ដោយ យាង សុជាមេត្តា
2016-02-19 rfa
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែងក្នុងពិធីបទបង្ហាញស្ដីពីសារសំខាន់នៃច្បាប់ការពារសាក្សី និងអ្នករាយការណ៍អំពើពុករលួយនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៦។ |
សង្គមស៊ីវិលធ្វើការពាក់ព័ន្ធការប្រឆាំងអំពើពុករលួយនៅកម្ពុជា ជំរុញឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការស៊ើបអង្កេតស៊ីជម្រៅទៅលើករណីពុករលួយនៅក្នុងស្ថាប័ននេះ ដោយចាត់ទុកថា ការដកតំណែងមន្ត្រីពាក់ព័ន្ធអំពើពុករលួយតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់សម្រាប់ការប្រយុទ្ធប្រឆាំងអំពីពុករលួយក្នុងស្ថាប័នរដ្ឋនោះទេ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានដកតំណែងមន្ត្រីរបស់ខ្លួនចំនួន ២រូប ពាក់ព័ន្ធនឹងការករណីកិបកេងប្រាក់ចំនួន ២៣ម៉ឺនដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន បានបញ្ចប់មុខតំណែងមន្ត្រីនៃទូរគមនាគមន៍កម្ពុជា ចំនួន ២រូប គឺលោក មាស ប៉ូ ប្រធានក្រុមប្រឹក្សាភិបាល និងលោក ឡាយ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា។
ការបញ្ចប់មុខតំណែងមន្ត្រី ២រូបនេះ ធ្វើឡើងបន្ទាប់ពីអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា មន្ត្រីទាំង២ មានភាពខ្វះខាតធ្ងន់ធ្ងរលើការងារគ្រប់គ្រង និងការដឹកនាំទូរគមនាគមន៍កម្ពុជា ដែលនាំឲ្យមានការកិបកេងលួចបន្លំយកប្រាក់ចំណូលរបស់អង្គភាពចំនួន ២៣ម៉ឺនដុល្លារ ការគ្រប់គ្រង ចំណូល-ចំណាយមិនច្បាស់លាស់ គ្មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ធ្វើឲ្យចំណូលធ្លាក់ចុះ បំណុលកើនឡើង និងមានចន្លោះប្រហោងជាច្រើនដែលឈានដល់ការកិបកេង និងការលុបបំណុល។ លើសពីនេះ មន្ត្រីទាំង ២រូបមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យការគ្រប់គ្រងកិច្ចការបញ្ជីការគណនេយ្យ និងឯកសារពាក់ព័ន្ធដែលឈានទៅដល់ការបាត់បង់ឯកសារដ៏មានសារសំខាន់ដោយចេតនា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បញ្ជាក់ថា ការបញ្ចប់មុខតំណែងលោក មាស ប៉ូ និងលោក ឡាយ ម៉ារីវ៉ូ ពេលនេះ គឺជាការអនុវត្តតាមអភិក្រមរបស់រដ្ឋាភិបាល គឺការឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល។
ទោះជាបែបនេះក្តី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែងថា ការបញ្ចប់មុខតំណែងមន្ត្រីពាក់ព័ន្ធអំពើពុករលួយតែមួយ មិនអាចធ្វើឲ្យការប្រឆាំងអំពើពុករលួយក្នុងស្ថាប័នរដ្ឋមានប្រសិទ្ធភាពឡើយ។
ក្នុងបញ្ហានេះ លោក ព្រាប កុល ទទូចឲ្យក្រសួងប្រៃសណីយ៍ និងអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតឲ្យស៊ីជម្រៅ ហើយបើរកឃើញថា មន្ត្រីទាំងនោះពិតជាបានប្រព្រឹត្តអំពើពុករលួយមែន ពួកគេត្រូវទទួលទោសតាមច្បាប់៖ «មានទោសឧក្រិដ្ឋនៅក្នុងបទល្មើសពុករលួយ ទោះបីតូច ឬធំគឺជាបទល្មើសឧក្រិដ្ឋ។ បទល្មើសឧក្រិដ្ឋមានន័យថា ជាប់ពន្ធនាគារ ជាប់ពន្ធនាគារប៉ុន្មានឆ្នាំវាអាស្រ័យលើកម្រិតនៃទោស និងចេតនារបស់អ្នកប្រព្រឹត្ត យើងមិនទាន់អាចសន្និដ្ឋានបានយ៉ាងម៉េចទេ ការកំណត់ទោសវាជាសមត្ថកិច្ចរបស់តុលាការ ប៉ុន្តែបទល្មើសពុករលួយជាបទឧក្រិដ្ឋទាំងអស់ ហើយការជាប់ទោសទាំងអស់ គឺត្រូវរួមទាំងការជាប់ពន្ធនាគារ ហើយក្នុងករណីកិបកេងយកលុយរដ្ឋត្រូវរឹបអូសយកមកវិញ»។
ភាពមិនប្រក្រតីពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូល និងបំណុលក្នុងទូរគមនាគមន៍កម្ពុជា បានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៥ ក្រោយពីមានការតវ៉ារបស់បុគ្គលិកក្នុងស្ថាប័ននេះ ថាមានការកិបកេងប្រាក់ប្រមាណ ២៣ម៉ឺនដុល្លារ។ ក្រោយពីមានការតវ៉ានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានធ្វើការពិនិត្យលើបញ្ហានេះ ដែលឈានដល់ការបញ្ចប់មុខតំណែងរបស់មន្ត្រី ២រូបនៅពេលនេះ។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ហ៊ុន សារឿន មានប្រសាសន៍ថា ការបញ្ចប់មុខតំណែងមន្ត្រី ២រូបនេះ គ្រាន់តែជាការធ្វើឲ្យមានប្រក្រតីភាពឡើងវិញក្នុងដំណើរការងាររបស់ស្ថាប័នទូរគមនាគមន៍កម្ពុជា។ ចំណែកថា តើមន្ត្រីទាំង ២រូបជាប់ពាក់ព័ន្ធនឹងការកិបកេងយកលុយរដ្ឋ ឬអត់នោះ ក្រសួងប្រៃសណីយ៍ និងអង្គភាពប្រឆាំងអំពើពុករលួយ បន្តនីតិវិធីស៊ើបអង្កេតបន្ថែមទៀត៖ «អ្វីៗគឺយើងត្រូវផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គភាពទាំង២ ទាំងការ សម្រេចផ្លាស់ប្ដូរមេដឹកនាំម្សិលមិញ ក៏ផ្អែកលើលទ្ធផលស៊ើបអង្កេតអង្គភាព២ហ្នឹងជាបង្អែកដ៏រឹងមាំដែរ ហើយបើសិនជាបានលទ្ធផលបែបណា ខាងយើងខ្ញុំនឹងជម្រាបជូនសាធារណជនឲ្យបានជ្រាបតទៅទៀត»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបរបស់លោក មាស ប៉ូ ជុំវិញការបញ្ចប់មុខតំណែងរបស់លោកបានទេនៅពេលនេះ ដោយលោកទទួលទូរស័ព្ទហើយ ក៏ចុចបិទទៅវិញ។ ចំណែកលោក ឡាយ ម៉ារីវ៉ូ វិទ្យុអាស៊ីសេរី ក៏មិនអាចរកប្រភពទាក់ទងបាននៅឡើយដែរ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ហ៊ុន សារឿន មានប្រសាសន៍ថា ក្នុងពេលដោះដូរតំណែងមន្ត្រីទាំង២ ទៅឲ្យមន្ត្រីផ្សេងនោះ ពួកគេមិនមានប្រតិកម្មអ្វីឡើយ៕
No comments:
Post a Comment