊ឹង ឌីប៉ូឡា បាននៅឡើយទេ នៅថ្ងៃទី២៤ មីនា។
ក៏ប៉ុន្តែអ្នកនាំពាក្យរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែសីហា ឆ្នាំ ២០២២ ដោយអះអាងថា ក្រសួងរ៉ែ បានលុបបំបាត់ស្ទើរតែទាំងស្រុងនូវអាជីវកម្មរ៉ែបែបអនាធិបតេយ្យនានាទូទាំងប្រទេស ដើម្បីធានាបាននូវសុខដុមរមនាដល់ពលរដ្ឋរស់នៅតំបន់រ៉ែមាស។
លោកថា ក្រុមហ៊ុនឌែលខម គ្រោងនឹងផលិតមាសឱ្យបាន៣៤០ គីឡូក្រាមក្នុងមួយឆ្នាំដោយត្រូវបង់ពន្ធសួយសារជូនរដ្ឋជិត៦០ ម៉ឺនដុល្លារ(៦០.០០០) ក្នុងមួយឆ្នាំដែលគម្រោងនេះជាការបណ្ដាក់ទុនរួមគ្នាជាមួយអ្នកវិនិយោគក្នុងស្រុក និងជនជាតិចិន។
លោក អ៊ឹង ឌីប៉ូឡា៖ «តើមូលនិធិរ៉ែបានមកពីណា នៅពេលក្រុមហ៊ុនមួយ គាត់ធ្វើអាជីវកម្មរ៉ែនៅទីតាំងរ៉ែនៅចំណុចណា គាត់មានកាតព្វកិច្ចបង់មូលនិធិរ៉ែ ។ ដូច្នេះហើយ សូមលោកមេឃុំ ប្រជុំក្រុមប្រឹក្សា តើឃុំហ្នឹងមានតម្រូវការអ្វីខ្លះ»?
ចំណែក មេឃុំរមទម អ្នកស្រី វឹក យា មានប្រសាសន៍ថា អាជ្ញាធរឃុំបានដាក់ពាក្យស្នើសុំទៅក្រសួងរ៉ែ ដើម្បីកសាងផ្លូវមួយខ្សែប្រវែង ៧ គីឡូម៉ែត្រ ហើយមកទល់ពេលនេះ ស្ថាប័នពាក់ព័ន្ធបានចុះសិក្សារួចហើយ ដោយត្រៀមនឹងស្ថាបនាផ្លូវ នៅពេលឆាប់ៗខាងមុខនេះ។
លោកស្រីបន្ថែមថា ក្រុមប្រឹក្សាឃុំ បានប្រជុំពិភាក្សាគ្នារួចហើយថា នឹងអភិវឌ្ឍនៅតំបន់ណាមួយ ជាអាទិភាពដូចជា ផ្លូវថ្នល់នៅតំបន់ដាច់ស្រយាល បង្គន់អនាម័យ អណ្តូងទឹក និង សាលារៀនជាដើម ព្រោះថវិកាកសាងទាំងនេះ ជាប្រាក់ជំនួយពីក្រុមហ៊ុនរ៉ែមាស និងអ្នកពាក់ព័ន្ធ។
អ្នកស្រី វឹក យា៖ «គេជួយហើយតើ នៅសាលាឃុំខ្ញុំក៏គេជួយតើ គេជួយធ្វើខ្លោងទ្វារ និងបង្គន់អនាម័យ ដាក់ដី និងទិសសម្ភារៈ។ ខ្ញុំដឹងតែតិចតែសំខាន់ឱ្យបានជួយមកបណ្តើរៗ»។
តំបន់ភ្នំលុងមានផ្ទៃដីជាង ១ពាន់ ២រយហិកតារ (១.២៦២ ) ដែលសំបូរដោយរ៉ែមាសក្រោមនៅដីត្រូវបានក្រុមហ៊ុនឌែលខម និងក្រុមហ៊ុនមួយចំនួនទៀត រួមទាំងថៅកែជនជាតិវៀតណាមជាច្រើននាក់ ពុះចែកគ្នាធ្វើអាជីវកម្មដោយបើកចំហ។
មកទល់ពេលនេះមានពលរដ្ឋជាង ២០០គ្រួសារ រស់នៅក្នុងភូមិចំនួន ០៧ ដែលភាគច្រើនជាជនជាតិដើមភាគតិចកួយ កំពុងមានជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន និងបុគ្គលមានអំណាច បន្ទាប់ពីមានវត្តមានក្រុមហ៊ុនទាំងនេះ។
ពលរដ្ឋចាត់ទុកអាជីវកម្មរ៉ែមាសទាំងនេះ ជាឧក្រិដ្ឋកម្មធនធានធម្មជាតិកេងប្រវ័ញ្ចសម្បត្តិជាតិជាច្រើនឆ្នាំមកហើយធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលជាតិ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីតំណាងក្រុមហ៊ុន ឌែលខម ខែមបូឌា បាននៅឡើយទេនៅថ្ងៃទី២៤ មីនា។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ យល់ថា រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញនូវបញ្ហានេះ ព្រោះការបណ្តែតបណ្តោយឱ្យមានអាជីវកម្មរ៉ែមាសខុសច្បាប់ ប៉ះពាល់ធំធេងដល់បរិស្ថាន និងរំលោភសិទ្ធិពលរដ្ឋ។ លោកថា រដ្ឋាភិបាលគួរតែអនុវត្តច្បាប់លើមន្ត្រីខិលខូច ដែលឃុបឃិតជាមួយជនបរទេសធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់។
លោក ឡោ ចាន់៖ «កុំថាតែមួយឆ្នាំ ឬ ៤ និង ១០ ឆ្នាំ ចង់៤០ឆ្នាំទៀត ក៏នៅដដែលៗដែរ ព្រោះរឿងហ្នឹងមិនចេះហើយដែរ។ ត្រូវសំអាតឱ្យស្អាតមន្ត្រីមួយចំនួនឃុបឃិតជាមួយឈ្មួញខុសច្បាប់ ទើបអាចទៅរួច»។
តំណាងពលរដ្ឋ លោក ទុយ ឆេង បន្ថែមថា អាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង អាចរកមាសបានជាច្រើនតោនក្នុងមួយឆ្នាំៗ រយៈពេលជាង១០ ឆ្នាំមក ហើយមិនបានបង់ពន្ធចូលរដ្ឋទាល់តែសោះ។
ចំណែក អ្នកដែលទទួលប្រយោជន៍ គឺក្រុមអ្នកមានអំណាច មន្ត្រីខិលខូច និងក្រុមហ៊ុន។ រីឯពលរដ្ឋខ្មែរមិនត្រឹមតែគ្មានបានផលពីអាជីវកម្មទាំងនេះទេ បែរជាក្លាយជាជនរងគ្រោះដោយសារវិបត្តិដីធ្លី ធនធានធម្មជាតិ និងគោក្របីងាប់អស់ជាច្រើនក្បាលដោយសារពុលសារធាតុគីមី៕
1 comment:
Everything is destroyed under thank you peace Kanduoy Meh Vear.
Again with Ah Roleuy Hun Sen, Khmer Oss Ey Oss Touv. How many Khmer people die during the K5 project ? Ah Chker Chkuot Hun Sen killed Khmer people to please the evil Yuon in exchange for his power.
Post a Comment