យុវជនមួយចំនួនយល់ថាវប្បធម៌សន្ទនារបស់បក្សនយោបាយទាំងពីរមិនមែនជាគំរូល្អ
ដោយ ឡេង ម៉ាលី
rfa 2015-11-16
លោក សម រង្ស៊ី និងលោក ហ៊ុន សែន
បង្ហាញការសន្ទនាគ្នាដ៏ល្អូកល្អិននៅពេលដែលអង្គុយមើលល្ខោន
និងរបាំនៅក្នុងភូមិខ្មែរ នាទីលានជល់ដំរី កាលពីថ្ងៃទី១៤ ខែមេសា
ឆ្នាំ២០១៥។
RFA/Hang Savyouth
|
ក្នុងពេលដែលវប្បធម៌ សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ស្ថិតនៅក្រោមការគំរាមកំហែង និងអាចឈានទៅដល់ការបាត់បង់ទៅវិញនោះ ប្រការនេះត្រូវបានយុវជនមួយចំនួនមើលឃើញថា វប្បធម៌នេះមិនមែនជាគំរូល្អនោះទេ។
យុវជនមួយចំនួន យល់ឃើញថា កិច្ចសន្ទនានយោបាយកំពុងក្ដៅបច្ចុប្បន្ននេះ មិនមែនជាគំរូដែលល្អឲ្យយុវជនចាប់យកទៅអនុវត្តសម្រាប់ពេលអនាគត ទេ បើទោះជាការសន្ទនានេះមានភាពវិជ្ជមានផង និងអវិជ្ជមានផងក្តី។
និស្សិត ផ្នែកទស្សនវិជ្ជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា កុប ច័ន្ទណាំ ថ្លែងនៅថ្ងៃទី១៥ វិច្ឆិកា ថា ភាពជាក់ស្ដែងបច្ចុប្បន្ន ភាគច្រើនគឺអ្នកនយោបាយខំប្រឹងនិយាយហែកហួរគ្នា ដើម្បីផលប្រយោជន៍ចំណេញនយោបាយរៀងខ្លួន មិនគិតពីអ្នកដទៃ៖ «ចំពោះខ្ញុំ ខ្ញុំគិតថាវប្បធម៌សន្ទនា (គឺ) យើងមិនត្រូវប្រកាន់ពាក្យសម្ដីមួយចំនួនខ្លាំងពេកទេ។ ជួនកាល បុគ្គលខ្លះគាត់ចង់ចំណេញនយោបាយ ខំប្រឹងនិយាយបង្អាប់បន្ទោសខាងម្ខាងទៀតដើម្បីចំណេញ។ ប៉ុន្តែម្ខាងគាត់ឃើញម្ខាងទៀតនិយាយអ៊ីចឹង គាត់ចាប់ផ្ដើមប្រតិកម្មភ្លាម។ ដល់ពេលអ៊ីចឹង វាជាគំរូមិនល្អសម្រាប់យុវជនដែរ។ គួរតែអត់ធ្មត់ឲ្យបានច្រើន ហើយខ្ញុំមើលឃើញថា ប្រទេសកម្ពុជា អត់ទាន់ចាស់ទុំទេផ្នែកនយោបាយ។ ភាគច្រើនគ្រាន់តែនិយាយពាក្យសម្ដីមួយចំនួន ក្ដៅស្លឹកត្រចៀករៀងខ្លួន ដំឡើងធ្មុងដាក់គ្នារៀងខ្លួន ហើយស្រែកអង្គការអន្តរជាតិផ្សេងៗ ថាខ្លួនឯងចាស់ទុំផ្នែកនយោបាយ ក៏ប៉ុន្តែខ្ញុំមើលឃើញជាក់ស្ដែងអត់ទាន់ចាស់ទុំទេផ្នែកហ្នឹង»។
ទោះ ជាដូច្នេះក្ដី កញ្ញា កុប ច័ន្ទណាំ យល់ឃើញថា វប្បធម៌សន្ទនា គឺជាវប្បធម៌មានប្រយោជន៍សម្រាប់យុវជនរៀនសូត្រ និងយកទៅអនុវត្តនៅថ្ងៃអនាគត។ កញ្ញាបន្តថា នៅពេលដែលយុវជនក្លាយជាអ្នកតំណាងរាស្ត្រ យុវជនគប្បីប្រកាន់យកគោលជំហរវប្បធម៌សន្ទនាគ្នា ដើម្បីកុំឲ្យប្រទេសជាតិចលាចល។
ដោយឡែក យុវជន សុខ ណាឡែន ដែលបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ និងច្បាប់ យល់ថា យុវជនមួយចំនួននៅមិនទាន់យល់ច្បាស់អំពីវប្បធម៌សន្ទនា ហើយបញ្ចេញមតិមិនសមរម្យនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook)។ លោកចង់ឲ្យយុវជនប្រើការគិត ច្រើនជាងការប្រើអារម្មណ៍ ដើម្បីកុំឲ្យក្លាយទៅជាកំហឹង៖ «យុវជនមួយចំនួន គាត់ចេះតែខំមិន (comment) ប្រើពាក្យភាសាមិនសមរម្យទាក់ទងវប្បធម៌សន្ទនា គ្រាន់តែថាសង្គ្រោះជាតិចាញ់បោកគណបក្សប្រជាជន គណបក្សប្រជាជនចង់កូរយ៉ាងម៉េចស្រេចតែចិត្ត ពីព្រោះយើងឃើញថា លោក កឹម សុខា ត្រូវទម្លាក់ចេញពីតំណែង វាធ្វើឲ្យប៉ះពាល់វប្បធម៌សន្ទនា។ អ៊ីចឹងអ្នកមិនសូវយល់វប្បធម៌សន្ទនា យើងចេះតែចាញ់បោកគេៗ។ យុវជនយើងគួរតែសិក្សាឲ្យបានច្បាស់ថា វប្បធម៌សន្ទនាហ្នឹងមានប៉ុន្មានចំណុច មុននឹងយើងសម្រេចចិត្តបញ្ចេញមតិ។ អ្នកខ្លះអត់ទាន់ថាវប្បធម៌សន្ទនាហ្នឹងវាមានខ្លឹមសារយ៉ាងម៉េចទេ ប៉ុន្តែកេងយកចំណេញគណបក្សរៀងៗខ្លួន ដូចជាគណបក្ស ស៊ី.អិន.អ.ភី (CNRP) គាត់ថាវប្បធម៌សន្ទនាហ្នឹងអ៊ីចេះ ឬអ៊ីចុះ ដល់ពេលគណបក្ស ស៊ី.ភី.ភី (CPP) គាត់ថាវប្បធម៌សន្ទនាហ្នឹងធ្វើឡើងដើម្បីរក្សាគោលជំហរប្រទេសជាតិ អី គឺរបៀបអ៊ីចឹង»។
ទន្ទឹមគ្នានេះ នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា ថ្លែងថា ការសន្ទនារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សព្វថ្ងៃនេះ ខាងលោកជាយុវជនមិនហៅថាជាវប្បធម៌សន្ទនានៅឡើយទេ៖ «ព្រោះដោយសារថា តែកាលណាយើងនិយាយពាក្យថាវប្បធម៌ មានន័យថា វាក្លាយទៅជាទម្លាប់ក្នុងការជជែកដេញដោលជាមួយគ្នា។ ប៉ុន្តែស្រុកយើងកាលណាមានរឿងកាន់តែរសើប កាន់តែក្ដៅ ហិង្សាកាន់តែធំ។ ប៉ុន្តែចុងក្រោយទៅវិញទេ ដែលជ្រើសរើសយកការសន្ទនាមកធ្វើជាដំណោះស្រាយគ្រប់ដំណាក់នៃនយោបាយ ទាំងអស់ ទោះបីការរួបរួមជាតិជាមួយខ្មែរក្រហមចុងក្រោយ គឺមានការចរចាសន្ទនាគ្នាគ្រប់ភាគីទាំងអស់នៅក្នុងនយោបាយ។ អ៊ីចឹងកន្លែងហ្នឹងហើយដែលមើលទៅហាក់ដូចជាមានប្រយោជន៍ ឬឥទ្ធិពលអីទូលំទូលាយទៅដល់មហាជនទេ ហើយហាក់ដូចជាមិនផ្ដល់នូវគំរូភាពល្អក្នុងការសន្ទនាទៅដល់យុវជន ទេ។ យុវជន មិនអាចចាប់យកគំរូភាពរបស់អ្នកនយោបាយ ក្នុងប្រើប្រាស់ការសន្ទនាហ្នឹងឲ្យក្លាយទៅជាទម្លាប់នៅក្នុងការ ដោះស្រាយបញ្ហាទេ»។
លោក ជាង សុខា មានប្រសាសន៍បន្តថា ការដោះស្រាយនយោបាយដោយការប្រើប្រាស់កម្លាំង ឬប្រើប្រាស់អំពើហិង្សា ហាក់ដូចជាការដាក់សម្ពាធលើការចរចាគ្នា ហើយមើលទៅដូចជាអ្នកនយោបាយខ្មែរពិបាករកពាក្យខ្មែរយកមកអង្គុយ និយាយគ្នា ដើម្បីឲ្យយុវជនមើលឃើញគំរូ និងចាប់យកមកប្រើប្រាស់ នៅពេលដែលយុវជនក្លាយជាអ្នកនយោបាយ ឬជាពលរដ្ឋសកម្មនៅក្នុងសង្គម។ លោកបន្តថា វប្បធម៌សន្ទនា មិនមែនជារឿងថ្មីទេនៅក្នុងសង្គមខ្មែរ ប៉ុន្តែដោយសារតែការប្រើប្រាស់អំពើហិង្សាដើម្បីប្រយោជន៍ក្រុមបក្ស ម្ខាងៗ ទើបធ្វើឲ្យរំលោភលើវប្បធម៌ដែលខ្មែរមាន។
ទោះ ពុំសូវមានជំនឿលើវប្បធម៌សន្ទនារបស់អ្នកនយោបាយខ្មែរក្នុងពេល បច្ចុប្បន្នក្ដី ប៉ុន្តែក្រុមយុវជនទាំងនេះ បានរៀបចំឲ្យមានជំនួបគ្នាមួយជាមួយមន្ត្រីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ដើម្បីពង្រឹងនូវវប្បធម៌សន្ទនានេះ៕
No comments:
Post a Comment