លោក ហ៊ុន សែន ប្រកាសលើកកម្ពស់វប្បធម៌សន្ទនាក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ
ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និងប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន (ឆ្វេង) ក្នុងពិធីអបអរសាទរខួបលើកទី៦៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលើកកម្ពស់វប្បធម៌សន្ទនា ដោយជំរុញឲ្យប្រជាជាតិទាំងមូល និងអង្គការអន្តរជាតិ ព្រមទាំងសង្គមស៊ីវិល បន្តវប្បធម៌សន្ទនាឲ្យបានខ្ជាប់ខ្ជួន។ ទន្ទឹមគ្នានេះ លោកក៏ជំរុញឲ្យមានការផ្សព្វផ្សាយលើកកម្ពស់វប្បធម៌អហិង្សា ការអត់ធ្មត់ ការយោគយល់ ការអធ្យាស្រ័យ ស្រឡាញ់រាប់អានគ្នានៅក្នុងសង្គមជាតិឲ្យបានទូលំទូលាយ។ ការថ្លែងសាររបស់លោកបែបនេះ នៅក្នុងឱកាសទិវាសន្តិភាពអន្តរជាតិលើកទី១៣ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥។
នៅក្នុងឱកាសអបអរសាទរទិវាសន្តិភាពអន្តរជាតិលើកទី១៣ រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរថា ខ្លួនកំពុងអនុវត្តវប្បធម៌សន្ទនាជាមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាសង្គមជាតិដោយសន្តិវិធី។
សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពអន្តរជាតិលើកទី១៣ លោកបានលើកឡើងនូវការកសាងសន្តិភាព ដើម្បីឈានទៅការអភិវឌ្ឍ និងភាពរីកចម្រើននៃប្រទេសជាតិ។ សារលិខិតនេះ ក៏លើកឡើងនូវគោលនយោបាយឈ្នះៗរបស់រដ្ឋាភិបាល ដើម្បីផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីទទួលបានសន្តិភាពពេញលេញ។ ទន្ទឹមនឹងគ្នានេះ កម្ពុជា បានឈានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ជី.ឌី.ភី (GDP) ៧,៧% ដែលរំពឹងថាមិនទាបជាង ៧% នោះទេនៅឆ្នាំ២០១៥ នេះ។
ក្រៅអំពីការលើកឡើងពីការរីកចម្រើនវិស័យសេដ្ឋកិច្ច សារលិខិតដដែល ក៏បានងាកមកនិយាយអំពីការលើកស្ទួយនីតិរដ្ឋ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការការពារសិទ្ធិមនុស្ស ថាកំពុងដំណើរការល្អ ប៉ុន្តែសារលិខិតនេះ រដ្ឋាភិបាលបានបង្ហាញការប្ដេជ្ញាក្នុងការវាយបំបាក់ និងទប់ស្កាត់សកម្មភាពដែលគេយល់ថា ជាល្បិចកលក្រោមស្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បម្រើផលប្រយោជន៍នយោបាយរបស់បុគ្គល ឬក្រុមមនុស្សណាមួយ ហើយក៏បានលើកឡើងនូវវប្បធម៌សន្ទនាដែលកំពុងប្រើប្រាស់នៅពេលបច្ចុប្បន្ន។
ឆ្លើយតបទៅនឹងបញ្ហានេះ នាយិកាអង្គការសីលការ អ្នកស្រី ធីតា ឃឹះ បានថ្លែងគាំទ្រចំពោះសាររបស់នាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណា អ្នកស្រីបានមើលឃើញថា ការអនុវត្តវប្បធម៌សន្ទនារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងក្នុងរយៈពេលចុងក្រោយនេះ មិនទទួលលទ្ធផលល្អប៉ុន្មានឡើយ។ ផ្ទុយទៅវិញ មានតែបង្កើនការមិនទុកចិត្តគ្នា ពុំមានភាពស្មោះត្រង់ និងពុំមានគោលការណ៍ជាក់លាក់នៅឡើយ។ បញ្ហាទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់ការកសាងប្រទេសជាតិមិនមានការលើកកម្ពស់សិទ្ធិមនុស្ស និងសន្តិភាពពិតប្រាកដ៖ «យើងទាំងអស់គ្នាត្រូវការវប្បធម៌សន្តិភាព រួមទាំងអត់សម្លុតគ្នាទៅវិញទៅមក មិនមានការភូតភរកុហក ការភូតភរកុហក គឺជាវប្បធម៌ហិង្សាបំផ្លាញនូវទំនុកទុកចិត្តមនុស្ស និងមនុស្ស ហើយបើយើងកសាងប្រទេសជាតិ យើងបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក យើងពិបាកកសាងប្រទេសជាតិ។ ដូច្នេះការដែលយើងនិយាយដោយស្មោះត្រង់ និងរក្សាដោយភាពសច្ចៈ គោរពនូវយុត្តិធម៌ចំពោះសង្គមជារឿងមួយល្អ។ សុំឲ្យអ្នកដែលចូលរួមនៅក្នុងវប្បធម៌សន្ទនា សុំឲ្យយកគោលការណ៍មិនប្រើល្បិចដាក់គ្នា។ កុំទៅនិយាយដៃមួយចំហៀងចាប់ដៃ ហើយដៃមួយចំហៀងទៀតកាន់ពូថៅនៅក្រោយខ្នង គឺហាមដាច់ខាត»។
ទាក់ទងទៅនឹងរឿងលើកស្ទួយវិស័យសិទ្ធិមនុស្សនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងទៅចូលរួមកិច្ចប្រជុំកំពូលសម័យប្រជុំទី៧០ របស់អង្គការសហប្រជាជាតិ នៅបុរីញីវយ៉ក (New York) សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធសាលាអន្តរជាតិ អាយ.អេស.ភី.ភី (ISPP) កាលពីថ្ងៃទី១៩ ខែកញ្ញា ថា ក្នុងកិច្ចប្រជុំនោះ លោកនឹងលើកឡើងពាក់ព័ន្ធនឹងការអភិវឌ្ឍសហស្សវត្ស និងការអភិវឌ្ឍស្ត្រី៖ «ព្រោះខ្ញុំទៅអង្គការសហប្រជាជាតិ លើកនេះ អាទិត្យក្រោយនេះ ខ្ញុំនឹងថ្លែង តែខ្ញុំមិនអាចនៅអង្គការសហប្រជាជាតិ បានទេ។ ខ្ញុំនឹងថ្លែងសន្ទរកថាពីរ ទាក់ទងការអភិវឌ្ឍសហស្សវត្ស និងការអភិវឌ្ឍស្ត្រី ហើយខ្ញុំត្រឡប់មកប្រទេស ទុកឲ្យរដ្ឋមន្ត្រីការបរទេសថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បន្តទៀត»។
គម្រោងនេះ គឺជាការតបតាមការអញ្ជើញរបស់ លោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលស្នើឲ្យមានការគាំទ្រលើឯកសារបច្ចុប្បន្នភាពយុទ្ធសាស្ត្រសាកល ដើម្បីសុខភាពស្ត្រី កុមារ និងមនុស្សជំទង់ សម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០៕
No comments:
Post a Comment