Tuesday, 6 October 2015

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ប្រកាស​ចូល​និវត្តន៍​នៅ​អាណត្តិ​ខាង​មុខ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ប្រកាស​ចូល​និវត្តន៍​នៅ​អាណត្តិ​ខាង​មុខ
ដោយ ប្រាជ្ញ ចេវ
2015-10-05 rfa
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ទូរទស្សន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Online TV) នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Sek Bandith

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រកាស​ចូល​និវត្តន៍​នៅ​អាណត្តិ​ក្រោយ គឺ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ លោក​ថ្លែង​បែប​នេះ នៅ​ទីស្ដីការ​ក្រសួង​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២ ស្ដីពី​ការ​ឆ្លើយ​ឆ្លង​ព័ត៌មាន​តាម​ទូរទស្សន៍​ឆ្នាំ​២០១៥ ថ្ងៃ​ទី​៥ ខែ​តុលា ដោយ​បញ្ជាក់​ថា លោក​ល្មម​ដល់​ពេល​ដែល​លោក​ត្រូវ​ចូល​និវត្តន៍​ហើយ និង​ជា​ការ​ទុក​ឱកាស​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ដែល​សមត្ថភាព។

បញ្ជាក់​បន្ថែម​ពី​ប្រសាសន៍​របស់ លោក ខៀវ កាញារីទ្ធ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ឲ្យ​ដឹង​ថា លោក​រដ្ឋមន្ត្រី​បាន​ផ្ដាំ​ផ្ញើ​ទៅ​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​តាម​វិជ្ជាជីវៈ និង​តាម​ជំនាញ។ លោក​បន្ត​ថា នៅ​អាណត្តិ​ក្រោយ​នៅ​ពេល​មាន​បេក្ខជន​រដ្ឋមន្ត្រី​ថ្មី លោក ខៀវ កាញារីទ្ធ នឹង​ឈប់​ធ្វើ​ការងារ​នេះ​ទៀត​ហើយ៖ «នៅ​ពេល​បញ្ចប់​អាណត្តិ គាត់​នឹង​ឈប់។ តាម​ពិត ខ្ញុំ​យល់​ពី​សន្ដាន​ចិត្ត​របស់​លោក (លោក ខៀវ កាញារីទ្ធ) ថា​គាត់​បាន​ជួប​សប្បាយ និង​ការ​ប្រឈម​ច្រើន ហើយ​សំខាន់ ពួក​ខ្ញុំ​ក្មេងៗ​ខិតខំ​ស្រាវជ្រាវ​ពី​របៀប​ដឹក​នាំ​ការងារ របៀប​ធ្វើ​ការងារ​របស់​គាត់​ដើម្បី​ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ»។

លោក ខៀវ កាញារីទ្ធ ជា​រដ្ឋមន្ត្រី​ទី​១ ដែល​ប្រកាស​មិន​ធ្វើ​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយ បើ​ទោះ​ជា​គេ​មិន​ទាន់​ដឹង​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ដដែល​នោះ មាន​ឱកាស​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង លើក​ឡើង​ថា លោក​មិន​ទាន់​ដឹង​ថា ឥស្សរជន​រូប​ណា​នឹង​ឡើង​កាន់​តំណែង​ជំនួស លោក ខៀវ កាញារីទ្ធ នៅ​ឡើយ​ទេ៕

No comments: