ដោយ អ៊ុង សេរីវុទ្ធ
RFA 2015-11-16
លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ
ជួបជាមួយអ្នកគាំទ្រប្រមាណ ២ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ
រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។
Photo: RFA
|
រដ្ឋាភិបាលបង្កើត គណៈកម្មការដើម្បីអនុវត្តដីកាចាប់លោក សម រង្ស៊ី នៅពេលលោកវិលត្រលប់មកដល់កម្ពុជាវិញ នៅយប់ថ្ងៃទី១៦ វិច្ឆិកា។
សេចក្ដី សម្រេចរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា អាជ្ញារដ្ឋាភិបាលនឹងទប់ស្កាត់នៅរាល់សកម្មភាពរបស់អ្នកគាំទ្រលោក សម រង្ស៊ី ដែលចង់ទប់ស្កាត់និងបាតុភាពនានា ដែលរំខានដល់សមត្ថកិច្ចក្នុងការអនុវត្តដីការបស់តុលាការនេះ។
អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា ទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ វិច្ឆិកា ដើម្បីឲ្យគណៈកម្មការនេះ អនុវត្តដីកាចាប់ខ្លួននេះ។
សេចក្ដីសម្រេចរបស់ក្រសួង មហាផ្ទៃ បានចាត់តាំងសមាសភាព ដែលជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ និងកងកម្លាំងប្រដាប់អាវុធ ក្នុងគណៈកម្មការនេះ ចូលរួមអនុវត្តភារកិច្ចរបស់ខ្លួនមានដូចជា៖ ប្រមូលព័ត៌មាន និងសភាពការណ៍ចលាចលផ្សេងៗ ការពារសន្តិសុខ សុវត្ថិភាពទណ្ឌិត (លោក សម រង្ស៊ី) ពេលបញ្ជូនទៅមន្ទីរឃុំឃាំង និងទប់ស្កាត់បាតុភាពនានា ដែលរំខានការអនុវត្តដីកា។
អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាឲ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៣ វិច្ឆិកា មកអនុវត្តទោស លើសំណុំរឿងចាស់កាលពីជាង៧ឆ្នាំមុន របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ក្រោមបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានរើសអើង។
ការ ចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី លើសំណុំរឿងចាស់នេះ នៅខណៈដែលលោក សម រង្ស៊ី និង លោក កឹម សុខា កំពុងបំពេញទស្សនកិច្ចនៅឯប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនឡើងវិញ ពីសំណុំរឿងចាស់ ដែលកប់ទុកជាច្រើនឆ្នាំមកហើយនោះ។
ក៏ ប៉ុន្តែការសើរើសំណុំរឿងចាស់នេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិរិះគន់យ៉ាងខ្លាំង ហើយគេចាត់ទុកថា ជារឿងនយោបាយ មិនមែនក្នុងហេតុផលអនុវត្តតាមផ្លូវច្បាប់នោះឡើយ។
ទាក់ទង និងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា លោក សម រង្ស៊ី នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង១០យប់ ថ្ងៃទី១៦ វិច្ឆិកា បើពុំមានការកែប្រែជាចាំបាច់ណាមួយទេ។
លោក អេង ឆៃអ៊ាង សង្កត់ធ្ងន់ថា លោក សម រង្ស៊ី ក៏ជជែកជាមួយលោក ស ខេង ដែរអំពីការចាប់ខ្លួននោះ។ លោកបញ្ជាក់ថា លោក សម រង្ស៊ី នឹងប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ខ្លួនដោយសន្តិវិធី ដោយលោកមិនចង់ឲ្យមានសកម្មភាពចាប់ខ្លួន ដោយមានការប៉ះទង្គិចគ្នា រវាងកងកម្លាំង និងអ្នកគាំទ្រលោកនោះទេ៕
No comments:
Post a Comment