Monday 10 April 2023

ក្រុម​យុវជន​រិះគន់​ការ​រៀបចំ​បត់ក្រដាស និង​រាំម៉ាឌីហ្សូន​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក

 

ដោយ សុជីវី
2023.04.10
ក្រុម​យុវជន​រិះគន់​ការ​រៀបចំ​បត់ក្រដាស និង​រាំម៉ាឌីហ្សូន​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក  
ទិដ្ឋភាពក្រដាស​ដែល​បត់ជា​រូប​បេះដូង នៅ​ខេត្ត​សៀមរាប សម្រាប់ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​​ ២០២៣។
រូប៖ ហ្វេសប៊ុក​រដ្ឋបាលខេត្ត​សៀមរាប
 
 

ក្រុម​យុវជន​មួយ​ចំនួន​រិះគន់​ការ​រៀបចំ​បត់ក្រដាស​ជា​រូប​បេះដូង និង​ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន ដើម្បី​ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​​ ដោយ​ពួកគេ​យល់​ថា ជា​រឿង​មិន​សូវ​មាន​ប្រយោជន៍ និង​មិន​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ។

យុវជន​លើកឡើង​ថា ការរៀបចំ​បត់ក្រដាស​ជា​រូប​បេះដូង​ឱ្យ​បាន​ចំនួន ១​លាន​ក្រដាស និង​ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន​ដែល​មាន​មនុស្ស​រាំ​ច្រើន​ជាង​គេ​បំផុត ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ដឹកនាំ​រៀបចំ​ដោយ​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខាង​មុខ​នេះ ហាក់​មិន​បង្ហាញ​ភាព​អស្ចារ្យ​អ្វី​ឱ្យ​សមជា​អ្នក​ជំនាន់​ក្រោយ​នៃ​បុព្វបុរស​សាងសង់​អង្គរវត្ត​នោះ​ទេ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​៩ មេសា ថា យុវជន​កម្ពុជា​គួរតែ​ព្យាយាម​បំបែក​កំណត់ត្រា​ពិភពលោក​ណាមួយ ដែល​បង្ហាញ​ពី​អរិយធម៌ វប្បធម៌ និង​អត្តសញ្ញាណ​ខ្មែរ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ជាពិសេស​បង្ហាញ​ពី​ភាព​ខ្លាំង ដែល​ជាតិ​សាសន៍​ដទៃ​មិន​ងាយ ឬ​ពិបាក​ធ្វើ​បាន ឱ្យ​សមជា​អ្នក​ជំនាន់​ក្រោយ​នៃ​បុព្វបុរស​ដែល​បាន​សាងសង់​សំណង់​ស្ថាបត្យកម្ម​អច្ឆរិយ​អង្គរ ដែល​មាន​ភាព​ល្បីល្បាញ និង​មាន​ការ​ទទួល​ស្គាល់​នៅ​ទូទាំង​ពិភពលោក ដូច​សព្វថ្ងៃ​នេះ។

លោក កើត សារ៉ាយ៖ «យើង​ឃើញ​គ្រាន់តែ​បត់ក្រដាស​ច្រើន​ជាង​គេ​ហ្នឹង វា​មើល​ទៅ​អត់​មាន​អី​អស្ចារ្យ យើង​ស្ដាប់​ទៅ ឬ​រាស្ដ្រ​សាមញ្ញ​ស្ដាប់​ទៅ ក៏​អត់​មានអី​ចាប់អារម្មណ៍។ ហើយ រាំម៉ាឌីហ្សូន​ដែល​ច្រើន​ជាងគេ​ហ្នឹង នរណា​ក៏​អាច​ធ្វើ​បាន​ដែរ ប្រសិនបើ​គេ​ចង់​ធ្វើ។ យើង​ព្យាយាម​ធ្វើ​អ្វី​ដែល​ចំណាយពេល​ធ្វើ​ហើយ វា​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ផង ហើយ​វា​ចំណេញ​ដល់​ការ​បម្រើ​ផលប្រយោជន៍​សង្គមជាតិ​ផង»

 

ការ​លើកឡើង​របស់​លោក កើត សារ៉ាយ ធ្វើ​ឡើង ស្រប​ពេល​ក្រុម​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (...) របស់​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​ឱ្យ​ពលរដ្ឋ សិស្ស និស្សិត និង​យុវជន នាំគ្នា​បត់ក្រដាស​ជា​រូប​បេះដូង​ឱ្យ​បាន ១​លាន​ក្រដាស និង​ការ​ត្រៀម​រាំ​ចង្វាក់​ម៉ាឌីហ្សូន​ដែល​មាន​អ្នក​រាំ​ច្រើន​ជាងគេ ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​( World Guinness Record) នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៦ មេសា នៅ​តំបន់​អង្គរ។

បុគ្គលិក​បម្រើ​ការ​ឱ្យ​អង្គការ​មួយ​នៅ​រាជធានី​ភ្នំពេញ យុវជន ផុន ចាន់ថា យល់​ឃើញ​ដែរ​ថា ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន​ទៅកាន់​ពិភពលោក​ឱ្យ​គេ​ស្ងើច​សរសើរ កម្ពុជា​គួរតែ​បង្កើត​អ្វី​ដែល​ថ្មី​មិន​ធ្លាប់​មាន ឬ​ពង្រឹង​វិស័យ​កីឡា​ណាមួយ​ឱ្យ​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។ យុវជន​រូប​នេះ​បន្ត​ថា ការ​បង្កើត​ព្រឹត្តិការណ៍ គ្រាន់តែ​ឱ្យ​មនុស្ស​ចូលរួម​ច្រើន​ជាងគេ ដើម្បី​ស្នើសុំ​បំបែក​កំណត់ត្រា​ពិភពលោក​បែប​នេះ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។

លោក ផុន ចាន់ថា៖ «គ្រាន់តែ​ថា ជា​កម្មវិធី​ឬ​ព្រឹត្តិការណ៍​មួយ ប៉ុន្តែ​វា​មិនមែន​ជា​ផលប្រយោជន៍ សម្រាប់​សង្គម​របស់​យើង។ បើ​យើង​និយាយ​ឱ្យ​ចំ​ទៅ វា​ជា​កម្មវិធី​មង្គលការ​មួយ ឬ​ពិធី​ណាមួយ ដែល​ធ្វើ​ឱ្យ​គគ្រឹកគគ្រេង មាន​មនុស្ស​ចូលរួម​ច្រើន។ ប៉ុន្តែ​បើ​យើង​និយាយ​ឱ្យ​ស៊ីជម្រៅ វា​អត់​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ទេ មិន​បង្ហាញ​ភាព​អស្ចារ្យ​ប៉ុន្មាន​ឱ្យ​ពិភពលោក​បានឃើញ​ដែរ»

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ក្នុងស្រុក និង​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន ម៉ានី បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ឆ្លើយតប​ទៅកាន់​មតិ​រិះគន់​ថា ក្រៅពី​ការ​បំបែក​ឯតទគ្គកម្ម​ពិភពលោក ការ​បត់​ក្រដាស​ជា​រូប​បេះដូង ក៏​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ដើមខែ​ឧសភា​ខាងមុខ​នេះ​។ លើស​ពី​នេះ ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គី​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ដើម្បី​គាំទ្រ​និង​លើកទឹកចិត្ត​ទៅដល់​ក្រុម​កីឡាករ។ ការ​បត់​ក្រដាស​ជា​រូប​បេះដូង​នេះ នឹង​អាច​ប្រមូល​ថវិកា​បាន​ប្រមាណ​ជាង​១២​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន​ដៃគូ សម្រាប់​ឧបត្ថម្ភ​ទៅដល់​ក្រុម​កីឡាករ។

លោក ហ៊ុន ម៉ានី បាន​សរសេរ​បង្ហោះ​តាម​ហ្វេសប៊ុក​ទៀត​ថា ការ​ចូលរួម​បត់ក្រដាស​ជា​បេះដូង ហាក់ជា​រឿង​សាមញ្ញ ប៉ុន្តែ​អត្ថន័យ​ដែល​ចេញពី​ការចូលរួម​គ្រប់​កោសិកា​នៃ​សង្គម​ដើម្បី​បុព្វហេតុ​គាំទ្រ​ដល់​អត្តពលិក​កម្ពុជា ជាពិសេស​អ្នក​ដែល​មាន​ពិការភាព គឺជា​តម្លៃ​នៃ​ការចូលរួម​ដែល​មិនអាច​កាត់ថ្លៃ​បាន។

កន្លងមក កម្ពុជា​ក៏​ធ្លាប់​បាន​បំបែក​កំណត់ត្រា​ពិភពលោក​នៃ​ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន​ម្ដង​ហើយ​ដែល​មាន​រាំ​ប្រមាណ ២​ពាន់​នាក់ និង​នំអន្សម​យក្ស​ធំ​ជាងគេ​កាល​ពី​ឆ្នាំ​២០១៥ និង​ការ​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាងគេ​ក្នុង​ពិភពលោក ដែល​មាន​ប្រវែង​ជាង ១​ពាន់​ម៉ែត្រ​(.១២៩) កាល​ពី​ឆ្នាំ​២០១៨។

ទោះជា​យ៉ាងណា យុវជន​យល់​ឃើញ​ថា ការរៀបចំ​ព្រឹត្តិ​ជាតិ​សំខាន់ៗ គួរ​បើក​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ទាំងអស់ រួម​ទាំង​ពី​សាកលវិទ្យាល័យ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​អាច​មាន​លទ្ធភាព​បង្ហាញ​ស្នាដៃ​ក្នុង​ការ​រៀបចំ ចៀសវាង​ទម្លាប់​នៃ​ការ​រៀបចំ​កម្មវិធី​ដែល​ដឹកនាំ​ដោយ​កូនៗ​របស់​នាយករដ្ឋមន្ត្រី និង​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដើម្បី​សម្រាប់​តែ​ស្វែងរក​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន៕

1 comment:

Anonymous said...

Don't forget the record to destroy Cambodia to please Yuon to stay in power longest. Later on, a new record for Hun Sen who will suffer the longest before he goes to hell.