លោក សម រង្ស៊ី ផ្ដើមប្រើពាក្យសង្គ្រោះជាតិឡើងវិញ
ដោយ ប្រាជ្ញ ចេវ
2016-01-16 rfa
ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស ផ្ដើមប្រើពាក្យសង្គ្រោះជាតិឡើងវិញ ខណៈដែលសង្គ្រាមពាក្យសម្ដីរវាងលោក និងលោក ហ៊ុន សែន បានស្ងប់ស្ងាត់មួយរយៈខ្លី។
លោក សម រង្ស៊ី បានធ្វើអត្ថាធិប្បាយតាមរយៈការបង្ហោះវីដេអូ ដែលមានរយៈពេលជាងមួយនាទី នៅថ្ងៃទី១៦ ខែមករា។ លោក សម រង្ស៊ី លើកឡើងថា លោកនឹងនាំមកនូវការផ្លាស់ប្ដូរនៅពេលខាងមុខនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថាលោកនឹងរកមធ្យោបាយធ្វើយ៉ាងណាឲ្យមានអ្នកដឹកនាំថ្មី រដ្ឋាភិបាលថ្មី ដែលចេះការពារប្រជាពលរដ្ឋ ទឹកដីខ្មែរ ដែលលោកចោទប្រកាន់ថា សព្វថ្ងៃនេះកំពុងបាត់បង់។
លោកប្រាប់ឲ្យពលរដ្ឋខ្មែរជឿជាក់លើរូបលោក ដែលលោកនឹងសង្គ្រោះជាតិ ឲ្យទាល់តែបាននៅពេលខាងមុខនេះ៖ «ផ្លាស់ប្ដូរឲ្យមានអ្នកដឹកនាំថ្មី រដ្ឋាភិបាលថ្មីដែលចេះការពារប្រជារាស្ត្រខ្មែរ ពិសេសប្រជារាស្ត្រក្រីក្រ ទន់ខ្សោយ ហើយដែលចេះការពារទឹកដីយើងកុំឲ្យបាត់បង់ដូចសព្វថ្ងៃ។ ចេះការពារទ្រព្យសម្បត្តិជាតិ សម្បត្តិធម្មជាតិ... យើងនឹងសង្គ្រោះជាតិយើងទាំងអស់គ្នាឲ្យទាល់តែបានឆាប់ៗខាងមុខនេះ»។
ឆ្លើយតបនឹងការលើកឡើងរបស់ លោក សម រង្ស៊ី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវុណ ថា ពាក្យដែលគេប្រើសម័យសង្គ្រាម ដូច្នេះពាក្យសង្គ្រោះជាតិ របស់លោក សម រង្ស៊ី មិនស័ក្ដិសមនឹងប្រើនៅពេលនេះ ខណៈប្រទេសកម្ពុជា មានសុខសន្តិភាព៕
No comments:
Post a Comment