Saturday, 14 November 2015

អ្នក​ច្បាប់​ថា​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី មិន​មាន​ប្រសិទ្ធភាព​ផ្លូវ​ច្បាប់

អ្នក​ច្បាប់​ថា​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី មិន​មាន​ប្រសិទ្ធភាព​ផ្លូវ​ច្បាប់
ដោយ តាំង សារ៉ាដា
rfa 2015-11-13


កម្ដៅ ​នយោបាយ​នៅ​កម្ពុជា ក្រោយ​បាតុករ​គាំទ្រ​បក្ស​កាន់​អំណាច​ដែល​បាន​វ៉ៃ​តំណាងរាស្ត្រ​បក្ស​ ប្រឆាំង​ពីរ​រូប​ឲ្យ​របួស​ជា​ទម្ងន់ និង​ការ​ដក​តំណែង​អនុ​ប្រធាន​រដ្ឋសភា​ពី​លោក កឹម សុខា មិន​ទាន់​ចប់​ផង ស្រាប់តែ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទាំង​នៅ​មាន​អភ័យឯកសិទ្ធិ ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ជា​ដីកា​នយោបាយ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​កាន់​អំណាច​អះអាង​ថា លោក សម រង្ស៊ី បាន​បាត់បង់​អភ័យឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ​ក្រោយ​ពេល​សាលាឧទ្ធរណ៍​ចេញ​ ដីកា​ស្ថាពរ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ ពី​បទ​បរិហារកេរ្តិ៍ ដែល​ផ្ដន្ទាទោស​ឲ្យ​លោក សម រង្ស៊ី ជាប់​ទោស ២​ឆ្នាំ។

អ្នក ​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន អះអាង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​បាន​ភ្លាមៗ ដោយ​មិន​ចាំបាច់​ដក​អភ័យឯកសិទ្ធិ​សភា​ជា​មុន​នោះ​ទេ ដោយសារ​លោក​បាន​បាត់បង់​អភ័យឯកសិទ្ធិ​ជា​អ្នកតំណាងរាស្ត្រ ហើយ​ពេល​ដែល​សាលាឧទ្ធរណ៍​ចេញ​ដីកា​ស្ថាពរ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍។

លោក​បន្ត​ទៀត​ថា រដ្ឋសភា​មិន​ចាំបាច់​កោះ​ប្រជុំ​ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​លោក សម រង្ស៊ី ដើម្បី​អនុញ្ញាត​ឲ្យ​តុលាការ​ចាប់​ខ្លួន​លោក​ឡើយ ពីព្រោះ​លោក សម រង្ស៊ី បាន​បាត់បង់​អភ័យឯកសិទ្ធិ​ជា​ស្វ័យប្រវត្តិ។

លោក ឈាង វុន លើក​យក​ចំណុច​មួយ​ក្នុង​មាត្រា ១៤ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ​ចែង​ថា តំណាងរាស្ត្រ​ដែល​ត្រូវ​ផ្ដន្ទាទោស ហើយ​ទោស​នោះ​បាន​ចូល​ជា​ស្ថាពរ​រួច​ហើយ តំណាងរាស្ត្រ​នោះ​នឹង​បាត់បង់​សិទ្ធិ​ទាំង​ឡាយ រួម​ទាំង​សមាជិកភាព​នៃ​តំណាងរាស្ត្រ​ដែរ៖ «នៅ​ពេល​ដែល​អ្នក​តំណាងរាស្ត្រ​ម្នាក់​គាត់​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​គាត់ ​ជាប់គុក​ពី​បទ​ឧក្រិដ្ឋ​ព្រហ្មទណ្ឌ​ហើយ មាន​ជាប់​ពន្ធនាគារ ហើយ​សាលក្រម​នោះ​ចូល​ជា​ស្ថាពរ។ តុលាការ​ហ្នឹង​គាត់​មិន​ចាំបាច់​មក​សុំ​អភ័យឯកសិទ្ធិ​ទេ។ មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​អ្នក​តំណាងរាស្ត្រ​ចែង​ថា នៅ​ពេល​ដែល​អ្នក​តំណាងរាស្ត្រ​ហ្នឹង​មាន​ទោស​ព្រហ្មទណ្ឌ ជាប់​ពន្ធនាគារ​ហ្នឹង គឺ​បាត់បង់​អ្វី​ទាំង​អស់ ហើយ​បាត់​សមាជិកភាព​ទៀត»។

​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​បន្ត​ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​នេះ ដោយសារ​តែ​មេធាវី​ការពារ​ក្តី​របស់​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ទើប​ស្នើ​ឲ្យ​តុលាការ​ចាត់​វិធានការ​ប្រឆាំង​លោក សម រង្ស៊ី ពីព្រោះ​ព្រះមហាក្សត្រ​មិន​បាន​លើកលែង​ឲ្យ​លោក​ចំពោះ​ករណី​បរិហារកេរ្តិ៍​ លោក ហោ ណាំហុង ឡើយ។

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក នី ចរិយា មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បញ្ជាក់​ថា ការ​បកស្រាយ​របស់​លោក ឈាង វុន ផ្ទុយ​ទៅ​នឹង​មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​ប្រទេស​ដែល​គ្មាន​ច្បាប់​ណា​មាន​អនុភាព​លុប​លើ​ឡើយ។

បន្ថែម ​ពី​លើ​នេះ លោក​ថា មាន​ស្ថាប័ន​ជាតិ​កំពូល ២​ទៀត គឺ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត (គ.ជ.ប) និង​រដ្ឋ​សភា ដែល​បាន​ទទួល​ស្គាល់​ថា លោក សម រង្ស៊ី ជា​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​រួច​ទៅ​ហើយ៖ «អភ័យ​ឯកសិទ្ធិ​របស់​ឯកឧត្ដម សម រង្ស៊ី គឺ​បាន​មក​ក្រោយ​ករណី​ហ្នឹង។ អភ័យ​ឯកសិទ្ធិ​របស់​ឯកឧត្ដម សម រង្ស៊ី គឺ​កើតឡើង​នៅ​ឆ្នាំ​២១០៤ អ៊ីចឹង​លើកលែង​តែ​មាន​ករណី​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ណា​មួយ​កើត​ឡើង ហើយ​មាន​ការ​ស្នើ​ជា​បន្ទាន់​ទៅ​រដ្ឋសភា បាន​អភ័យ​ឯកសិទ្ធិ​នោះ ត្រូវ​បាន​ព្យួរ​បាន»។

មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ការ​ចោទ​ប្រកាន់​អំពី​ការ​ចាប់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​រដ្ឋ​សភា​ណា​មួយ នឹង​អាច​ធ្វើ​ទៅ​កើត​លុះ​ត្រា​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា លើកលែងតែ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។

​សេចក្ដី​សម្រេច​ របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ត្រូវ​ដាក់​ជូន​សម័យប្រជុំ​រដ្ឋ​សភា​ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​ ភាគ​បី​នៃ​សមាជិក​រដ្ឋ​សភា​ទាំង​មូល។ ក្នុង​ន័យ​នេះ លោក សម រង្ស៊ី មិន​អាច​ត្រូវ​ចាប់​ខ្លួន​បាន​ទេ លុះ​ត្រា​ណា​មាន​សំឡេង​យល់​ព្រម ២ ភាគ ៣ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។ ករណី​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ឯង មិន​មាន​សំឡេង​គ្រប់គ្រាន់ ២ ភាគ ៣ នោះ​ទេ។

ក្នុង​ នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៣ ខែ​វិច្ឆិកា លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណៈកម្មការ​នាយក​របស់​បក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ដីកា​ចាប់​ខ្លួន​ប្រធាន​បក្ស​របស់​លោក​ថា ជា​ដីកា​នយោបាយ​ដែល​មិនមែន​សុពលភាព​ផ្លូវ​ច្បាប់​នោះ​ឡើយ៖ «គឺ​ដីកា​ហ្នឹង​វា​អត់​មាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់​ទាល់តែសោះ។ យើង​ដឹង​ហើយ​ថា ដីកា​ហ្នឹង​យោង​តាម​អំណាច​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ការ​ដាក់ទោស​លោក សម រង្ស៊ី កាល​ពី​ដើម​ឆ្នាំ​២០១៣។ លោក សម រង្ស៊ី បាន​ចូល​មក​ប្រទេស​កម្ពុជា តាម​ការ​ព្រះរាជទាន​ទោស​របស់​ព្រះមហាក្សត្រ គឺ​លោក​បាន​ចូល​មក​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២១០៣ គឺ​ក្រោយ​សាលដីកា​ហ្នឹង​ចូល​ជា​ធរមាន​ចំនួន​ប្រមាណ ៦​ខែ​ឯណោះ។ ចុះ​ហេតុអ្វី​ពេល​ដែល​លោក សម រង្ស៊ី ចូល​មក​នោះ ម៉េច​ក៏​មិន​ចាប់​ខ្លួន​លោក​ភ្លាម​ទៅ?»។

​ទោះ​ជា​យ៉ាង​ណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ពុធ ទី​១១ វិច្ឆិកា បាន​ផ្ញើ​សារ​នយោបាយ​ចុង​ក្រោយ​របស់​លោក​ទៅ​កាន់​មេ​បក្ស​ជំទាស់​តាម​បណ្ដាញ ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ហៅ​លោក សម រង្ស៊ី ថា ជា​កូន "អា​ក្បត់​ជាតិ"។  លោក ហ៊ុន សែន ក៏​បាន​គំរាម​ផង​ដែរ​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​លោក សម រង្ស៊ី ចំពោះ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​របស់​លោក​នឹង​បង្អាក់​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨។

លោក សម រង្ស៊ី មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​តាម​សារ​អ៊ីម៉េល ទៅ​នឹង​សម្ដី​ប្រមាថ​របស់​លោក ហ៊ុន សែន វិញ​ដែល​បាន​សរសេរ​ថា៖ "បើ​ថ្ងៃ​ណា​មួយ​លោក ហ៊ុន សែន ត្រូវ​គេ​ចោទ​ប្រកាន់​ពី​រឿង​អ្វី​មួយ​នៅ​ចំពោះ​មុខ​តុលាការ​ណា​មួយ ខ្ញុំ​នឹង​ចេញ​មុខ​មុន​គេ​ការពារ​កូន​របស់​លោក បើ​កូន​ទាំង​នោះ​ទទួល​នូវ​ការ​ស្ដី​បន្ទោស​ណា​មួយ ពីព្រោះ​កូន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ ហើយ​ក៏​មិន​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​រឿង​ដែល​គេ​ចោទ​ប្រកាន់​ឪពុក​នោះ​ដែរ"។

​ មួយ​ថ្ងៃ​ក្រោយ​ពី​លោក ហ៊ុន សែន គំរាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​មក គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​លោក ហោ ណាំហុង ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​កាល​ពី​ឆ្នាំ​២០០៨ ដែល​ជា​សំណុំ​រឿង​ចាស់​កាល​ពី ៧​ឆ្នាំ​មុន។

​លោក ឈាង វុន បាន​ឆ្លើយ​ការពារ​ថា តុលាការ​រាជធានី​ភ្នំពេញ ដែល​ទើបតែ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី នេះ មិន​មែន​ដោយសារ​តែ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន តប​ទៅ​នឹង​លោក សម រង្ស៊ី នោះ​ឡើយ។

ជាង​នេះ​ទៅ​ទៀត អ្នក​ឃ្លាំមើល​សង្គម លោក សុខ ទូច មាន​ប្រសាសន៍​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​១៣ វិច្ឆិកា ថា លោក សម រង្ស៊ី ជា​អ្នក​ចាប់​ផ្ដើម​មុន នាំ​អោយ​មាន​វិបត្តិ​នយោបាយ​នេះ ហើយ​ថា គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​គ្មាន​ឥរិយាបថ​អត់ឱន​ទៀត ទើប​បណ្ដាល​អោយ​មាន​កម្ដៅ​នយោបាយ​ឡើង​កាន់​តែង​ខ្លាំង៖ «ពីព្រោះ​ឯកឧត្ដម សម រង្ស៊ី វ៉ៃ​ទី​១ គឺ​វ៉ៃ​នៅ​សហរដ្ឋអាមេរិក ហើយ​វ៉ៃ​ទី​២ គឺ​វ៉ៃ​នៅ​បារាំង ហើយ​វ៉ៃ​ទី​៣ គឺ​វ៉ៃ រឿង​ផែនទី»។

​ទោះបី​ជា​មាន​អាយ៉ៃ​ ឆ្លើយឆ្លង​ឌឺដង​ដាក់​គ្នា​ដោយ​យក​លេស​សារ​នយោបាយ​ជា​អាវុធ​បាញ់​ដាក់​គ្នា​ ទៅ​វិញ​ទៅ​មក​យ៉ាង​ណា​ក៏ដោយ ក៏​ក្រុម​អ្នក​វិភាគ​បាន​ហាម​អ្នក​នយោបាយ​កុំ​ឲ្យ​ប្រើ​វប្បធម៌​ហិង្សា​ ដើម្បី​ដោះស្រាយ​ល្បែង​នយោបាយ​ទាំង​នោះ។

កាល​ពី​ចុង​ខែ​ តុលា បាតុករ​គាំទ្រ​បក្ស​កាន់​អំណាច​បាន​វ៉ៃ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ ឲ្យ​របួស​ជា​ទម្ងន់ ហើយ​ក្រោយ​មក​បក្ស​កាន់​អំណាច ការ​ដក​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា​ពី​លោក កឹម សុខា ថែម​ទៀត។

ត្រឡប់ ​មក​រឿង​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី វិញ លោក នី ចរិយា បញ្ជាក់​បន្ថែម​ថា បណ្ដឹង​របស់​លោក ហោ ណាំហុង ដែល​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍ ថា​លោក​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​គ្រប់គ្រង​គុក​បឹងត្របែក ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ត្រូវ​បាន​បញ្ចប់​នៅ​សាលាឧទ្ធរណ៍​ស្រុក​បារាំង រួច​ទៅ​ហើយ ដែល​ពេល​នោះ​លោក សម រង្ស៊ី បាន​ឈ្នះ​ក្តី។

លោក នី ចរិយា បន្ត​ថា ប្រសិនបើ​លោក ហោ ណាំហុង ចាត់​ទុក​ថា សាលដីកា​របស់​សាលាឧទ្ធរណ៍​ប្រទេស​បារាំង ចេញ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១១ នោះ មិន​អាច​យក​ជា​ការ​បាន​ទេ​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រូប​នេះ ប្ដឹង​លោក សម រង្ស៊ី នៅ​តុលាការ​បារាំង ទៅ​វិញ។

​វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី លោក សម រង្ស៊ី បាន​ទេ អំពី​ជំហរ​របស់​លោក​ក្នុង​ការ​ហ៊ាន​វិល​ត្រឡប់​ពី​បរទេស​ចូល​កម្ពុជា​វិញ ដើម្បី​តទល់​ផ្លូវ​ច្បាប់​ជាមួយ​ប្រព័ន្ធ​តុលាការ​កម្ពុជា ឬ​យ៉ាង​ណា៕

No comments: