ដោយ ម៉ែន សុធីរ
2015-10-03 rfa
KI Media note: No Country for Khmers; only for 'Xmers'?
ផែនទីខេត្តស្ទឹងត្រែង
Photo: RFA
|
ក្រុមប្រឹក្សាឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខែត្រស្ទឹងត្រែង រងការចោទថា រំលោភយកដីពលរដ្ឋ។ ការចោទប្រកាន់នេះកើតឡើង បន្ទាប់ពីក្រុមប្រឹក្សាឃុំរូបនោះ បានអាស្រ័យផលលើដីចូលដីពលរដ្ឋ ដោយលើកហេតុផលថាជាដីរបស់ខ្លួន។
ពលរដ្ឋមួយគ្រួសាររស់នៅភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក នៅថ្ងៃទី២ ខែតុលា អំពាវនាវឲ្យសាលាដំបូងខែត្រក្រចេះ ផ្ដល់យុត្តិធម៌ដល់គ្រួសារលោក ទាក់ទិនជម្លោះដីធ្លីជាមួយអាជ្ញាធរឃុំដែលអូសបន្លាយពេលជាង ៥ឆ្នាំមកហើយ នៅមិនទាន់ដោះស្រាយបញ្ឈប់នៅឡើយទេ។
ពលរដ្ឋរស់នៅភូមិអូរឫស្សីកណ្ដាល លោក ស៊ី សែន ចោទប្រកាន់ថា ក្រុមប្រឹក្សាឃុំអូរឫស្សីកណ្ដាល លោក ទែន វ៉ាន់ មានចេតនារំលោភយកដីលោក និងរំលោភលើកិច្ចសន្យាដែលមានការព្រមព្រៀងដោយអាជ្ញាធរមូលដ្ឋានដឹងឮ កាលពីឆ្នាំ២០១១។
លោកថា ក្រុមប្រឹក្សាឃុំរូបនេះបានរំលោភយកដីធ្លីអាស្រ័យផលរបស់លោកចំនួនជាង ៤.០០០ម៉ែត្រក្រឡា ឋិតនៅប៉ែកខាងជើង ជាប់ផ្លូវជាតិលេខ៧ ក្នុងឃុំអូរគ្រៀង ស្រុកសម្បូរ ខែត្រក្រចេះ ជាប់ព្រំប្រទល់ខែត្រស្ទឹងត្រែង៖ «ឃុំអូរគ្រៀង និងអូរឫស្សីកណ្ដាល គេព្រមព្រៀងអស់ហើយ បើឮថាដីរបស់ខ្ញុំហើយ។ ដល់ចុងក្រោយគាត់ក្រឡាស់កិច្ចព្រមព្រៀង សាក្សីទាំងប៉ុន្មានគាត់ប្រែថា អត់ទទួលស្គាល់ដី»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមប្រឹក្សាឃុំអូរឫស្សីកណ្ដាល លោក ទែន វ៉ាន់ ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី២ ខែតុលា។
កាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១១ មេឃុំអូរឫស្សីកណ្ដាល លោក គីម សាន់ ធ្លាប់កោះហៅភាគីពាក់ព័ន្ធដែលមានជម្លោះដើម្បីសម្របសម្រួល និងវាស់វែងកំណត់ព្រំប្រទល់ដី ព្រមទាំងធ្វើកិច្ចសន្យាជាក់លាក់។ លើសពីនេះ ខ្លឹមសារកិច្ចសន្យាចែងថា ភាគីទាំងពីរមិនត្រូវរំកិលព្រំដែនបានកំណត់នោះទេ តែរហូតមកដល់ខែកុម្ភៈ ឆ្នាំ២០១៥ លោក ស៊ី សែន អះអាងថា ក្រុមប្រឹក្សាឃុំបានដាំកូនចន្ទីលើដីរបស់លោក និងរំកិលព្រំដែនបានកំណត់កន្លងមក ផ្ទុយនឹងកិច្ចសន្យា។
ទាក់ទងបញ្ហានេះ ទំទប់ទី២ នៃឃុំអូរឫស្សីកណ្ដាល លោក យិន ម៉ៅ ទទួលស្គាល់ថា ក្រុមប្រឹក្សាឃុំអូរឫស្សីកណ្ដាល លោក ទែន វ៉ាន់ ពិតជាបានរំលោភយកដីពលរដ្ឋពិតមែន ថែមទាំងរំលោភលើកិច្ចសន្យាទៀតផង។
ទោះបីបែបនេះក្តី អាជ្ញាធរឃុំធ្លាប់បានសម្របសម្រួលបញ្ហានេះ ដើម្បីបញ្ចប់ជម្លោះ។ តែទោះបីយ៉ាងនេះក្តី ភាគីចុងចោទជាក្រុមប្រឹក្សាឃុំ លោក ទែន វ៉ាន់ នៅតែមិនយល់ស្របតាមការសម្រួលរបស់មេឃុំនោះឡើយ៖ «ដី ទែន វ៉ាន់ គឺចាប់ពីអូរច្រឡង់ ក្បាលស្ពានមករហូត សុទ្ធតែជាដីបងប្អូន ទែន វ៉ាន់។ បន្ទាប់មកទៀត ដីហ្នឹងបានលក់ឲ្យអ្នកដទៃច្រើនក្បាលហើយ ដល់ពេលអ៊ីចឹង លក់ឲ្យគេក្បាល ៥០សិប ប៉ុន្តែកន្ទុយដីរាងបញ្ឆិតក្នុងចំណុចហ្នឹង ហើយអ្នកទិញចេះតែកាប់រេទៅ ហើយ ទែន វ៉ាន់ អត់ដឹងថា ដីលក់ឲ្យគេទេ ហើយចេះតែគេចពីគេ ទៅលោក ស៊ី សែន ទៀត»។
ករណីនេះដែរ មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខែត្រក្រចេះ ដែលបានចុះអង្កេតករណីនេះ លោក ឌិន ខន្នី រកឃើញថា ក្រុមប្រឹក្សាឃុំពិតជាបានរំលោភលើកិច្ចសន្យា ដែលមានការព្រមព្រៀងគ្នាចំនួន ២លើករួចមកហើយ ដូច្នេះយោងតាមកិច្ចសន្យានេះ លោកយល់ថា ភាគីដើមចោទ លោក ស៊ី សែន អាចនឹងមានអត្ថិភាព ឬឈ្នះរឿងក្តីនេះ ប្រសិនបើតុលាការឯករាជ្យ។
លោកយល់ថា អាជ្ញាធរស្រុក ឬអាជ្ញាធរខែត្រ គួរតែស៊ើបអង្កេតករណីនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់ឯករាជ្យភាពឃុំ/សង្កាត់ ដែលជាសេនាធិការរបស់រដ្ឋាភិបាល៖ «ស៊ី សែន ចេញកម្លាំងពលកម្មឲ្យមកវិញ ហើយក៏ព្រមព្រៀងគ្នា តែក្រោយមកបោះបង្គោលព្រំ ស៊ី សែន គាត់ឆ្លើយថា អត់ទេ អត់ឲ្យ។ ខ្ញុំមានការសោកស្ដាយណាស់ គាត់ជាអាជ្ញាធរមួយរូបក្នុងឃុំអូរឫស្សីកណ្ដាលហ្នឹង ជាក្រុមប្រឹក្សាឃុំ តែគាត់បែរជាយកច្បាប់មកទ្រាប់អង្គុយ»។
កាលពីចុងខែសីហា អាជ្ញាធរឃុំអូរឫស្សីកណ្ដាល ខែត្រស្ទឹងត្រែង និងអាជ្ញាធរឃុំស្រុកអូរគ្រៀង ខែត្រក្រចេះ ធ្លាប់បានសម្របសម្រួលរួមគ្នា និងតម្រូវប្រគល់ដីចំនួនជាង ៤.០០០ម៉ែត្រក្រឡាជូនទៅលោក ស៊ី សែន វិញ ដែលមានទីតាំងឋិតនៅឃុំអូរគ្រៀង ជាប់ព្រំប្រទល់ខែត្រស្ទឹងត្រែង និងខែត្រក្រចេះ។ ចំណែក លោក ស៊ី សែន ត្រូវផ្ដល់សំណងដល់ចុងចោទ លោក ទែន វ៉ាន់ នូវដើមស្វាយចន្ទី ក្នុងតម្លៃ ១ដើម ៨ពាន់រៀល ស្មើនឹង ១ហិកតារ ចំនួន ៨០សិបម៉ឺនរៀល។ តែបើទោះបីយ៉ាងនេះក្តី កិច្ចសន្យានេះ លោក ស៊ី សែន អះអាងថា នៅតែមិនមានឥទ្ធិពល និងអំណាច ដែលធ្វើឲ្យភាគីទាំងសងខាងអនុវត្តឲ្យមានប្រសិទ្ធភាពនោះទេ រហូតពាក្យបណ្ដឹងនេះត្រូវបានបញ្ជូនទៅតុលាការខែត្រក្រចេះ ដើម្បីជំនុំជម្រះ៕
No comments:
Post a Comment