ដោយ ម៉ម មុនីរតន៍
2015-10-04 rfa
ផ្ទុយទៅវិញ អ្នកគំរាមសម្លាប់តាមបណ្ដាញសង្គមប្រឆាំង លោក ស ខេង មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអ្នកគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ពួកគេទាំងនោះ ត្រូវចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការភ្លាមៗ៕
មន្ត្រីក្រសួងមហាផ្ទៃ អះអាងថា សំណុំរឿងគប់គ្រាប់បែកលើហ្វូងបាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មិនទាន់បានបិទបញ្ចប់នៅឡើយទេរហូតមកដល់ពេលនេះ។ ការបញ្ជាក់ជំហរដូចនេះរបស់មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ធ្វើឡើងក្រោយពីប្រធានគណបក្សជំទាស់ ចោទប្រកាន់ថា ប្រព័ន្ធយុត្តិធម៌មិនអាចជឿទុកចិត្តបានទេ និងក្រុមគ្រួសាររបស់អ្នករងគ្រោះ នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
គិតមកដល់ពេលនេះមានរយៈពេល ១៨ឆ្នាំកន្លងផុតទៅហើយ ក៏ប៉ុន្តែប្រធានគណបក្សប្រឆាំងអះអាងថា អ្នករងគ្រោះដោយការគប់គ្រាប់បែកដៃលើអ្នកធ្វើបាតុកម្ម នៅតែបន្តរង់ចាំយុត្តិធម៌នៅឡើយ។
ការថ្លែងដូចនេះរបស់ លោក សម រង្ស៊ី ក្នុងពេលលោកចូលរួមធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកដែលបានបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃកាលពី ១៨ឆ្នាំមុន។ ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា ភាពយឺតយ៉ាវដែលនៅតែពុំទាន់អាចទទួលបានពន្លឺនៃយុត្តិធម៌នោះ ដោយសារតែតុលាការនៅកម្ពុជា មិនឯករាជ្យ គឺជាមូលហេតុចម្បងក្នុងចំណោមហេតុផលផ្សេងទៀត រួមមានសមត្ថកិច្ចជំនាញពុំមានឆន្ទៈក្នុងការស្រាវជ្រាវ និងបើកការស៊ើបអង្កេត ជាដើម៖ «»។
កាលពី ១៨ឆ្នាំមុន ពោលគឺថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានបាតុកម្មអហិង្សាដែលដឹកនាំដោយ លោក សម រង្ស៊ី ត្រូវបានមនុស្សមួយក្រុមគប់គ្រាប់បែកដៃចំនួន ៤គ្រាប់ ចូលក្នុងហ្វូងបាតុកម្មនៅមុខអតីតវិមានរដ្ឋសភា។ ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃកាលណោះ បណ្ដាលឲ្យមនុស្សប្រមាណ ១៦នាក់ ត្រូវបាត់បង់ជីវិត ចំណែកមនុស្ស ១៥០នាក់ផ្សេងទៀតរងរបួស ដែលបាតុកម្មនោះ គឺប្រឆាំងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឆ្លើយតបរឿងនេះ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ និងជាមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា សំណុំរឿងឧក្រិដ្ឋកម្មមួយនេះ សមត្ថកិច្ចជំនាញមិនទាន់បិទការស៊ើបអង្កេតទេ។ ជាងនេះទៀត គណៈកម្មការជំនាញនៅតែតាមដាន និងស្រាវជ្រាវបន្តនៅឡើយ ជាពិសេសនោះមុខសញ្ញាដែលសមត្ថកិច្ចរកឃើញហើយ ប៉ុន្តែត្រូវបាត់ខ្លួនភ្លាមដែរ។ នៅត្រង់ចំណុចនេះ លោក ខៀវ សុភ័គ ចោទប្រកាន់ថា ការបាត់ខ្លួនមុខសញ្ញានៃជនសង្ស័យនោះ ក្រោមការគ្រប់គ្រងដោយគណបក្សនយោបាយ ដែលមន្ត្រីនាំពាក្យរូបនេះពុំបានបញ្ចេញថា ជាបក្សនយោបាយណាមួយនៅពេលនោះទេ៖ «»។
ជុំវិញសំណុំរឿងនេះ ក្រោយព្រឹត្តិការណ៍កើតឡើងភ្លាម សមត្ថកិច្ចរបស់រដ្ឋាភិបាល និងប៉ូលិសអែហ្វ.ប៊ី.អាយ (FBI) របស់សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេត ហើយក៏បិទទៅវិញបានត្រឹមលទ្ធផលគំនូសព្រាងមុខជនសង្ស័យ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស យល់ឃើញថា មូលហេតុដែលនាំឲ្យយុត្តិធម៌នៅតែកប់ជ្រៅដូចនេះ ដោយសារការអនុវត្តប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានស្តង់ដារពីរដាច់ដោយឡែកពីគ្នានៅឡើយ។ ជាងនេះទៀត វាគួរឲ្យសោកស្ដាយដែលរដ្ឋាភិបាលរកឃើញជនសង្ស័យក្នុងព្រឹត្តិការណ៍នោះហើយ គួរដាក់បង្ហាញជាសាធារណៈ ដើម្បីកំណត់មុខសញ្ញាចាប់ខ្លួន។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ (LICADHO) ចាត់ទុកថា ដោយសារនេះជាការរើសអើងផ្នែកនយោបាយ និងការអនុវត្តមិនស្មើភាពគ្នាចំពោះមុខច្បាប់ ជាពិសេសតុលាការមិនទាន់ឯករាជ្យផង ទើបជាមូលហេតុដែលនាំឲ្យមានភាពយឺតយ៉ាវ ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ៖ «»។
អង្គការមិនមែនរដ្ឋាភិបាល មើលឃើញថា ដោយសារតុលាការពុំទាន់មានភាពឯករាជ្យ ទើបធ្វើឲ្យការអនុវត្តប្រព័ន្ធយុត្តិធម៌នៅតែមានស្តង់ដារពីរខុសគ្នា។
មានសំណុំរឿងច្រើនណាស់ ក្នុងនោះប្រឆាំងសកម្មជនសិទ្ធិមនុស្ស សហជីព និងអ្នកនយោបាយ នៅតែពុំទាន់អាចរកមុខសញ្ញាឃើញ ដូចជាករណីឃាតកម្មលើ លោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថាន លោក ជា វិជ្ជា មេដឹកនាំសហជីព លោក ហ៊ី វុទ្ធី លោក រស់ សុវណ្ណរ៉េត អ្នកស្រី ពិសិដ្ឋ ពីលីកា ជាសិល្បការិនី ព្រះតេជព្រះគុណ សំ ប៊ុនធឿន និងចុងក្រោយ គឺអ្នកគំរាមបាញ់សម្លាប់ លោក កឹម សុខា ជាអ្នកនយោបាយជាដើម។ ផ្ទុយទៅវិញ អ្នកគំរាមសម្លាប់តាមបណ្ដាញសង្គមប្រឆាំង លោក ស ខេង មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអ្នកគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ពួកគេទាំងនោះ ត្រូវចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការភ្លាមៗ៕
No comments:
Post a Comment