ដោយ តាំង សារ៉ាដា
2016-02-02 rfa
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន (អាវខ្មៅ) សួរអំពីផែនទីដែលមន្ត្រីរដ្ឋាភិបាលបង្ហាញនាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។
RFA/Rann Samnang
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅថ្ងៃទី២ ខែកុម្ភៈ នេះ បានឲ្យដឹងថា លោកបានដាក់លិខិតទៅលោក ហេង សំរិន ប្រធានរដ្ឋសភា ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកហូតដីសម្បទានសេដ្ឋកិច្ចពីកងទ័ពវៀតណាម ដែលកំពុងកាន់កាប់ និងបោះមូលដ្ឋានយោធាក្នុងខេត្តរតនគិរី។
នៅក្នុងលិខិតរបស់លោកទៅកាន់លោក ហ៊ុន សែន តាមរយៈលោក ហេង សំរិន ចុះកាលទី២៥ ខែមករា ដែលលោកទើបចេញផ្សាយជាសាធារណៈ បញ្ជាក់ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យកងទ័ពវៀតណាម ដែលមានទំហំ ៤០.០០០ (បួនម៉ឺន) ហិកតារ ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញមាត្រា ៥៣ ដែលចែងថា ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសក្នុងទឹកដីរបស់ខ្លួន។
លោក អ៊ុំ សំអាន អះអាងថា យោធាវៀតណាម គ្មានសិទ្ធិបោះទីតាំងទ័ពក្នុងទឹកដីកម្ពុជាឡើយ ហើយថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ទៅឲ្យកងទ័ពវៀតណាម ដូច្នេះ អាចនាំឲ្យកម្ពុជា បាត់បង់ទឹកដីទៅថ្ងៃអនាគត។ សំណើរបស់លោក អ៊ុំ សំអាន ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី២៨ ខែធ្នូ បានចុះផ្សាយអត្ថបទមួយមានចំណងរឿងថា "កងទ័ពប្រជាជនវៀតណាមទទួលបានការគ្រប់គ្រងដីប្រហែល ៤ម៉ឺនហិកតារយ៉ាងស្ងាត់ៗនៅក្នុងខេត្តរតនគិរី"៕
No comments:
Post a Comment