ដោយ ប្រាជ្ញ ចេវ
2016-02-16
មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងក្នុងពិធីគម្រប់ខួប១២ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា នៅជិតវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្របក្សនេះ កំពុងប្រមូលផ្តុំគ្នាស្នាក់នៅកន្លែងតែមួយដើម្បីការពារសុវត្ថិភាព ខណៈបាតុករនៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន សែន។ ទាក់ទងសុវត្ថិភាពគណបក្សប្រឆាំងនៅពេលនេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា ក្រសួងបានត្រៀមកងកម្លាំងដើម្បីរង់ចាំអន្តរាគមន៍ ក្នុងករណីផ្ទុះហិង្សា ឬបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ រួចរាល់ហើយ។
គណបក្សសង្គ្រោះជាតិ កំពុងប្រុងប្រយ័ត្នក្នុងការធ្វើសកម្មភាពការងារក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកុម្ភៈ នេះ ខណៈខ្មែរ-អាមេរិកាំង រាប់រយនាក់ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន សែន នៅសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី១៦ កុម្ភៈ ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងអស់ ប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។ លោកបន្តថា គណបក្សណែនាំទៅសមាជិក ឬអ្នកតំណាងរាស្ត្រ ត្រូវប្រយ័ត្នគ្រប់ពេល និងត្រូវសហការទៅអាជ្ញាធរសមត្ថកិច្ច ក្នុងករណីផ្ទុះហិង្សាបន្ទាន់ណាមួយ៖ «ឲ្យប្រុងប្រយ័ត្នខ្ពស់បញ្ហាសន្តិសុខ ជាពិសេសតំណាងរាស្ត្រទៅជុំគ្នានៅទីស្នាក់ការកុំនៅបែកគ្នា ព្រោះយើងបារម្ភហេតុការណ៍ណាមួយដែលកើតឡើងដោយចៃដន្យ»។
ទោះជាយ៉ាងណាក្តី លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនទាន់ទទួលការព្រមានណាមួយពីក្រុមគាំទ្របក្សកាន់អំណាចនៅឡើយទេ។ ខណៈនេះដែរ នៅមុខផ្ទះរបស់ លោក កឹម សុខា នៅខណ្ឌទួលគោក មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ៣០នាក់ ប្រមូលផ្តុំគ្នានៅមុខផ្ទះ ដើម្បីការងារសុវត្ថិភាព។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តាំងកងកម្លាំងរបស់ស្នងការខេត្ត-រាជធានី និងកម្លាំងនៅមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ការពារសុវត្ថិភាពតំណាងរាស្ត្រគណបក្សប្រឆាំង ក្នុងប្រការណាមួយកើតឡើង។ ជាងនេះទៅទៀត លោក ខៀវ សុភ័គ ទាមទារឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រកាន់ឥរិយាបថថ្លៃថ្នូរ ជៀសវាងបង្កជម្លោះដែលទៅជាបញ្ហា៖ «ខ្ញុំក៏សូមសំណូមពរដែរ ទាំងពលរដ្ឋ និងតំណាងរាស្ត្រ ត្រូវរក្សភាពថ្លៃថ្នូរ កុំឌឺដងដាក់គ្នាឯងទៅអញទៅ មិនត្រូវទេ។ និយាយរួម ការពារសន្តិសុខ មិនមែនប៉ូលិសតែម្នាក់ឯងការពារបានទេ ត្រូវចូលរួមទាំងអស់គ្នា»។
កាលពីថ្ងៃទី១២ ខែកុម្ភៈ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយច្បាប់ផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំជួយការពារសុវត្ថិភាពតំណាងរាស្ត្រ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខណៈមានការគំរាម។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់តាំងឲ្យអគ្គនាយកដ្ឋានមុខការ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ការពារសុវត្ថិភាពតាមការស្នើសុំ និងតាមជំនាញ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ថា ការដែលនាំឲ្យគណបក្សប្រឆាំងព្រួយភ័យពីសុវត្ថិភាពបែបនេះ ព្រោះអ្នកនយោបាយមិនត្រូវគ្នា ដែលជាការសងសឹកគ្នាទៅវិញទៅមក។ លោកបន្តថា បញ្ហាទាំងនោះធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ភ្ញៀវទេសចរ អ្នកវិយោគ ហើយអ្នកដែលចំណេញ គឺប្រទេសជិតខាងកម្ពុជា៖ «ប្រជាធិបតេយ្យក្លាយជាអនាធិបតេយ្យ រហូតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនហ៊ានចេញពីផ្ទះ ជាការព្រួយបារម្ភនៃបញ្ហាអសន្តិសុខកើតឡើង។ ដូច្នេះអ្នកនយោបាយ ឬអ្នកគាំទ្រនយោបាយធ្វើយ៉ាងណាកុំឲ្យជ្រុលនិយម»។
លោក ហ៊ុន សែន ថ្លែងក្នុងពេលជួបអ្នកគាំទ្រនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ថាលោកនឹងចុះចាប់ដៃជាមួយមេដឹកនាំបាតុកម្ម ដោយនិយាយតទល់ ដើម្បីបកស្រាយបញ្ហានានាដល់ក្រុមបាតុករចង់ដឹងពីរដ្ឋាភិបាល ប៉ុន្តែគេមិនឃើញ លោក ហ៊ុន សែន ចុះចាប់ដៃក្រុមបាតុករទេ នៅថ្ងៃទី១៦ ខែកុម្ភៈ៕
No comments:
Post a Comment