Sunday, 4 October 2015

មន្ត្រី​បក្ស​កាន់​អំណាច​៖ ​លោក កឹម សុខា អន់​ជាង​​​អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល

មន្ត្រី​បក្ស​កាន់​អំណាច​៖ ​លោក កឹម សុខា អន់​ជាង​​​អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល
ដោយ ប្រាជ្ញ ចេវ
2015-10-03 rfa
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​នៃ​ គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រិះគន់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំណុច​ខ្សោយ​នោះ មិន​មាន​តម្លៃ​ស្មើ​នឹង​អ្នក​ផ្សព្វផ្សាយ​លក់​ផលិត​ផង ដែល​មិន​ត្រឹម​បង្អួត​ខ្លួន​ឯង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​បង្អាប់​គេ​ថែម​ទៀត។ ចំណែក​អ្នក​វិភាគ​ហៅ​សារ​នយោបាយ​នេះ​ថា ជា​អាយ៉ៃ​ឆ្លើយឆ្លង​មុន​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។

អ្នក​នាំ ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លោក កឹម សុខា គួរ​យក​ពេល​វេលា​ទៅ​ពង្រឹង​គណបក្ស​របស់​ខ្លួន​ជា​ជាង​មក​រិះគន់​គណបក្ស​ ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា អ្នក​ផ្សាយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម គេ​អួត​តែ​ផលិតផល​របស់​ខ្លួន​ទេ គេ​មិន​ដែល​បង្អាប់​ផលិតផល​អ្នក​ផ្សេង ប៉ុន្តែ​លោក កឹម សុខា មិន​ត្រឹម​តែ​បង្អួត​គណបក្ស​របស់​ខ្លួន​ទេ ថែមទាំង​បង្អាប់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​ដែល​គណបក្ស​ប្រឆាំង​ត្រឹមតែ​ផ្ដល់​ការ​សន្យា​នៅ​ឡើយ៖ «ជា​ធម្មតា​ទេ គណបក្ស​ប្រឆាំង​មិន​ដែល​សរសើរ​គណបក្ស​កាន់​អំណាច​ទេ។ ខ្ញុំ​យល់​ថា បក្ស​ប្រឆាំង​គួរ​ខិតខំ​យក​ទៅ​ពង្រឹង ឬ​បង្កើត​គុណភាព​បក្ស​គាត់​ទៅ​គឺ​ជាង (គណបក្ស​សង្គ្រោះ​ជាតិ) ចាញ់​ទាំង​អ្នក​ផ្សាយ​ផលិតផល​ផ្សេងៗ​ផង កាល​ណា​គេ​ផ្សាយ គេ​លើក​តែ​គុណ​សម្បត្តិ​របស់​គេ​ទេ គេ​មិន​ដែល​រិះគន់​ផលិតផល​របស់​គេ​ទេ»។

ការ ​ផ្ដើម​រិះគន់​គណបក្ស​កាន់​អំណាច​ជា​ថ្មី​ទៀត​របស់​គណបក្ស​ប្រឆាំង​នេះ គឺ​នៅ​ក្រោយ​ការ​ព្រមាន​ចំៗ​របស់​លោក ហ៊ុន សែន និង​ចំ​ពេល​ដែល​គណបក្ស​ថ្មីៗ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព និង​ផ្ដើម​រិះគន់​គណបក្ស​ប្រឆាំង។

ឆ្លើយ ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​រដ្ឋ​សភា លោក កឹម សុខា និយាយ​ថា ចំណុច​ខ្សោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ច្រើន​ណាស់ ប៉ុន្តែ​លោក​មិន​ទាន់​និយាយ​នៅ​ពេល​នេះ​ទេ ទុក​និយាយ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត។ លោក​បន្ត​ថា សព្វថ្ងៃ​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ចំណុច​ខ្លាំង​របស់​ខ្លួន​ស្ទើរ​អស់​ ទៅ​ហើយ ដែល​សព្វថ្ងៃ​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ប្រើប្រាស់​នោះ គឺ​អំណាច​រដ្ឋ និង​ប្រព័ន្ធ​តុលាការ៖ «ខ្ញុំ​គិត​ថា ប្រជាជន​កម្ពុជា រក​ឃើញ​មុន​ខ្ញុំ មុន​គណបក្ស​សង្គ្រោះ​ជាតិ ទៀត ចំណុច​ខ្សោយ​គណបក្ស​ប្រជាជន ច្រើន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​កត់ត្រា​ហើយ​អស់​ហើយ នៅ​ពេល​ឃោសនា​យើង​នឹង​និយាយ»។

លោក សុខ ឥសាន ថ្លែង​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​គុណ​សម្បត្តិ​ផ្ដាច់មុខ គឺ​រំដោះ​ប្រទេស​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ឆ្នាំ​១៩៧៩ បង្កើត​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣ តុលា ឆ្នាំ​១៩៩១ និង​ការ​រៀបចំ​ប្រទេស​ឲ្យ​សន្តិភាព​ពេញលេញ​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។

ទោះ ​យ៉ាង​នេះ​ក្តី សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​នយោបាយ លោក​បណ្ឌិត​បញ្ចេញ​មតិ​យោបល់​ថា គុណសម្បត្តិ​គណបក្ស​កាន់​អំណាច​គឺ​ទទួល​បាន​គុណបំណាច់​ធំ​ក្នុង​ការ​ដឹកនាំ ប៉ុន្តែ​បើ​ធ្វើ​ច្រើន​ក៏​ខុស​ច្រើន​ដែរ។ យ៉ាង​ណា​ក៏ដោយ​ចុះ លោក​បណ្ឌិត រស់ រ៉ាវុធ ចង់​ឃើញ​គណបក្ស​ទាំង​ពីរ​រក្សា​ភាព​ស្ងប់​ស្ងៀម​សិន ព្រោះ​ការ​ឌឺដង​គ្នា​នេះ អាច​ធ្វើ​ឲ្យ​រាស្ត្រ​ម្ចាស់​ឆ្នោត​មាន​ការ​ព្រួយ​បារម្ភ៖ «គណបក្ស​ទាំង​ពីរ​គួរ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ទុក​ចិត្ត ឲ្យ​ប្រជាជន​មាន​ការ​គាំទ្រ ជៀសវាង​ការ​វាយ​ប្រហារ​គ្នា​តាំង​ពី​មិន​ទាន់​ឃោសនា​បោះ​ឆ្នោត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ខាតបង់​ទៅ​វិញ»។

​ ក្រៅពី​រិះគន់​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កឹម សុខា ក៏​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែរ។ លោក​ថា គណបក្ស​ប្រឆាំង​មាន​បញ្ហា​រចនាសម្ព័ន្ធ ការ​រូប​រួម​មិន​ទាន់​បាន​រឹងមាំ សារ​នយោបាយ​មិន​ទាន់​មាន​សំឡេង​តែមួយ។

ដោយ​ឡែក​អ្នក​នាំ​ ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មន្ត្រី​បក្ស​មួយ​ចំនួន​មិន​គោរព​តាម​គោលនយោបាយ​គណបក្ស ឬ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​លោក កឹម សុខា រិះគន់​ថា តុលាការ​មិន​ឯករាជ្យ អំពើ​ពុករលួយ បញ្ហា​ដីធ្លី ភាព​ក្រីក្រ យុវជន​អត់​ការងារ​ធ្វើ ចំណាក​ស្រុក បញ្ហា​បូរណភាព​ទឹក​ដី បញ្ហា​សង្គមកិច្ច អប់រំ និង​សុខាភិបាល៕

No comments: