2023.04.09
ពលរដ្ឋនិងមន្ត្រីបក្សប្រឆាំងរិះគន់តំណាងរាស្ត្រឯកបក្សអាណត្តិទី៦ ថា ជាក្រុមតំណាងឱ្យគណបក្ស នយោបាយ មិនមែនជាអ្នកបម្រើពលរដ្ឋពិតប្រាកដនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋសភាបានបំពាក់គ្រឿងឥស្សរិយយសឱ្យក្រុមតំណាងរាស្ត្រ ដោយអះអាងថា ពួកគេមានគុណបំណាច់ខិតខំបម្រើប្រទេសជាតិ និងពលរដ្ឋពេញមួយអាណត្តិមកនេះ។
ពលរដ្ឋរងគ្រោះដីធ្លី និងមន្ត្រីគណបក្សប្រឆាំងលើកឡើងថា តំណាងរាស្ត្រឯកបក្ស មិនបានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមច្បាប់រដ្ឋធម្មនុញ្ញឡើយ ព្រោះពួកគេរង់ចាំអនុវត្តទៅតាមការបង្គាប់បញ្ជា ឬដើរតាមគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ហើយមិនខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋទូទៅនោះទេ។
មន្ត្រីគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សង្កេតឃើញថា ក្រុមតំណាងរាស្ត្រអាណត្តិទី៦ មិនដែលចេញមុខជួយដោះស្រាយទុក្ខលំបាកពលរដ្ឋម្ដងណាឡើយ ថ្វីត្បិតពលរដ្ឋរងគ្រោះពីការរំលោភដីធ្លី ការរំលោភសិទ្ធិមនុស្ស និងអំពើអយុត្តិធម៌ក្នុងសង្គមជាច្រើនទៀត បាននាំគ្នាចេញតវ៉ា និងដាក់ញត្តិទៅដល់រដ្ឋសភាក្ដី។ លោកបន្តថា ជាក់ស្ដែង ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបាននាំគ្នាតវ៉ាដង្ហោយរកយុត្តិធម៌ នៅខាងមុខវិមានរដ្ឋសភាអស់ជិត២ឆ្នាំមកហើយនោះ ក៏ក្រុមតំណាងរាស្ត្រមិនដែលចាប់អារម្មណ៍យកភ្នែកមើលឡើយ។ លោកបន្ថែមថា លើសពីនេះ ក្រុមតំណាងរាស្ត្រ ក៏មិនដែលហៅតំណាងរដ្ឋាភិបាល មកសួរដេញដោលពីរឿងប្រទេសជាតិសំខាន់ៗនោះដែរ ប៉ុន្តែពួកគេគ្រាន់តែចាំលើកដៃហៃអើអនុម័តច្បាប់ប៉ុណ្ណោះ។
លោក អ៊ុំ សំអាន៖ «តំណាងរាស្ត្រទាំងអស់ហ្នឹង បម្រើគណបក្សប្រជាជនប៉ុណ្ណោះឯង លើកទឹកចិត្តឱ្យបម្រើគណបក្សប្រជាជនប៉ុណ្ណោះឯង ប៉ុន្តែពួកគេមិនបានបម្រើប្រទេសជាតិ និងពលរដ្ឋពិតប្រាកដទេ។ ដូច្នេះ! គ្រឿងឥស្សរិយស ដែលផ្ដល់ឱ្យតំណាងរាស្ត្រហ្នឹង គឺគ្មានតម្លៃអីនោះទេ»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងនេះធ្វើឡើង បន្ទាប់ពីប្រធានរដ្ឋសភាលោក ហេង សំរិន បានធ្វើជាអធិបតីបំពាក់គ្រឿងឥស្សរិយសក្រុមតំណាងរាស្ត្រនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៧ មីនា ដើម្បីតបស្នងគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ក្រុមតំណាងរាស្ត្រទាំងនោះ ដែលបានបំពេញការងារបម្រើជាតិ និងប្រជាជន។
រដ្ឋសភាបានបញ្ជាក់ថា ក្នុងមួយអាណត្តិមកនេះ ក្រុមតំណាងរាស្ត្របានអនុម័តច្បាប់សំខាន់ៗបានចំនួន១០៩ និងបានបំពេញតួនាទីក្នុងការបម្រើប្រជាពលរដ្ឋស្របតាមច្បាប់ ក្នុងភារកិច្ចសំខាន់ៗដូចជា ការធ្វើច្បាប់ និងការឃ្លាំមើលការអនុវត្តច្បាប់។ លើសពីនេះ តំណាងរាស្ត្រក៏បានខិតខំអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ និងបានយកសំណូមពរនិងក្ដីកង្វល់របស់ពលរដ្ឋមកដោះស្រាយបានយ៉ាងល្អប្រសើរ។
ថ្វីត្បិតមានការលើកឡើងពីរដ្ឋសភាបែបនេះក្ដី ប៉ុន្តែពលរដ្ឋម្នាក់នៅក្នុងចំណោមពលរដ្ឋជាង ១ពាន់គ្រួសារនៅខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅលោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១១ លោកស្រី មុំ សុភី លើកឡើងថា លោកស្រីមិនដែលបានឃើញមុខតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺម្ដងណាឡើយ ហើយកន្លងមក បើទោះជាមានវេទិកាតំណាងរាស្ត្រចុះជួបពលរដ្ឋ ក៏ក្រុមលោកស្រីដែលមានទំនាស់ដីធ្លី មិនត្រូវបានអញ្ជើញនិងផ្ដល់ដំណឹងឱ្យចូលរួមនោះដែរ។ លោកស្រីថា កន្លងមក ក្រុមពលរដ្ឋមានទំនាស់ដីធ្លី ថែមទាំងត្រូវបានចោទប្រកាន់ថា ជាក្រុមពលរដ្ឋគាំទ្របក្សប្រឆាំង និងត្រូវបានអាជ្ញាធរចាត់ទុកដូចជាសត្រូវរបស់ខ្លួន។
លោកស្រី មុំ សុភី៖ «គេថាខ្ញុំគណបក្សប្រឆាំង គេចោទខ្ញុំអ៊ីចឹង។ ការពិត ខ្ញុំមិនមែនគណបក្សប្រឆាំងទេ គ្រាន់តែខ្ញុំជាអ្នកបាត់បង់ដីធ្លី ហើយខ្ញុំជាតំណាងពលរដ្ឋម្នាក់។ គេព្យាយាមលាបពណ៌ ចោទប្រកាន់ខ្ញុំថាជាគណបក្សប្រឆាំង។ ខ្ញុំមិនដែលស្គាល់ទេ មិនដឹងមុខយ៉ាងម៉េចទេ តំណាងរាស្ត្រខេត្តកំពង់ស្ពឺ»។
ជុំវិញការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំង និងពលរដ្ឋនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីមន្ត្រីនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង និងមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ។
ច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រដែលដាក់ឱ្យអនុវត្តដោយព្រះរាជក្រមក្នុងឆ្នាំ២០០៦ ចែងថា តំណាងរាស្ត្រ ក្រោយពេលបោះឆ្នោតជ្រើសតាំង និងស្បថចូលកាន់តំណែងហើយ គឺក្លាយជាតំណាងពលរដ្ឋទូទាំងប្រទេសមិនមែនតំណាងតែពលរដ្ឋនៅមណ្ឌលដែលខ្លួនឈរឈ្មោះនោះទេ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត លើកឡើងថា ថ្វីត្បិតពលរដ្ឋខ្លះមិនមែនជាអ្នកគាំទ្របក្សប្រឆាំង ប៉ុន្តែប្រសិនបើពួកគាត់នាំគ្នាប្រមូលផ្ដុំតវ៉ា ឬឡើងដាក់នៅតាមក្រសួងស្ថាប័នដោយសាររងការរំលោភបំពានផ្សេងៗ តែងត្រូវបានអាជ្ញាធរចោទថា ជាក្រុមប្រឆាំង ដើម្បីយកធ្វើជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ដោះសាគេចចេញពីការអនុវត្តតាមតួនាទីបម្រើពលរដ្ឋ។ លោកសង្កេតឃើញថា កន្លងមក ក៏មិនដែលឃើញតំណាងរាស្ត្រអាចជួយដោះស្រាយរឿងដីធ្លីឱ្យពលរដ្ឋបាននោះទេ។
លោក វណ្ណ សុផាត៖ «យើងសង្កេតឃើញថា ប្រជាពលរដ្ឋដែលគាត់បានលើកឡើងមកថា គាត់មិនដែលស្គាល់តំណាងរាស្ត្រគាត់ជាអ្នកណា មិនដែលចុះសួរសុខទុក្ខ មិនដែលចុះទៅជួយដោះស្រាយឱ្យគាត់ហ្នឹង។ បច្ចុប្បន្ននេះ យើងទទួលស្គាល់ទាំងអស់គ្នា ថាអត់ដែលឃើញទេ។ មិនដែលឃើញប្រជាពលរដ្ឋណា ដោះស្រាយដីធ្លីតាមរយៈតំណាងរាស្ត្រ ឱ្យបានរួចរាល់ឱ្យគាត់ទេ»។
មន្ត្រីបក្សប្រឆាំងលើកឡើងទៀតថា តំណាងរាស្ត្រពិតប្រាកដ មិនត្រូវដើរតាមគោលនយោបាយគណបក្សឡើយ និងត្រូវហ៊ានយកសំណូមពររបស់ពលរដ្ឋដែលរងអំពើអយុត្តិធម៌ទៅដោះស្រាយ និងត្រូវហ៊ានជំទាស់ចំពោះការអនុម័តច្បាប់ណាដែលមិនបម្រើផលប្រយោជន៍ឱ្យពលរដ្ឋ៕
1 comment:
Cambodia is led by Ah Kwack Hun Sen and Ah Kwen Heng Samrin. Therefore, wrong is right and vice versa.
Post a Comment