| លោក ជួន ឌីណា ប្តីរបស់អ្នកស្រី ឃាង សុខលាភ
ដែលត្រូវមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ
ចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែកញ្ញា ជុំវិញដីធ្លីនៅឃុំក្រយា
ស្រុកសន្ទុក ខេត្តកំពង់ធំ។
Photo provided
|
ដោយ សូត សុខប្រាថ្នា
2015-09-19 rfa
មន្ត្រីរដ្ឋបាលព្រៃឈើស្រុកសន្ទុក ខេត្តកំពង់ធំ បញ្ជាក់ថា អាជ្ញាធរបានបញ្ជូនខ្លួនប្រជាពលរដ្ឋបីនាក់ នៅឃុំក្រយា ពាក់ព័ន្ធរឿងដីធ្លីទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ដោយរង់ចាំបញ្ជូនទៅតុលាការបន្តទៀត។ យ៉ាងណាសាច់ញាតិពលរដ្ឋទាំងនោះអះអាងថា ការចាប់ខ្លួននោះ គឺដើម្បីបំបាក់ស្មារតីពលរដ្ឋផ្សេងទៀតមិនឱ្យចេញមុខតវ៉ារឿងដីធ្លីតែប៉ុណ្ណោះ។
មន្ត្រីតុលាការខេត្តកំពង់ធំ ឱ្យដឹងថា ពលរដ្ឋបីនាក់ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធរឿងដីធ្លីនៅឃុំក្រយា ស្រុកសន្ទុក នោះ គឺមិនទាន់បញ្ជូនដល់ដៃតុលាការនៅឡើយទេ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា មានប្រសាសន៍នៅថ្ងៃទី១៩ កញ្ញា ថា ខាងមន្ត្រីជំនាញមិនទាន់បញ្ចប់ការងាររបស់ពួកគេ៖ «អត់ទាន់ឃើញគេបញ្ជូនមកផង។ គេកំពុងធ្វើសំណុំរឿង»។
មន្ត្រីជំនាញរួមនឹងកងកម្លាំងសមត្ថកិច្ចដឹកនាំដោយមន្ត្រីតុលាការ បានចាប់ប្រជាពលរដ្ឋនៅឃុំក្រយា និងជាកម្មករក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម បីនាក់ ក្នុងនោះស្រី ២នាក់ កាលពីថ្ងៃទី១៨ កញ្ញា ពាក់ព័ន្ធរឿងចូលកាន់កាប់ដីព្រៃបម្រុងទុករបស់រដ្ឋដោយខុសច្បាប់។
ទាក់ទងរឿងនេះ នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ថ្ម លោក សុត ម៉ារី មានប្រសាសន៍ថា ខាងមន្ត្រីជំនាញស្រុក បានបញ្ជូនពលរដ្ឋទាំងនោះទៅឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ កញ្ញា ដើម្បីបន្តនីតិវិធី។
លោកមិនអាចបកស្រាយអំពីនីតិវិធីថា យ៉ាងណានោះទេ ប៉ុន្តែលោកបញ្ជាក់ថា គឺទាក់ទិនរឿងកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់៖ «មិនទាន់ដល់តុលាការទេ ប៉ុន្តែនៅក្នុងអំណាចយើងចងក្រងសំណុំរឿង។ តែយ៉ាងណាល្ងាចនេះ ត្រូវបញ្ជូនទៅតុលាការហើយ»។
ទោះបីជាបែបនេះក្តី ឪពុកពលរដ្ឋទាំងបីនាក់ ដែលកំពុងរត់គេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ លោក ចាន់ វណ្ណា នៅតែអះអាងថា ក្រុមគ្រួសារលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ ជាងនេះទៀត លោកថា ការចាប់ខ្លួនកូនរបស់លោក គឺជាចេតនាបំបាក់ស្មារតីមិនឱ្យពលរដ្ឋផ្សេងទៀត ហ៊ានចេញមុខតវ៉ាជុំវិញរឿងដីធ្លីច្រើនជាង។
លោកស្នើឱ្យដោះលែងកូនលោកទាំងបីនាក់ ព្រមទាំងស្នើសុំឈើប្រមាណ ៤ម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសយកមកវិញ ព្រោះឈើនោះលោកទិញបម្រុងយកមកធ្វើផ្ទះ មិនមែនជាឈើកាប់ពីព្រៃទេ៖ «ខ្ញុំសន្សំយូរហើយ មួយឆ្នាំមួយកន្ទុយៗ ឡើងចង់ខូចអស់ហើយ។ ខ្ញុំមិនហ៊ានធ្វើ ប៉ុន្តែពេលក្រឡេកឃើញពលរដ្ឋគេធ្វើទាំងអស់គ្នា។ គេមានផ្ទះ គេមានគោយន្ត មានឡាន គេសំបូរសប្បាយ»។
ប្រជាពលរដ្ឋបីនាក់ ដែលសមត្ថកិច្ចចាប់ខ្លួន រួមមានអ្នកស្រី ឃាង សុខលាង អ្នកស្រី ឃាង សុខលាភ ត្រូវជាបងប្អូននឹងគ្នា ព្រមទាំងលោក ចង់ ប៊ុនធឿន ជាប្តីរបស់អ្នកស្រី ឃាង សុខលាង។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលអង្គការការពារលីកាដូ (LICADHO) ខេត្តកំពង់ធំ ដែលបានចុះទៅស៊ើបអង្កេតដល់កន្លែងនៅកើតហេតុនៅថ្ងៃទី១៩ កញ្ញា លោក ញ៉ូង សាមឿន មានប្រសាសន៍ថា ការចាប់ខ្លួនពលរដ្ឋទាំងបីនាក់ គឺខុសទៅនឹងនីតិវិធី ព្រោះមិនបានចាប់ជនដែលសមត្ថកិច្ចចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសនោះទេ ប៉ុន្តែបែរចាប់អ្នកមិនបានដឹងរឿងទៅវិញ។ ម្យ៉ាងការចោទប្រកាន់លោក ចាន់ វណ្ណា ក៏មិនត្រឹមត្រូវថែមទៀត៖ «ការចាប់ខ្លួននេះខ្ញុំមើលឃើញថា គឺខុសនីតិវិធី ដោយសារការចាប់ខ្លួនគឺខុសមនុស្ស។ មនុស្សដែលប្រព្រឹត្តបទល្មើសមិនចាប់ ទៅចាប់ប្រពន្ធកូនគ្នា»។
មន្ត្រីសិទ្ធិមនុស្សដដែលបញ្ជាក់ថា ក្រោយពេលស៊ើបអង្កេតខាងលោកនឹងដាក់លិខិតអន្តរាគមន៍ទៅតុលាការ ដើម្បីពិនិត្យរឿងនេះឱ្យបានច្បាស់លាស់ ព្រមទាំងស្នើសុំអ្នកភូមិទាំងនោះ ឱ្យពួកគេអាចនៅក្រៅឃុំបាន៕
No comments:
Post a Comment