ដោយ សុជីវី
2016-02-03 rfa
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា (ពាក់ក្រវាត់ក) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។
RFA/Tha Kitya
|
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រៀមប្ដឹងឧទ្ធរណ៍ ជំទាស់នឹងការតម្កល់សំណុំរឿងមិនចាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងបណ្ដឹងប្រឆាំង លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងញុះញង់។
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា មានប្រសាសន៍នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ថា ការសម្រេចរបស់ចៅក្រមសាលាដំបូង គឺជាអ្វីដែលលោកបានគិតទុកមុនរួចស្រេចហើយ ដ្បិតតុលាការមិនខុសពីដែកគោលដែលត្រូវដំដោយអ្នកកាន់អំណាចឡើយ។ បើទោះជាយ៉ាងណា លោកចង់តតាំងចំពោះមុខច្បាប់ ជាមួយភាគីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលចោទសមាជិកលោកថាជាភេរវករ៖ «ច្បាប់ដូចគ្នា ហើយករណីដូចគ្នា យើងប្ដឹងទៅវិញ គឺអត់ហ៊ានកាត់ទោស អត់ហ៊ានហៅមន្ត្រីគណបក្សប្រជាជន ហ្នឹងមកកាត់ទោស ដើម្បីឲ្យយើងបានទទួលយុត្តិធម៌ទេ។ នេះហើយដែលខ្ញុំហៅថា តុលាការដែកគោល គឺរង់ចាំទទួលញញួរនយោបាយពីគណបក្សប្រជាជនកម្ពុជា។ តុលាការ និងច្បាប់ដែលបង្កើតឡើងនៅប្រទេសខ្មែរ គឺសម្រាប់ការពារអ្នកកាន់អំណាច សម្រាប់ការពារអ្នកកាន់អំណាចឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា មិនមែនសម្រាប់រកយុត្តិធម៌ឲ្យពលរដ្ឋ និងជនរងគ្រោះក្នុងប្រទេសនេះទេ។ ខ្ញុំចង់តុលាការបើកសវនាការ។ ខ្ញុំចង់តទល់ជាមួយមេធាវី លោក ហោ ណាំហុង គឺលោក ការ សាវុត្ថ ហ្នឹងដែលថា លោក ហោ ណាំហុង និយាយតាមសាលក្រមដែលកាត់ទោសខ្ញុំ។ ខ្ញុំសួរថា សាលក្រមក្នុងបន្ទាត់ទីប៉ុន្មាន? ទំព័រទីប៉ុន្មាន? ដែលសរសេរថា ក្រុមគណបក្សអំណាចខ្មែរ ហ្នឹងជាភេរវករ»។
បើទោះជាយ៉ាងណា លោក សួន សេរីរដ្ឋា នៅមិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីដាក់បណ្ដឹងទាស់នេះនៅឡើយ។
លិខិតរបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ចុះថ្ងៃទី២៩ ខែមករា បានសម្រេចតម្កល់រឿងទុកមិនចាត់ការ ចំពោះសំណុំរឿងដែលប្ដឹង លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង។
លោក សួន សេរីរដ្ឋា បានប្ដឹងទាមទារសំណងជំងឺចិត្តចំនួន ៥០០លានរៀល កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពី លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានលើកឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ថាគណបក្សអំណាចខ្មែរ មានសមាជិកជាភេរវករ។ មេធាវីការពារក្តីឲ្យ លោក ហោ ណាំហុង គឺលោក ការ សាវុត្ថ បញ្ជាក់ថា លោក ហោ ណាំហុង គ្មានកំហុសនោះទេ ដែលនិយាយទៅតាមសាលក្រមកាត់ទោស លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ ពីបទក្បត់ជាតិ មុនពេលព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស៕
No comments:
Post a Comment