Sunday, 4 October 2015

ពលរដ្ឋ​អំពាវនាវ​រដ្ឋាភិបាល​ឲ្យ​លុប​បំបាត់​កុងត្រូល​ជជុះ​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ

ពលរដ្ឋ​អំពាវនាវ​រដ្ឋាភិបាល​ឲ្យ​លុប​បំបាត់​កុងត្រូល​ជជុះ​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ
ដោយ សាន សែល
2015-10-04 rfa
នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​សាធារណៈ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

ក្នុង​ការ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៣ ខែ​តុលា ពលរដ្ឋ​ជាច្រើន​តែង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ទន្ទឹម​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​ម្ចាស់​រថយន្ត​ឈ្នួល​ផ្ទុក​លើស​កំណត់ បើកបរ​ហួស​ល្បឿន​កំណត់ ដែល​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​កើត​ឡើង។ ទាំង​ប្រជាពលរដ្ឋ ទាំង​សង្គម​ស៊ីវិល ក៏​បាន​កត់​សម្គាល់​ថា ឲ្យ​តែ​ពេល​មាន​បុណ្យ​ជាតិ​ធំៗ​ម្តងៗ តែង​មាន​កុងត្រូល​ជជុះ​ដាក់​ពង្រាយ​តាម​ផ្លូវ ស្ទាក់​យក​លុយ​ពី​ប្រជាជន។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​អនុវត្ត​ច្បាប់​ចរាចរណ៍​មិន​បាន​ត្រឹមត្រូវ និង​កុងត្រូល​ជជុះ ជា​បញ្ហា​ចម្បង​ដែល​មិន​អាច​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ។ ករណី​នេះ ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល ទប់ស្កាត់​កុំ​ឲ្យ​មាន​កុងត្រូល​ជជុះ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​តាម​ផ្លូវ​ពេល​មាន​បុណ្យ​ជាតិ​ធំៗ។

ការ​លើក​ឡើង​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​នេះ ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក (គ.ស.ប.គ) កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​គោរព​ច្បាប់​ចរាចរណ៍ ដោយ​មិន​ត្រូវ​បើក​លើស​ល្បឿន​កំណត់ មិន​ត្រូវ​បើកបរ​ពេល​ស្រវឹង ត្រូវ​ពាក់​មួក និង​ខ្សែ​ក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ។

អ្នក​នាង កែវ ចាន់រិទ្ធ ប្រជាពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ទប់ស្កាត់​កុងត្រូល​ជជុះ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ។ អ្នក​នាង​រៀបរាប់​ថា កុងត្រូល​ជជុះ​បាន​ជំរិត​យក​ប្រាក់​ពី​ម្ចាស់​រថយន្ត​ឈ្នួល ហើយ​ម្ចាស់​រថយន្ត​ឈ្នួល បាន​ដំឡើង​ថ្លៃ​ឈ្នួល​ឡាន និង​ដឹក​មនុស្ស​លើស​ចំណុះ ដែល​អ្នក​នាង​ថា ប្រការ​នេះ​វា​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍។ អ្នក​នាង​ក៏​សង្កេត​ឃើញ​ថា នៅ​ពេល​មាន​បុណ្យ​ទាន​ម្តងៗ កុងត្រូល​ជជុះ​កើន​ឡើង៖ «នៅ​តាម​ដង​ផ្លូវ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទូទៅ​អត់​សូវ​មាន​កុងត្រូល​យក​លុយ​ឡាន​រត់​ឈ្នួល​ទេ តែ​ដល់​ថ្ងៃ​បុណ្យ​ទាន​សំខាន់ៗ ឃើញ​មាន​កុងត្រូល​របស់​ប៉ូលិស​ចរាចរណ៍​កាក់​យក​លុយ។ អ្នក​រត់​ឡាន​ដែល​ហុច​លុយ​ឲ្យ បាន​អាច​ចេញ​ទៅ​បាន។ ចង់​និយាយ​ថា ពួក​គាត់​ហ្នឹង គឺ​បិទ​ភ្នែក​ហ្មង​ហ្នឹង។ គាត់​បណ្ដោយ​ឲ្យ​ឡាន​ហ្នឹង​ទៅ យក​តែ​លុយ​ទេ គឺ​ឡាន​អាច​ទៅ​មុខ​បាន ទោះ​បី​គាត់​ដឹក​លើស​ចំណុះ​ម៉េច​ក៏​អាច​ទៅ​មុខ​បាន»។

សេចក្ដី​អំពាវនាវ​ដែល​ចុះ​ហត្ថលេខា​ដោយ លោក ត្រាំ អ៊ីវតឹក អនុប្រធាន​អចិន្ត្រៃយ៍​នៃ គ.ស.ប.គ ស្នើ​ដល់​អ្នក​បើកបរ​កុំ​ឲ្យ​បើកបរ​លើស​ល្បឿន​កំណត់។ ល្បឿន​កំណត់​ដែល គ.ស.ប.គ បាន​ស្នើ​នោះ គឺ​នៅ​ក្រៅ​ទីប្រជុំជន រថយន្ត​ធុន​តូច​គួរ​បើក​ក្នុង​ល្បឿន ៨០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​នៅ​ក្នុង​ទីប្រជុំជន គួរ​បើក​ក្នុង​ល្បឿន ៤០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​នៅ​ក្នុង​ទីប្រជុំជន អ្នក​បើក​ម៉ូតូ ត្រូវ​បើក​ក្នុង​ល្បឿន ៣០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។

លោក សន ជ័យ តំណាង​បណ្ដាញ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា លើក​ឡើង​ថា បញ្ហា​កើត​ឡើង​អាច​បណ្ដាល​ពី​មន្ត្រី​ប៉ូលិស​ចរាចរណ៍ មិន​បាន​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់។ លោក​ថា កត្តា​នេះ​ធ្វើ​ឲ្យ​អ្នក​បើកបរ និង​មន្ត្រី​នគរបាល មិន​ខ្លាច​ច្បាប់ ដោយ​អ្នក​បើកបរ បើក​លើស​ល្បឿន​កំណត់ និង​បើកបរ​ពេល​ស្រវឹង ជាដើម៖ «ព្រោះ​កន្លង​មក​នេះ អត់​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ទេ ធ្វើ​ការ​បើក​លឿន​នៅ​តែ​កើត​មាន ហើយ​វា​មុខ​សញ្ញា​ធំ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​អ្នក​ដែល​បើក​លឿន​នេះ​ទៀត​សោត ជា​ក្រុម​មនុស្ស​ដែល​ស្រវឹង»។

ស្រដៀង​គ្នា​នេះ​ដែរ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) កត់​សម្គាល់​ថា មាន​ប៉ូលិស​ចរាចរណ៍​មួយ​ចំនួន​ឆ្លៀត​ឱកាស​ជំរិត​យក​លុយ​ម្ចាស់​រថយន្ត​ឈ្នួល ក្នុង​ពេល​មាន​បុណ្យ​ជាតិ​ម្តងៗ។ លោក​ថា វិធានការ​ចាំបាច់ គឺ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ជំរុញ​ឲ្យ​នគរបាល​ចរាចរណ៍​ទាំងអស់​ហ្នឹង ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព មែន​ទៅ​ចាំ​យក​លុយ​ពី​ឡាន​ទាំងអស់​ហ្នឹង​ទេ ហើយ​ឡាន​ណា​អត់​ឲ្យ​លុយ​ឃាត់​ទុក ឡាន​ណា​ឲ្យ​លុយ គឺ​ទៅ​តាម​សេរី»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាង​លើ លោក ចេវ ហាក់ នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ លើក​ឡើង​ថា ខាង​មន្ត្រី​របស់​លោក​បាន​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ដាក់​កុងត្រូល​ជជុះ​អនាធិបតេយ្យ​កើត​ឡើង ក្នុង​ពេល​បុណ្យ​ជាតិ​ធំៗ​នោះ​ទេ។ លោក​បន្ថែម​ថា ចំពោះ​ការ​អនុវត្ត​ច្បាប់​ពេល​មាន​បុណ្យ​ជាតិ ក៏​មាន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ផង​ដែរ ដោយ​លោក​ថា ខាង​មន្ត្រី​របស់​លោក​នឹង​បន្ថែម​ម៉ោង​ធ្វើ​ការ ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព​ប្រជាជន៖ «នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ មិន​មាន​កុងត្រូល​ជជុះ​ទេ សំខាន់​គឺ​ការពារ​សុវត្ថិភាព​បង​ប្អូន​ប្រជាពលរដ្ឋ»។

តាម​ការ​សិក្សា​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ល្បឿន​បើកបរ​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ (Handicap International) ដែល​ចេញ​ផ្សាយ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៥ ពីរ​ភាគ​បី​នៃ​ចំនួន​អ្នក​បើក​បើកបរ បាន​បើកបរ​ហួស​ល្បឿន​កំណត់។ អង្គការ​នេះ​អះអាង​ថា ការ​បើក​ហួស​ល្បឿន​កំណត់​នេះ ជា​មូលហេតុ​ចម្បង​ទី​មួយ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តួលេខ​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ ៣.៥០៥​ករណី​កើត​ឡើង ដោយ​មាន​អ្នក​ស្លាប់ ១.៧៣៥​នាក់ និង​របួស​ធ្ងន់​ចំនួន ៣.៣០៩​នាក់៕

No comments: