ដោយ ទីន ហ្សាការីយ៉ា
2016-02-03 rfa
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការកណ្ដាលគណបក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
RFA/Brach Chev
|
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស បានសន្យានៅចំពោះមុខអ្នកគាំទ្រខ្លួននៅប្រទេសកាណាដា (Canada) ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើសេចក្ដីព្រាងច្បាប់ផ្ញើទៅសភា ដើម្បីឲ្យជនជាតិខ្មែររស់នៅឯនាយសមុទ្រ មានសិទ្ធិបោះឆ្នោតបានដូចប្រទេសប្រកាន់របបប្រជាធិបតេយ្យមួយចំនួនទៀត។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាច បានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៊ី នេះ ថាគ្រាន់តែជាការឃោសនានយោបាយបែបប្រជាភិថុតិតែប៉ុណ្ណោះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចង់ឲ្យប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រ មានសិទ្ធិបោះឆ្នោតដូចប្រជាពលរដ្ឋនៅក្នុងប្រទេសដែរ។ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅប្រទេសកាណាដា កាលពីថ្ងៃទី២ កុម្ភៈ ថា បើគណបក្សប្រជាជនកម្ពុជា ចង់រក្សាវប្បធម៌សន្ទនា គណបក្សសង្គ្រោះជាតិ នឹងប្រើប្រាស់វប្បធម៌សន្ទនាជជែកគ្នា ដើម្បីធ្វើច្បាប់ឲ្យពលរដ្ឋខ្មែរនៅគ្រប់ទិសទី អាចមានសិទ្ធិបោះឆ្នោតបាននៅអាណត្តិទី៦ ខាងមុខ៖ «បើមានតំណាងរដ្ឋាភិបាល លោក ហ៊ុន សែន មកកាណាដា មកចង់ទំនាក់ទំនង បងប្អូនសួរទៅ ថាឥឡូវរៀបចំឲ្យខ្មែរមានសិទ្ធិបោះឆ្នោត អាហ្នឹងចាំយើងនិយាយគ្នា ទទួលស្គាល់តម្លៃជាខ្មែរសិន តែបើមើលងាយយើង ចាត់យើងនៅក្រៅប្រទេសគ្មានសិទ្ធិបោះឆ្នោត ចឹងប្អូនគាំទ្រធ្វើអី? ចាំគេឲ្យតម្លៃសិន ចាំនិយាយគ្នាតទៅទៀត»។
ការលើកឡើងរបស់ លោក សម រង្ស៊ី ជាថ្មីទៀតនៅពេលនេះ គឺនៅក្រោយពេលគណបក្សសង្គ្រោះជាតិ ធ្លាប់បរាជ័យក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៤ នៅខណៈគណបក្សទាំងពីរពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត បន្ទាប់ពីគណបក្សទាំងពីរបានបញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នោះ។
ការចរចារវាងគណបក្សទាំងពីរនោះ គឺគណបក្សសង្គ្រោះជាតិ ទាមទារឲ្យពលករខ្មែរធ្វើការនៅប្រទេសជិតខាង មានសិទ្ធិបោះឆ្នោតដែរ ដូចជានៅប្រទេសថៃ និងម៉ាឡេស៊ី ជាដើម ក៏ប៉ុន្តែត្រូវបានគណបក្សប្រជាជនកម្ពុជា មិនព្រមនោះឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកការរំឭកឡើងវិញរបស់ លោក សម រង្ស៊ី ចង់ឲ្យពលរដ្ឋខ្មែរនៅឯនាយសមុទ្រមានសិទ្ធិបោះឆ្នោតបាននេះ ជាឧបាយកលឃោសនារបស់ លោក សម រង្ស៊ី តែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្ដី លោក សុខ ឥសាន អះអាងថា ជាជំហររបស់គណបក្សប្រជាជនកម្ពុជា ក៏ចង់ឲ្យមានច្បាប់អនុញ្ញាតឲ្យពលរដ្ឋខ្មែរនៅឯនាយសមុទ្រ មានសិទ្ធិបោះឆ្នោតដែរ តែមិនមែនពេលនេះទេ ពីព្រោះថា ការបង្កើតច្បាប់ឲ្យពលរដ្ឋខ្មែរនៅបរទេសមានសិទ្ធិបោះឆ្នោតបានដូចពលរដ្ឋខ្មែរទូទៅដែរនោះ គឺមាននីតិវិធីស្មុគស្មាញច្រើន៖ «មិនមែនថាគណបក្សប្រជាជនកម្ពុជា មិនចង់នោះទេ ក៏ប៉ុន្តែឧទាហរណ៍គ្រាន់តែបងប្អូនចំណាកស្រុកនោះ ក៏មិនដឹងដោះស្រាយយ៉ាងណាដែរ? ធ្វើការិយាល័យបោះឆ្នោតកន្លែងណា? ចុះឈ្មោះបោះឆ្នោតនៅកន្លែងណា? តើអ្នកណាទទួលខុសត្រូវ? អាហ្នឹងមាននីតិវិធីស្មុគស្មាញច្រើនទៀត មិនមែនធ្វើលេងៗបានទេ»។
ឆ្លើយតបបញ្ហានេះ អ្នកធ្វើការពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត បានពន្យល់ថា ការធ្វើសេចក្ដីព្រាងច្បាប់ឲ្យពលរដ្ឋខ្មែរនៅឯនាយសមុទ្រ មានសិទ្ធិបោះឆ្នោតបាន មិនមែនជាការលំបាកនោះទេ ប៉ុន្តែបញ្ហាសំខាន់នៅត្រង់ថា តើគណបក្សកាន់អំណាចមានឆន្ទៈពិតប្រាកដចង់ធ្វើច្បាប់នេះដែរឬអត់?
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វែ្រល (COMFREL) លោក គល់ បញ្ញា បានលើកជាឧទាហរណ៍នៅប្រទេសភូមា ដែលជាប្រទេសទើបកាន់របបប្រជាធិបតេយ្យនៅក្មេងខ្ចីនៅឡើយនោះ គឺបានរៀបចំឲ្យពលរដ្ឋរបស់ខ្លួននៅក្រៅប្រទេស មានសិទ្ធិបោះឆ្នោតបាននៅក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ៖ «នៅភូមា ក្រៅពីហ្នឹងមនុស្សឈឺនៅក្នុងមន្ទីរពេទ្យ គេរៀបចំចុះឈ្មោះ និងបោះឆ្នោតបានគេមានក្រុមគេរៀបចំ។ ឥឡូវប្រព័ន្ធចុះឈ្មោះយើងធ្វើតាមប្រព័ន្ធកុំព្យូទ័រ (Computer) យើងកាន់តែងាយស្រួលទៀត អាចរៀបចំចុះឈ្មោះឲ្យពលរដ្ឋនៅក្រៅប្រទេសទៅបោះឆ្នោតបាននៅស្ថានទូត តែសំខាន់អាស្រ័យលើឆន្ទៈនយោបាយទេ វាមិនងាយស្រួលទេ តែសំខាន់គេធ្វើបាន ដូចជានៅភូមា អ៊ីចឹង គេធ្វើបាន»។
កាលពីចុងខែមករា ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ លោក ហ៊ាង ឬទ្ធី បានដាក់លិខិតទៅប្រធានសហភាពអឺរ៉ុប (EU) និងប្រធានអង្គការចៃកា (JICA) ស្នើសុំសហភាពអឺរ៉ុប និងអង្គការចៃកា មេត្តាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំបង្កើតឲ្យមានការិយាល័យចុះឈ្មោះ និងការបោះឆ្នោតនៅតាមបណ្ដាប្រទេសដែលរដ្ឋាភិបាលកម្ពុជា បានចុះ អិម.អូ.យូ (MOU) ជាមួយ ក្នុងការនាំពលករទៅធ្វើការនៅប្រទេសទាំងនោះ រួមមាន ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង។ ការស្នើសុំនេះ ដោយសារ លោក ហ៊ាង ឬទ្ធី យល់ឃើញថា សហភាពអឺរ៉ុប និងអង្គការចៃកា ដែលតំណាងឲ្យរដ្ឋាភិបាលជប៉ុន គឺជាអ្នកចូលរួមផ្នែកបញ្ចូលទិន្នន័យ និងជាអាជ្ញាកណ្ដាលក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨។
អ្នកឃ្លាំមើលការបោះឆ្នោត លើកឡើងថា ការមិនរៀបចំឲ្យពលរដ្ឋខ្មែរនៅបរទេសមានសិទ្ធិបោះឆ្នោតបាន គឺដោយសារតែគណបក្សជាប់ឆ្នោត មិនសូវគិតអំពីសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ ពួកគេថា គណបក្សនយោបាយគិតតែពីការយកឈ្នះចាញ់គ្នាក្នុងការបោះឆ្នោតប៉ុណ្ណោះ៕
No comments:
Post a Comment