Monday, 7 March 2016
តុលាការចេញដីកា ១០ កោះហៅឈ្មួញរកស៊ីឈើទៅបំភ្លឺ
សមត្ថកិច្ចចុះបង្ក្រាបកន្លែងស្តុកឈើរបស់ជនជាតិវៀតណាមនាពេលកន្លងមក។ រូបថត អាដហុក
តុលាការចេញដីកា ១០ កោះហៅឈ្មួញរកស៊ីឈើទៅបំភ្លឺ
Mon, 7 March 2016 ppp
ប៉ិច សុធារី
ភ្នំពេញៈ មន្ត្រីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានឲ្យដឹងថាគិតមកដល់ថ្ងៃម្សិលមិញសាលាដំបូងខេត្តត្បូងឃ្មុំ និងមណ្ឌលគិរីបានចេញដីកាចំនួន ១០ កោះហៅឈ្មួញរកស៊ីឈើខុសច្បាប់ទៅបំភ្លឺនៅតុលាការហើយក្រោយពីមានការចុះបង្ក្រាបបទល្មើសព្រៃឈើជាច្រើនករណីនាពេលកន្លងមក។
អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើលោក អេង ហ៊ី បានថ្លែងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ទប់ស្កាត់ការនាំចេញ និងការកាប់ព្រៃឈើអនាធិបតេយ្យនាពេលកន្លងមកគណៈកម្មការបានរកឃើញនូវបទល្មើសជាច្រើនករណីព្រមទាំងឈើស្របច្បាប់ និងខុសច្បាប់រាប់ម៉ឺនម៉ែត្រគុបដែលពេលនេះបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកថា មកដល់ពេលនេះតុលាការខេត្តត្បូងឃ្មុំ និងមណ្ឌលគិរីបានចេញដីកាកោះហៅបុគ្គលដែលជាមុខសញ្ញាជួញដូរឈើខុសច្បាប់ចំនួន ១០ ដីកាហើយដែលពួកគេមួយចំនួនគឺជាមេការក្រុមហ៊ុន និងមុខសញ្ញាសង្ស័យផ្សេងទៀត។
លោកបានបញ្ជាក់ថា៖ «គណៈកម្មការជំនាញបានកសាងសំណុំរឿងមួយចំនួននៅតាមបណ្តាខេត្តដែលបានចុះបង្ក្រាបនោះហើយមួយចំនួនបានទៅដល់ដៃព្រះរាជអាជ្ញាហើយអ៊ីចឹងព្រះរាជអាជ្ញាកំពុងចាត់ការទៅតាមនីតិវិធីខេត្តមួយចំនួនទៀតដែលមិនទាន់កសាងសំណុំរឿងហើយកំពុងតែធ្វើបន្ត។ ចំណែកឈើដែលបានរកឃើញគណៈកម្មការកំពុងញែករកឈើណាដែលស្របច្បាប់ និងឈើណាដែលខុសច្បាប់»។
ទោះយ៉ាងណាលោក អេង ហ៊ី ពុំអាចផ្តល់ព័ត៌មានលម្អិតជុំវិញបណ្តឹងនោះបានទេប៉ុន្តែលោកថាគណៈកម្មការបានទទួលជោគជ័យច្រើនក្នុងការបង្ក្រាបបទល្មើសព្រៃឈើស្ទើរតែគ្រប់មុខសញ្ញាបើទោះពេលខ្លះក្រុមការងារមានផលលំបាកខ្លះក្នុងការធ្វើដំណើរទៅបំពេញបេសកកម្ម និងខ្វះខាតឡាន និងឧបករណ៍ពន្លត់អគ្គិភ័យពេលដែលមានភ្លើងឆេះព្រៃ។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តត្បូងឃ្មុំលោក ហៀង សុភក្រ្ត បានប្រាប់យ៉ាងខ្លីថាពិតជាការកោះហៅឈ្មួញរកស៊ីឈើខុសច្បាប់ទាំងនោះប៉ុន្តែលោកបដិសេធប្រាប់ពីកាលបរិច្ឆេទនៃការចូលទៅបំភ្លឺ និងអត្តសញ្ញាណអ្នកទាំងនោះ។
លោកថា៖ «មានបណ្ដឹងច្រើនករណីប៉ុន្តែការងារនេះសួរទៅខាងគណៈកម្មការថ្នាក់ជាតិទៅ»។
ការបង្ក្រាបបទល្មើសព្រៃឈើជាជំហានដំបូងរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលបង្កើតគឺធ្វើឡើងនៅខេត្តចំនួន ៦ គឺខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
គណៈកម្មការបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ និងជាមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោក ឯម សុភ័ក្ត្រ បានគាំទ្រចំពោះចំណាត់ការប្តឹងឈ្មួញឈើរកស៊ីខុសច្បាប់ទៅតុលាការប៉ុន្តែលោកថាអាជ្ញាធរគួរចាត់វិធានការចាប់ខ្លួនជនល្មើសនៅនឹងកន្លែងតែម្តងប្រសិនបើរកឃើញបទល្មើសជាក់ស្តែង។
លោកថា៖ «នេះជាជំហានមួយដែលគណៈកម្មការប្តឹងទៅតុលាការតែយើងខ្លាចកោះហៅទៅតែបំភ្លឺតែអត់បានផ្តន្ទាទោសជនល្មើសពិតប្រាកដ។ ខ្ញុំថាករណីនៅតំបន់ខ្លះចាំបាច់ត្រូវចាប់ខ្លួនអ្នកប្រព្រឹត្តតែម្តងហើយនៅមានរឿងជាច្រើនទៀតដែលសុំឲ្យគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើបន្តឲ្យតុលាការចោទប្រកាន់ជនល្មើសផ្សេងៗទៀតដែលប្រព្រឹត្តបទល្មើស»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment