Monday, 7 March 2016

អ្នក​ពុល​នំបុ័ង ៥ នាក់​ចេញ​ពី​ពេទ្យ​ខណៈ​ភាគច្រើន​កំពុង​ព្យាបាល



ក្មេងប្រុសម្នាក់សម្រាកព្យាបាលនៅមន្ទីរខេត្តក្រចេះ ក្រោយពុល​នំបុ័ង​កាល​ពី​ចុង​សប្តាហ៍​មុន។ រូបថត សហការី


អ្នក​ពុល​នំបុ័ង ៥ នាក់​ចេញ​ពី​ពេទ្យ​ខណៈ​ភាគច្រើន​កំពុង​ព្យាបាល
Mon, 7 March 2016 ppp
ប៊ុន សេងគង់


ក្រចេះ: មនុស្ស​ ៥ ​នាក់​ក្នុង​ចំណោម​ ៤២ នាក់​ជា​សិស្ស និង​ឪពុក​ម្ដាយ​ដែល​សង្ស័យ​ពុល​នំបុ័ង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ពី​​ម្សិលមិញ​ខណៈ​ដែល​អ្នក​ខ្លះ​នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​បន្ទាប់ពី​បាន​បរិភោគ​នំប៉័ង​​ក្នុង​កម្មវិធី​មួយ​នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​ពី​ថ្ងៃ​សៅរ៍។

លោក ឌួង សុទ្ធី អធិការ​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​​ពី​ម្សិលមិញ​ថា​ជនរងគ្រោះ​ទាំង​នោះ​មាន​សិស្ស​ចំនួន​ ៣៥ ​នាក់​រៀន​ចាប់​ថ្នាក់​ទី ៤ ដល់​ទី ៦ និង​ឪពុក​ម្តាយ​ ៧ នាក់​ដែល​បាន​​​បរិភោគ​នំប៉័ង​នៅ​សាលា​បឋម​សិក្សា​ឆ្លូង​ក្នុង​អំឡុង​ពេល​ប្រកួត​អំណាន។

លោក​បាន​ថ្លែង​ថា​មនុស្ស​ប្រហែល​ ២៧០ នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​ហើយ​មាន​នំប៉័ង​ត្រូវ​បាន​​ចែក​ដោយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា។ លោក​ថា​ជនរងគ្រោះ​មាន​អាការ​រាករូស និង​ឈឺ​ក្បាល ។

ទោះបី​យ៉ាង​ណា​មន្ត្រី​អង្គការ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បដិសេធ​ពី​ម្សិលមិញ​ថា​អង្គការ​គ្រាន់តែ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ឲ្យ​សាលា​ជា​អ្នក​ចាត់ចែង​ប៉ុណ្ណោះ។



លោក លី សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ក្រសួង​ និង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពុង​សិក្សា​សំណាក​នំប៉័ង​នោះ​តែ​មិន​ទាន់​ដឹង​លទ្ធផល​ទេ។

លោក​បាន​កត់សម្គាល់​ថា​​ ការ​ពុល​អាហារ​​ភាគច្រើន​ពាក់ព័ន្ធ​នឹង​អនាម័យ​មិន​ល្អ​ក្នុង​ពេល​រៀបចំ​ចម្អិន​អាហារ និង​ការ​រក្សា​ទុក​មិន​ត្រឹមត្រូវ។

លោក​ថា៖ «​អនាម័យ​គឺជា​បញ្ហា​ធំ​បំផុត​​ក្នុង​ការ​ចម្អិន​ ការ​វេចខ្ចប់ និង​ការ​រក្សា​​អាហារ​ដែល​ចាំបាច់​ត្រូវ​អប់រំ​ចុងភៅ»។

កាលពី​ឆ្នាំ​មុន​ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​បាន​​បណ្តុះបណ្តាល​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ចេះ​ពី​របៀប​ត្រួតពិនិត្យ​អនាម័យ​របស់​អាជីវកម្ម​លក់​ម្ហូប​អាហារ​ផង​ដែរ៕ TK

Igor Kossov

No comments: