"អ្នកកែរូបថតភរិយាលោក ហ៊ុន សែន មិនអាចចូលស្រុកបានទេ"
ដោយ ប្រាជ្ញ ចេវ
2016-01-16 rfa
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ថា នៅពេលនេះសមត្ថកិច្ចទទួលតម្រុយមួយដែលអាចកំណត់អត្តសញ្ញាណអ្នកដែលកែរូបជើងភរិយាលោក ហ៊ុន សែន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី១៦ ខែមករា ថា អ្នកប្រព្រឹត្តនោះនឹងស្លាប់ចោលឆ្អឹងនៅស្រុកគេ ព្រោះមិនអាចវិលចូលស្រុកខ្មែរវិញបាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា ជនដែលកែរូបជើងភរិយារបស់លោក ហ៊ុន សែន ជាបុគ្គលមានសញ្ជាតិពីរ និងជាពលរដ្ឋខ្មែរដែលទៅរស់នៅក្រៅប្រទេស។ ប៉ុន្តែលោកមិនបញ្ជាក់ថា ជននោះកំពុងរស់នៅប្រទេសណា សញ្ជាតិអ្វីខ្លះ ឬក៏ជាបុរស ឬស្ត្រីឡើយ។ លោកបន្តថា សមត្ថកិច្ចកម្ពុជា កំពុងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីធ្វើរឿងនេះ៖ «»។
លោក ខៀវ សុភ័គ បន្តថា ជនដែលប្រព្រឹត្តនោះ ជាសកម្មជនរបស់គណបក្សប្រឆាំង។ ទាក់ទងរឿងនេះដែរ កាលពីពេលថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់ក្រុមដឹកនាំសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បញ្ចេញមតិលើប្រព័ន្ធផ្សព្វប្រកបដោយភាពថ្លៃថ្នូរ។
ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ ថា ទង្វើរបស់អ្នកប្រើហ្វេសប៊ុក (Facebook) ដែលកែរូបជើងអ្នកស្រី ប៊ុន រ៉ានី ជាមនុស្សគ្មានសីលធម៌ ប៉ុន្តែលោកក៏យល់ស្របចំពោះវិធានការរបស់សមត្ថកិច្ចនៅពេលនេះដែរ។ លោកយល់ថា ទង្វើរបស់អ្នកលេងហ្វេសប៊ុក ធ្វើមិនខុសច្បាប់ទេ ហើយទង្វើនោះ គួរសង្គមថ្កោលទោស មិនមែនច្បាប់ជាអ្នកថ្កោលទោសទេ៖ «»។
កាលពីថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីគេហទំព័រហេ្វសប៊ុក បានបង្ហោះរូបលំហែកម្សាន្តជុំគ្រួសារនៅលើឆ្នេរខ្សាច់មាត់សមុទ្រខេត្តព្រះសីហនុ មានអ្នកប្រើប្រាស់ហ្វេសប៊ុក បានកែរូបភរិយារបស់លោកពីរូបឈរធម្មតា ទៅជាឈរមិនសមរម្យ។ លោក ហ៊ុន សែន ហៅទង្វើនេះថា គឺជាមនុស្សមកពីគណបក្សប្រឆាំងជ្រុលនិយមមួយចំនួន និងសកម្មជនបក្សប្រឆាំង។
នាយកប្រតិបត្តិនៃក្លឹបអ្នកកាសែត លោក ឆាយ សុផល គាំទ្រការចាត់វិធានការរបស់សមត្ថកិច្ចនៅពេលនេះ។ ទោះបែបនេះក្ដី លោកយល់ថា សមត្ថកិច្ចត្រូវចាត់ការទៅលើរឿងគ្រប់ករណី មិនរង់ចាំតែករណីភរិយារបស់លោក ហ៊ុន សែន ទេ៖ «»។
ការកែរូបលោក ហ៊ុន សែន លោក សម រង្ស៊ី ឬរូបលោក កឹម សុខា ហើយដាក់លើបណ្ដាញសង្គម មិនមែនជារឿងថ្មីនៅនោះទេ ប៉ុន្តែអ្វីដែលថ្មីនោះ គឺលោក ហ៊ុន សែន បញ្ចេញប្រតិកម្មទៅអ្នកលេងហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់លោក។
កាលពីថ្ងៃទី៩ ខែមករា តុលាការខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនយុវជនដែលគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ពន្ធនាគារយុវជនម្នាក់ដែលជាជនសង្ស័យគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមហ្វេសប៊ុក (Facebook) ត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួន ២ករណី គឺករណីគំរាមសម្លាប់ និងការប្រមាថ៕
No comments:
Post a Comment