Monday 6 March 2023

អ្នក​វិភាគ​ថា កម្ពុជា​អាច​បាត់​ការ​អនុគ្រោះ​ពន្ធ EBAទាំង​ស្រុង ដោយ​សារ​ការ​ផ្ដន្ទាទោស​លោក កឹម សុខា


ដោយ យ៉ង ចាន់តារា
2023.03.04
អ្នក​វិភាគ​ថា កម្ពុជា​អាច​បាត់​ការ​អនុគ្រោះ​ពន្ធ EBAទាំង​ស្រុង ដោយ​សារ​ការ​ផ្ដន្ទាទោស​លោក កឹម សុខា 

រូបទង់ជាតិសហភាព​អឺរ៉ុប និងប្រទេស​កម្ពុជា។
Photo Courtesy


ក្រុម​អ្នក​វិភាគ​ព្រួយ​បារម្ភ​ថា​ ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ប្រឆាំង​ការ​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា បាត់​បង់​ការ​អនុគ្រោះ​ពន្ធEBAបន្ថែម​ឬ​ទាំង​ស្រុង​ពី​សហភាព​អឺរ៉ុប ហើយ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​គឺ​ក្រុម​កម្មករ។ ប៉ុន្តែ​មន្រ្តី​បក្ស​កាន់​អំណាច​ថា ការ​ដក​អនុគ្រោះ​EBAទាំង​ស្រុង​ មិន​អាច​ធ្វើ​ឱ្យ​កម្មករ​កម្ពុជា​គ្មាន​ការងារ ធ្វើ​ឡើយ។

អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​លើក​ឡើង​ថា ការ​ផ្ដន្ទា​ទោស​លោក កឹម សុខា ដោយ​ខ្វះ​ភាព​យុត្តិធម៌ នាំ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ធ្លាក់​ចុះ ​និង​អាច​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ប្រឈម​មុខ​បន្ថែម​ទៀត​ទៅ​នឹង​បញ្ហា​នយោបាយ​ការ​បរទេស​នៅ​លើ​ឆាក​អន្តរ​ជាតិ។ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ព្រួយ​បារម្ភ​ថា ​បញ្ហា​នេះ​កំពុង​នាំ​ឱ្យ​កម្ពុជា​ប្រឈម​ការ​បាត់​បង់​ការ​អនុគ្រោះ​ពន្ធEBAពី​សហភាព​អឺរ៉ុប​បន្ថែម​ឬ​ទាំង​ស្រុង ហើយ​កម្ពុជា​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធGSPពី​សហរដ្ឋ​អាមេរិក​ដូច​ដើម​វិញ​ដែរ។



លោក​មាន​ក្ដី​ព្រួយ​បារម្ភ​បែប​នេះ ដោយ​សារ​សហគមន៍​អន្តរជាតិ​ បាន​តាម​ដាន​ការ​វិវត្ត​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​យ៉ាង​ដិត​ដល់ និង​ចង់​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ងាក​ទៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។

    លោក ឯម សុវណ្ណារ៉ា៖ «EBA អាច​ប្រឈម​នឹង​ការ​បាត់​បង់​ភាគ​រយ​ត​ទៅ​ទៀត ឬ​ក៏​អាច​ទាំង​ស្រុង​ បើ​តាម​ប្រសាសន៍​របស់​សហភាព​អឺរ៉ុប​ដែល​បាន​លើក​ឡើង​កាល​មុន​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​កន្លង​មក​ថា ចាំ​មើល​ស្ថានភាព​បរិយាកាស​នយោបាយ​និង​បោះឆ្នោត​ មាន​ស្ថានភាព​ប្រសើរ​ឬ​អត់»។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​បន្ត​ថា ប្រសិន​បើ​កម្ពុជា​បាត់​បង់EBAទាំង​ស្រុង​ និង​លែង​ទទួល​បានGSPវិញ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​កម្ពុជា​ទូទៅ​ទាំង​អស់។ លោក​បន្ថែម​ថា ​ការ​បាត់បង់​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​នេះ អាច​ធ្វើ​ឱ្យ​កម្ពុជា​ដែល​ជា​ប្រទេស​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ នឹង​ត្រូវ​ជួប​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ ជា​ពិសេស​ការ​នាំ​ចេញ​ទំនិញ​ក្នុង​វិស័យ​វាយនភណ្ឌ។ លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ទៀត​ថា​ កាល​ណា​ការ​នាំ​ចេញ​ទំនិញ​ធ្លាក់​ចុះ នឹង​ធ្វើ​ឱ្យ​ផល​ប្រយោជន៍​សេដ្ឋកិច្ចជាតិ ​និង​ជីវភាព​ពលរដ្ឋ​ទាំង​មូល​ក៏​ធ្លាក់​ចុះ​តាម​គ្នា​ដែរ។ ការ​លើក​ឡើង​របស់​អ្នកវិភាគ​នេះ បន្ទាប់​ពី​បណ្ដា​ប្រទេស​លោក​សេរី បាន​ថ្កោលទោស​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ផ្ដន្ទា​ទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ឱ្យ​ជាប់​ពន្ធនាគារ​២៧​ឆ្នាំ​ដោយ​ឃុំ​នៅ​ក្នុង​ផ្ទះ​ និង​ត្រូវ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​អស់​របស់​លោក ពី​បទ​ក្បត់​ជាតិ។

សេចក្ដី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា​ ដំណើរ​ការ​ច្រើន​ឆ្នាំ​ដើម្បី​បំបិទ​សម្លេង​លោក កឹម សុខា ដោយ​ផ្អែក​លើ​បទ​សម​គំនិត​ប្រឌិត​ គឺ​ជា​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិធម៌។ ប្រទេស​មហា​អំណាច​មួយ​នេះ​បន្ត​ថា​ ការ​បដិសេធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​ម​តិ និង​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា និង​អ្នក​ធ្វើ​នយោបាយ​ផ្សេង​ទៀត​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​កម្ពុជា បំណង​អន្តរជាតិ​ និង​វឌ្ឍនភាព​កន្លង​មក​ដើម្បី​ក្លាយ​ជា​សង្គម​ពហុបក្ស​ប្រកប​ដោយ​បរិយាបន្នកម្ម​មួយ។

រីឯ​ស្ថាន​ទូត​ចក្រភព​អង់គ្លេស​បាន​បង្ហោះ​ខ្លឹម​សារ​នៅ​ក្នុង​បណ្ដាញ​ទ្វីតធឺ (Twitter) ថា​ ការ​ផ្ដន្ទា​ទោស​លោក កឹម សុខា នេះ​គឺ​ជា​ក្ដី​បារម្ភ​ដ៏​ខ្លាំង​បំផុត​មួយ​ ហើយ​នឹង​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត។ ជា​មួយ​គ្នា​នេះ​ ស្ថាន​ទូត​បារាំង​បាន​បង្ហោះ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ក្នុង​បណ្ដាញ​ទ្វីតធឺ​ដែរ​ថា សហភាព​អឺរ៉ុប អំពាវនាវ​អាជ្ញាធរ​កម្ពុជា​ជា​ថ្មី ឱ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ ដើម្បី​ស្តារ​សិទ្ធិ​នយោបាយ​របស់​លោក​ឡើង​វិញ​ និង​ត្រូវ​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​ដល់​ការ​បោះឆ្នោត​ប្រកប​ដោយ​តម្លាភាព និង​គួរ​ឱ្យ​ជឿជាក់។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អ្នកស្រី អេឡេន ភាសុន (Elaine Pearson)បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​ទ្វីតធឺ​របស់​អ្នកស្រី​ថា ការ​កាត់​ទោស​មេបក្ស​ប្រឆាំង​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​២៧​ឆ្នាំ​ ជា​រឿង​អយុត្តិធម៌​យ៉ាង​សាហាវ​បំផុត​មួយ។ អ្នកស្រី​បន្ត​ថា​ វា​បង្ហាញ​ពី​ភាព​ខ្វះខាត​ឯករាជ្យ​ភាព​ទាំង​ស្រុង​របស់​តុលាការ​កម្ពុជា​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​បរិយាកាស​នយោបាយ​តាម​ការ​ចង់​បាន​របស់​ខ្លួន។

ឆ្លើយ​តបនឹង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​វិភាគ​នយោបាយ មន្រ្តី​នាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន លើក​ឡើង​ថា​ ប្រសិន​បើ​សហគមន៍​អន្តរជាតិដាក់​សម្ពាធ​ឬ​ដក​ការ​អនុគ្រោះEBAបន្ថែម​ពីកម្ពុជា ដោយ​សារ​ការ​កាត់​ទោស​លោក កឹម សុខា លោក​ថា ​នោះ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ លោក​បន្ត​ថា​ កម្ពុជា​ក៏​មិន​មាន​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​កម្មករ​ត្រូវ​បាត់បង់​ការងារ​ដោយ​សារការដក​ប្រពន្ធ​អនុគ្រោះ​EBAនោះ​ដែរ ព្រោះ​លោក​ថា​ វា​មិន​អាច​ធ្វើ​ឱ្យ​រោងចក្រ​ត្រូវ​បិទ​ទ្វារ​ឡើយ។

    លោក សុខ ឥសាន៖ «ការ​កាត់​EBAហ្នឹង​មិន​មាន​សេចក្ដី​ថា ​បិទ​ការ​នាំ​ទំនិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទៅ​ចូល​ សហភាព​អឺរ៉ុប​ទេ។ ដូច្នេះ! រោងចក្រ សហគ្រាស ដែល​កាត់​ដេរ​សំលៀក​បំពាក់ និង​សម្ភារៈ​ធ្វើ​ដំណើរ​មិន​មាន​បិទ​រោងចក្រ​ទេ។ ដូច្នេះ! បើ​អត់​បិទ​រោងចក្រ កម្មករ​នៅ​តែ​មាន​ការងារ​ធ្វើ​ដដែល»។

ផ្ទុយ​ពី​ការ​អះអាង​របស់​តំណាង​គណបក្ស​កាន់​អំណាច​នេះ ​របាយ​ការណ៍​របស់​សហជីព​ឯករាជ្យ​បង្ហាញ​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០២៣នេះ កម្មករ​រាប់​ពាន់​នាក់​កំពុង​ប្រឈម​ការ​លំបាក​ចិញ្ចឹម​ជីវិត​ ដោយ​សារ​មាន​រោងចក្រ​ប្រមាណ​៩០ ខ្លះ​បាន​បិទ​ទ្វារ​រោងចក្រ ខ្លះ​ព្យួរ​ការងារ​កម្មករ​ និង​ខ្លះ​កាត់​បន្ថយ​បុគ្គលិក។ បន្ថែម​ពី​នេះ​មាន​រោងចក្រ​ប្រមាណ​៨០គ្មាន​វត្ថុ​ធាតុ​ដើម​សម្រាប់​កាត់​ដេរ។

ជុំវិញ​រឿង​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ និង​ជា​អ្នកវិភាគ​នយោបាយ​កម្ពុជា​មួយ​រូប​ទៀត លោក វណ្ណ ប៊ុនណា យល់​ឃើញ​ថា​ មូល​ហេតុ​ដែល​រដ្ឋាភិបាល​មិន​ឆ្លើយ​តប​ទៅ​តាម​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ និង​មិន​សូវ​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​នោះ ​ពី​ព្រោះ​រដ្ឋាភិបាល​គិត​ថា មាន​ចិន​និង​ប្រទេស​មួយ​ចំនួន​ទៀត​ជា​ខ្នង​បង្អែក។ ប៉ុន្តែ​លោក​ថា​ ចិន​អាច​ជួយ​គាំទ្រ​ត្រឹម​ផ្នែក​សេដ្ឋកិច្ច​ឱ្យ​រដ្ឋាភិបាល និង​ក្រុម​អ្នក​ដឹក​នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ​មិន​អាច​ជួយ​ទៅ​ដល់​ពលរដ្ឋ​និង​កម្មករ​ធម្មតា​ឡើយ។

    លោក វណ្ណ ប៊ុនណា៖ «រដ្ឋាភិបាល​អាច​ពឹង​លើ​ចិន មាន​ន័យ​ថា ចិន​ផ្ដល់​ប្រយោជន៍​ ឬ​ផ្ដល់​ជា​ ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ទៅ​ដល់​រដ្ឋាភិបាល ឬ​ក៏​ក្រុម​រដ្ឋាភិបាល ក្នុង​ការ​បន្ត​កុំ​ឱ្យ​រង​សម្ពាធ។ ប៉ុន្តែ​ ចិន​មិន​អាច​ជំនួស​ប្រទេស​លោក​សេរី​ទាំង​អសនោះទេ។ អ៊ីចឹង! មាន​ន័យ​ថា ប្រសិន​បើ​ទណ្ឌកម្ម​កើត​មាន នឹង​ប៉ះពាល់​ទៅ​ដល់​ប្រជាពល​ធម្មតា ជា​ពិសេស​កម្មករ កម្មការិនី​ធ្វើ​ការ​នៅ​តាមរោងចក្រ ឬ​ធ្វើ​ការងារ​ក្រៅ​វិស័យ នឹង​ប៉ះ​ពាល់​ផ្ទាល់»។

ទិន្នន័យ​ពាណិជ្ជកម្ម​ឆ្នាំ​២០២២ បង្ហាញ​ថា មិត្ត​ដែក​ថែប​ចិន​ដែល​លោក ហ៊ុន សែន តែង​ពឹង​អាស្រ័យ មិន​បាន​ផ្តល់ផល​ចំណេញ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​ឡើយ។ របាយ​ការណ៍​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផ្សាយ​នៅ​ដើម​ឆ្នាំ​២០២៣​នេះ​បង្ហាញ​ថា ​កម្ពុជា​មាន​ឱន​ភាព​ពាណិជ្ជកម្ម​ជា​មួយ​ចិន​រហូត​ដល់​ជិត ១០​ពាន់​លាន​ដុល្លា​រ ពោល​គឺ​ចិន​បាន​យក​កម្ពុជា​ធ្វើ​ជា​ទី​ផ្សារ​សម្រាប់​ដាក់​លក់​ទំនិញ​របស់​ខ្លួន​មាន​តម្លៃ​ជាង​១០​ពាន់​លាន​ដុល្លារ​ ខណៈ​ចិន​បាន​ទិញ​ទំនិញ​ពី​កម្ពុជា​វិញ​ត្រឹម​១ពាន់​១​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ។

ផ្ទុយ​ទៅ​វិញ កម្ពុជា​បាន​រក​ស៊ី​ចំណេញ​ខ្លាំង​ជា​មួយ​សហរដ្ឋអាមេរិក។ អាមេរិក​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ទំនិញ​ទៅ​ដាក់​លក់​លើ​ទី​ផ្សារ​របស់​ខ្លួន​មាន​តម្លៃ​ជិត​៩ពាន់​លាន​ដុល្លារ​ ខណៈ​អាមេរិក​បាន​នាំ​ទំនិញ​មក​ដាក់​លក់​នៅ​កម្ពុជា​ត្រឹម​៣០០​លាន​ដុល្លារ៕

1 comment:

Anonymous said...

Ah Kwack Hun Sen yelled: Oss Ey Oss Touv, Kom Oy Teh Anh Oss Amnach.