ដោយ ជិន ជេដ្ឋា
2015-10-03 rfa
ផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម ចាម និងខ្មែរ
នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
រូបថតថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥
RFA/Chin Chetha
|
ផ្ទះបណ្ដែតទឹក ១.៤៨៦ខ្នង ដែលភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាម នៅក្រុងកំពង់ឆ្នាំង នឹងត្រូវប្ដូរទីតាំងថ្មី ដោយមានអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រធាន ក្រុមការងារទទួលបន្ទុកសណ្ដាប់ធ្នាប់ខេត្តបញ្ជាក់ថា រយៈពេលពីរថ្ងៃ បន្ទាប់ពីផ្សព្វផ្សាយវិធានការរៀបចំផ្ទះបណ្ដែតទឹក គឺមានម្ចាស់ផ្ទះប្រមាណ ៤០០ខ្នង បានស្ម័គ្រចិត្តប្ដូរទីតាំង។
គម្រោង អភិវឌ្ឍន៍សោភ័ណភាពមាត់ទន្លេក្នុងសង្កាត់ផ្សារឆ្នាំង រយៈពេល ៥ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ បានអនុវត្តដល់ជំហានទី២ ដែលត្រូវរុញផ្ទះបណ្ដែតទឹកទៅឆ្ងាយពីទីប្រជុំជន និងរៀបចំផ្ទះទាំងនោះជាជួរបណ្ដោះអាសន្ន រង់ចាំរយៈពេលពីរឆ្នាំក្រោយជម្លៀសឡើងគោក។
អភិបាល រងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារទទួលបន្ទុកសណ្ដាប់ធ្នាប់ លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងនៅថ្ងៃទី៣ ខែតុលា ថា ផែនការផ្លាស់ទីផ្ទះបណ្ដែតទឹកមាន ៧ជំហាន ហើយជំហានទី២ នឹងត្រូវចាប់ផ្ដើមពីថ្ងៃ១៥ ខែតុលា ប៉ុន្តែជនជាតិវៀតណាម ដែលមានផ្ទះធំៗ បានផ្លាស់ទីមុនកាលកំណត់ បន្ទាប់ពីអនុវត្តជំហានទី១ គឺចុះផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ដល់ពួកគាត់។
លោកថា អ្នកភូមិចុងកោះ និងភូមិកណ្ដាល នៃសង្កាត់ផ្សារឆ្នាំង ចំនួន ៩៩៦គ្រួសារ អាចនឹងអូសផ្ទះរបស់ខ្លួនមករស់នៅលើទីតាំងថ្មីទាំងអស់គ្នានៅ មុនថ្ងៃទី១៥ ខែតុលា ព្រោះពួកគាត់យល់ច្បាស់ពីផែនការរបស់អាជ្ញាធរ៖ «កន្លងមកនៅតំបន់នៅខែប្រាំងទឹកវាស្អុយ អ៊ីចឹងវាប៉ះពាល់បរិស្ថានខ្លាំងណាស់! ពិសេសឯកឧត្ដមអភិបាលខេត្ត ចង់ឲ្យតំបន់នេះក្លាយជាតំបន់មួយដែលមានបរិស្ថានល្អឡើងវិញ ជាកន្លែងមួយអភិវឌ្ឍមានសួនច្បារសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ ហើយមើលភ្នំកង្រី ។ល។»។
ពលរដ្ឋលើទឹក ផ្សារឆ្នាំង ៦២០
ពលរដ្ឋ ខ្មែររស់នៅលើទឹកក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឈ្មោះ សយ រុន ផ្ដល់បទសម្ភាសន៍អំពីការផ្លាស់ប្ដូរទីតាំងរស់នៅ នៅថ្ងៃទី៣ តុលា ឆ្នាំ២០១៥។ RFA/Chin Chetha
អាជ្ញាធរ ខេត្តកំពង់ឆ្នាំង មានគម្រោងស្ថាបនាសួនច្បារ កន្លែងហាត់ប្រាណ និងវេទិកា នៅអែបមាត់ទន្លេផ្សារក្រោម ដែលមានប្រវែងជិត ៣គីឡូម៉ែត្រ (២.៧១១) ចាប់ពីមុខវត្តលោកយាយទេព រហូតដល់ស្ថានីយទឹកស្អាតអានកូ (Anco) ក្នុងសង្កាត់ផ្សារឆ្នាំង។ គម្រោងនេះ អាចជាផ្នែកមួយក្នុងការត្រៀមខ្លួនរៀបចំបុណ្យអុំទូក ឬទទួលបន្ទុករៀបចំពិធីបុណ្យទន្លេ ដូចនៅខេត្តក្រចេះ និងខេត្តកំពង់ចាម ដែរ។
ការផ្លាស់ទីចេញពីទីតាំង ចាស់ចម្ងាយប្រមាណ ២គីឡូម៉ែត្រ ត្រូវបានពលរដ្ឋខ្លះពេញចិត្ត និងខ្លះទៀតមិនពេញចិត្តដោយបញ្ជាក់ថា ថ្មីៗក្រោយផ្លាស់ទីផ្ទះ និងបែរត្រីរបស់ពួកគាត់ អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា កូនចៅលំបាកទៅរៀននៅសាលាឆ្ងាយ និងពុំមានអគ្គិសនីប្រើប្រាស់ជាដើម។ នៅអំឡុងពេលនៃការផ្លាស់ទីនេះ មានបញ្ហាដណ្ដើមទីតាំងគ្នាចត និងផ្ទះខ្លះខូចត្រូវជួសជុលឡើងវិញ។
ប្រជាពលរដ្ឋ ខ្មែរម្នាក់ លោក សយ រុន មានប្រសាសន៍ថា គ្រួសារលោក និងពលរដ្ឋខ្មែរចំនួន ៥គ្រួសារផ្សេងទៀត មិនចង់ផ្លាស់ទី ឬអូសផ្ទះគាត់មកទីតាំងថ្មីភ្លាមៗទេ ព្រោះទីតាំងថ្មីគ្មានផ្លូវគោកអាចជិះកង់ ឬម៉ូតូដល់ផ្ទះដូចនៅទីតាំងចាស់។ លោកកំពុងរកមើលទិញដីនៅលើគោកតូចល្មមមួយកន្លែងអាចធ្វើផ្ទះរស់ នៅបាន ហើយបន្តការងារជាកម្មករធ្វើទឹកកកចិញ្ចឹមប្រពន្ធកូននៅក្បែរនោះ៖ «សំខាន់កូនខ្ញុំតូចលំបាកធ្វើដំណើរទៅរៀន! ... ខ្ញុំមកនេះចង់មើលគោលដៅដែលគេឲ្យចតកន្លែងណាកន្លែងណីអ៊ីចឹងទៅ។ មើលទំនងអាចចតបានយើងមក ប៉ុន្តែដូចថាមើលទៅលំបាកអ៊ីចឹងប្រហែលខ្ញុំមិនអាចមកបានទេ»។
ពលរដ្ឋ ខ្មែរ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល រិះគន់ថា ការផ្លាស់ទីដោយបន្តរស់នៅ និងធ្វើអាជីវកម្មលើផ្ទៃទឹក គឺនៅតែបង្កឲ្យទឹកមានជាតិពុល និងប៉ះពាល់សុខភាពមនុស្សដដែល ជាពិសេសនៅរដូវប្រាំង ទឹកតិច កំហាប់ជាតិពុលកាន់តែខ្ពស់។ ប៉ុន្តែអាជ្ញាធរខេត្តបញ្ជាក់ថា ទីតាំងថ្មីនឹងរៀបចំឲ្យទៅជាតំបន់ទេសចរណ៍ ដោយរៀបចំបែរត្រីជាជួរ ហើយជម្លៀសផ្ទះរស់នៅទៅលើគោកដោយម្ចាស់ផ្ទះត្រូវរកទិញដីដោយ ខ្លួនឯង៕
No comments:
Post a Comment