ដោយ ម៉ម មុនីរតន៍
2015-10-05 rfa
ផែនទីខេត្តតាកែវ
Photo: RFA
|
ក្រុមយោធាប្រមាណ ៨០នាក់នៃអង្គភាពកងវរសេនាតូចព្រំដែនគោកខេត្តតាកែវ បានប្ដឹងមេបញ្ជាការនៃកងអង្គភាពប្រតិបត្តិការសឹករង ថាបានប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយម ជាពិសេស គឺមេបញ្ជាការរូបនេះពុំចេះទទួលខុសត្រូវ និងខ្វះសមត្ថភាពក្នុងការដឹកនាំអង្គភាព។
ផ្ទុយពី ការចោទប្រកាន់នេះ មេបញ្ជាការកងវរសេនាតូចតំបន់ប្រតិបត្តិការសឹករង ៣០១ បានបដិសេធ ដោយអះអាងថា ជាការចោទប្រកាន់មិនត្រឹមត្រូវ និងជាការច្រណែនឈ្នានីសរូបលោកប៉ុណ្ណោះ។
មន្ត្រី យោធានៃកងពលតូច៣០១ ឲ្យដឹងថា ជម្លោះផ្ទៃក្នុងដែលកើតចេញពីអំពើពុករលួយ និងដឹកនាំប្រកាន់បក្ខពួក បានអូសបន្លាយជាយូរខែណាស់មកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់ឃើញមានចំណាត់ការណាមួយពីថ្នាក់ដឹកនាំ បើទោះជាក្រុមនាយទាហានបានប្ដឹងទម្លាក់មេបញ្ជាការរបស់ពួកគេយ៉ាង ណាក៏ដោយ។
មូលហេតុដែលជំរុញឲ្យក្រុមយោធានៃកងវរ សេនាតូចតំបន់ប្រតិបត្តិការសឹករង ៣០១ ដែលស្ថិតនៅឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ទាមទារប្ដឹងទម្លាក់មេបញ្ជាការនៃអង្គភាពនេះ រួមមាន ពាក់ព័ន្ធនឹងអំពើពុករលួយយកលុយក្នុងម្នាក់ចន្លោះពី ៥ពាន់ដុល្លារ រហូតដល់ ១ម៉ឺនដុល្លារ ជាថ្នូរទទួលបានងារជាយោធាសម្រាប់អង្គភាពនេះ បង្កើតបក្ខពួក និងគ្រួសារនិយម ជាពិសេសរើសអើងនាយទាហានចាស់ៗនៅក្នុងអង្គភាព ជាដើម។
នាយ ទាហានម្នាក់ក្នុងចំណោមយោធាប្រមាណ ៨០នាក់ផ្សេងទៀត ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី៥ តុលា ថា ការប្ដឹងទម្លាក់មេបញ្ជាការរបស់ខ្លួនចេញពីមុខតំណែងនេះ ពីព្រោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលតស៊ូយូរឆ្នាំហើយ ពុំត្រូវបានលើកទឹកចិត្តឡើយ។ លើសពីនេះទៀត ពួកគាត់ត្រូវរងការគំរាមកំហែងដកហូតតួនាទី ឬបណ្ដេញចេញពីកងអង្គភាពថែមទៀតផង។ លោកបន្តថា «ថ្នាក់ក្រោមហ្នឹងពិបាករស់នៅ ចាប់តាំងពីពេលនោះមក ប្រៀបដូចជាបែងចែកបក្ខពួកដូចជាធ្ងន់ទៅ ពីម្ខាងទៅម្ខាង»។
វិទ្យុ អាស៊ីសេរី ពុំអាចសុំការបំភ្លឺបានភ្លាមៗទេជុំវិញវិវាទនេះពី លោក ឈុំ សុជាតិ មន្ត្រីនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៥ តុលា។
ពាក់ព័ន្ធ រឿងនេះ គណៈកម្មការចម្រុះដែលមានអគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំណុះឲ្យយោធភូមិភាគទី៣ ធ្លាប់ចុះធ្វើអធិការកិច្ចចំនួន ៤ដងរួចមកហើយ ដែលជាការឆ្លើយតបកិច្ចអន្តរាគមន៍ពីក្រុមយោធា នៃកងពលតូចលេខ៣០១ នេះ។ រយៈពេល ២ខែបន្ទាប់ពីធ្វើអធិការកិច្ចរួចលើកចុងក្រោយកាលពីថ្ងៃទី២ ខែកក្កដា គឺអគ្គបញ្ជាការជើងគោក បានចេញលិខិតផ្ទេរតួនាទី លោក អេង ឃាង ចេញពីមុខតំណែងរួចហើយ ក៏ប៉ុន្តែក្រុមយោធាអះអាងថា លោក អេង ឃាង បានប្រកាសក្នុងពេលថ្មីៗនេះថា ការចុះធ្វើអធិការកិច្ចរបស់ក្រុមគណៈកម្មការចម្រុះក្នុងពេលកន្លងទៅ នេះ ដែលចាយលុយរបស់ក្រសួងអស់ប្រមាណ ២ពាន់ដុល្លារនោះ ក្លាយជាមោឃៈ ឬគ្មានន័យអ្វីទាំងអស់។
មេបញ្ជាការនៃកងអង្គភាព ប្រតិបត្តិការសឹករង ៣០១ ចំណុះឲ្យយោធភូមិភាគទី៣ លោក អេង ឃាង ចាត់ទុកការតវ៉ារបស់មន្ត្រីនៅថ្នាក់ក្រោមរបស់ខ្លួនថា ព្រោះតែច្រណែនឈ្នានីសចំពោះរូបលោកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោកពុំដែលបានប្រព្រឹត្តអំពើពុករលួយស៊ីសំណូកសូកប៉ាន់ ឬបទល្មើសនានា ដូចការចោទប្រកាន់នេះឡើយ។ ផ្ទុយទៅវិញ លោក អេង ឃាង អះអាងថា លោកមានតែព្យាយាមធ្វើឲ្យអង្គភាពមានភាពជឿនលឿន និងអនុវត្តដោយតម្លាភាពបំផុត ហើយស្ថាប័នពុំមានលុយរាប់ពាន់ដុល្លារ ដែលធ្វើឲ្យលោកប្រព្រឹត្តអំពើពុករលួយណាមួយថែមទៀតផង។ លោកបន្តថា «ប្រាក់ខែគេបើកឲ្យទៅទាហាន បាត់តែមួយរៀលមិនបានផង។ តែប្រាំរយមិនបានផង ហិរញ្ញវត្ថុគេបើក ហើយទៅពុករលួយរឿងអង្ករ អង្ករម៉េចបានៗ។ អង្ករម្នាក់ ២០គីឡូប៉ុន្មានខាំ គឺ ២០គីឡូប៉ុន្មានខាំហ្នឹងហើយ។ វាប្ដឹងនេះដូចថាភាពអសកម្មការងារ ខ្ញុំស្ដីបន្ទោសណែនាំអប់រំទៅ វាខឹងវាអីទៅ»។
ចំណែក អង្គការសង្គមស៊ីវិល ចាត់ទុកថា ប្រសិនបើវិវាទនេះដោះស្រាយមិនមានតម្លាភាពទេ វានឹងធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ជាពិសេសអាចធ្វើឲ្យចុះខ្សោយខាងវិស័យការពារជាតិ នៅតាមខ្សែបន្ទាត់ព្រំដែនថែមទៀត។
បើទោះជាបែបណា ក្រុមយោធានៃកងវរសេនាតូចតំបន់ប្រតិបត្តិការសឹករង ៣០១ នៅតែប្រកាន់ជំហរថា ប្រសិនបើវិវាទនេះនៅតែពុំទាន់មានដំណោះស្រាយទេ ពួកគេនឹងឡើងមកតវ៉ាសុំកិច្ចអន្តរាគមន៍នៅខាងមុខផ្ទះរបស់លោក នាយករដ្ឋមន្ត្រីវិញម្ដង៕
No comments:
Post a Comment