ដោយ ខែ សុណង
2016-02-19
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងកិច្ចពិភាក្សារវាងយុវជន និងគណបក្សនយោបាយស្ដីពីការចូលរួមរបស់យុវជនក្នុងការពង្រឹងវប្បធម៌សន្ទនា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA/Yang Chandara
អង្គការឃ្លាំមើលការបោះឆ្នោតបានចេញរបាយការណ៍សង្កេតរដ្ឋសភា និងតំណាងរាស្ត្រ ឆ្នាំទី២ នីតិកាលទី៥ ដោយរកឃើញភាពអសកម្ម និងបញ្ហាមួយចំនួនដែលបានកើតមានឡើង។ របាយការណ៍បង្ហាញថា អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងកំពុងប្រឈមការគំរាមកំហែង ករណីហិង្សា ការបំពានលើអភ័យឯកសិទ្ធិ និងការដកតំណែងមិនស្របនឹងរដ្ឋធម្មនុញ្ញជាដើម។ ចំណែកសកម្មភាពចុះមូលដ្ឋានរបស់បក្សទាំងពីរ ក៏មានការថយចុះ។ មន្ត្រីគណបក្សប្រឆាំងគាំទ្រចំពោះរបាយការណ៍នេះ ប៉ុន្តែមន្ត្រីគណបក្សប្រជាជនវិញបដិសេធ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចេញរបាយការណ៍អង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ថាវាយតម្លៃមិនផ្អែកលើសច្ចធម៌ មិនអព្យាក្រឹត និងមិនផ្អែកលើគោលការណ៍ច្បាប់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍នៅថ្ងៃទី១៩ កុម្ភៈ ថា លោកមិនចាប់អារម្មណ៍ចំពោះការវាយតម្លៃនេះទេ។ លោកថា មន្ត្រីគណបក្សប្រជាជន ចុះមូលដ្ឋានដោយផ្អែកលើសំណូមពរចាំបាច់របស់ម្ចាស់ឆ្នោតដែលគណបក្សត្រូវចុះទៅមូលដ្ឋាន។
លោក សុខ ឥសាន បញ្ជាក់ថា របាយការណ៍របស់អង្គការនេះមានភាពលម្អៀង ដែលសរសេរថា អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង រងការគំរាមកំហែង រងអំពើហិង្សា និងការរំលោភបំពានលើការដកអភ័យឯកសិទ្ធិសភាពីរដ្ឋសភា និងតុលាការ៖ «ឧទាហរណ៍ថា ឥឡូវអ្នកតំណាងរាស្ត្រដូច ហុង សុខហួរ បើកុំធ្វើឯកសារក្លែងក្លាយថា រដ្ឋាភិបាលរបស់គណបក្សប្រជាជន ចុះកិច្ចព្រមព្រៀងជាមួយវៀតណាម រំលាយព្រំដែន តើគាត់មានទោសអីដែលត្រូវគេចាប់ដាក់គុក? គឺអត់ទេ។ បើចាប់ ហុង សុខហួរ ដាក់ដោយគ្មានទោសពៃរ៍អាហ្នឹងបានសេចក្ដីថា កៀបសង្កត់។ ពេលដែលកើតអំពើហិង្សាលើអ្នកតំណាងរាស្ត្រពីររូប កុំចោទ ពីព្រោះថា ខ្ញុំនៅកន្លែងប្រជុំហ្នឹង ខុមហ្វ្រែល មាននៅជាមួយខ្ញុំឯណា អីក៏ដឹងច្បាស់ម៉្លេះ? រដ្ឋាភិបាលមានទៅកាន់ជើងអ្នកប្រើហិង្សាណា។ របាយការណ៍ភ្ជាប់អំពីបាតុកម្មប្រឆាំងឯកឧត្ដម កឹម សុខា ប្រើអំពើហិង្សាលើតំណាងរាស្ត្រពីររូប។ ការវាយតម្លៃនេះតាមការយល់ឃើញជាអត្តនោម័តិរបស់គាត់ទេ វាមិនស្របនៅក្នុងបរិបទអព្យាក្រឹត ឯករាជ្យដូចគាត់ថានោះទេ»។
របាយការណ៍របស់អង្គការខុមហ្វ្រែល ស្ដីពីការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រឆ្នាំទី២ នៃនីតិកាលទី៥ ឆ្នាំ២០១៥ បានសរសេរថា ក្នុងឆ្នាំទី២នេះ អ្នកតំណាងរាស្ត្រពីគណបក្សប្រឆាំងកំពុងប្រឈមការគំរាមកំហែង ករណីហិង្សា និងការបំពានលើអភ័យឯកសិទ្ធិ ការដកតំណែងដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ។ របាយការណ៍នេះ បញ្ជាក់ថា តំណាងរាស្ត្រប្រឈមភាពរងគ្រោះមិនខុសពីប្រជាពលរដ្ឋធម្មតានោះទេ។ ការសង្កេតរកឃើញថា មានតំណាងរាស្ត្រ ៥រូប រួមទាំងសមាជិកព្រឹទ្ធសភាម្នាក់ មកពីគណបក្សប្រឆាំង បានទទួលរងគ្រោះលើបញ្ហាមួយចំនួនដូចជា ការរំលោភបំពានលើការដកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រពីរដ្ឋសភា និងពីតុលាការ ការដកតំណែង និងបញ្ហាសន្តិសុខសុវត្ថិភាពដោយអ្នកតំណាងរាស្ត្រទទួលរងនូវអំពីហិង្សា និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅមុខរដ្ឋសភា នៅពេលចុះបំពេញការងារ និងនៅគេហដ្ឋាន។
ជុំវិញរបាយការណ៍នេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា ការចុះមូលដ្ឋានរបស់គណបក្សមានការថយចុះដោយសារតែស្ថានភាពនយោបាយតឹងតែងខ្លាំង ដោយបារម្ភពីសុវត្ថិភាពអ្នកតំណាងរាស្ត្រក្រោយពីមានការវាយប្រហារមកលើអ្នកតំណាងរាស្ត្រ ២រូប៖ «រហូតមកដល់ពេលបច្ចុប្បន្នយើងសង្កេតឃើញមានការចូលរួមដើម្បីសម្រួលការរៀបចំវេទិកាអីជាដើម។ រឿងការពារសុវត្ថិភាពយើងនៅតែស្នើសុំបន្តឲ្យមានការការពារសុវត្ថិភាពអ្នកតំណាងរាស្ត្រដើម្បីបំពេញតួនាទីឲ្យបានពេញលេញ»។
បើទោះបីជាមានការរិះគន់ ឬទទួលស្គាល់របាយការណ៍ពីមន្ត្រីគណបក្សនយោបាយយ៉ាងនេះក្ដី អ្នកសម្របសម្រួលជាន់ខ្ពស់កម្មវិធីនៃអង្គការខុមហ្វ្រែល លោក គឹម ឈន មានប្រសាសន៍ថា នេះគ្រាន់តែជារបាយការណ៍សង្ខេបមួយប៉ុណ្ណោះ។ លោកថា ខុមហ្វ្រែល នឹងចេញរបាយការណ៍លម្អិតមួយទៀតផ្សព្វផ្សាយនៅពេលក្រោយ៖ «ជាទូទៅមុននឹងចេញជារបាយការណ៍គឺយើងយកព័ត៌មាននេះក្នុងរយៈពេល ១ឆ្នាំ។ អ្វីៗដែលយើងបានប្រមូលនេះ គឺតាមរយៈអ្នកសង្កេតការណ៍របស់យើងដែលមាននៅគ្រប់មណ្ឌលបោះឆ្នោតទូទាំងប្រទេស និងតាមរយៈព័ត៌មានមួយចំនួនដែលយើងធ្វើការឃ្លាំមើលជាប្រចាំថ្ងៃ ដូច្នេះ កាលដែលមិនទទួលយក ឬក៏មិនឯកភាពតាមអ្វីដែលយើងរកឃើញជារឿងធម្មតារបស់ខាងគណបក្សប្រជាជនកម្ពុជាទេ ដែលគាត់តែងតែបដិសេធ អ្វីក៏ដោយ ជាការពិតជាក់ស្ដែងវាបានកើតឡើងហើយក្នុងប្រទេសកម្ពុជា យើងហ្នឹងណាស់»។
កាលពីថ្ងៃទី២៦ ខែតុលា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវក្រុមបាតុករព្រួតគ្នាវាយឲ្យរបួសធ្ងន់ ក្នុងពេលក្រុមបាតុករតវ៉ានៅខាងមុខរដ្ឋសភា ធ្វើបាតុកម្មទាមទារទម្លាក់លោក កឹម សុខា ពីតំណែងជាអនុប្រធានទី១ រដ្ឋសភា។
សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថាជាសន្ធិសញ្ញារំលាយព្រំដែនរវាងប្រទេសទាំងពីរ។ សំណុំរឿងលោក ហុង សុខហួរ នេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកថា ជាបណ្ដឹងធ្វើឡើងក្រោមហេតុផលនយោបាយ៕
No comments:
Post a Comment