2023.04.10
ទំនាស់អ្នកគាំទ្រប្រដាល់គុនខ្មែរ និងមួយថៃ (MuayThai) កំពុងមានភាពចម្រូងចម្រាស និងរីករាលដាលទៅដល់វប្បធម៌ ប្រវត្តិសាស្ត្រ និងសិល្បៈ។ អ្នកវិភាគលើកឡើងថា រដ្ឋាភិបាលប្រទេសទាំង២ គួររកដំណោះស្រាយកណ្ដាលមួយ ដែលភាគីទាំង២អាចទទួលយកបាន។
កីឡាគឺជាការប្រកួតដើម្បីបង្កើតចំណងមិត្តភាព។ ប៉ុន្តែចំពោះការប្រកួតកីឡាប្រដាល់រវាងកម្ពុជា និងថៃ មិនត្រឹមតែជាការតស៊ូរបស់កីឡាករនៅលើសង្វៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការខ្វែងគំនិតគ្នាពីប្រភពដើមនៃក្បាច់គុន នៃអ្នកគាំទ្រប្រទេសទាំង២ នេះផងដែរ។
ជម្លោះអ្នកគាំទ្រគុនខ្មែរ និង មួយថៃ បានផ្ទុះឡើងសាជាថ្មីម្ដងទៀត បន្ទាប់ពីស្ថាប័នប្រដាល់មួយថៃ ពិភពលោក (WMO) កាលពីថ្ងៃទី០៦ ខែមេសានេះ បានចេញលិខិតមួយហាមឃាត់កីឡាករ ជនជាតិប្រេស៊ីល (Brazil) ឈ្មោះធីអាហ្គោ ថេស៊ីរ៉ា (Thiago Teixeira) មិនឱ្យចូលរួមសកម្មភាពប្រដាល់របស់មួយថៃពិភពលោក នាពេលអនាគត បន្ទាប់ពីអ្នកប្រដាល់ជនបរទេសមួយនេះប្រកាសគាំទ្រគុនខ្មែរ។
អតីតគ្រូប្រដាល់ និងជាគណៈកម្មការប្រតិបត្តិនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក មាស សុគ្រី ប្រាប់វិទ្យុអាស៊ីសេរីថា កីឡាប្រដាល់រវាងភាគីខ្មែរ និងថៃ មិនមានបញ្ហាអ្វីធំដុំនោះឡើយ ហើយកន្លងមក គណៈកម្មការប្រដាល់របស់ប្រទេសទាំង២ បានសម្របសម្រួលគ្នាដោយសន្តិវិធី និងផ្លាស់ប្ដូរកីឡាករឱ្យទៅប្រកួតជាធម្មតា។ លោកបន្តថា បញ្ហាទំនាស់នៃស្ថាប័នកីឡា ដែលបានឆ្លៀតឱកាសចុះផ្សាយព័ត៌មានបំផ្លើស និងពង្រីកបញ្ហាឱ្យកាន់តែធំ រហូតឈានដល់ការរើសអើងពូជសាសន៍ និងការវាយប្រហារគ្នាលើបណ្ដាញសង្គម។
នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់មួយថៃ ដែលរៀបចំឡើងនៅប្រទេសអាល្លឺម៉ង់ (German) កាលពីថ្ងៃទី១ មេសា កីឡាករ ធីអាហ្គោ បានឈ្នះការប្រកួត និងទទួលបានខ្សែក្រវាត់ពីស្ថាប័នប្រដាល់មួយថៃពិភពលោក។ ប៉ុន្តែ ស្ថាប័ននេះបានដកហូតខ្សែក្រវាត់មកវិញ និងហាមប្រាមកីឡាករ ធីអាហ្គោ មិនឱ្យចូលរួមប្រកួតប្រដាល់មួយថៃពិភពលោក ទៀតនោះទេ ដោយលើកហេតុផលថា សកម្មភាពរបស់កីឡាករ ធីអាហ្គោ មានហេតុផលនយោបាយ មិនស័ក្ដិសមជាកីឡាករ ព្រោះលោក ធីអាហ្គោ បានធ្វើឱ្យអាប់ឱនកីឡាជាតិរបស់ប្រទេសថៃ និងមានចរិតញុះញង់ឱ្យមានការរើសអើងពូជសាសន៍។
ទាក់ទិនរឿងនេះ កីឡាករ ធីអាហ្គោ ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ មេសា មិនបានបង្ហាញប្រតិកម្មចំពោះវិធានការរបស់ស្ថាប័នប្រដាល់មួយថៃពិភពលោកនេះនៅឡើយ ដោយលោកគ្រាន់តែប្ដេជ្ញាបង្ហាញគុនខ្មែរទៅកាន់ពិភពលោក។
វិធានការរបស់ស្ថាប័នប្រដាល់មួយថៃពិភពលោក(WMO)ចំពោះកីឡាករប្រេស៊ីលនេះ ទទួលរងការរិះគន់ពីអ្នកគាំទ្រប្រដាល់គុនខ្មែរ។ អ្នកគាំទ្រប្រដាល់គុនខ្មែរចាត់ទុកវិធានការរបស់ស្ថាប័នប្រដាល់មួយថៃ ថា ជាការសងសឹកចំពោះកីឡាករ ធីអាហ្គោ ដែលលោកបានចាកចេញពីសង្វៀនមួយថៃ មកចូលរួមជាមួយគុនខ្មែរ ហើយបានលើកទង់ជាតិកម្ពុជា ក្រោយឈ្នះការប្រកួត កាលពីថ្ងៃទី២ ខែមេសា និងក្លាយជាអ្នកផ្សព្វផ្សាយគុនខ្មែរ។
កីឡាករ ធីអាហ្គោ ក៏បានលើកឡើងពីរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទខ្មែរហើយនិយាយថា ក្បាច់ប្រដាល់ថៃ ដែលជនជាតិថៃហៅថា មួយថៃ (Muay Thai) មានប្រភពដើមពីគុនខ្មែរបុរាណ។
វិវាទក្នុងវិស័យកីឡាប្រដាល់រវាងកម្ពុជា ថៃ ធ្លាប់មានភាពចម្រូងចម្រាសម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការប្រើប្រាស់ឈ្មោះ គុនខ្មែរ និងមួយថៃ ក្នុងវិញ្ញាសាការប្រកួតនៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដោយសហព័ន្ធប្រដាល់ថៃអន្តរជាតិ(IFMA) បដិសេធមិនបញ្ជូនកីឡាករឱ្យចូលរួមប្រកួតក្រោមឈ្មោះគុនខ្មែរឡើយ។
ជុំវិញជម្លោះវប្បធម៌ នៃពលរដ្ឋទាំង២ប្រទេសនេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ មិនទាន់ចេញសេចក្ដីថ្លែងការណ៍ ឬកិច្ចចរចាដើម្បីដោះស្រាយបញ្ហានេះនៅឡើយទេ។
កីឡាករ ធីអាហ្គោ ដែលយកទង់ជាតិកម្ពុជាមកគ្រង ថ្មីៗនេះបានទទួលជំនួយពីក្រុមឧកញ៉ា និងមន្ត្រីធំៗជាបន្តបន្ទាប់ ជាពិសេសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកនាយករដ្ឋមន្ត្រី ថាបើអាចទៅរួចលោកនឹងស្នើទៅព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរដល់កីឡាករ ធីអាហ្គោ ទៀតផង។
កន្លងមកកម្ពុជា និងថៃ ដែលជាប្រទេសជិតខាង និងមានវប្បធម៌ស្រដៀងគ្នា ម្ដងម្កាលកើត មានវិវាទជាមួយគ្នាដូចជាជម្លោះរឿងក្ដីប្រាសាទព្រះវិហារ ដែលឈានដល់ការប៉ះទង្គិចកម្លាំងយោធា វិវាទផ្នែកសិល្បៈ រចនាបថប្រាសាទ និងក្បាច់គុនជាដើម។
ទោះជាយ៉ាងណា សាស្ត្រាចារ្យថៃ ផ្នែកទស្សនៈវិទ្យា ប្រវត្តិសាស្ត្រ និងជាកវីនិពន្ធ លោក ស៊ូឡាក់ ស៊ីវ៉ារ៉ាក់ (Sulak Siwarak) បានពន្យល់នៅលើបណ្ដាញសង្គមយូធូប (YouTube) របស់លោកថា ទំនាក់ទំនងរវាងវប្បធម៌ថៃ និងវប្បធម៌ខ្មែរ មានតាំងពីបុរាណកាល។ លោកថា នៅពេលដែលអរិយធម៌ខ្មែររុងរឿង ថៃក៏ទទួលរងឥទ្ធិពលពីខ្មែរ ហើយនៅពេលដែលខ្មែរចុះទន់ខ្សោយ ខ្មែរក៏ទទួលរងឥទ្ធិពលពីថៃវិញ គឺមិនមានប្រទេសណាមួយលួចចម្លងគ្នានោះទេ។ តែលោកបញ្ជាក់ថា ថៃទទួលរងឥទ្ធិពលពីអរិយធម៌ខ្មែរច្រើនជាងគេ មានដូចជាភាសា សិល្បៈ និងក្បួនខ្នាតជាដើម។
ស្រដៀងគ្នានេះដែរ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី សង្កេតឃើញថា វិវាទនៃការប្រើឈ្មោះគុនខ្មែរ ឬមួយថៃ និងវប្បធម៌នៃប្រទេសទាំង២នេះ កើតឡើងដោយសារគំនិតជាតិនិយម និងដានប្រវត្តិសាស្ត្រ។ លោកយល់ថា ដើម្បីបញ្ចប់វិវាទនេះ រដ្ឋាភិបាលប្រទេសទាំង២ គួររកដំណោះស្រាយកណ្ដាលមួយ ដែលភាគីទាំង២អាចទទួលយកបាន។ លោក សេង សារី លើកឡើងថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសទាំង២កំពុងនឹងមានការបោះឆ្នោតខាងមុខនេះ ពលរដ្ឋគួរយកចិត្តទុកដាក់លើរឿងនយោបាយវិញ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលនយោបាយអន្តរជាតិ សង្កេតឃើញថា ទាំងអ្នកនយោបាយកម្ពុជា និងអ្នកនយោបាយថៃ ប្រើប្រាស់ជម្លោះវប្បធម៌នេះ ដើម្បីកេងចំណេញនយោបាយ តាមរយៈការបង្វែរស្ថានការណ៍ និងព្រឹត្តិការណ៍សង្គម។ ជាក់ស្ដែងប្រទេសទាំង២នេះ មានស្ថានការណ៍នយោបាយស្រដៀងគ្នាទាក់ទងនឹងការត្រៀមខ្លួនរៀបចំការបោះឆ្នោត៕
1 comment:
Khmer and Thai must find a compromise so that Kun Khmer and Muoy Thai can blossom to a greater extent.
The fight between Thoeun Theara and Saiyuk was a great fight. Thoeun Theara has displayed his great skill of using his elbows.
Khmer Prodal Serei at this time is much better than during Sihanouk and Lon Nol era. Notice that Cambodia did not have relation with Thai during Sihanouk era. We don't want to see the same problem again. That's why finding a way to live harmoniously with our neighbors is crucial.
Post a Comment