2023.04.02
មន្ត្រីគណបក្សកាន់អំណាចលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដានេះ នឹងត្រូវចាត់ទុកថា សេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រសិនបើពលរដ្ឋទៅបោះឆ្នោតច្រើន ហើយ ទោះគ្មានអ្នកសង្កេតការណ៍មកពីក្រុមប្រទេសលោកសេរីក្ដី។ ប៉ុន្តែ ផ្ទុយទៅវិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវឱ្យអ្នកសង្កេតការណ៍អន្តរជាតិចូលរួមឃ្លាំមើលការបោះឆ្នោតនេះ ស្របពេលប្រទេសខ្លះប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍ទៅកម្ពុជា។
មន្ត្រីគណបក្សកាន់អំណាចយល់ឃើញថា អ្នកសង្កេតការណ៍បោះឆ្នោតមកពីប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យធំៗ មិនមែនជាកត្តាកំណត់ថា ការបោះឆ្នោតជ្រើសតាំងតំណាងអាណត្តិទី៧ នៅថ្ងៃទី២៣ កក្កដា ខាងមុខ ជាការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។
មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា ការបោះឆ្នោត ជារឿងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយមានតែមានពលរដ្ឋកម្ពុជាប៉ុណ្ណោះ ទើបអាចកំណត់ថា ការបោះឆ្នោតខាងមុខនេះ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ លោកបន្តថា ទោះគ្មានអ្នកសង្កេតការណ៍អន្តរជាតិ ហើយលទ្ធផលបោះឆ្នោតមិនត្រូវបានគេទទួលស្គាល់យ៉ាងណាក៏ដោយ ប៉ុន្តែឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស នាំគ្នាទៅបោះឆ្នោតឱ្យបានច្រើន គឺចុងក្រោយ លោក ហ៊ុន សែន នៅតែត្រូវបានទទួលស្គាល់ជានាយករដ្ឋមន្ត្រីដដែល ដូចក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០១៨។
លោក សុខ ឥសាន៖ «គ.ជ.បលោកអនុវត្តទៅតាមច្បាប់ស្ដីពីការបោះឆ្នោតទៅតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.បឱ្យតែធ្វើត្រឹមត្រូវ ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ហើយប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលប់ មានភាគរយខ្ពស់។ ខ្ញុំយល់ថា នោះហើយជាកត្តាកំណត់នៃជ័យជំនះ នៃការបោះឆ្នោតនៅកម្ពុជា»។
ការលើកឡើងពីមន្ត្រីរបស់លោក ហ៊ុន សែន នេះបានធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះលោក សម រង្ស៊ី ស្នើបណ្ដាប្រទេសប្រជាធិបតេយ្យពិតប្រាកដ កុំបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាក្នុងខែកក្កដាខាងមុខនេះ ខណៈលោកចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយរៀបចំឡើង ដើម្បីរក្សាអំណាចឱ្យលោក ហ៊ុន សែន ដូចកាលពីឆ្នាំ២០១៨។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិស្ដីពីការបោះឆ្នោតជាតិ នៅក្នុងខែកក្កដា ដែលផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៣១ មីនា បានលើកឡើងថា ស្របពេលលោក សម រង្ស៊ី ស្នើសុំអន្តរជាតិកុំឱ្យបញ្ជូនអ្នកសង្កេតការណ៍នោះ គណបក្សសង្គ្រោះជាតិ ក៏ទទួលបានព័ត៌មានចុងក្រោយថា មូលហេតុដែលបណ្ដាប្រទេសទាំងនោះសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍ ដោយសារពួកគេយល់ថា ជាការបោះឆ្នោតក្លែងក្លាយ។
ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនេះ បានកើតឡើងស្របពេលតំណាងរាស្ត្រសភាអឺរ៉ុប និងជាសមាជិកគណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ អ្នកស្រី ហៃឌី អូថាឡា (Heidi Hautala) និងប្រធាននាយកដ្ឋានកិច្ចការបរទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សហភាពអឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ (Barbara Plinkert) រួមទាំងស្ថានទូតបារាំង និងស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីចុងខែមីនា បានចេញមុខប្រកាសជំហរជាថ្មីជាបន្តបន្ទាប់ ថាពួកគេមិនបានសម្រេច ឬមានចេតនា និងមានផែនការបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកឃ្លាំមើលការបោះឆ្នោតនៅក្នុងខែកក្កដានេះឡើយ។ មន្រ្តីក្រុមប្រទេសធំៗទាំងនេះបញ្ជាក់ថា ប្រទេសរបស់ពួកគេ នៅតែបន្តលើកទឹកចិត្តឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្កើតបរិយាកាសមួយអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលដំណើរការដោយគ្មានការរារាំង ជាមុនសិន។
ការចេញមកប្រកាសជំហរជាថ្មីនេះ ខណៈមន្ត្រីរបស់សភាអឺរ៉ុបបានបង្ហាញការភ្ញាក់ផ្អើល ក្រោយពីឃើញប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានមួយចំនួន និងមន្ត្រីជាន់ខ្ពស់របស់លោក ហ៊ុន សែន បាននាំគ្នាខិតខំផ្សព្វផ្សាយព័ត៌មានមិនពិតថា ក្រុមបណ្ដាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យទាំងនេះ នឹងបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅក្នុងខែកក្កដា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី៣១ មីនា បានចេញប្រកាសអំពាវនាវសមាគម និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅក្នុងខែកក្កដា ខាងមុខនេះ ខណៈការចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ នឹងធ្វើឡើងដល់ថ្ងៃទី១២ ខែកក្កដា និងការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ នឹងធ្វើឡើងដល់ថ្ងៃទី១៩ កក្កដា។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបពីមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានទេ។
មន្ត្រីនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ បានលើកឡើងថា ការស្នើរបស់លោក សម រង្ស៊ី ទៅសហគមន៍អន្តរជាតិកុំឱ្យបញ្ជូនអ្នកសង្កេតការណ៍នេះ ជារឿងដាច់ដោយឡែកនិងមិនពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀននោះទេ។ លោកបន្តថា នៅពេលនេះ គណបក្សភ្លើងទៀន បានត្រៀមបណ្ដុះបណ្ដាលភ្នាក់ងារអ្នកសង្កេតការណ៍របស់គណបក្សដើម្បីដាក់ពង្រាយតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ក្នុងការជួយឃ្លាំមើល និងការពារសន្លឹកឆ្នោត។
លោក គីមសួរ ភីរិទ្ធ៖ «ឥឡូវនេះ យើងកំពុងតែជ្រើសរើសឱ្យគ្រប់ចំនួន ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលពីដើមខែហ្នឹងទៅជាបណ្ដើរៗ ជាវគ្គៗ។ ហើយសំខាន់ យើងបណ្ដុះបណ្ដាលគ្រូបង្គោលសិន ហើយគ្រូបង្គោលហ្នឹងត្រូវចុះទៅបណ្ដុះបណ្ដាលភ្នាក់ងារ នៅដល់មូលដ្ឋានខេត្តតែម្ដង ដើម្បីពង្រឹងសំដៅធ្វើយ៉ាងណា គាត់មានការយល់ដឹងកាន់តែច្បាស់ពីរបៀបការពារសន្លឹកឆ្នោត។ ហើយមិនមែនបណ្ដុះបណ្ដាលតែម្ដងទេ គឺបណ្ដុះបណ្ដាលហើយបណ្ដុះបណ្ដាលទៀត»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ដែលគ្មានអ្នកសង្កេតការណ៍មកពីក្រុមប្រទេសលោកសេរីនោះទេ ទោះបីជា លោក ហ៊ុន សែន បានខិតខំប្រមែប្រមូលក្រុមអង្គការសមាគមក្នុងស្រុក ដែលសុទ្ធជាអ្នកគាំទ្ររដ្ឋាភិបាលរបស់លោក និងមិនធ្លាប់ចូលរួមឃ្លាំមើលការបោះឆ្នោតពីមុន និងគ្មានជំនាញរឿងបោះឆ្នោត ហើយសមាគមខ្លះមានអ្នកសង្កេតការណ៍ត្រឹម ២ទៅ១០នាក់ ក៏ឱ្យចូលរួមការឃ្លាំមើលការបោះឆ្នោតនៅពេលនោះដែរ។ ក្រុមអង្គការសមាគមទាំងនោះ មានដូចជាសមាគមសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា (CDSIF) សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា (CHEA) និងសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា ស.ស.យ.ក ដែលគ្រប់គ្រងដោយលោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់ លោក ហ៊ុន សែន។
លើសពីនេះ ចំពោះអ្នកសង្កេតការណ៍មកពីអន្តរជាតិវិញ មានដូចជា មកប្រទេសចិន វៀតណាម សិង្ហបុរី និងប្រទេសភូមា និងអង្គការអាយខាប់ (ICAPP-International Conference of Asian Political Parties) ដែលធ្លាប់គេរិះគន់ថា បានទទួលលុយពីរបបលោក ហ៊ុន សែន ជាថ្នូរនឹងការចូលរួមសង្កេតការណ៍បោះឆ្នោត។
អ្នកតាមដានស្ថានការណ៍នយោបាយបណ្ឌិត សេង សារី លើកឡើងថា ការបង្រ្កាបរបស់ លោក ហ៊ុន សែន ដើម្បីផ្ដួលដៃគូនយោបាយក្រៅសង្វៀនបោះឆ្នោតជាបន្តបន្ទាប់មកនេះ ជាបញ្ហានាំឱ្យមានការចោទសួរ និងលើកឡើងថា ការបោះឆ្នោតខាងមុខ នឹងមិនសេរី និងយុត្តិធម៌។ លោកយល់ថា ថ្វីត្បិតប្រឈមការបង្ក្រាបយ៉ាងណាក្ដី អ្នកនយោបាយប្រឆាំង មិនត្រូវដើរចេញពីសង្វៀនបោះឆ្នោតឡើយ បើទោះជាការតស៊ូដើម្បីផ្លាស់ប្ដូរនៅកម្ពុជា ជារឿងដ៏ពិបាកក្ដី។
លោក សេង សារី៖ «ហើយកត្តាកំណត់នៃការផ្លាស់ប្ដូរនៅក្នុងគន្លងប្រជាធិបតេយ្យពិតប្រាកដ គឺអ្នកដែលកំណត់ជោគវាសនារបស់អ្នកនយោបាយ មិនមែនអ្នកនយោបាយទេ។ អ្នកដែលកំណត់ជោគវាសនារបស់អ្នកនយោបាយ គឺប្រជាពលរដ្ឋ។ ដូច្នេះ! ខ្ញុំមើលឃើញថា ការទទួលបានការធ្វើទុក្ខបុកម្នេញ ការធុញទ្រាន់នឹងរបៀបរបបដឹកនាំ ដដែល ខ្ញុំគិតថា ពលរដ្ឋកម្ពុជាបច្ចុប្បន្ននេះ ទទួលយល់ទទួលដឹងអំពីស្ថានភាពពិត អ៊ីចឹង! គាត់ត្រូវការពេលវេលា គាត់ត្រូវការរង់ចាំពេលវេលាសមស្របមួយដើម្បីផ្លាស់ប្ដូរ»។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល គណបក្សសង្គ្រោះជាតិបានបញ្ជាក់ទៀតថា ខ្លួនស្វាគមន៍សេចក្ដីសម្រេចថ្មី ឬការព្រមានដកការអនុគ្រោះពន្ធEBAបន្ថែម ដែលបានអនុម័តកាលពីថ្ងៃទី ១៦ មីនា ដោយសភាអឺរ៉ុប ដើម្បីគាំទ្រឱ្យការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
សេចក្ដីថ្លែងការណ៍បន្តថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប បានកំណត់ជំហានជាមូលដ្ឋានដែលរបបដឹកនាំលោក ហ៊ុន សែន ត្រូវធ្វើដើម្បីសម្រួលដល់ការបោះឆ្នោតពិតប្រាកដមួយ ដូចជាការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ព្រមទាំងសមាជិកបក្សប្រឆាំងទាំងអស់ និងសកម្មជនសង្គមស៊ីវិល ដែលកំពុងរងការចោទប្រកាន់ និងជាប់ឃុំឃាំងដោយសាររឿងនយោបាយ។
គណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ថា ការដោះលែងលោក កឹម សុខា មានន័យថា ត្រូវបើកឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការដូចធម្មតាឡើងវិញ ដោយសារការចោទប្រកាន់មិនពិតលើលោក កឹម សុខា ជាមូលដ្ឋានយកទៅរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧។ ជាមួយគ្នានេះ មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួន ក៏ត្រូវតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកវិញ ដោយសុវត្ថិភាពមុនពេលយុទ្ធនាការឃោសនាបោះឆ្នោតដែរ៕
1 comment:
This scumbag Hun Sen will seize the power any way he can. He said Pol Pot was worse than him.
Post a Comment