ដោយ ប្រាជ្ញ ចេវ
2015-11-14
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលត្រឡប់ពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ |
លោក សម រង្ស៊ី ដែលត្រូវតុលាការរាជធានីភ្នំពេញ ចេញដីកាអោយតាមចាប់ខ្លួនផ្ញើសាទៅរដ្ឋាភិបាលថា អ្នកដឹកនាំអំណាចផ្ដាច់ការកំពុងតក់ស្លុត ភ័យស្លន់ស្លោនឹងព្យុះលទ្ធិប្រជាធិបតេយ្យ ខណៈដែលគណបក្សប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា ឬ ភូមា ឈ្នះឆ្នោតលើរបបសឹកយោធា។ ប៉ុន្តែអ្នកនាំពាក្យកាន់អំណាចឆ្លើយតបវិញថា លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជា មិនអាចប្រៀបផ្ទឹមនឹងលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ប្រធានបក្សប្រឆាំងនៅមីយ៉ាន់ម៉ា បានឡើយ។
សារនយោបាយនិយាយបញ្ឆិតបញ្ឆៀងរបស់លោក សម ង្ស៊ី ដែលទំនងសំដៅទៅលោក ហ៊ុន សែន លើកឡើងថា ការប្រើអំណាចតុលាការ និងព្រមាននានាមករូបលើក ព្រោះអ្នកផ្ដាច់ការនៅសេសសល់នៅតំបន់អាស៊ី កំពុងភ័យស្លន់ស្លោ។ សាររបស់លោក សម រង្ស៊ី នៅពេលនេះ ក្រោយមួយថ្ងៃបន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឲ្យចាប់ខ្លួនលោក សម រង្ស៊ី ទាក់ទងបទបរិហារកេរ្តិ៍ លោក ហោ ណាំហុង ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងកាលពីឆ្នាំ២០០៨។
ឆ្លើយ នឹងការលើកឡើងរបស់លោក សម រង្ស៊ី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការឈ្នះឆ្នោតនៅភូមា មិនប៉ះពាល់ដល់កម្ពុជា ព្រោះគណបក្សប្រឆាំងនៅកម្ពុជា គ្មានលក្ខណៈសម្បត្តិដូចបក្សប្រឆាំងនៅមីយ៉ាន់ម៉ា ឡើយ។ លោកបន្តថា ការប្រែប្រួលស្ថានការណ៍នយោបាយនៅពេលនេះ បង្កឡើងដោយលោក សម រង្ស៊ី ខ្វះសីលធម៌នយោបាយតាមរយៈពាក្យសម្ដី និងអាកប្បកិរិយា៖ «លក្ខណៈសម្បត្តិគណបក្សប្រឆាំងនៅកម្ពុជា ខុសគ្នាពីលក្ខណៈសម្បត្តិគណបក្សប្រឆាំងនៅភូមា លោកស្រី អ៊ុង សានស៊ូជី មានត្រកូលជាអ្នកស្នេហាជាតិ ប៉ុន្តែលោក សម រង្ស៊ី ដែលជាជាកូនរបស់លោក សម សារី ដែលគេដឹងថា ជាត្រកូលក្បត់ជាតិ»។
សាធារណជនមួយចំនួនរិះគន់ថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា ធ្វើឲ្យអ្នកនយោបាយនៅកម្ពុជា ឈ្លោះគ្នា។ សង្គ្រាមពាក្យសម្ដីរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កើតមានបន្តបន្ទាប់ចាប់តាំងពីមានបាតុកម្មនៅសហរដ្ឋអាមេរិក ប្រទេសបារាំង និងនៅមុខរដ្ឋសភា បណ្ដាលតំណាងរាស្ត្របក្សប្រឆាំងពីរនាក់រងរបួសធ្ងន់ និងទម្លាក់លោក កឹម សុខា ចេញពីតំណែង រហូតមានដីកាឲ្យចាប់ខ្លួនលោក សម រង្ស៊ី។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី និយាយថា រឿងរ៉ាវដែលកើងឡើងនៅពេលនេះ ជាកំហឹងរបស់អ្នកនយោបាយដែលគ្មានវិជ្ជាជីវៈទាំងពីរគណបក្ស បង្ហាញថា តុលាការនៅកម្ពុជា មិនបម្រើប្រយោជន៍សាធារណៈ បែរជាបម្រើនយោបាយ ហើយស្ថានភាពកម្ពុជា នៅពេលនេះ បានវិលថយក្រោយ។ ជាងនេះទៅទៀត លោក កែម ឡី ហៅសាររបស់លោក សម រង្ស៊ី នៅពេលនេះថា វ៉ៃដើម្បីដកខ្លួន ហើយសារនេះ នឹងធ្វើឲ្យកម្ដៅនយោបាយកាន់តែក្ដៅថែមទៀត៖ «ខ្ញុំមើលឃើញថា នេះជាសារមួយបន្ថែមភាពតានតឹងនយោបាយ។ នេះជាការវ៉ៃដកខ្លួន ព្រោះលោក សម រង្ស៊ី មានទម្លាប់មិនទទួលខុសត្រូវ ច្រើនតែគេចទៅក្រៅប្រទេស»។
ដោយឡែក តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ កំពុងរៀបចំផែនការទប់ទល់ស្ថានការណ៍កំពុងកើតឡើង ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិ មិនតតាំងផ្លូវច្បាប់រឿងក្ដីក្ដាំលោក សម រង្ស៊ី ទេ។ លោកបន្តថា អ្នកនយោបាយកម្ពុជា គួរតែរៀនសូត្រពីហេតុការណ៍នៅមីយ៉ាន់ម៉ា ខណៈដែលបក្សប្រឆាំងឈ្នះឆ្នោតរបបសឹកយោធា យល់ព្រមប្រគល់អំណាច៖ «ផែនការ សកម្មភាពនានាហ្នឹង យើងមិនអាចប្រាប់បានទេ ព្រោះជារឿងធំធេងណាស់ ហើយបើយើងមិនមានផែនការច្បាស់លាស់ទេ យើងនឹងបរាជ័យ»។
លោក កែម ឡី ព្យាករថា គណបក្សប្រជាជនកម្ពុជា នឹងបង្កឲ្យមានព្យុះភ្លៀងថែមទៀតលើគណបក្សសង្គ្រោះជាតិ ព្រោះគណបក្សកាន់អំណាចមួយនេះ ចង់ឲ្យគណបក្សសង្គ្រោះជាតិ រលាយបាត់ស្រមោលមុនការបោះឆ្នោតឆ្នាំ២០១៨៕
No comments:
Post a Comment