ដោយ ម៉ម មុនីរតន៍
2016-02-16 rfa
| ពលរដ្ឋតវ៉ាលើកបដាទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១ រដ្ឋសភា នាមុខរដ្ឋសភា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ |
គម្រោងធ្វើបាតុកម្មប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ របស់មនុស្សមួយក្រុមដែលអះអាងថា ជាសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវរំសាយទៅវិញ។ នៅមុនកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ ក្រុមសម្ព័ន្ធយុវជនដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រកាសថា នឹងធ្វើបាតុកម្មប្រឆាំងបាតុកម្មនៅសហរដ្ឋអាមេរិក វិញដែរ ជាពិសេសបាតុកម្មដែលរៀបចំនៅកម្ពុជា នេះ គឺបំណងសំខាន់ស្នើឲ្យរដ្ឋសភា រំលាយគណបក្សសង្គ្រោះជាតិ ចោល។
អង្គការមិនមែនរដ្ឋាភិបាល យល់ឃើញថា ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងមួយដោយមធ្យោបាយរបៀបនេះ ជាការខាតបង់សម្រាប់កម្ពុជា។ ម្យ៉ាង ប្រទេសក្នុងពិភពលោកគេកម្រអនុវត្តបញ្ច្រាសទិសដូចនេះទៀតផង។
នៅតាមគោលដៅនៃគម្រោងធ្វើបាតុកម្មរបស់ក្រុមគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រែក្លាយជាស្ងប់ស្ងាត់ខុសពីអ្វីដែលក្រុមនេះធ្លាប់បានប្រកាសមុនជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ថាបើមានបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន សែន នៅសហរដ្ឋអាមេរិក ពិតមែន រីឯនៅស្រុកខ្មែរ ក៏មានបាតុកម្មតបវិញដែរប្រឆាំងគណបក្សសង្គ្រោះជាតិ។
នៅចំថ្ងៃនៃកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ាន កំពុងដំណើរការ ការប្រកាសរំសាយគម្រោងបាតុកម្មនៅពេលនេះ នៅពុំទាន់មានការបកស្រាយឲ្យបានច្បាស់លាស់ ថាតើបណ្ដាលមកពីមូលហេតុអ្វីឲ្យបានពិតប្រាកដនៅឡើយទេ នៅគ្រាដែលបាតុករនៅសហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងនឹង លោក ហ៊ុន សែន ដូចការគ្រោងទុកនោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក សាំង សុង ដើម្បីសួរពីបញ្ហានេះបន្ថែមបានទេ នៅថ្ងៃទី១៦ កុម្ភៈ។
បើទោះជាបែបណា លោក សាំង សុង ដែលធ្លាប់បញ្ជាក់តាមបណ្ដាញសង្គមថា ខ្លួនជាក្រុមសម្ព័ន្ធយុវជនគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្ដីចុះផ្សាយនៅថ្ងៃទី១៦ កុម្ភៈ ថា ការសម្រេចចិត្តរំសាយគម្រោងបាតុកម្មនៅពេលនេះ ដោយសារបាតុកម្មនៅសហរដ្ឋអាមេរិក មិនធ្ងន់ធ្ងរ ហើយម្យ៉ាងទៀត ថែមទាំងមិនប៉ះពាល់អ្វីដែលចាំបាច់ត្រូវធ្វើបាតុកម្មតបវិញនោះដែរ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បដិសេធគម្រោងធ្វើបាតុកម្មនេះ និងបាតុកម្មប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ដោយលោកចាត់ទុកថាពុំទាក់ទងនឹងគណបក្សកំពុងគ្រប់គ្រងអំណាចឡើយ។
មន្ត្រីនាំពាក្យគណបក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ថ្វីបើបាតុកម្មពុំបានកើតឡើងដូចការគ្រោងទុកមែន ប៉ុន្តែការព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខផ្ទាល់របស់គណបក្សប្រឆាំង នៅតែជាបញ្ហានៅឡើយ។ ម្យ៉ាងវិញទៀត បើទោះជាស្ថានភាពនៅពេលនេះមិនអំណោយផល ក៏តំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង នៅតែបំពេញកិច្ចការរបស់ខ្លួនដូចសព្វដងដែរ។ លោកបន្តថា «យើងនៅតែមានការប្រុងប្រយ័ត្ន ហើយសង្ឃឹមទៅលើអាជ្ញាធរសមត្ថកិច្ចដែលចាត់វិធានការការពារថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាតំណាងរាស្ត្រដែរ។ យើងនៅភ្នំពេញ ហើយយើងនៅតែបំពេញការងារធម្មតា»។
គេរំពឹងថា បាតុកម្មដែលអាចនឹងផ្ទុះឡើង ទំនងជានៅតាមគោលដៅសំខាន់ៗមួយចំនួន ដូចជាទីស្នាក់ការគណបក្សសង្គ្រោះជាតិ មុខផ្ទះ លោក កឹម សុខា និងមុខវិមានរដ្ឋសភា។ ផ្ទុយពីនេះវិញ នៅចំណុចទាំងនេះបានប្រែក្លាយជាធម្មតាទៅវិញ មិនដូចការប្រកាសនៅមុនបាតុកម្មចាប់ផ្ដើមនៅសហរដ្ឋអាមេរិក ទេ។ ក្រៅពីនេះ គេឮតែស្នូរសំឡេងតាមវិទ្យុទាក់ទង ឬអាយកូម (ICOM) ឆ្លើយឆ្លងគ្នាថា ពុំមានបាតុកម្មទេ ហើយកម្លាំងដែលត្រៀមត្រូវរំសាយទៅវិញប៉ុណ្ណោះ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) យល់ឃើញថា បាតុកម្មដែលរៀបចំឡើងក្នុងបំណងរំលាយគណបក្សប្រឆាំងនេះ ជាការអនុវត្តដែលផ្ទុយទៅនឹងច្បាប់។ លោកបញ្ជាក់ថា ការរំលាយគណបក្សនយោបាយណាមួយទៅបាន គឺត្រូវមានដីកាចេញដោយតុលាការ។ មិនតែប៉ុណ្ណោះ បាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ រឹតតែមិនត្រូវថែមទៀតផង ព្រោះបាតុកម្មនៅសហរដ្ឋអាមេរិក វាជាការយល់ឃើញ និងជាសិទ្ធិរបស់ពួកគេប៉ុណ្ណោះ។ លោក គល់ បញ្ញា ឲ្យដឹងថា បញ្ហានេះវាមិនគួរខឹងគោ ទៅវ៉ៃរទេះនោះទេ។ លោកបន្តថា «អ្នកកាត់សេចក្ដីរឿងហ្នឹង ទាល់តែតុលាការធម្មនុញ្ញ បានអាចធ្វើការពិនិត្យទៅលើរឿងហ្នឹង ព្រោះសេរីភាពបង្កើតគណបក្ស ហើយសមាគមហ្នឹង គឺធំណាស់ មិនអាចទាញកំហុសទៅលើស្ថាប័នបានទេ។ រឿងនេះជារឿងបុគ្គលទេ»។
បើទោះជាបែបណា នៅមុនកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ចាប់ផ្ដើមមុនមួយថ្ងៃ ឯកសារសម្ងាត់ខ្លះត្រូវបែកធ្លាយពីផែនការបន្ទាន់ពីក្រុមដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ ថ្វីបើអ្វីដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះ ពុំបានលម្អិត ក៏ខ្លឹមសារដែលរៀបចំដោយសហភាពសម្ព័ន្ធយុវជនកម្ពុជា ទំនងជាប់ទាក់ទង ភាគច្រើនសំដៅការរៀបចំផែនការសម្រាប់គម្រោងធ្វើបាតុកម្មដែរ។
លិខិតដែលគេបានផ្សព្វផ្សាយតាមហ្វេសប៊ុក (Facebook) បានសរសេរថា គោលបំណងនៃការប្រមូលផ្ដុំនេះ គឺដើម្បីប្រជុំពិភាក្សាផែនការការងារបន្ទាន់ នៅថ្ងៃទី១៥ កុម្ភៈ។ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដដែល ឲ្យដឹងថា យុវជនដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាច បានរៀបចំកិច្ចប្រជុំសម្ងាត់ជាច្រើនគោលដៅពីគម្រោងធ្វើបាតុកម្មនៅតាមទីតាំងខុសៗគ្នា ដូចជានៅកោះពេជ្រ និងតាមសាលាខណ្ឌក្នុងទីក្រុងភ្នំពេញថែមទៀតផង។
យ៉ាងនេះក្ដី បាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ នេះ ត្រូវបានអ្នកឃ្លាំមើលសង្គមយល់ឃើញថា បើទោះជាមើលទៅហាក់មានសភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតែអាចមានការប្រែប្រួលក្នុងនាទីចុងក្រោយបានដែរ៕
No comments:
Post a Comment