ដោយ ម៉ែន សុធីរ
2016-02-02 rfa
អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា (រូបច្រត់ជង្គង់) ពេលចុះត្រួតពិនិត្យគំនរឈើក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិនក្នុងឃុំរលួស ស្រុកសំបូរ ខែត្រក្រចេះ នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៦។ |
មន្ត្រីសង្គមស៊ីវិលបារម្ភពីវិធានការរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថា មិនឯករាជ្យ និងមិនស្មើភាពបន្ទាប់ពីកម្លាំងប្រដាប់អាវុធមិនទាន់ចាប់ជនល្មើសផ្ដន្ទាទោស ខណៈគំនរឈើរាប់ពាន់ម៉ែត្រគូបសមត្ថកិច្ចកំពុងឡោមព័ទ្ធ និងគំនរឈើជាច្រើនត្រូវបានគេដុតបំផ្លាញកាលពីចុងខែមករា។
បញ្ហានេះមន្ត្រីសង្គមស៊ីវិលចាត់ទុកយន្តការបង្ក្រាបបទល្មើសរបស់រដ្ឋាភិបាល អាចធ្វើគ្រាន់តែបង្អើល ទោះបីជនប្រព្រឹត្តដែលមានងារជាឧកញ៉ា មន្ត្រីយោធា និងឈ្មួញជនជាតិវៀតណាម ដែលពាក់ព័ន្ធបទល្មើសព្រៃឈើ សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ។
មន្ត្រីសង្គមស៊ីវិលទន្ទឹងរង់ចាំលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងបំពេញភារកិច្ចនៅខែត្រភាគឦសាន។
ទន្ទឹមនឹងនេះ មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឲ្យគណៈកម្មការនេះអនុវត្តច្បាប់ព្រៃឈើម៉ឺងម៉ាត់ ព្រមទាំងចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ពិសេសឧកញ៉ាជួញដូរឈើ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF) លោក អ៊ូច ឡេង មានប្រសាសន៍ថា លោកពុំមានជំនឿចំពោះយន្តការបង្ក្រាបបទល្មើសព្រៃថ្នាក់ជាតិរបស់រដ្ឋាភិបាល ទោះបីសមត្ថកិច្ចរកឃើញភស្តុតាង និងឯកសារបទដ្ឋានផ្សេងៗ ពីភាពមិនប្រក្រតីនៃអាជីវកម្មឈើខុសច្បាប់ក្ដី។
លោកចាត់ទុកយន្តការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិរបស់រដ្ឋាភិបាល គ្រាន់តែបង្អើល បន្ទាប់ពីបទល្មើសព្រៃឈើបានកើតឡើងជាប្រព័ន្ធ ហើយមានឧកញ៉ា និងឈ្មួញជនជាតិវៀតណាម ដុះស្លែមួយចំនួនហាក់មិនញញើតប្រព័ន្ធច្បាប់របស់កម្ពុជា ឡើយ៖ «យើងអាចនិយាយថា មិនមានអត្ថន័យអ្វីសោះជូនពលរដ្ឋ ព្រោះយើងមិនទាន់មាននរណាម្នាក់ចាប់ខ្លួន ហើយមិនទាន់ឃើញឈើរាប់ម៉ឺនត្រូវបានកាប់បំផ្លាញរាប់ឆ្នាំណាស់មកហើយ អត់ទាន់មានចំណាត់ការ»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល បារម្ភថា ទោះបីកងកម្លាំងប្រដាប់អាវុធកំពុងឡោមព័ទ្ធទីតាំងស្តុកឈើរបស់ឈ្មួញក្ដី តែវិធានការបង្ក្រាប និងស្រាវជ្រាវរបស់មន្ត្រីជំនាញហាក់អាថ៌កំបាំង និងបិទព័ត៌មានស្ដីពីរបាយការណ៍វាស់វែង និងឯកសារបទដ្ឋានផ្សេងៗ។ លោកបារម្ភទៀតថា ប្រតិបត្តិការបង្ក្រាប និងការអនុវត្តច្បាប់របស់គណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មានប្រសិទ្ធភាពកម្រិតណា៖ «បើសិនជាមិនយកច្បាប់រដ្ឋព្រៃឈើអនុវត្តទេ បង្កើតមកធ្វើអី? ដូចជាអ្នករកស៊ីឈើរាល់ថ្ងៃចាប់បានតែវត្ថុតាង»។
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើរបស់គណៈកម្មការជាតិ ដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថ លោក សៅ សុខា នៅមិនទាន់ចេញលទ្ធផលនៅឡើយទេ ខណៈមន្ត្រីជំនាញនៃក្រសួងពាក់ព័ន្ធកំពុងស្រាវជ្រាវ និងវាស់វែង។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថា គណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមិនទាន់ចេញលទ្ធផលនៅឡើយទេ ព្រោះកំពុងស៊ើបអង្កេតនៅឡើយ។ លោកថា នាយឧត្ដមសេនីយ៍ សៅ សុខា បានណែនាំឲ្យមន្ត្រីជំនាញវាស់វែង និងបញ្ជូនសំណុំរឿងទៅតុលាការដើម្បីអនុវត្តច្បាប់។
លោកអះអាងថា បើមន្ត្រីជំនាញរកឃើញបុគ្គលណាពាក់ព័ន្ធបទល្មើសព្រៃឈើត្រូវទទួលទោសតាមច្បាប់៖ «យើងមិនទាន់បង្ហាញបានទេ ដោយសារវាឋិតនៅស៊ើបអង្កេត។ ការស៊ើបអង្កេតជាការសម្ងាត់ យើងមិនអាចបង្ហាញបានទេ។ ជំនាញរបស់យើងស្រាវជ្រាវហើយមានការដឹកនាំដោយព្រះរាជអាជ្ញា ៦ខែត្រ នៅភូមិភាគឦសាន ករណីអ្នកពាក់ព័ន្ធធ្វើតាមច្បាប់»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក មណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា រហូតមកដល់បច្ចុប្បន្ន មន្ត្រីជំនាញនៅមិនទាន់រឹបអូសគំនរឈើជាច្រើនម៉ែត្រគូបនៅឡើយ។ ចំណែកអ្នកពាក់ព័ន្ធដែលដុតគំនរឈើជាច្រើនម៉ែត្រគូបក៏មិនទាន់បង្ហាញអត្តសញ្ញាណដែរ។ លោកទាមទារឲ្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បើកទូលាយឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមត្រូតពិនិត្យ និងតាមដានពីដំណើរនៃការបង្ក្រាបបទល្មើសព្រៃឈើ ជាពិសេសសហគមន៍នៅមូលដ្ឋានផ្ទាល់។
លោក សុក រដ្ឋា៖ «ការដែលស៊ើបអង្កេតរបស់គាត់ជាមន្ត្រីមានសមត្ថកិច្ចហើយ ដើម្បីឲ្យមានតម្លាភាព គាត់គួរតែអំពាវនាវឲ្យមានការចូលរួមពីសហគមន៍នៅមូលដ្ឋានដែលគាត់ធ្លាប់ទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងសកម្មកន្លងមកនោះ ហើយក៏អំពាវនាវឲ្យអង្គការសង្គមស៊ីវិលតាមដានលម្អិតលើរឿងនោះផង»។
កាលពីថ្ងៃទី៣១ ខែមករា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានដឹកនាំកម្លាំងមកខែត្រស្ទឹងត្រែង ប៉ុន្តែពុំបានចុះត្រួតពិនិត្យឃ្លាំងស្តុកឈើរបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ យាយ ព្រឿង និងយាយ បូង និងឃ្លាំងរបស់ឧកញ៉ា ទ្រី ភាព ទេ ហើយគណៈកម្មការនោះបានបន្តដំណើរទៅបំពេញបេសកកម្មនៅខែត្រព្រះវិហារ វិញ៕
No comments:
Post a Comment