ក្រុមសភាយុវជនត្រាប់ទទូចរដ្ឋាភិបាលឲ្យអនុម័តច្បាប់គ្រប់គ្រងផលិតផលគ្រឿងស្រវឹង
ដោយ សិរីមុនី
RFA 2015-11-16
សម័យប្រជុំសភាយុវជនត្រាប់លើកទី៦ នៅក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA/Sereymuny
|
ក្រុមយុវជននៃសភាយុវជនត្រាប់ និងមន្ត្រីអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី១៤ វិច្ឆិកា នៅសម័យប្រជុំសភាយុវជនត្រាប់លើកទី៦ នៅក្រុងភ្នំពេញ ទទូចរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ជំរុញការប្រជុំអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដើម្បីអាចគ្រប់គ្រងការលក់ផលិតផលស្រាអនាធិបតេយ្យ ដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីគ្រឿងស្រវឹងកើនឡើងឥតឈប់ឈរ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និយាយថា សេចក្តីព្រាងច្បាប់នេះមិនដឹងថាថ្ងៃណាទីស្ដីការគណៈរដ្ឋមន្ត្រី ប្រជុំត្រួតពិនិត្យបញ្ជូនទៅរដ្ឋសភា ដើម្បីប្រជុំអនុម័តនោះទេ។
ក្រុមសភាយុវជនត្រាប់ និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ត្រឡប់មកក្រសួងសុខាភិបាល ដើម្បីពិនិត្យឡើងវិញនៅពេលនេះ គឺប្រហែលជារដ្ឋាភិបាលកម្ពុជា ខ្លាចសេចក្តីព្រាងច្បាប់នេះរាំងខ្ទប់ការរកស៊ីជួញដូររបស់ឈ្មួញឧស្សាហកម្មគ្រឿងស្រវឹង។
តំណាងក្រុមសភាយុវជនត្រាប់ជំនាន់ទី៦ លោក ពុធ កុលកា និយាយថា ស្រាគឺជាប្រភពដែលបង្កឲ្យកើតមានបញ្ហាក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ បងតូចបងធំ ចោរលួច ចោរឆក់ អំពើហិង្សាក្នុងគ្រួសារនៅតាមសហគមន៍ ការរំលោភសេពសន្ថវៈដែលហេតុធ្វើឲ្យប្រជាជនកម្ពុជា ក្រកាន់តែក្រ បណ្ដាលឲ្យពិការ និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីគ្រឿងស្រវឹងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៖ «អាជ្ញាធរ និងមន្ត្រីអាជ្ញាធរមួយចំនួនដែលធ្វើការលក់ស្រារបស់ពួកគាត់ខាតបង់ការរកស៊ី ចឹងធ្វើឲ្យជាប់គាំង»។
លោកបន្តថា បើសិនកម្ពុជា មានច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង គឺជាយន្តការល្អដែលអាចទប់ស្កាត់យុវជនមិនឲ្យសេពគ្រឿងស្រវឹង ហើយធ្វើឲ្យសង្គមមានស្ថិរភាព និងកាត់បន្ថយបញ្ហាអសន្តិសុខសង្គម និងអាចកាត់បន្ថយការចំណាយលុយឥតប្រយោជន៍របស់ប្រជាពលរដ្ឋ។
គេសង្កេតឃើញថា ការប្រើប្រាស់ស្រា គឺមានច្រើននៅគ្រប់កម្មវិធីជួបជុំម្តងៗ មានដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ ពិធីជប់លៀង ពិធីមង្គលការ និងសូម្បីតែបុណ្យខ្មោច ក៏គេសង្កេតឃើញថា មានស្រាផឹកកំដររោងបុណ្យដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងច្រើន អាចជាវប្បធម៌ពង្វក់ស្មារតី។ ការពង្វក់ស្មារតីនេះ គឺតាំងពីកូនក្មេងរហូតដល់ចាស់សក់ស។ ម្យ៉ាងវិញទៀត លោក យង់ គិមអេង ដាក់ការសង្ស័យថា ប្រហែលឈ្មួញឧស្សាហកម្មគ្រឿងស្រវឹង បានយកលុយសូកមន្ត្រីជាន់ខ្ពស់ដែលមានអំណាច ដើម្បីខ្ទប់សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ឲ្យស្ថិតនៅក្រោមកំប៉ុងស្រាបៀ និងអំណាចនៃប្រាក់ដុល្លារ៖ «អ្វីដែលជាការចង់របស់ឈ្មួញឧស្សាហកម្មគ្រឿងស្រវឹង គឺមានផលប៉ះពាល់ចំពោះប្រជាពលរដ្ឋ។ យើងឃើញថា ឧស្សាហកម្មគ្រឿងស្រវឹងគ្មានចង់បានអ្វីក្រៅពីការអប់រំទេ បើយើងធ្វើច្បាប់ដើម្បីអប់រំ យើងចាំបាច់ធ្វើច្បាប់អី»។
របាយការណ៍របស់មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បង្ហាញថា ប្រជាជនកម្ពុជា ទទួលបានព័ត៌មានស្ដីពីស្រា ៣៩% តាមរយៈទូរទស្សន៍ ៣៦% តាមរយៈវិទ្យុ និង ១៧% តាមរយៈផ្ទាំងប៉ាណូ និងការចែកខិត្តប័ណ្ណតាមដងផ្លូវ និងតាមរយៈកាសែត ទស្សនាវដី្ត និងតាមបណ្ដាញទំនាក់ទំនងសង្គម ជាដើម។ នៅស្របពេលដែលប្រជាជនកម្ពុជា ជាង ១៥លាននាក់ (១៥,៤លាននាក់) ទទួលបានព័ត៌មានតិចតួចស្ដីពីផលពិបាកដោយសារគ្រឿងស្រវឹង។
ក្រសួងសុខាភិបាល បានប្រជុំអន្តរក្រសួងសម្រេចកាលពីដើមខែកក្កដា ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ទៅទីស្ដីការគណៈរដ្ឋមន្ត្រីរួចរាល់ហើយ ប៉ុន្តែមកទល់នឹងពេលនេះ សេចក្តីព្រាងច្បាប់នេះហាក់ស្ងៀមឈឹងមិនរំកិលទៅមុខសោះ។
សេចក្តីព្រាងស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង មាន ៣៩មាត្រា និង ១១ជំពូក មានគោលបំណងការពារ សុខភាពសាធារណៈ បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម ចាត់វិធានការក្នុងការគ្រប់គ្រង និងត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជនអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង និងហាមមិនឲ្យយុវជនអាយុក្រោម ២១ឆ្នាំទិញស្រាផឹកនោះឡើយ។
របាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៤ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ដោយសារគ្រឿងស្រវឹងមានជាង ៦០០ករណី (៦១៨ករណី) ដែលចំនួននេះឈរនៅលេខរៀងទី២ បន្ទាប់ពីការបើកបរលើសល្បឿនដែលកំណត់ដោយច្បាប់។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះធ្លាប់មានគម្រោងប្រជុំដើម្បីត្រួតពិនិត្យម្តងកាលពីដើមខែកក្កដា ប៉ុន្តែដោយសារប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ជាប់រវល់ ជាហេតុបណ្ដាលឲ្យការប្រជុំមិនអាចដំណើរការបាន។ លោកបន្តថា សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្នស្ថិតនៅលេខរៀងក្រោយគេ ម្ល៉ោះហើយមិនដឹងថាថ្ងៃណាទីស្ដីការគណៈរដ្ឋមន្ត្រី ប្រជុំត្រួតពិនិត្យសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងបញ្ជូនទៅកាន់រដ្ឋសភានោះទេ។
ការសិក្សាស្រាវជ្រាវរបស់អង្គការចលនាសុខភាពកម្ពុជា លើប្រជាជនជាង ២ពាន់នាក់ (២.០៩៧នាក់) បង្ហាញថា ៩៩,៧% ចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង។ ការចរាចរផលិតផលគ្រឿងស្រវឹងនៅកម្ពុជា កើនឡើងឥតឈប់ឈរ ប៉ុន្តែរដ្ឋាភិបាលហាក់មិនមានយន្តការណាមួយឲ្យបានជាក់លាក់ក្នុងការទប់ស្កាត់នោះទេ។
ក្រុមសភាយុវជនត្រាប់ ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមានមតិថា សេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ប្រហែលជាស្ថិតនៅក្រោមគំនាបកំប៉ុងស្រាបៀ និងប្រាក់ដុល្លារហើយមើលទៅ បានជាមកទល់នឹងពេលនេះ សេចក្តីព្រាងច្បាប់នោះមិនអាចរត់ឆ្លងផុតការប្រជុំត្រួតពិនិត្យ នៃទីស្ដីការគណៈរដ្ឋមន្ត្រី សម្រាប់បញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត៕
No comments:
Post a Comment