Friday 24 March 2023

តុលាការ​កំពូល​រក្សា​ការ​ចោទប្រកាន់​លើ​កូដករ​ណាហ្គាវើលដ៍​៧​នាក់ និង​បន្ត​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ


ដោយ ថា ថៃ
2023.03.24
តុលាការ​កំពូល​រក្សា​ការ​ចោទប្រកាន់​លើ​កូដករ​ណាហ្គាវើលដ៍​៧​នាក់ និង​បន្ត​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ  
ប្រធាន​សហជីព​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ ពេលត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​កំពូល​ នៅ​ថ្ងៃទី២៤ មីនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

 

តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា សម្រេច​បដិសេធ​បណ្ដឹង​សាទុក្ខ​របស់​ស្ត្រី​សហជីព​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៧​រូប ដោយ​រួមមាន​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ផង​ដែរ ។

សាលដីកា​របស់​តុលាការ​កំពូល​នេះ សម្រេច​បន្ត​ឃុំខ្លួន​កញ្ញា ស៊ីថរ នៅក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ញុះញង់​ដែល​កំពុង​ដំណើរការ​សវនាការ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ចំណែក​ស្ត្រី​ចំនួន​៦​រូប​ទៀត រួមមាន អ្នកស្រី ឈឹម សុខន លោកស្រី ហៃ សុភាព លោកស្រី ឃ្លាំង សុបិន្ត លោកស្រី រី សុវណ្ណឌី លោកស្រី ស៊ុន ស្រី​ពេជ្រ និង​លោកស្រី ទូច សិរីមាស ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ នឹង​ត្រូវ​បន្ត​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដដែល។ 

 

ការ​ចោទ​ប្រកាន់ និង​ការ​ដាក់​ទោស​ទណ្ឌ​ទៅលើ​ស្ត្រី​សហជីព​ទាំង​៧​រូប ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់​នេះ ដោយសារតែ​សកម្មភាព​កូដកម្ម​អហិង្សា​របស់​ពួកគេ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះស្រាយ​វិវាទ​ការងារ ក្រោយ​ពេល​ក្រុមហ៊ុន បាន​បញ្ឈប់ បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ ដែល​រួមមាន​ថ្នាក់ដឹកនាំ​និង​សមាជិក​សហជីព​ណាហ្គាវើលដ៍ ក្នុង​បំណង​រំលាយ​សហជីព​មួយ​នេះ។ ដំបូង​ឡើយ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ស្ត្រី​សហជីព​ទាំង​៧​រូប​ជា​បន្តបន្ទាប់ កាល​ពី​ដើម​ឆ្នាំ​២០២២ ហើយ​ត្រូវ​បាន​ដោះលែង​វិញ ក្រោយ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​២​ខែ ។

ប៉ុន្តែ ប្រធាន​សហជីព កញ្ញា ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​ឡើងវិញ នៅ​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស (​ម​២) ម្តង​ទៀត កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រហូត​មក​ដល់​ពេល​នេះ​។

ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​មន្ត្រី​សិទ្ធិមនុស្ស ចាត់ទុក​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺជា​រឿង​អយុត្តិធម៌។

No comments: